ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។
ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។
ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។
ប្រាសាទព្រះបាលិលេយ្យស្ថិតនៅទិសខាងលិច វត្តទេពប្រណម្យ។ មុននឹងទៅដល់ប្រាសាទ យើងនឹងឃើញឃឿនវែងមួយប្រមាណ ៣០ម៉ែត្រមានបង្កាន់ដៃនាគ តោ និងទ្វារបាល ឯនៅចុងឃឿននោះមានរោងតម្កល់ព្រះពុទ្ធបដិមាភ្នែនលើផ្កាឈូក យកធរណីជាសាក្សីមួយអង្គធ្វើពីថ្មភក់។
សព្វថ្ងៃយើងឃើញព្រះពុទ្ធបដិមាភ្នែននេះពេញរូបពេញអង្គ តែមុននេះបដិមានេះគ្មានព្រះកេសទេ។ គេរកឃើញព្រះកេសនេះនៅឆ្នាំ១៩៣៤ ជាប់ព័ន្ធនៅក្នុងឫសឈើ។ «ឧស្ណិសៈ» ព្រះពុទ្ធបដិមាភ្នែននេះដូចគ្នានឹង «ឧស្ណិសៈ» ព្រះពុទ្ធបដិមាទ្រង់ឈរនៅ វត្តទេពប្រណម្យ ដែលជាសិល្បៈចុងសម័យអង្គរ ឬដើមសម័យក្រោយអង្គរ។
បន្ទាប់ពីរោងនោះ យើងនៅទៅដល់ខ្លោងទ្វារប្រាសាទ ដែលមានចម្លាក់ពុទ្ធសាសនាលើផ្ដែរ និងហោជាង។ ខ្លោងទ្វារមានច្រកចូលចំនួន៣។ កំពែងថ្មបាយក្រៀមដែលសព្វថ្ងៃរលំស្ទើរអស់ព័ទ្ធប្រាសាទនេះ ហើយភ្ជាប់គ្នានៅត្រង់ខ្លោងទ្វារនេះ។
ខ្លោងទ្វារត្រូវបានជួសជុលនៅឆ្នាំ១៩៣៧។ នៅលើហោជាងផ្នែកខាងកើតច្រកខាងជើង បង្ហាញរូបព្រះពុទ្ធទទួលទឹកឃ្មុំពីស្វា និងដំរី កាលលោកគង់នៅព្រៃបរិលេយ្យ។ គេគិតថាឈ្មោះប្រាសាទ «បាលិលេយ្យ» គឺមកពីឈុតនេះឯង។ នៅលើហោជាងផ្នែកខាងលិចច្រកដដែល បង្ហាញរូបព្រះពុទ្ធទទួលចង្ហាន់នាងសុជាតា។ ឯលើហោជាងទទឹងខ្លោងទ្វារ បង្ហាញរូបព្រះពុទ្ធផ្ចាញ់ដំរីនាលគិរី។
តួប្រាសាទធ្វើអំពីថ្មភក់មានច្រកចូលពីគ្រប់បួនទិស នៅតាមច្រកនិមួយៗ មាននៅសល់ជាយ៉ដែលខូចខាត។ ឯកំពូលប្រាសាទទំនងជាបន្ថែមនៅពេលក្រោយ ព្រោះទម្រង់មិនល្អស្អាត ហើយខ្ពស់សន្លឹម រដឹបរដុបប្រហែលជាអាចមានសម្ភារៈសំណង់ជាឈើ ឬអ្វីផ្សេងស្រោបពីលើបន្ថែម។ តួប្រាសាទនេះស្ថិតនៅលើឃឿនថ្មភក់ ៣ជាន់កម្ពស់ប្រមាណជា ៣ម៉ែត្រ និងមានជណ្ដើរឡើងទៅតួប្រាសាទពីគ្រប់បួនទិស។
បើតាមលោក Maurice Glaize មានមតិថា «សំយោគសាសនាមិនមែនជារឿងចម្លែកទេចំពោះជនជាតិខ្មែរ។ ចំពោះរឿងដែលចម្លាក់ព្រះពុទ្ធសាសនានៅប្រាសាទនេះ [ព្រះបាលិលេយ្យ] ដែលមិនរងការដាប់បំផ្លាញនោះ ប្រហែលដោយសារទទួលបានការការពារពី វត្តទេពប្រណម្យ និងព្រះបរមរាជវាំងដែលនៅក្បែរខាង។»
អត្ថបទពេញនិយម ៖ ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ