គ្មានទេពាក្យថាស្នេហ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
គ្មានទេពាក្យថាស្នេហ៍ – កំណាព្យខ្មែរ | ||
១ | (ប)អូនអើយប្រាប់បងបានដែរទេ? | ថាចិត្តស្រីស្នេហ៍គិតយ៉ាងណា |
តើព្រមយកបងធ្វើសង្សារ | ឫយល់យ៉ាងណាប្រាប់មកស្រី។ | |
២ | (ស)ពេលនេះអូនក៏ចង់ប្រាប់បង | ឲ្យបានដឹងម្តងអស់សង្ស័យ |
កុំឲ្យខាតពេលទៅវែងឆ្ងាយ | ប្រាប់តាមសេចក្តីនៃដួងចិត្ត។ | |
៣ | (ស)ចិត្តអូនគ្មានទេពាក្យស្នេហា | គ្មានពាក្យសង្សារឲ្យបងគិត |
បងជាបងប្រុសដែលប្អូនស្និទ្ធ | មិនដែលហ៊ានគិតលើសហ្នឹងណា។ | |
៤ | (ប)ពិតមែនរឺអូន?កុំថាលែង | ប្រើពាក្យសំដែងសាកស្នេហា |
បងពិតស្មោះស្ម័គ្រមិនសាវា | ពិសោធន៍ចិន្តាដល់ណាថ្លៃ។ | |
៥ | (ប)ស្នេហ៍បងស្ម័គ្រស្មោះលើអូនពិត | មិនមែនប្រឌិតរឺបំភ្លៃ |
ចាំបាច់ពិសោធន៍យូរធ្វើអី? | យល់ចិត្តសូមស្រីប្រាប់ត្រង់ចុះ។ | |
៦ | (ស)បងអើយអូនមិនបានថាលេង | មិនបានសំដែងដាក់បងប្រុស |
សូមបងកុំគិតយល់ផ្លូវខុស | បងជាបងប្រុសអូន ប្អូនស្រី។ | |
៧ | (ប)អូនបង?ម្តេចអូនប្រាប់ដូច្នោះ | ឫបងធ្វើខុសទាស់រឿងអ្វី |
បើបងខុសមែនសូមអូនស្តី | ឲ្យដឹងសេចក្តីពីកំហុស។ | |
៨ | (ប)ឫអូនអន់ចិត្តនឹងពាក្យបង | ដែលស្តីសាសងប្រាប់មកចុះ |
បងពិតមិនបានដឹងខ្លួនខុស | ព្រោះសាសាងនោះសាកចិត្តស្រី។ | |
៩ | (ស)ខ្ញុំមិនចង់ប្រាប់អ្វីច្រើនទេ | ដឹងត្រឹមមិនស្នេហ៍ចប់សេចក្តី |
បើបងព្រមរាប់ជាប្អូនស្រី | សូមកុំគិតអ្វីរឿងស្នេហា។ | |
១០ | (ប)ធ្វើចិត្តមិនបានទេពន្លក | ពេលកន្លងមកគិតយ៉ាងណា |
ធ្លាប់ថើបអង្អែលកាយជីវា | ម្តេចអូនឆ្លើយថាមិនស្នេហ៍ស្និទ្ធ។ | |
១១ | (ស)សូមកុំរំលឹកទៀតឲ្យសោះ | មិនធ្វើបងប្រុសខ្ញុំឈប់គិត |
បើនៅតែរឹងធ្វើតាមចិត្ត | ក្នុងមួយជីវិតយើងឈប់ស្តី។ | |
១២ | (ប)ម្តេចធ្វើដូច្នេះដាក់មកបង? | ឫស្រស់នួនល្អងមានអ្នកថ្មី |
បោះបង់បងចោលកាត់និស្ស័យ | បើមែនគ្មានអ្វីនឹងតវ៉ា។ | |
១៣ | (ស)ខ្ញុំធ្លាប់ប្រាប់បងរួចម្តងហើយ | តែបងកន្តើយមិនស្តាប់ការ |
នៅតែចចេសតាមស្នេហា | ខ្ញុំប្រាប់ហើយណាកុំបន្ទោស។ | |
១៤ | (ស)ចរិតដូចបងប្រាប់ចុះណា | ខ្ញុំមិនប្រាថ្នាឲ្យកើតទោស |
ឃើញភ្លាមស្នេហ៍ភ្លែតមិនដឹងខុស | ប្រាប់ម្តងទៀតចុះថាខ្ញុំស្អប់។ | |
១៥ | (ស)បើបងមិនព្រមធ្វើបងប្រុស | នៅតែគិតខុសមិនចេះចប់ |
មួយជីវិតនេះឈប់មករាប់ | ខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះ។ | |
១៦ | (ប)បានៗបងព្រមតាមចិត្តស្រី | គ្រប់រឿងអ្វីៗបងយល់ខុស |
ឲ្យបងសូមទោសប្អូនស្រីចុះ | បងជាបងប្រុសណាប្អូនណា។ | |
១៧ | (ស)ល្អណាស់បងប្រុសគិតបែបហ្នឹង | កុំគិតតានតឹងរឿងស្នេហា |
ប្រាប់ត្រង់ពេលនេះគ្មានអ្នកណា | តែរឿងស្នេហាប្អូនឈប់គិត៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្នេហាជាអ្វី? – កំណាព្យខ្មែរ