ពិធីបុណ្យចូលឆ្នាំខ្មែរ – ពិធីបុណ្យផ្សេងៗ ៖ ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា “ជនជាតិខែ្មរ” ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេស សេរីលង្កា ។ “ចូលឆ្នាំខ្មែរ” គឺជាឈ្មោះថ្ងៃបុណ្យខ្មែរដែលប្រារព្ធពិធីចូលឆ្នាំថ្មីតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ថ្ងៃចូលឆ្នាំពីបុរាណកាលប្រាររព្ធនៅខែ មករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមកគេបានផ្លាសប្ដូរមកខែមេសាវិញយកតាម សុរិយាគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។ ថ្ងៃឈប់សម្រាកមានរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣ ឬទី ១៤ ខែមេសាដែលជាដំណាច់រដូវប្រមូលផលនៅពេលដែលកសិកររីករាយនឹងផលដំណាំរបស់ពួកគេមុនពេលរដូវវស្សាចាប់ផ្តើម។ ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសអាចជ្រើសរើសដើម្បីអបអរសាទរក្នុងអំឡុងពេលចុងសប្តាហ៍ជាជាងគ្រាន់តែពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា។ ចូលឆ្នាំខ្មែរស្របគ្នាជាមួយឆ្នាំថ្មីនៃពន្លឺព្រះអាទិត្យនៅក្នុងផ្នែកមួយចំនួននៃប្រទេសឥណ្ឌា ប្រទេសនេប៉ាល់ ប្រទេសស្រីលង្កា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវនិង ប្រទេសថៃ ។ បុណ្យចូលឆ្នាំខ្មែរ ក៏មានរឿងព្រេងនិទានទាក់ទងផងដែរដែលជាការនិពន្ធពីជនជាតិខ្មែរផ្ទាល់ក្នុងការផ្សារភ្ជាប់ទៅនិងពុទ្ធសាសនា ដែលនិពន្ធនៅឆ្នាំ ១៩៦៩ ដោយលោក ត្រឹង ងា ដែលនិយាយពីការភ្នាល់ប្រស្នា ៣ខ រវាងអទិទេព ព្រហ្ម (មុខបួន) ជាមួយ អាវតា ព្រះវិស្ណុះ ដែលចាប់កំណើតជាក្មេងប្រុសម្នាក់ឈ្មោះ ធម្មបាលកុមារ ដែលចេះទាំងភាសាសត្វ និង បានរៀនចប់នៅគម្ពីរវេទផ្សេងៗជាច្រើន ហើយងាកមកគោរពនៅ ព្រះពុទ្ធសាសនាវិញ ការនិះពន្ធរបស់អ្នកស្រីបានល្បីដល់ប្រទេស ថៃ និង ឡាវ ដែលមានវប្បធម៌ស្រដៀងកម្ពុជាបានសុំចម្លងនៅរឿងព្រេងនិទាននេះ ។
ចូលឆ្នាំនៅកម្ពុជាចែកចេញជា ៣ថ្ងៃ
- មហាសង្រ្កាន្ត ជាពាក្យ កម្ចីពីឥណ្ឌា (Sankranti) ដែលប្រែថា តំណើរចាកចេញរបស់ព្រះអាទិត្យពីមេនរាសី មកគោចរណ៍ តាមទិសខ្សែរតែមួយក្នុងរយៈពេល ១២ខែ ។
ហើយជាពេលវេលាដែលទេពធីតាទាំង៧ ដែលលតំណាងឲភពទាំង៧ក្នុងប្រព័ន្ធព្រះអាទិត្យ យាងមកដល់ផែនដី ។ ថ្ងៃទីមួយប្រជាពលរដ្ឋ ត្រូវរៀបចំសំណែនសែនព្រេន និងគ្រឿងសក្ការៈបូជា ដូចជា បាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ និង ភាក្សាហារទៅតាមទេពធីតានីមួយៗ ដើម្បីកាត់ឆុងនៅឧបពមង្គល និង សុំពរជ័យសេរីសួស្ដី ឬ បួងសួងបំណងប្រាថ្នា ផងដែរ ។ - វិរ:វ័នបត ជាដំណើរនៃការដង្ហែរក្បាល ព្រះព្រហ្ម ព័ទ្ធជុំវិញភ្នំកៃឡាស ចំនួន ៦០នាទី រួចយកក្បាលព្រះព្រហ្មនោះត្រឡប់ទៅទុកក្នុងគុហា គន្ធម៉ាលី នាភ្នំព្រះសុម៉ែ នាឯឋានសួគ៌វិញ ។
ថ្ងៃទីពីរនេះដែរ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម អ្នកខ្លះគេចែកទានដល់អ្នកក្រខ្សត់ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬ នៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈ ដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនាទាក់ទងអំពីប្រវត្តិព្រេងនិទាននៃពីធីបុណ្យចូលឆ្នាំខ្មែរ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយ បង្សុកូលចេតិយ បញ្ជូនមគ្គផល ដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ ។ - វារៈឡើងស័ក ការផ្លាសប្ដូរសករាជថ្មីនៃឆ្នាំសត្វទាំង១២ ហើយថ្ងៃទីបីនេះជាថ្ងៃផ្សារភ្ជាប់ទៅនិងពិធីស្រង់ព្រះ ដែលពុទ្ធបរិសថ្ថត្រូវយកទឹកស្រង់ព្រះ ហើយទឹកដែលហូរចេញពីព្រះគេយកទៅលប់លាងមុខដើម្បីបណ្ដេញនៅឧពទ្រុព្ទចង្រៃ ហើយពិធីស្រង់ព្រះនេះទាក់ទងនិងប្រវត្តិព្រះកែវមរកតផងដែរ ។ហើយកូនៗទាំងអស់ត្រូវស្រង់ព្រះរស់នៅក្នុងផ្ទះដើម្បីជាការលាងបាប ហើយជាការដឹងគុណឪពុកម្ដាយក្នុងការផ្ដល់កំណើតមកផងដែរ ចំនែកឯភិក្ខុសង្ឃត្រូវចេញមកស្រោចទឹកដល់ឧបាសក់ដើម្បីជំរះភាពឧបទ្រុព្ទចង្រៃនៃឆ្នាំចាស់ហើយលើករាសីនៅឆ្នាំថ្មីនាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ។
ទេពធីតាមហាសសង្ក្រាន្ត សម្ដែងកិរិយា
- បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
- បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
- បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត
- បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក
ប្រវត្តិរឿងចូលឆ្នាំខ្មែរ
ប្រវត្តិរឿងចូលឆ្នាំខ្មែរ ដែលទាក់ទងនិងតំណាលទេវៈកថាដូចតទៅ ៖ មានតំណាលថា នៅដើមនៃភទ្ទកប្បនាសម័យមានព្រះពុទ្ធសាសនាដែលលាយឡំទៅនិងហិណ្ឌូសាសនាមានសេដ្ឋីម្នាក់ដែលគោរពនៅព្រះពុទ្ធសាសនា លោកមានកូនប្រុសម្នាក់ឈ្មោះថា “ធម្មបាលកុមារ” ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៩ឆ្នាំ ។ សេដ្ឋីបិតាបានសាង អាស្រមមួយឲធម្មបាលកុមារដើម្បីជាការធ្វើសម្មាធិ “ធម្មបាលកុមារ”បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិពុទ្ធសាសនា ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់កបិលមហាព្រហ្ម “ទេវៈមុខ៤” ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិព្រហ្មញសាសនា។ ពេលនោះកបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាអវតាព្រះវិស្ណុះទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាទៅគោរពព្រះពុទ្ធសាសនាវិញ!ដើម្បីចង់ផ្ចាញ់ព្រះវិស្ណុះដែលចាប់កំណើតជាធម្មបាលកុមារ កបិលមហាព្រហ្មក៏ក្រឡាខ្លួនជាសមនៈព្រហ្ម (ពួកព្រាហ្មណ៍) យាងចុះមកសួរនៅចំនោទប្រស្នា “៣ប្រការ” ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រហ្មនេះនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មានិងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យឆ្ងាយប្រសើរជាង។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅដើមត្នោតមួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូ ដែលសត្វឥន្ទ្រីនោះជាការក្រឡាខ្លួនរបស់ស្ដេចគ្រុឌដែលជាយាន្តជំនិះរបស់ព្រះវិស្ណុះដែលចាំជួយដល់ទ្រង់ដែលចាប់កំណើតជាអវតាមនុស្ស ។
ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖
ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី?
ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។
ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ?
ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ?
“ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ”ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលពេលព្រឹក។
ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? “ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង” ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលពេលថ្ងៃ។
ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? “ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គលពេលយប់ព្រលប់។
ធម្មបាលកុមារបានលឺដូចេ្នះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពីសមនៈព្រហ្មនោះ សមនៈព្រហ្មនោះ ក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ សមនៈព្រហ្មនោះមុននិងកាត់ក្បាលបានក្រឡាខ្លួនជាកបិលមហាព្រហ្មវិញ រួចហៅទេពធីតាទាំង ៧អង្គដែលជាបុត្រីខ្លួន មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូរបុត្រីយកទៅតម្កល់នៅ (ភ្នំព្រះសុម៉ែ) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សៈទេវីដែលជាកូនច្បង ។ នាង ទុង្សៈទេវី ក៏យកពានទៅទទួលក្បាលបិតា ហើយហោះហើរហែរប្រទក្សិណភំ្នកៃឡាសចំនួន ៦០នាទីហើយក៏យកជើងពានដែលទ្រក្បាលបិតានោះទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី នៃភំ្នព្រះសុម៉ែរុ នៅឯឋានសួគ៌ រួចបូជានៅគឿ្រងទិព្វផេ្សងៗ។ ក្រោយមកទេពធីតាទាំង៧អង្អ ក៏ប្រសិដ្ឋនាម ធម្មបាលកុមារថា (ព្រះពិស្ណុះការណ៍) ដោយប្រែមកថា “ព្រះវិស្សកម្មទេវបុត្រ” ហើយបានឲត្បូងកែវ ៧គ្រាប់ឈ្មោះថា “ភគវតីសភា” ទៅធម្មបាលកុមារ ។
ត្បូងពណ៌ក្រហម (ឈ្មោះថាបទុមរាជ) ឆ្លាក់ជារូបព្រះឥន្ទ្រ ព្រះកែវភ្លើង ព្រះនៃពន្លឺ ។
ត្បូងពណ៌ស្វាយ (ឈ្មោះថាបុក្តា) ដាក់ក្នុងដងព្រួញ របស់ព្រះពិស្ណុះការណ៍ ឬ ព្រះរាម ។
ត្បូងពណ៌ខៀវ (ឈ្មោះថាមោរ៉ា)ដែលចុងក្រោយ ក្លាយជារបស់នាង អរក្ខៈទេវី ទេវតាតំណាងឲផ្គរលាន់ តមករឿងព្រេង មណីមេខាលា ។
ត្បូងពណ៌លឿង (ឈ្មោះថាពិទូរ្យ) ធ្វើជាគ្រាប់ភ្នែក ដាក់ក្នុងព្រះនេត្ររូបចម្លាក់ ព្រះសិរិអារ្យមេត្រី ដែលជាព្រះពុទ្ធចុងក្រោយនៃសាសនា របស់ព្រះពុទ្ធទាំង ៥ព្រះអង្គ ។
ត្បូងពណ៌បៃតង (ឈ្មោះថាមរកត) ឆ្លាក់ជារូបព្រះពុទ្ធអង្គព្រះកែវមរកត ។
ថ្លើមថ្មពណ៌ស (ឈ្មោះថាបុស្សរាគម័) បានកើតជាស្វា សហនុមាន ។
ត្បូងនីលពណ៌ខ្មៅ (ឈ្មោះថានិលវត័ន៍) បានកើតជាស្វាខ្មៅ ឈ្មោះ និលភ័ក្រ អ្នកនាំសាររបស់ព្រះរាម ។
ត្បូងទាំង ៧គ្រាប់តមកដំណើរ (រឿងរាមកេរ្តិ៍) នៅពេលដែលព្រះពិស្ណុះការណ៍ធំពេញវ័យ នាងកោសកល្យាណ ដែលត្រូវជាមហេសី ព្រះបាទទស្សវង្ស បានយកទ្រង់ធ្វើជាកូន ហើយនាំចូលទៅក្នុងរាជវាំងរួចតែងតាំងទ្រង់ជា ព្រះរាម ។ ជាចុងក្រោយ លុះដល់គម្រប់ ១ឆ្នាំជា សង្រ្កាន្តនាងទេពធីតាទាំង៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ក្បាលកបិលមហាព្រហ្មដែលជាបិតាខ្លួន ចេញមកហែរប្រទក្សិណ ភំ្នកៃឡាស រាល់ៗឆ្នាំហើយត្រឡប់យកក្បាលព្រះព្រហ្មទៅទុកក្នុងគុហាគន្ធមាលី នាព្រះសុម៉ែ នាឋានទេវលោកវិញ ។ [១]
បកស្រាយ អំពីប្រភពដែលកើតមានទេពធីតាសង្ក្រាន្តទាំង៧
ព្រះព្រហ្ម ជាអាទិទេពចំបងបំផុតនៃព្រាហ្មណ៍សាសនា ព្រោះព្រះព្រហ្មជាអ្នកបង្កើតលោក ភាវៈ ធម្មជាតិ ទាំងអស់នឹងគម្ពីរវេទពោលគឺជាអ្នកសាងលោក។
លក្ខណៈពិសេសសំគាល់ព្រះព្រហ្ម ៖
មុខបួន
ដៃបួនកាន់គម្ពីរវេទ ឬ ផ្កាឈូក
កាយសម្បុរក្រហម
កេតនភណ្ឌ ថូផ្កា ថាស ស្លាបព្រា
ពាហនៈ សត្វហង្សជាយានជំនិះ
មហេសីទី1 នាងហ្គ៉ាយ៉ាទ្រី នាងមិនមានកូននោះទេ ទើបព្រះព្រហ្មឲនាងផឹកអង្កាំប្រាំពីរគ្រាប់ ដែលនៅក្នុងកេតនភណ្ឌ ថូផ្កា របស់ព្រះព្រហ្ម ហើយបង្កើតបានបុត្រីទាំង៧ តំណាងឲ
ថ្ងៃទាំង៧នៅលើផែនដីមាន នាងសង្ក្រាន្ត (ទុង្សៈទេវី) (គោរាគៈទេវី) (រាគ្សៈសាទេវី) (មណ្ឌាទេវី) (កិរិណនីទេវី) (កិមិរ៉ាទេវី) (មហោទរាទេវី) ។
មហេសីទី2 នាងសារ៉ាវត្តី នាងមានបុត្របីអង្គ (ទក្សៈ) (ភុគ៌ៈ) (សន្ធិយា) ។
ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ វនបត, ថ្ងៃទី៣ ជាថ្ងៃ ឡើងស័ក។ រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត។
ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួនចន្ទគតិ (ដំណើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែកក្តិក ជាខែទី ១២។ សម័យក្រោយមក ប្រទេសខ្មែរប្តូរទៅប្រើវិធីគិតរាប់ថ្ងៃខែឆ្នាំតាមក្បួន សុរិយគតិ (ដំណើរនៃព្រះអាទិត្យ)។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែចេត្រ (ខែទី ៤) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែបើសិនឆ្នាំថ្មីមានថ្ងៃជាន់គ្នានឹងឆ្នាំចាស់ (ឧ: ថ្ងៃអាទិត្យក្នុងថ្ងៃ ១៣ នៃឆ្នាំចាស់ដូចឆ្នាាំបន្ទាប់) គេត្រូវលើកថ្ងៃចូលឆ្នាំមួយថ្ងៃ (ថ្ងៃ ១៤) ហើយថ្ងៃចូលឆ្នាំ ជាអតិបរមាមិនអោយហួសពីថ្ងៃ ១៦។ មហាសសង្ក្រាន្ត ប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា “សាមញ្ញសង្ក្រាន្ត” (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្ត)។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា “អាយន្តសង្ក្រាន្ត” (វេលាដែលព្រះអាទិត្យដើរបញ្ឈៀង មិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិ ដោយយោងទៅសុរិយគតិ ព្រោះចន្ទគតិមានទំនាក់ទំនងនឹង ពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនទៀងទាត់ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុងវេលារនោច។ ប៉ុន្តែនៅក្នុងរវាង ១ ខែ គឺមិនមុនថ្ងៃ ៤កើត ខែ ចេត្រ និង មិនហួសថ្ងៃ ៤ កើត ខែ ពិសាខទេ។ ដូចនេះ សង្ក្រាន្តខ្លះ អាចធ្លាក់ទៅក្នុងខែ ពិសាខ។
ទំនៀមផ្សេងៗ ដែលប្រជាជនខ្មែររៀបចំតាមប្រពៃណី មានដូចតទៅ ៖
ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ សំអាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក និង កាត់សំលៀកបំពាក់ថ្មីៗ ជាដើម។
ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សំរាប់ទទួលទេវតាថ្មី ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនី ខ្សែតូចៗ ចម្រុះពណ៌ ឬចង្កៀងគោម គ្រប់ពណ៌ សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ ទេព្តាថ្មីយាងមក គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់ សុំសេចក្តីសុខចម្រើន គ្រប់ប្រការ ពីទេព្តាថ្មី។ ចំពោះគ្រឿងសក្ការៈ និង ក្រយាស្ងើយ ដាក់ថ្វាយទេព្តោនាះ គេនិយមតម្រូវតាមចិត្តទេវតាដែលនឹងចុះក្នុងឆ្នាំនីមួយៗ។ រីឯពិធី ៣ ថ្ងៃ នៃថ្ងៃចូលឆ្នាំនោះគឺ ៖
ថ្ងៃទី ១ ៖ គេត្រូវជួបជុំគ្រួសារ ត្រៀមអុចធូបបន់ស្រន់ទទួលទេវតាឆ្នាំថ្មីដែលចុះមកដើម្បីសុំនូវសេចក្ដីសុខ ហើយនិងការបន់ស្រន់សុំសំរេចនូវបំណងប្រាថ្នាអ្វីមួយពីទេវតាឆ្នាំថ្មី បន្ទាប់មកកូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។
ថ្ងៃទី ២ ៖ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈ ដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និង សំដែងធម្មទេសនា។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយ បង្សុកូលចេតិយ បញ្ជូនមគ្គផល ដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅ។
ថ្ងៃទី ៣ ៖ ពេលព្រឹកគេនិមន្តព្រះរស់នៅក្នុងផ្ទះដែលយើងហៅថាឪពុកកម្ដាយដើម្បីស្រង់ទឹកលាងបាប និង ជាការដឹងគុណផង ពេលថ្ងៃគេទៅស្រង់ព្រះពុទ្ធបដិមាដើម្បីយកទឹកមកលប់លាងមុខដើម្បីជំរះនៅឧបទ្រុព្ទចង្រៃផ្សេងៗ រួចគេនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់ ពេលល្ងាចភិក្ខុសង្ឃត្រូវចេញទៅស្រង់ទឹកជូនឧបាសក់នៅតាមភូមិស្រុកវិញដើម្បីជំរះនៅឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ ដើម្បីបញ្ជាក់អត្ថន័យថា ការធ្វើអំពើល្អទៅ អំពើល្អនិងត្រលប់សងមកវិញ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទាំងបីថ្ងៃនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាល្បែង ទាញព្រ័ត្រ ស្ដេចចង់ បោះអង្គញ់ ចោលឈូង លាក់កន្សែង ខ្លែងឆាបកូនមាន់ ជាដើម និង មានរបាំត្រុដិ (ច្រើនមាននៅបាត់ដំបង និង សៀមរាប) ជាពិសេសទៀតគឺរាំតាមចង្វាក់ភ្លេងសម័យ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ
រៀងរាល់ឆ្នាំ ជនជាតិខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី ១៣ ខែមេសា (យូរៗម្ដង ថ្ងៃ ១៤ ឬ ១៥ ឬ ១៦ ខែមេសា) ត្រូវនឹងខែចេត្រ ឬពិសាខ នៃចន្ទគតិ។
ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យជ្រាលជ្រៅ។ ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសិរីសូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី។
ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយ ៗ។ លុះដល់ឆ្នាំថ្មី គេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារផង។ រួចទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកបរបរដោយជោគជ័យ និង អាយុយឺនយូរ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកភូមិស្រុកជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេ តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្ដអារាម ដែលជាមជ្ឈមណ្ឌលអប់រំឲ្យមានការមនុស្សធម៌ និង សាមគ្គីភាព។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មានអត្ថន័យធំធេងយ៉ាងនេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិតាំងពីដើមរហូតមក។
និមិត្តសញ្ញាតំណាងឲ្យរាសី ឬ ខែនីមួយៗក្នុងប្រក្រតីទិនខ្មែរ
ដោយសារប្រទេសខ្មែរបានទទួលឥទ្ធិពលសាសនាព្រាហ្មណ៍ (លទ្ធិហិណ្ឌូ) ទើបជនជាតិខ្មែរនៅតែបន្តប្រើប្រាស់ក្បួនគម្ពីរ សាស្ត្រាបុរាណរបស់លទ្ធិព្រាហ្មណ៍ក្នុងការគិតគូររៀបចំធ្វើកិច្ចនានាខាងសាសនា។ តាមក្បួនតារាសាស្ត្រ ឬហោរាសាស្ត្របុរាណនៃលទ្ធិព្រាហ្មណ៍ គេយល់ថាផ្ទៃមេឃមានរាងដូចជារង្វង់មូល និង នៅស្ងៀមមួយកន្លែងដូចជាផែនដីដែរ។ គេយល់ថាព្រះអាទិត្យដើរជុំវិញផែនដី តាមគន្លងគោចរដែលមានរូបសណ្ឋានដូចជារង្វង់ ទើបពួកគេហៅថា រាសីចក្រ ឬ ចក្ររាសី (រង្វង់រាសី) ដែលត្រូវនឹងមួយឆ្នាំ។
ដោយសារតែពួកគេមើលឃើញនៅលើលំហមេឃមានផ្កាយ (តារា) ជាច្រើននៅក្បែរៗគ្នាហើយមានសណ្ឋានដូចជារូបផ្សេងៗ ដូចជារូបចៀមឬពពែឈ្មោល, គោឈ្មោល, មនុស្សប្រុសស្រី, ក្តាម, សិង្ហ, ស្រីក្រមុំ, ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ ត្រីឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះហើយទើបពួកគេដាក់ឈ្មោះបណ្តុំផ្កាយ (នក្ខត្តឫក្ស ឬ នក្សត្រ) តាមរូបភាពស្រដៀងទាំងនោះ។ ពួកគេចែកផ្ទៃមេឃជា ១២ ចំណែក ឬ ល្វែង(រាសី) ដោយដាក់ឈ្មោះចំណែកនីមួយៗស្របតាមរូបរាងនៃបណ្តុំផ្កាយ ដូចជា មេសៈ ឬមេសរាសី ឧសភៈ ឬឧសភរាសី មិថុនៈ ឬមិថុនរាសី, កក្កដៈ ឬកក្កដរាសី សីហៈ ឬសីហរាសី កញ្ញា ឬកញ្ញារាសី តុលា ឬតុលារាសី វិច្ឆិកៈ ឬវិច្ឆិករាសី ធនុ ឬធនុរាសី មករៈ ឬមកររាសី កុម្ភៈ ឬកុម្ភរាសី និង មីនៈ ឬមីនរាសី។ ដោយសារតែពួកគេកំណត់យកមេសរាសី (ខែមេសា) ជារាសីទីមួយ ទើបជនជាតិខ្មែរចាប់គិតថាខែ ចេត្រ ជាខែទីមួយនៃឆ្នាំថ្មី ហើយក៏ប្រារព្ធធ្វើកិច្ចចូលឆ្នាំថ្មីនៅខែ ចេត្រ តាមលំអានរៀងមក។ នេះគឺដោយសារខ្មែរប្រើក្បួនគិតថ្ងៃតាមសុរិយគតិ។
បើតាមក្បួនចន្ទគតិ ខែមិគសិរ គឺជាខែទីមួយនៃឆ្នាំថ្មី។ តាមក្បួនសុរិយគតិរបស់លទ្ធិព្រាហ្មណ៍ គេគិតថានៅខែ មេសា ព្រះអាទិត្យចរចេញពីមីនរាសី បណ្តុំផ្កាយរាងដូចត្រី) ចូលទៅកាន់ មេសរាសី បណ្តុំផ្កាយរាងដូចចៀមឬពពែឈ្មោល)។ ការចរចេញរបស់ព្រះអាទិត្យពីរាសីមួយទៅកាន់រាសីមួយហៅថា សង្ក្រាន្ត ឬ សង្ក្រាន្តិ។ ក្នុងមួយឆ្នាំមាន ១២ សង្ក្រាន្ត។ ដោយសារតែពួកព្រាហ្មណ៍កំណត់យក មេសរាសី ជារាសីទីមួយ (រាសីតំបូង រាសីក្បាល រាសីធំ ឬ មហារាសី) ទើបគេហៅសង្ក្រាន្តនៅខែ មេសា ថា មហាសង្ក្រាន្ត គឺដំណើរឆ្លងកាត់របស់ព្រះអាទិត្យ ពីចក្ររាសីនៃឆ្នាំចាស់ ទៅកាន់ចក្ររាសីនៃឆ្នាំថ្មី។
ក្នុងអំលុងបុណ្យចូលឆ្នាំខ្មែរ យុវជន យុវតី បានប្រមូលផ្តុំគ្នាលេង ល្បែងប្រជាប្រិយ ប្រពៃណី ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រាត់។ នេះជាល្បែងដែលប្រជាជនខ្មែរនិយមចូលចិត្តលេងតាំងពីរដើមមករហូតដល់បច្ចុប្បន្ននេះ។ ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង ឫខេត្តមួយចំនួនទៀតគេលេងល្បែងទាំងនោះ។ បុរសម្នាក់ជិះឈើកោងមួយ ដោយពាក់ក្បាលរមាំង នៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយ ដូចជាកន្ទុយរមាំង។ បុរសពីនាក់ទៀតត្រៀមខ្លួនដើម្បីប្រម៉ាញ់ ដោយមានកាន់ធ្នូរក្នុងដៃ។ នៅពេល ទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសំរាប់ជាទេយ្យវត្ថុសំរាប់ព្រះសង្ឃនៅវត្ត។ ក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្រ្តីខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាទៅលេងនៅវត្ត។ សកម្មភាព នេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។ ទំនៀមទំលាប់នេះ មានប្រភពយូរលង់ណាស់មកហើយនៅពេលដែលមានក្រពើជាច្រើនក្បាល បានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំនាក ដើម្បីឲ្យខ្មោចព្រាយ រស់នៅតាមដើមឈើជិតៗវត្ត ស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មី ចូលមក ដល់ខ្លួននិងក្រុមគ្រួសារផង។ ប្រជាជនខ្មែរ បានប្រមូលផ្ដុំគ្នាទៅលេងវត្ត ទៅលេងតាមមាត់សមុទ្រ រមណីដ្នានឬ តាមប្រាសាទនានា ដែលមាននៅក្នុងប្រទេសឬក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំ ខ្មែរប្រពៃណីជាតិហើយប្រជាជនខ្លះជួមជុំបង ប្អូនគ្រួសារញាតិមិត្តនៅឯផ្ទះរបស់ពួកគេដោយក្ដីរីករាយ។
អត្ថបទពេញនិយមបន្ទាប់ ៖ បុណ្យអុំទូក – ពិធីបុណ្យផ្សេងៗ