និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ងើយស្កក ឳនដាក់គ្រាប់ ៖ ក្រអឺតក្រទមបាត់លាភ រាបទាបបានលុយ ។
អត្ថាធិប្បាយ ងើយស្កក ឳនដាក់គ្រាប់
អត្ថានុរូប ងើយស្កក
ធម្មតា ស្រូវដែលមានដើមត្រង់ៗឡើងលើចង្អុលមេឃនោះ មកពីដើមវាស្រាល ព្រោះពុំមានគ្រាប់ ។ ស្រូវបែបនេះគេហៅថា ស្រូវស្កកគ្មានផលអ្វីទេ ។
ឳនដាក់គ្រាប់
គេសម្គាល់ឃើញថា ស្រូវណាដែលឱន ឬក្រាបទៅលើដី គឺស្រូវនោះមានគ្រាប់ល្អ ធ្វើឲ្យដើមធ្ងន់ងើបពុំរួច ។ ស្រូវបែបនេះ ហើយដែលលោកថា ឱនដាក់គ្រាប់ គឺស្រូវបានផលល្អ ។
អត្ថប្បដិរូប
ពាក្យថា «ងើយស្កក» លោកចង់ប្រៀបប្រដូចទៅនឹងមនុស្សខ្លះដែលក្រអឺតក្រទមអើតស្ងើន គ្មានចេះឱនលំទោនចំណុះអ្នកណា ។ គឺជាមនុស្សអាត្មានិយម គេតែងគិតថា គ្មានអ្នកណាប្រសើរជាងអញ ។ មនុស្សប្រភេទនេះ បើមានការត្រូវពឹងពាក់គេដោយធុរៈអ្វីមួយក៏គ្មានអ្នកណាជួយយកអាសា ជួយឈឺឆ្អាលដែរ ។ កាលណាគេខ្វះញាតិមិត្តនេះហើយ ធ្វើឲ្យគេខ្វះអ្វីៗទាំងអស់ ។
ឯពាក្យថា «ឱនដាក់គ្រាប់» គឺលោកចង់ប្រៀបប្រដូចទៅនឹងមនុស្សដែលមានឥរិយាបថសុភាពរាបសា ចេះឱនលំទោន គោរពចាស់ព្រឹទ្ធាចារ្យ ស្គាល់ញាតិមិត្តអ្នកភូមិផងទាំងពួង ។ គេជាមនុស្សមានគុណធម៌ខ្ពស់ និងជាទីស្រលាញ់រាប់អានពីសំណាក់មហាជនទូទៅ ។ កាលណាគេមានមនុស្សរាប់អានចូលចិត្តច្រើន គឺគេមានអ្វីៗទាំងអស់ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ – សុភាសិតខ្មែរអធិប្បាយ