នឹកពុកម៉ែ ខែបុណ្យភ្ជុំ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
នឹកពុកម៉ែ ខែបុណ្យភ្ជុំ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | នឹកពុកម៉ែ | ខែបុណ្យភ្ជុំ | ពុំស្រាកស្រាន្ត |
ឧទ្ទិសឋាន | បានដល់សង្ឃ | ត្រង់ម៉ែពុក | |
វេរកុសល | ផលធនធាន | មានគ្រប់មុខ | |
ជូនម៉ែពុក | ទុក្ខកូនស្បើយ | ល្ហើយអារម្មណ៍ ។ | |
២ | ឆាខ្ញីចៀន | មានខត្រី | ល្អីអន្សម |
ម្ជូរដាក់ម្អម | ថ្នមចង្ហាន់ | កាន់យួរផ្សំ | |
នំបញ្ចុក | បុកក្រសាំង | អាំងងៀតដំ | |
តាមក្រឹត្យក្រម | ខំធ្វើបុណ្យ | សុន្ទរទាន ។ | |
៣ | ឧទ្ទិសផល | ដល់ដូនតា | សារជូនញាតិ |
ចែកឋានឃ្លាត | បៀតបែរមក | យកផលមាន | |
បុណ្យសាងផល | សល់គុណគាប់ | ភ្ជាប់ជាយាន | |
ភោគផលទាន | មានរួចគ្រោះ | ព្រោះសទ្ធា ។ | |
៤ | សង្ឃសូត្រសព្ទ | ស្តាប់ផ្ចិតផ្ចង់ | ស្រង់ខ្លឹមសារ |
អនិច្ចា | សាររលឹក | នឹកគ្រប់គ្រា | |
ធ្លាប់រួមរស់ | គ្រោះក្រខ្សត់ | អត់វេទនា | |
សុខវេលា | គ្រាជួបជុំ | ពុំជួបទៀត ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ធ្លាប់ធ្វើល្អ តតាំងចិត្ត – កំណាព្យខ្មែរ