និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ ៖ វិធីសាស្ត្ររកគុណសម្បត្តិ ។
អត្ថាធិប្បាយ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់
ចង់ចេះឲ្យសម្លាប់អាចារ្យ
ពាក្យ អាចារ្យ មានន័យថា អ្នកដឹកនាំ ឬអ្នកបង្ហាត់បង្រៀន ។ ធម្មតាអ្នកដឹកនាំតែងរមែងមានផ្លូវពីរគឺ ផ្លូវល្អ និងផ្លូវអាក្រក់ ។ អាចារ្យនៅពេលនេះ លោកសំដៅយកអាចារ្យដឹកនាំទៅរកផ្លូវអាក្រក់ ។
ទាក់ទងនឹងពាក្យសុភាសិតខាងលើនេះ លោកបានលើករឿងមួយមកនិទានដូចតទៅ ៖
នៅក្នុងសម័យពុទ្ធកាល មានមាណពម្នាក់បានលាចាកគ្រួសារដើម្បីចេញទៅស្វែងរកវិជ្ជា ក៏បានជួបនឹងថេរៈមួយអង្គ ។ ក្រោយពីបានដឹងនូវគោលបំណងរបស់ចៅមាណពហើយ ព្រះថេរៈក៏សួរថា «មុននឹងចៅមាណពឯងមកស្វែងរករៀនវិជ្ជានេះ តើឯងបានសម្លាប់អាចារ្យរបស់ឯងរួចហើយឬនៅ ?» ។ ទោះបីព្រះថេរៈដណ្ដឹងសួរពីរបីដង ក៏ចៅមាណពនៅតែមិនយល់ពីសំណួរនេះដដែល ទើបព្រះអង្គមានព្រះថេរៈដីកាថា «ម្នាលចៅមាណព អាចារ្យរបស់ឯងគឺអ្នកដឹកនាំដែលមានឈ្មោះថា “កោសជ្ជៈ” គឺសេចក្ដីខ្ជិលច្រអូសដែលតែងតែដឹកនាំអ្នកឯងឲ្យខ្ជិល ស្ពឹកស្រពន់ មិនចង់រៀនសូត្រ» ។ មាណពឆ្លើយថា «នៅទេ» ។ ព្រះថេរៈមានដីកាថា «មិនកើតទេ ត្រូវតែសម្លាប់អាចារ្យរបស់ឯងចោលជាមុនសិនទៅ កុំឲ្យវាមកដឹកនាំអ្នកឯងឲ្យខ្ជិលច្រអូស ទើបអ្នកឯងរៀនសូត្របាន» ។
ត្រង់នេះហើយដែលលោកពោលថា បើចង់ចេះឲ្យសម្លាប់អាចារ្យ កោសជ្ជៈ ឬ មានៈ នេះជាមុនសិន ។
ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់
គល់ នៅទីនេះ លោកសំដៅយកភាវៈដែលនៅក្រោម នៅខ្ចី នៅតូច ឬអ្វីដែលកើតមុនគេ ។ កូនចៅដែលនៅតូចៗក៏លោកប្រៀបទុកដូចជា គល់ ដែរ ។ កាលណាគេចង់បានអនាគតភ្លឺស្វាង មានតម្លាភាព មានរស្មីត្រចះត្រចង់សម្រាប់កូនចៅប្រុសស្រីដែលលោកទុកជាផ្លែផ្កានោះ លោកឲ្យពត់លត់ដំតម្រង់ទិសតាំងពីវានៅខ្ចីតូចៗ ឲ្យវាមានអត្តចរិត គំនិតមារយាទប្រកបដោយគន្លងធម៌ ។ លោកប្រៀបប្រដូចជាតួយ៉ាងដូចតទៅ ៖
ការពត់ដើមឈើឲ្យទៅជារូបសត្វ ឬជារាងផ្សេងៗទៅតាមបច្ចេកទេសរបស់ខ្លួន គេត្រូវពត់នៅពេលដើមឈើនោះនៅតូចនៅខ្ចី ។
ជាងដែក ត្រូវដុតដែកឲ្យក្ដៅឡើងក្រហមងៅ ដើម្បីឲ្យដែកទន់ទើបដំច្នៃដែកនោះឲ្យទៅជាសម្ភារៈប្រើប្រាស់មានតម្លៃ ដូចជា កាំបិត ពូថៅ ជាដើម ។ ដូច្នេះការអប់រំកូនចៅប្រុសស្រីឲ្យបានល្អ តែងតែមានការលត់ដំខ្លះជាមិនខាន ។ ត្រង់នេះហើយដែលលោកពោលថា ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល – សុភាសិតខ្មែរអធិប្បាយ