និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចិត្តជាទេវទត្ត មាត់ជាទេវតា ៖ មនោកម្ម និងវចីកម្ម ពុំស្របគ្នា ។
អត្ថាធិប្បាយ ចិត្តជាទេវទត្ត មាត់ជាទេវតា
ចិត្តជាទេវទត្ត
ភិក្ខុទេវទត្ត ត្រូវជាព្រះអនុជអយ្សិកា (ប្អូនជីដូនមួយនឹងព្រះសម្ពុទ្ធផ្នែកខាងព្រះវរមាតា) ។ ភិក្ខុទេវទត្តនេះបានសម្រេចឈានលោកិយអាចធ្វើដំណើរតាមអាកាសបាន ។ ប៉ុន្តែដោយទេវទត្តនេះមានមហិច្ឆិតាលោភលន់ហួសប្រមាណ ដោយមានចិត្តចង់តាំងខ្លួនធ្វើជាព្រះពុទ្ធ ក៏ព្យាយាមធ្វើគត់ព្រះពុទ្ធអង្គ ដើម្បីខ្លួនបានឡើងធ្វើជាព្រះពុទ្ធជំនួស ។
ដូច្នេះ ឈានលោកិយរបស់ទេវទត្តក៏អន្ដរធានបាត់អស់ទៅ ។ ដោយមនោកម្ម គឺចិត្តខ្មៅ ចិត្តបាបរបស់ទេវទត្តយ៉ាងនេះហើយ ទើបបុរាណាចារ្យពោលថា ចិត្តអាក្រក់ដូចទេវទត្ត ។
មាត់ជាទេវតា
ទេវតា គឺជាបុគ្គលដែលសោយនូវបុញ្ញកម្មរបស់ខ្លួននៅស្ថានទេវលោក ។ នៅក្នុងអក្សរសិល្ប៍ខ្មែរ គេទុកទេវតាជានិមិត្តរូបតំណាងឲ្យភាវៈល្អ ។ ដូច្នេះ លោកប្រៀបប្រដូចទៅនឹងមនុស្សដែលមានវាចាពីរោះ ផ្អែមល្ហែមនោះថា មាត់ជាទេវតា ។
មនុស្សណាមានចិត្តអាក្រក់ តែសម្ដីខាងក្រៅផ្អែមដូចទឹកឃ្មុំ លោកថា ចិត្តជាទេវទត្ត មាត់ជាទេវតា ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង្កឹះមួយបាច់ កាច់មិនបាក់ – សុភាសិតខ្មែរអធិប្បាយ