និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញដំរីជុះ កុំជុះតាមដំរី ៖ ខ្លួនក្រ កុំត្រដរធ្វើត្រាប់តាមអ្នកមាន ។
អត្ថាធិប្បាយ ឃើញដំរីជុះ កុំជុះតាមដំរី
អត្ថានុរូប
សត្វដំរីមានមាឌធំ ដូចនេះលាមកវាក៏ធំដែរ ។ ឯឆ្កែមានមាឌតូច លាមកក៏តូចតាមមាឌវាដែរ បើចង់ឲ្យលាមកធំដូចដំរីទៅមិនបានទេ ។
អត្ថប្បដិរូប
សត្វដំរីនៅពេលនេះ លោកប្រៀបប្រដូចទៅនឹងអ្នកមានធនធានច្រើន មានប្រាក់កាសច្រើន ។ ធម្មតា អ្នកមានប្រាក់ច្រើន ពេលចាយក៏ច្រើនដែរ គឺចាយធំ ។ ព្រោះគេអាងមានលុយច្រើន មិនព្រួយកង្វល់នឹងខ្វះខាត ។ ចំណែកអ្នកដែលខ្វះខាត បានព្រឹកខ្វះល្ងាច បើឃើញអ្នកមានចាយលុយបែបធូរៗ កុំយកតម្រាប់តាមគេ ចាយលុយបែបធូរៗដូចគេ ។ នេះហើយដែលលោកថា ឃើញដំរីជុះ កុំជុះតាមដំរី ។ ម្យ៉ាងទៀត មានកូនខ្លះមានមិត្តភក្តិសុទ្ធតែជាកូនអ្នកមាន ឃើញគេចាយលុយពេញដៃ ក៏មកជំរិតឪពុកម្ដាយយកលុយទៅចាយពេញដៃដូចគេ ។ ប៉ុន្តែមិនយូរប៉ុន្មានដែរ បើគេមិនរត់ចោលសាលាក៏រត់ចោលផ្ទះដែរ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ