Saturday , December 21 2024

ប្រាសាទបុរាណខ្មែរដែលបាត់បង់ក្រោមរបបខ្មែរក្រហម – ប្រាសាទខ្មែរ

ប្រាសាទបុរាណខ្មែរដែលបាត់បង់ក្រោមរបបខ្មែរក្រហម – ប្រាសាទខ្មែរ ៖ ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ​ប្រាសាទ​បុរាណ​ខ្មែរ​បាន​ក្លាយជា​សម្បត្ដិ​វប្បធម៌​ពុំ​អាច​កាត់ថ្លៃ​ ​សម្រាប់​មជ្ឈដ្ឋាន​ ​អ្នក​សិក្សា​ស្រាវជ្រាវ​វិស័យ​ទេសចរណ៍​ ​ពិសេស​បង្ហាញ​អំពី​អត្ដសញ្ញាណ​ជាតិ​ខ្មែរ ។​ ​

ប៉ុន្ដែ​ប្រមាណ​ជា​ ​៣០ ឆ្នាំ​មុន​នេះ​ ​ប្រទេស​កម្ពុជា​បាន​ប្រឈម​មុខ​នឹង​សង្គ្រាម​រវាង​ជាតិ​សាសន៍​ឯង​ ​ដែល​មិន​គ្រាន់តែ​ ​សម្លាប់​ជីវិត​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​គំរាមកំហែង​ទៅ​លើ​សំណង់​ប្រវត្ដិសាស្ដ្រ​នានា​ ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅ​គ្រប់​តំបន់​ ​ក្នុង​នោះ​រួម​មាន​សំណង់​ប្រាសាទ​បុរាណ​ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ទៀត​ ផង​ ។​

​ដោយ​មិន​លើក​ពី​ការ​ខូចខាត​ដោយ​កត្ដា​ធម្មជាតិ​ទៅ​ តាម​ពេលវេលា​ ​សំណង់​ប្រាសាទ​ទាំងនោះ​ ​បាន​ឆ្លងកាត់​គ្រប់​ ​សម័យកាល​ដែល​អាច​រក្សា​បាន​នូវ​ក្បូរក្បាច់​ដ៏​ប្រណីត​ ​ព្រមទាំង​ទម្រង់​សិល្បៈ​របស់​ខ្លួន​ ​ប៉ុន្ដែ​ក្រោម​ការ​ដឹកនាំ​របប​ ​ខ្មែរក្រហម​ ​ប្រាសាទ​​មួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ ។​ ​

មិន​ខុស​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​ទេ​ ​បើ​យើង​ពិនិត្យ​មើល​ ​សំបក​ក្រៅ​នៃ​ទិដ្ឋភាព​ជុំវិញ​ប្រទេស​កម្ពុជា​ក្រោម​ឈ្មោះ​កម្ពុជា​ ប្រជាធិបតេយ្យ​គឺថា​ ​មាន​ហេតុផល​ពីរ​ដែល​បញ្ជាក់​ ​ថា​ ​ខ្មែរក្រហម​បាន​យក​ប្រាសាទបុរាណ​ដើម្បី​បង្ហាញ​ពី​អត្ដសញ្ញាណ​របស់​ខ្មែរលើ ​ឆាក​អន្ដរជាតិ ។​ ​ទី​១​ ​តាម​រយៈ​ ​ទង់ជាតិ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​បាន​ប្រើប្រាស់​ ទង់ជាតិ​មាន​ច្រើន​សណ្ឋាន​ច្រើន​រូបភាព​ ​មាន​ជា​ ​ទង់​បដិវត្ដន៍​នៅ​លើ​គម្រប​ទស្សនាវដ្ដី​លេខ​៤​ ​ខែមេសា​ ​ឆ្នាំ​១៩៧៨​ ​បច្ចុប្បន្ន​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ​ទង់ជាតិ​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ ​រូបភាព​ និង​ខ្លឹមសារ​របស់​​ទង់ជាតិ​ដែល​បង្ហាញ​នូវ​ផ្ទៃ​ពណ៌​ក្រហម​រំលេច​ដោយ​រូប​ ប្រាសាទ​កំពូល​បី​ពណ៌​លឿង​នៅ​ចំ​កណ្ដាល​ជា​និមិត្ដរូប​នៃ​​ចលនា​បដិវត្ដន៍​ ការ​ប្រយុទ្ធ​មោះមុត​អង់អាច​ក្លាហាន​ក្នុង​ការ​រំដោះជាតិ​ការពារ​ជាតិ​ ​និង​កសាង​ជាតិ​របស់​ប្រជាជន​កម្ពុជា ។​

គំនូរ​ដើម​របស់​ប្រាសាទ​ព្រះធាតុ
គំនូរ​ដើម​របស់​ប្រាសាទ​ព្រះធាតុ ដែលបាត់បង់ក្រោមរបបខ្មែរក្រហម

​ម្យ៉ាងទៀត​បើ​យោង​ទៅ​លើ​ការ​ពិភាក្សា​របស់​លោក​ ​ស៊ី​ហ្វ្រេ​ដ​អ៊ឺ​មាន់​ ​ថា​ខ្មែរក្រហម​បាន​ប្រើ​តែម​ប្រៃសណីយ៍​ដែល​បង្ហាញ​ពី​ទង់ជាតិ​មាន​រូប​ អង្គរវត្ដ​កំពូល​បី​ ​ដែល​តាម​រយៈ​អង្គការសហប្រជាជាតិ​បញ្ជាក់​ថា​ ​មាន​ ​ទង់ជាតិ​ដូច​គ្នា​ធ្លាប់​មាន​វត្ដ​មាននៅ​ទីក្រុង​ញូ​វ​យ៉​ក​ដែរ ។​ ​ទី​២​ ​រាល់​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​បរទេស​នៅ​កម្ពុជា​ ​ក្នុង​របប​ខ្មែរក្រហម​ ​យើង​អាច​ដឹង​ថា​ត្រូវធ្វើ​ឡើង​ទៅ​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្ដែ​ចំពោះ​តំបន់​មួយ​​ដែល​ភ្ញៀវ​មក​ទស្សនា​ ​ពុំដែល​រំលង​នោះ​គឺ​ទឹកដី​ខេត្ដសៀមរាប​ ​ដែល​ជា​អតីត​រាជធានី​ខ្មែរ​បុរាណ​ជា​ច្រើន​តំណ​មក​​ហើយ​ ។​ ​

តាម​បទ​សម្ភាសន៍​ជាមួយ​លោក​ ​ប៊ុត​ ​សំ​អាន​ ​ដែល​រស់នៅ​ស្រុក​ត្រាំកក់​ ​ខេត្ដតាកែវ​ ​ជា​អតីត​អ្នកបើកបរ​នៅ​ក្នុង​ក្រសួងការបរទេស​នៅ​អំឡុង​ឆ្នាំ​ ​១៩៧៧-១៩៧៩ បាន​រៀបរាប់​ថា​ ​ភាគច្រើន​ភ្ញៀវ​តែងតែ​ទៅ​ទស្សនា​នៅ​តាម​​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ​ ​មាន​ប្រាសាទអង្គរវត្ដ​ ​អង្គរធំ​ ​ប្រាសាទ​បន្ទាយស្រី​ ​បារាយណ៍​ខាងលិច​ ​(បារាយណ៍ទឹកថ្លា​) ជាដើម ។​ ​ច្បាស់​ជាង​នេះ​ទៅ​ទៀត​ ​តាម​រយៈ​រូបថត​មួយ​ចំនួន​បាន​បង្ហាញ​យ៉ាង​ប្រត្យក្ស​ថា​ ​មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម​ ​ដែល​យើង​អាច​ស្គាល់​មាន​ ​អៀង​ ​សារី​ ​និង​ ​ខៀវ​ ​សំ​ផ​ន​ ​ជាមួយនឹង​អ្នក​ហែហម​​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ​បាន​ជូន​ដំណើរ​គណៈប្រតិភូ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ដ ។​ ​មួយវិញទៀត​ ​យើង​ក៏​ឃើញ​ ​មាន​ក្រុម​សិល្បៈ​ខ្មែរ​ក្រហម​ថតរូប​នៅ​ប្រាសាទបន្ទាយស្រី​ ​ដើម្បី​បង្ហាញ​អំពី​វប្បធម៌​ប្រពៃណី​របស់​ខ្លួន​ប្រកបដោយ​មោទនភាព​ចំពោះ​ ស្នាដៃ​សាងសង់​ ​ដែល​ជា​ស្ថាបត្យកម្ម​​កំពូល​របស់​ខ្មែរ​ដែរ ។​ ​

ខ្មែរក្រហម​បាន​បង្ហាញ​វីរភាព​របស់​ខ្លួន​ថា​ ​ជា​អ្នកមាន​ស្នាដៃ​ប្រៀប​ដូច​ជា​ដូនតា​កសាង​ប្រាសាទ​អង្គរវត្ដ​ ​ប៉ុន្ដែ​ ​ខ្មែរក្រហម​ពុំ​បាន​ចាត់​ទុក​ប្រាសាទ​ដទៃ​ទៀត​មាន​តម្លៃ​ដូច​ប្រា​សា​អង្គរ ​រ​វត្ដ​ទេ​ ​តួយ៉ាង​យើង​អាច​ឃើញ​ថា​ ​ថ្នាក់​ដឹក​​នាំ​នៅ​ក្នុង​របប​នេះ​ ​បាន​បើកឱកាស​ឱ្យ​អ្នក​ដែល​ក្រោម​បញ្ជា​របស់​ខ្លួន​កម្មាភិបាល​នៅ​គ្រប់​ តំបន់​ ​ធ្វើ​ទ​ង្វើ​តាម​អំពើ​ចិត្ដ​ ​ដែល​នៅ​ក្នុង​នោះ​ ​បុរាណ​ស្ថាន​នៅ​តាម​ខេត្ដ​នានា​ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​បំផ្លាញ​របស់​ខ្មែរ​​ក្រហម​ដោយ​ការ​យក ​ទីនោះ​ទៅ​ធ្វើ​ឃ្លាំង​ផ្ទុក​សម្ភារៈ​ ​និង​ធ្វើការ​រុះរើ​ប្រាសាទ​ទាំងស្រុង​ ​ឬ​ក៏​ការ​វាយ​កម្ទេច​ចោល​តែ​​ម្ដង ។​

​ដោយហេតុ​ថា​ ​បារាំង​បាន​ដាក់​អាណានិគម​មក​លើ​កម្ពុជា​រយៈពេល​ជិត​មួយ​សតវត្សរ៍​ ​និង​ធ្វើការ​ស្រាវជ្រាវ​ ​អំពី​ខ្មែរ​ច្រើន​ជាង​ជាតិ​សាសន៍​ណាៗ​ទាំងអស់​ ​ដូចនេះ​ការ​ស្រាវជ្រាវ​អំពី​ប្រទេស​កម្ពុជា​ ​ពិសេស​ការ​ផ្ដោត​ទៅ​លើ​សំណង់​ប្រាសាទបុរាណ​ខ្មែរ​ យើង​ពុំ​អាច​រំលង​អំពី​ប្រវត្ដិ​នៃ​ការ​ស្រាវជ្រាវ​ឯកសារ​របស់​បារាំង​បាន​ ឡើយ​។​ ​ការ​ចុះ​​បញ្ជី​សារពើភណ្ឌ​របស់​លោក​ ​Lunet​ ​de​ ​Lajonquière​ ​អំពី ​សំណង់​ប្រាសាទខ្មែរ​មួយ​ភាគ​ធំ​នៅ​ក្នុង​ប្រទេស​ ​ត្រូវធ្វើ​ឡើង​នៅ​ដើម​សតវត្សរ៍​ទី​២០​ ​ដែល​កត់ត្រា​អំពី​ទម្រង់​សិល្បៈ​ ​សម្ភារៈ​សំណង់​ ​ស្ថាបត្យកម្ម​ ​ប្លង់​ទីតាំង​​​ប្រាសាទ​យ៉ាង​លម្អិត​ ​និង​ចុង​ក្រោយ​នា​ឆ្នាំ​២០០៧​ ​ការ​ចុះបញ្ជី​ប្រាសាទ​ធ្វើ​ឡើង​ដោយ​សាលា​បារាំង​ចុង​បូព៌ា​ ​(EFEO​: Ecole​ ​Française​ ​d’​ ​Extrême​ ​Orient​) ហេតុនេះ​ ​នៅ​ក្នុង​អត្ថបទ​ដែល​លើកយក​មក​បង្ហាញ ​គឺ​គ្រាន់តែ​​ជា​ព័ត៌មាន​បន្ថែម​នៅ​ក្រោយ​ពេល​សង្គ្រាម​ប៉ុណ្ណោះ​ ​បើ​ទោះជា​មានការ​ចុះបញ្ជី​រួច​ហើយ​ក៏​ដោយ ។​ ​

នៅ​ក្នុង​អត្ថបទ​នេះ​ ​ចង់​បង្ហាញ​អំពី​ការ​បំផ្លាញ​ប្រាសាទ​ ​និង​បុរាណ​ស្ថាន​មួយ​ចំនួន​នៅ​ក្នុង​របប​ខ្មែរក្រហម​ ​តាម​រយៈ​ការ​សម្ភាស​​ប្រជាជន​ដោយ​ក្រុមការងារ​ក្នុង​គម្រោង​ចូលរួម​របស់​ជន ​រង​គ្រោះ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ជួយ​ប្រជាជន​ ​ដែល​នៅ​រស់រាន​មានជីវិត​ក្រោយ​ពី​របប​ខ្មែរក្រហម​ដួល​រំលំ​ទៅ​ ​បាន​បំពេញ​ពាក្យបណ្ដឹង​ទៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​ កម្ពុជា ។​ ​ថ្វី​ដ្បិតតែ​ប្រាសាទ​ដែល​បាត់​បង់​នោះ​ ​មាន​ទម្រង់​ស្ថាបត្យកម្ម​ក្នុង​ទំហំ​តូច​ ​ឬ​ពុំ​មាន​ផ្ដល់​សារ​សំខាន់​ដូច​ប្រាសាទធំៗ​ដទៃ​ទៀត​ក៏​ដោយ​ក៏​ប្រាសាទ​ ទាំងនោះ​ ​បាន​បង្ហាញ​នូវ​ការ​គោរព​ប្រ​ណិ​ប​ត័​ន៍​សាសនា​ ​បច្ចេកទេស​សំណង់​ ​សង្គម​ ​ប្រវត្ដិសាស្ដ្រ​របស់​តំបន់​មួយ​នា​សម័យ​បុរាណ​ដែរ ។​ ​

យ៉ាង​ហោច​ណាស់​មាន​ប្រាសាទ​ចំនួន​ពីរ​ត្រូវ​បាន​ រុះរើ​យក​ទៅ​បម្រើ​ជា​ផលប្រយោជន៍​ផ្សេង​ទៀត​ ​ដោយ​ស្នាដៃ​​កម្មាភិបាល​ខ្មែរក្រហម​នៅ​ក្នុង​ខេត្ដកំពង់ធំ​។​ ​តាម​ការ​រៀបរាប់​របស់​ ​អ៊ា​ន់​ ​ជា​ប្រជាជន​រស់នៅ​ស្រុក​ស្ទោង​ ​អំពី​​​ស្ថានភាព​ប្រាសាទ​ព្រះ​នាង​ ​មុន​របប​ខ្មែរក្រហម​ថា​ ​ប្រាសាទ​ព្រះ​នាង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ ​ធ្វើ​ពី​ថ្មបាយក្រៀម​មាន​​​ទំហំ​ប្រមាណ​ ​២០ ម៉ែត្រ​ ​បួន​ជ្រុង​ ​ពុំ​មាន​ក្បាច់លម្អ​ទេ​ ​ប៉ុន្ដែ​ស្ថានភាព​ប្រាសាទ​ពុំ​មានការ​ខូ​ត​ខាត​នៅឡើយ ។​ ​អំឡុង​ឆ្នាំ​១៩៧៧​-១៩៧៨ អ៊ា​ន់​ ​នៅ​ធ្វើការ​នៅ​ការដ្ឋាន​ទំនប់​ទឹក​ ​៣០ កញ្ញា​ ​បានឃើញ​ប្រធាន​សំណង់​ស្រុក​ ​(មិន​ស្គាល់ឈ្មោះ​) បញ្ជា​ឱ្យ​ប្រជាជន​ផ្នែក​ខាង​ធ្វើ​សំណង់​ទៅ​រុះរើ​ថ្ម​របស់​ប្រាសាទ​ ​ដើម្បី​យក​ទៅ​ទប់​ដី​ដែល​ទឹក​នៅ​​ហូរ​ច្រោះ​ ​ហើយ​ថ្ម​ប្រាសាទ​មួយ​ចំនួន​ទៀត​ត្រូវ​ដឹក​ដាក់​រថយន្ដ​ជា​ច្រើន​គ្រឿង​ទៅ​ ធ្វើ​ទំនប់​ទឹក​ ​៦ មក​រា​ ​និង​ទំនប់​ទឹក​ ​៣០ កញ្ញា ។​ ​ជាមួយ​គ្នា​នោះ​ ​ព្រះ​វិហារ​នៅ​វត្ដ​ស្ពឺ​ជើង​ ​ស្ថិត​នៅ​ភូមិ​ម្សា​ក្រង​ ​ឃុំ​ម្សា​ក្រង​ ​ស្រុក​ស្ទោង​ ​និង​វត្ដ​​ស្វាយ​រមៀត​ ​នៅ​ឃុំ​កំពង់​ចិន​ត្បូង​ ​ព្រះ​វិហារ​នៅ​វត្ដ​ហប់​ ​ក្នុងភូមិ​ទ្រា​ ​ឃុំ​ទ្រា​ ​ក៏​ត្រូវ​ប្រធាន​សំណង់​បញ្ជា​ឱ្យ​ប្រជាជន​​​វាយ​កម្ទេច​ ​ដើម្បី​យក​ដែក​ទៅ​ធ្វើ​សំណង់​ ​៣០ កញ្ញា​ ​ធ្វើ​ជា​ស្ពាន​ប្រឡាយ​ទឹក​ទ្វារ​ទឹក​ដែរ ។​ ​

នៅ​ខេត្ដកំពង់ធំ​ដដែល​ ​លាត​ ​មាន​ប្រសាសន៍​ថា​ ​ប្រាសាទព្រះធាតុ​ ​ ស្ថិត​នៅ​ភូមិ​ក្បិល​ ​ឃុំ​សាន​គរ​ ​ស្រុក​កំពង់ស្វាយ​ ​ខេត្ដកំពង់ធំ​ ​និង​មាន​ចម្ងាយ​ប្រមាណ​ ​៤ គីឡូម៉ែត្រ​ ​ពី​វត្ដ​ព្រះពុទ្ធ​ជិន​រាជ​ ​នៅ​ជាប់​ថ្នល់ជាតិ​ត្រូវ​បាន​រុះរើ​ទាំងស្រុង​​នៅ​ក្នុង​របប​ ខ្មែរក្រហម ។​ ​ប្រាសាទ​បែរមុខ​ទៅ​ទិស​ខាងកើត​ ​ធ្វើ​អំពី​ថ្មបាយក្រៀម​ ​មាន​ទំហំ​ប្រហែល​ ​១០ ម៉ែត្រ​ ​បួន​ជ្រុង​ទ្រវែង​រាង​ចតុកោណកែង​ ​ហើយ​នៅ​ពីមុខ​ប្រាសាទ​ ​មាន​ដី​ទីទួល​លើក​ខ្ពស់​ផុត​ពី​ទឹក​នៅ​រដូវវស្សា​ ​ដែល​មាន​​កម្ពស់​ប្រមាណ​ ​៣-៤ ម៉ែត្រ​ ​បួន​ជ្រុង​ ​ដោយ​មាន​ប្រវែង​ប្រហែល​មួយ​គីឡូម៉ែត្រ​ ​ប្រៀប​ដូច​ជា​កំពែង​ព័ទ្ធ​​អ្វីមួយ ។​ ​កន្លែង​នោះ​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា​ ​បន្ទាយ​ចាម​ ។​ ​គាត់​បន្ដ​ថា​ ​គាត់​ក៏​បាន​ចូលរួម​រុះរើ​សំណង់​ប្រាសាទព្រះធាតុ​ ​ដោយ​ផ្ទាល់​។​ ​អំឡុង​ឆ្នាំ​ ​១៩៧៧ គាត់​ធ្វើការ​នៅ​កងចល័ត​នៅ​ស្រុក​កំពង់ស្វាយ​ ​ត្រូវ​ប្រធាន​ឃុំ​ឈ្មោះ​ ​ចក់​ ​(បច្ចុប្បន្ន ​ស្លាប់​) បញ្ជា​ឱ្យ​ក្រុម​ចល័ត​របស់​គាត់​ ​ដែល​មាន​ចំនួន​សរុប​ប្រហែល​ ​១០០ នាក់​ ​ទៅ​គាស់​យក​ថ្ម​ប្រាសាទ​​ធ្វើ​ពី​ថ្មបាយក្រៀម ។​

​ក្នុង​ការ​រុះរើ​គាស់​យក​ថ្ម​ប្រាសាទ​នេះ​ ​មាន​រយៈពេល​ប្រហែល​មួយ​ខែ​ ​ដោយ​ដឹក​ថ្ម​ដាក់​រថយន្ដ​ ​យក​ទៅ​ធ្វើ​សំណង់​ទឹក​ ​៣០ កញ្ញា ។​ ​គាត់​ពុំ​ដឹង​ថា​ ​តើ​ថ្ម​ប្រាសាទ​នីមួយៗ​ត្រូវ​គេ​វាយ​កម្ទេច​ឱ្យ​ម៉ត់​ ​ឬ​ក៏​យក​ទៅ​ធ្វើ​​សំណង់​ទាំងមូល​ទេ​ ​ពីព្រោះ​គាត់​នៅ​ធ្វើការ​តែ​កន្លែង​គាស់​យក​ថ្ម​ប្រាសាទ​ប៉ុណ្ណោះ ។​ ​គាត់​នៅ​ចាំ​បាន​ថា​ ​ប្រាសាទ​​ព្រះ​ធាតុ​នៅ​មាន​គ្រឿង​លម្អ​ស្ថាបត្យកម្ម​មួយ​ចំនួន​ ​ដូច​ជា​ ​ផ្ដែរ​ ​ហោជាង​ ​សសរ​ពេជ្រ​ ​ថ្ម​អឌ្ឍចន្ទ​ ​(កាំជណ្ដើរ​) ធ្វើ​អំពី​ថ្មភក់​ ​និង​នៅ​ខាងលើ​ប្រាសាទ​មាន​ចម្លាក់​នៅ​ល្អៗ​ច្រើន​ ​(ចម្លាក់​នៅ​ខ្លោងទ្វារ​) ប៉ុន្ដែ​ ​ចាប់តាំងពី​រុះរើ​គាស់​​យក​ថ្ម​ ​ប្រាសាទ​សព្វថ្ងៃ​នៅ​សល់​តែ​គ្រឹះ​ក្នុង​ដី​ប៉ុណ្ណោះ ។​ ​គាត់​បញ្ជាក់​ថា​ ​គាត់​ពុំ​ដឹង​ថា​ ​តើ​មាន​ថ្នាក់លើ​បញ្ជា​ឱ្យ​តា​ចក់​ ​រុះរើ​គាស់​យក​ថ្ម​ប្រាសាទ​ ​ឬ​មួយ​តា​ចក់​ខ្លួនឯង​ជា​អ្នក​ទទួលខុសត្រូវ​ឱ្យ​រុះរើ​ ​ឬ​យ៉ាងណា​ទេ ។​ ​ទោះជា​យ៉ាងណា​ ​ចំពោះ​ការ​រុះរើ​ប្រាសាទ​ទាំង​ពីរ​ខាងលើ​លោកពូ​ ​អ៊ា​ន់​ ​និង​ ​លាត​ ​ពិតជា​មានការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់​​បង់​សម្បត្ដិ​វប្បធម៌​ ទាំងនេះ​ ​ពីព្រោះ​ថ្វី​ដ្បិតតែ​បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​គោរព​ព្រះពុទ្ធ​សាសនា​ជា​ ចម្បង​ក៏​ដោយ​ ​ប៉ុន្ដែ​ ​សំណង់​ប្រាសាទ​សម្រាប់​ព្រហ្មញ្ញ​សាសនា​ទាំងនោះ​ ​នៅ​តែ​មាន​ប្រជាជន​គោរព​ ​និង​ចាត់ទុកជា​សម្បត្ដិ​វប្បធម៌​ជាតិ​ ​ដើម្បី​ទុក​សម្រាប់​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​សិក្សា​ ​និង​ជា​ប្រវត្ដិសាស្ដ្រ​ដែរ ។​ ​ក្នុង​ករណី​នេះ​បញ្ជាក់​ថា​ ​ការ​រុះរើ​សម្បត្ដិ​វប្បធម៌​ ​ដែល​មាន​សំណង់​ប្រាសាទ​នេះ​ ​អាច​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ការ​ប្រឆាំង​នឹង​ ​ច្បាប់​បំផ្លិចបំផ្លាញ​សម្បត្ដិ​វប្បធម៌​នៅ​ពេល​មាន​សង្គ្រាម ។​ ​

នៅ​ខេត្ដព្រៃវែង​វិញ​ ​បើ​តាម​រយៈ​លោកពូ​ម្នាក់​អាយុ​ ​៤៥ ឆ្នាំ​ ​ដែល​រស់នៅ​ភូមិ​ដូន​ដោក​បាន​មាន​ប្រសាសន៍​ពី​ទីទួល​​មួយ​ ​មាន​ដី​ពូន​កម្ពស់​ប្រហែល​ ​២ ម៉ែត្រ​ ​ស្ថិត​នៅ​ភូមិ​ដូន​ដោក​ ​ឃុំ​ជា​ច​ ​ស្រុក​កំចាយមារ​ ​ខេត្ដព្រៃវែង​ ​ថា​ទីទួល​​​នោះ​ ​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា​ ​ទួល​បឹង​កាសែត​ ​ហើយ​នៅ​ទិស​ខាងជើង​ចម្ងាយ​ប្រហែល​ ​៦៥០ ម៉ែត្រ​ ​មាន​ត្រ​ពាំង​​ធំ​មួយ​ឈ្មោះ​ត្រ​ពាំង​​រំ​សែន​ ។ ​ ​ដំបូង​ពុំ​មាន​នរណា​ដឹង​ថា​ ​នៅ​ទីទួល​នេះ​ជាទី​ទួល​បុរាណ​ទេ​ ​គ្រាន់តែ​ដឹង​ថា​ ​មាន​រាង​​​ស្រួច​ដូច​ជា​ភ្នំ​ទួល​តូច​ ​សុទ្ធសឹងតែ​ជា​ដី​និង​ខ្សាច់​ ​ហើយដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​នៅ​ជុំវិញ​ទីទួល​មាន​ភូមិសាស្ដ្រ​​ល្អ​នៅ​ ជុំវិញ​មានទឹក​ ​មាន​ដីស្រែ​ ​មាន​ទីធ្លា​ស្រឡះ​នៅ​ខាងលិច​ ​មាន​រោង​សិប្បកម្ម​ ​មាន​ជីក​ព្រែក​រោង​សង្គមកិច្ច​ ​ស្ងោរ​រម្ងាស់​ថ្នាំ​ខាងត្បូង​ភូមិ​ ​មាន​រោង​ស្ករ​ខាងជើង​ជា​ស្រែ​ ​ដែល​រឹបអូស​ពី​ប្រជាជន​រាប់រយ​ហិ​កតា​បញ្ចូល​ជាមួយ​​កសិដ្ឋាន​ទាំងអស់​ ​សោ​ ​ភឹ​ម​ ​ក៏​បាន​បញ្ជា​ឱ្យ​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ទីទួល​នោះ​ធ្វើ​ជា​រោង​ សិប្បកម្ម​កន្លែង​​​ចិញ្ចឹម​មាន់​ចិញ្ចឹម​ទា​ទៅ​វិញ​។​ ​គាត់​បាន​បញ្ជាក់​ថា​ ​ជំនាន់​តា​ភឹ​ម​ ​គាត់​មាន​ឧបករណ៍​ទំនើប​ ​ដូច​ជា​ ​ត្រាក់ទ័រ​ ​គោ​យន្ដ​ ​ម៉ាស៊ីន​ឈូស​ ​ហើយ​គាត់​ឈូស​នេះ​ ​គឺ​គ្រាន់តែ​មាន​គំនិត​ពង្រាបដី​ដើម្បី​ធ្វើ​ជា​រោង​សប្បិ​កម្ម​ប៉ុណ្ណោះ​ ​ដោយ​ពុំ​បាន​គិត​​ថា​ ​ប៉ះ​ប្រាសាទ​ទេ​ ​ហើយ​កាល​ណោះ​ពុំ​ទាន់​មាន​ប៉ះ​ប្រាសាទ​ឡើយ ។​ ​ការ​ពង្រាបដី​នៅ​លើ​ទីទួល​នេះ​ ​ទោះជា​ពុំ​មាន​​ការ​ខូចខាត​ទៅ​ដល់​ថ្ម​ប្រាសាទ​ប៉ុន្មាន​ក៏​ដោយ​ ​ក៏​អាច​ប៉ះពាល់​ដល់​ស្រទាប់ដី​វប្បធម៌​របស់​ប្រាសាទ​តាម​សម័យ​កាល​​នីមួយៗ​ ដែរ​ ​ដូច្នេះ​ ​ទាមទារ​ឱ្យ​មានការ​សិក្សា​បែប​បុរាណវត្ថុវិទ្យា​តាម​រយៈ​ការ​ធ្វើ​កំណាយ​ បែប​វិទ្យាសាស្ដ្រ​ ​ដើម្បី​​ស្រាវជ្រាវ​ពី​សង្គម​បរិយាកាស​រចនា​សម្ព​ន្ធ័​របស់​ប្រាសាទ ។ ​ ​បើ​យើង​ពិនិត្យ​ទៅ​លើ​តំបន់​របស់​ទីទួល​ប្រាសាទ​ ​ដែល​​មាន​ត្រ​ពាំង​ដ៏​ធំ​មួយ​នៅ​ទិស​ខាងជើង​ ​អាច​ជា​តំបន់​ទីប្រជុំ​សំខាន់​ក្រៅពី​អំណោយផល​ពី​កត្ដា​ភូមិសាស្ដ្រ​ ​ទីកន្លែង​នោះ​ ​អាច​ជា​កន្លែង​សម្រាប់​គោរព​បូជា​ពិធី​សាសនា​យ៉ាង​សំខាន់​ ​ដ្បិត​លទ្ធផល​នៃ​ការ​ពង្រាបដី​របស់​ ​សោ​ ​ភឹ​ម​ ​នៅ​កន្លែង​ទីទួល​ប្រាសាទ​នេះ​ ​មាន​ព្រះសង្ឃ​ ​និង​លោក​អាចារ្យ​ ​បាន​គាស់​ថ្ម​ប្រាសាទ​ទៅ​ធ្វើ​ជា​ខឿន​នៅ​វត្ដ​​កោះ​ខ្ជាយ​ ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧​-១៩៩៨ ។ បើ​យោង​តាម​ប្រសាសន៍​របស់​លោកពូ​ប្រធាន​ភូមិ​ជា​ច​ ​គាត់​នៅ​ចាំ​បាន​​ថា​ ​ក្នុង​ជម្រៅ​ប្រមាណ​ ​២ ម៉ែត្រ​ ​ជីក​លុង​ទៅ​ក្រោម​មាន​ឥដ្ឋ​ ​និង​ថ្មបាយក្រៀម ​គឺ​អ្នក​ភូមិ​ជីក​បាន​វត្ថុ​សិល្បៈ​មួយ​​ចំនួន​ ​ដូច​ជា​ ​មាស​ស្លឹក​ស្រូវ​មាន​រាង​សំប៉ែត​ ​និង​ខ្លះ​រាង​វែង​មាសសន្លឹក​ ​មាន​រាងដូចជា​សន្លឹក​សីមា​ ​ជា​ប្រភេទ​មាស​​​ស្រួយ​ស្លឹក​ស្រូវ​រាង​តូច​ ​និង​ស្ដើង​ ​មាន​ប្រភេទ​កុលា​ភាជន៍​ជា​ពួច​ពណ៌​ខៀវ​ដូច​ចាន​រលោង​មាន​គម្រប​នៅ​ ល្អ ។​ ​ដូចនេះ​ ​យើង​អាច​គិត​ថា​ ​ទីទួល​ប្រាសាទ​នោះ​អាច​ជាទី​កន្លែង​សំខាន់​នៅ​ក្នុង​តំបន់​មួយ​សម្រាប់​ វិស័យ​សាសនា ។​

ទីទួល​គ្រឹះ​ប្រាសាទ​បឹងកាសែត
ទីទួល​គ្រឹះ​ប្រាសាទ​បឹងកាសែត

នៅ​ឯ​ខេត្ដពោធិ៍សាត់​វិញ​ ​សុ​ផា​រី​ ​រស់នៅ​ស្រុក​បាកាន​ ​ខេត្ដពោធិ៍សាត់​ ​ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្មែរក្រហម​ព្យាយាម​​​សម្លាប់​ទាំង​ក្រុម​ គ្រួសារ​ ​ដោយសារ​គ្រួសារ​គាត់​ជា​ជនជាតិ​ខ្មែរក្រោម​ ​មាន​និន្នាការ​ជា​ក្បាល​យួន​ខ្លួន​ខ្មែរ ។​ ​គាត់​បាន​​រៀបរាប់​អំពី​ការ​បំផ្លាញ​ប្រាសាទដូនអន​ ​ដែល​ធ្វើ​ពី​ថ្មភក់​ទំហំ​ប្រហែល​ ​១២ ម៉ែត្រ​ ​បួន​ជ្រុង​ ​មាន​ផ្ដែរ​ ​ហោជាង​ ​សសរ​ពេជ្រ​ ​ស្ថិត​នៅ​ភូមិ​ប្រាសាទ​ឃុំ​រំលេច​ ​(បច្ចុប្បន្ន​ស្វាយដូនកែវ​) ស្រុក​បាកាន​ ​ខេត្ដពោធិ៍សាត់​ ​ត្រូវ​ប្រធាន​កង​ ​ប្រធាន​សហករណ៍​ ​(ពុំ​ស្គាល់ឈ្មោះ​) បញ្ជា​ឱ្យ​ប្រជាជន​ក្នុងភូមិ​ធ្វើការ​រុះរើ​សំណង់​ប្រាសាទ​ទាំងអស់​យក​ទៅ​ ធ្វើ​ទ្វារ​ ​ប្រឡាយ​ ​១៧ មេ​សា​ ​ស្ថិត​នៅ​ភូមិ​ស្ដុក​ខ្លា​ ​ឃុំ​រំលេច​ ​និង​ភូមិ​គោក​រំ​ល​ ​ឃុំ​តា​លោ​ ​ស្រុក​បាកាន​ ​ខេត្ដពោធិ៍សាត់ ។​ ​ក្នុង​ការ​រើរុះ​ប្រាសាទ​គឺ​ប្រធាន​សហករណ៍​តម្រូវ​ឱ្យ​កាប់​គាស់​ ​និង​វាយ​កម្ទេច​ថ្ម​ជា​បំណែក​តូចៗ​បន្ដ​ទៀត​ ​ដើម្បី​យក​​​ទៅ​ចាក់​ធ្វើ​ទ្វារ​ទឹក​ ​រយៈពេល​ជាង​មួយ​ខែ​ទើប​រួចរាល់ ។​ ​គាត់​គិត​ថា​ ​នេះ​គឺជា​ការ​កម្ទេច​ដើម្បី​បំបាត់​ភ័ស្ដុតាង​ ​ហើយ​​ក៏​ជា​ការ​បំផ្លាញ​វត្ដ​អារាម​ដែរ​ព្រោះ​គាត់​ ​និង​ប្រជាជន​ក្នុងភូមិ​បានឃើញ​ច្បាស់​ថា​ ​ពួក​ខ្មែរក្រហម​ ​(ពុំ​ស្គាល់ឈ្មោះ​) បាន​យក​សាស្ដ្រា​ស្លឹករឹត​ទៅ​ដេរ​ធ្វើ​មួក​ពាក់ ។​ ​

ថ្វី​ដ្បិតតែ​ព័ត៌មាន​អំពី​ការ​ប៉ះពាល់​ប្រាសាទបុរាណ ​ ​ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​ ​មាន​ចំនួន​តិចតួច​ក្ដី​ ​ក៏​វា​ធ្វើ​ឱ្យ​ប៉ះពាល់​​យ៉ាង​ខ្លាំង​ដល់​សម្បត្ដិ​វប្បធម៌​របស់​ជាតិ​ កម្ពុជា​ដែរ ​ព្រោះថា​ ​ប្រាសាទ​ទាំងនេះ​ ​គឺជា​អត្ដសញ្ញាណ​មួយ​សម្រាប់​បង្ហាញ​​ពី​អរិយធម៌​និង​វប្បធម៌​របស់​ប្រទេស​ យើង ៕​ ​

ដោយ​ ​សេង​ ​គ​ន្ធី​
ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត​ ​លេខ​១០៦​ ​ខែតុលា​ ​ឆ្នាំ​២០០៨​

អត្ថបទពេញនិយម ៖ ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ ៖ អំពី​ប្រាសាទ​បុរាណ​នៅ​ស្រុក​ខ្មែរ លោក​ហ្សក​សឺដេស៍ ចាងហ្វាង​សាលា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស អធិប្បាយ​កាល​ពី​ថ្ងៃ​ចន្ទ ៦ មីនា ១៩៣៣ នៅ​សារមន្ទីរ​ល្វីហ្វីណូត៍ ក្រុង​ហាណូយ ក្រម្ការ ជុំ …

Leave a Reply

Your email address will not be published. Required fields are marked *