និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចាញ់បានទៅព្រះ ឈ្នះបានទៅមារ ៖ ឥទ្ធិពលខន្តីបារមីនៃព្រះពិជិតមារធ្វើឲ្យអាឡវកយក្សបរាជ័យ ។
អត្ថាធិប្បាយ ចាញ់បានទៅព្រះ ឈ្នះបានទៅមារ
នៅសម័យមួយ ព្រះពិជិតមារទ្រង់យាងទៅសម្រួលព្រះឥរិយាបថក្នុងពិមានរបស់អាឡវកយក្ស ជិតក្រុងអាឡវី ។ អាឡវកយក្សបាននាំពួកសេនារេហ៍ពលភ្លូតទឹកភ្លូកដី មកធ្វើចំបាំងជាមួយព្រះអង្គ អស់មួយរាត្រីកាល ។ ប៉ុន្តែក្រុងមារមិនអាចយកជ័យជំនះលើព្រះអង្គបានឡើយ ។
ព្រះអង្គបានយកធម៌ «ខន្តីបារមី» មកទប់ទល់នឹងក្រុងមារ ។ លុះគ្រាបឋមពោធិកាល ក្រុងមារបានចូលទៅជិតព្រះអង្គ រួចស្រែកបង្គាប់ថា «នែ ! សមណៈគោត្ដម ចូរអ្នកជៀសចេញពីទីនេះទៅ» ។ ព្រះអង្គតបថា «ល្អហើយ ! ល្អហើយ !» រួចក៏ស្ដេចយាងចេញទៅ ។ ក្រុងមារបង្គាប់ព្រះអង្គឲ្យចូលមកវិញ ។ ព្រះអង្គក៏យាងចូលមកវិញ ។ ក្រុងមារបង្គាប់បែបនេះ អស់វារៈបីដង ។ ព្រះអង្គធ្វើតាមទាំងអស់ ។
ត្រង់វគ្គនេះហើយដែលលោកច្បិចយកមកធ្វើជាពាក្យទូន្មានថា «ចាញ់បានទៅព្រះ ឈ្នះបានទៅមារ» ។ ប៉ុន្តែ ការណ៍ពិត ព្រះអង្គគ្រាន់តែបន្ទន់ចិត្តក្រុងមារឲ្យរំងាប់អារម្មណ៍ក្រេវក្រោធ ដើម្បីទូន្មានប៉ុណ្ណោះទេ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចិត្តជាទេវទត្ត មាត់ជាទេវតា – សុភាសិតខ្មែរអធិប្បាយ