Thursday , December 12 2024

កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ៖ ផល​វិបាក​នៃ​ទង្វើ​រួម​គ្នា ។

កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា

ធម្មតា​ការ​រក​ស៊ី បើ​មុខ​របរ​នោះ​ធំ តម្រូវ​ឲ្យ​មាន​ភាគហ៊ុន​ច្រើន គេ​តែង​ចូល​ហ៊ុន​គ្នា ទើប​ប្រកប​មុខរបរ​នោះ​ទៅ​បាន ។ ក៏​ប៉ុន្តែ​ចំពោះ​ការ​ចូល​ហ៊ុន​គ្នា​២​មុខ​លោក​ហាម​ជា​ដាច់​ខាត​ពី​ព្រោះ​វា ​បង្ក​ឲ្យ​មាន​បញ្ហា​ខ្លាំង​ណាស់ គឺ ៖

កុំធ្វើស្រែប្រវាស់

ការ​ធ្វើ​ស្រែ​ប្រវាស់ ដូចជា ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ពូជ​ស្រូវ ឬ​ម្នាក់​មាន​ដី​ស្រែ ម្នាក់​ទៀត​មាន​ឧបករណ៍ គោ ក្របី នង្គ័ល រនាស់​ជា​ដើម ។

ការ​ប្រវាស់​គ្នា​នេះ អាច​ឲ្យ​គេ​ចំណេញ​បាន​ទាំង​សងខាង ក៏​ប៉ុន្តែ​បើ​ការ​ប្រវាស់​គ្នា​នេះ​ធ្វើ​បាន​ត្រឹមតែ​ពាក់​កណ្ដាល​ដៃ ដូចជា ស្រូវ​មិន​ទាន់​ចេញ​ផ្លែ ឬ​កំពុង​ចេញ​ផ្លែ ស្រាប់​តែ​ជួប​ចៃដន្យ​ចង្រៃ ភាគី​ទាំង​ពីរ​នេះ​មាន​ជម្លោះ​ដោយ​ប្រការ​ណា​នីមួយ តើ​គេ​បែងចែក​ភាគ​ផល​គ្នា​ដូចម្ដេច​កើត ? ដូច្នេះ​ប្រកដ​ជា​ជម្លោះ​នេះ​រីក​រាល​ដាល​ដែល​អាច​ប្រឈម​មុខ​នឹង​ គ្រោះថ្នាក់ និង​អាច​ឈាន​ទៅ​រក​ការ​វាយ​ប្រហារ​គ្នា​ក៏​សឹង​មាន ។

កុំសង់ផ្ទះចូលគ្នា

ការ​សង់​ផ្ទះ​ចូល​គ្នា​ក៏​មាន​ន័យ​ ដូច​ខាងលើ​ដែរ ។ ពី​ដំបូង​ដៃ ភាគី​ទាំង​ពីរ​ស្រឡាញ់​គ្នា​ជិតស្និទ្ធ​ចាក់​ទឹក​មិន​លិច រហូត​ដល់​ស្រុះស្រួល​គ្នា​សង់​ផ្ទះ​រួម ។ លុះ​ដល់​ទៅ​ជិត​គ្នា​យូរ​បន្តិច​ទៅ ក៏​ស្រាប់​តែ​មាន​ទំនាស់​ដែល​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ ។ បើ​ទំនាស់​មាន​ហើយ តើ​គេ​អាច​នៅ​ជិត​គ្នា​បាន​ឬ​ទេ ? តើ​គេ​អាច​រើ​ផ្ទះ​ចែក​គ្នា​បាន​ទេ ? ចម្លើយ​មាន​តែ​មួយ គឺ​គេ​មិន​អាច​ធ្វើ​ទៅ​កើត​ទេ ។ បើ​មិន​កើត​ទេ គេ​នឹង​ឈ្លោះ​គ្នា​រាល់​ថ្ងៃ​ដែល​អាច​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​គ្នា​ រាល់​ថ្ងៃ​ដូច​ករណី​ខាងលើ​ដែរ ។

សរុប​មក ការ​រកស៊ី​រួម​គ្នា ទោះ​តូច​ធំ​ក្ដី​សុទ្ធ​តែ​មាន​ផលវិបាក​ទាំង​អស់ ។ ប៉ុន្តែ​ផលវិបាក​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ករណី​ទាំង​ពីរ​ខាងលើ​នេះ​ឯង ព្រោះ​មនុស្ស​មួយ​ចំនួន​សុទ្ធ​តែ​មាន​មហិច្ឆិតា​លោភលន់ ចង់​បាន​ផលប្រយោជន៍​តែ​រៀងៗ​ខ្លួន ទោះបី​ជា​បងប្អូន​បង្កើត​ក៏​ដោយ ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំស្លាប់ដូចពស់រស់ដូចកង្កែប – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *