Thursday , November 21 2024

ប្រាសាទតុប – ប្រាសាទបុរាណ

ប្រាសាទតុប – ប្រាសាទបុរាណ ៖ នៅ​ពេល​មើល​ប្លង់​​ប្រាសាទ​នៅ​ក្នុង​បរិវេណ​អង្គរធំ ខ្ញុំ​​បាន​ចាប់​អារម្មណ៌​នឹង​ប្រាសាទ​ចំនួន​០២​ឈ្មោះ​តុប​ដូច​គ្នា ដែល​មួយ​ស្ថិត​នៅ​ផ្នែក​ខាងកើត និង​មួយ​ទៀត​នៅ​ផ្នែក​ខាងលិច មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ទៅ​កាន់​ទ្វារ​ជ័យ និង​ទ្វារ​ខាងលិច ។ ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​ទាំង​ពីរ​នេះ​គ្មាន​ស្លាក​ប្រាប់​ទិស ឬ​សញ្ញា​សម្គាល់​ឡើយ ក្រៅ​ពី​បង្គោល​បេតុង​ចំនួន​០២ ធ្វើ​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​មួយ​រយៈ​ដើម្បី​រក​ផ្លូវ​ឃើញ​ដើម្បី​ចូល​ទៅ​កាន់​ប្រាសាទ ។ លាក់​ខ្លួន​ជ្រក​ក្រោម​ព្រឹក្សា​នៃ​ព្រៃ​អង្គរធំ ប្រាសាទ​តុប​កម្រ​នឹង​មាន​អ្នកទេសចរ​ចូល​ទៅ​ទស្សនា​ណាស់ ។

ប្រាសាទតុប - ប្រសាទបុរាណ

ប្រាសាទ​តុប​ខាងលិច

ប្រាសាទ​តុប​ខាលិច ចុះ​ក្នុង​បញ្ជី​សារពើភណ្ឌ​លេខ​៤៨៦ កាល​ដើម​ឡើយ​មាន​តួ​ប៉ម​ទោល​តែឯង សង់​នៅ​លើ​ខឿន​ខ្ពស់​ប៉ុណ្ណោះ ។ គេ​យល់​ថា សម័យ​ដែល​សង់​នោះ​គឺ​សតវត្ស​ទី​១០ ថ្វី​ត្បិត​តែ​នៅ​ទីនេះ​គេ​មាន​ឃើញ​សិលាចារឹក​មួយ​ពី​សតវត្ស​ទី​៩​ក៏​ ដោយ ។

ប្រាសាទតុបខាងលិច - ប្រាសាទបុរាណ

ប្រាសាទ​ទាំង​មូល​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ ជា​លទ្ធផល​នៃ​ការ​កែ​បន្ថែម​បន្ថយ​ដែល​ធ្វើ​ឡើង​ចាប់​ពី​សតវត្ស​ទី​១៣​ដល់​ សតវត្ស​ទី​១៧ ។ ក្នុង​ពេល​នោះ ខឿន​ដើម​ឡើយ​ជា​ថ្ម​បាយក្រៀម​សុទ្ធសាធ​ត្រូវ​គេ​ព័ទ្ធ​គ្រប​លម្អ​ដោយ​ថ្ម​ ភក់​មួយ​ជាន់​ពីលើ ។ តួ​ប៉ម​ទោល​ក៏​គេ​កែកុន​ដែរ ដោយ​រក្សា​ទុក​នូវ​ផ្នែក​ចម្លាក់​ផ្សេងៗ ដូចជា​ផ្ដែរ និង​សសរ​ដែល​ឆ្លាក់​លើ​ថ្ម​ភក់​ពណ៌​ផ្កាឈូក ។ គេ​បាន​បន្ថែម​តួ​ប៉ម​០២​ទៀត​ឲ្យ​រត់​ជួរ​ជាមួយ​តួ​ប៉ម​ទោល (ឥឡូវ​ក្លាយ​ជា​តួប៉ម​កណ្ដាល) មួយ​ខាងជើង មួយ​ទៀត​ខាងត្បូង ។ តួ​ប៉ម​ទាំងអស់​នោះ​សុទ្ធ​តែ​មាន​ចម្លាក់​រូប​ព្រះពុទ្ធសាសនា ។ គេ​ឃើញ​ផ្ទាំង​ចម្លាក់​ព្រះពុទ្ធ​ទ្រង់​ឈរ​ខ្លះ​ដែល​រលំ​ដួល​ពី​ទ្វារ​ បញ្ឆោត​នៃ​ប៉ម​ខាងជើង ។ នៅ​ជុំវិញ​បរិវេណ​ប្រាសាទ ផ្ទាំង​ចម្លាក់​ដែល​រលំ​ពី​ប៉ម​ទាំង​បី​ត្រូវ​បាន​គេ​យក​មក​ផ្គុំ​ឲ្យ​មើល​ យល់​នៅ​លើ​ដី ។

ប្រាសាទតុបខាងលិច - ប្រាសាទបុរាណ

នៅ​សម័យ​កណ្ដាល គេ​បាន​សាង​ខឿន​ទ្រវែង​មួយ​ត​ពី​ខឿន​ចាស់​មក​ខាងកើត ។ នៅ​ចុង​ខាងលិច​នៃ​ខឿន​លយ​ថ្មី​នេះ គេ​ឃើញ​សំណល់​បល្ល័ង្ក​ព្រះ​ធំ​មួយ ។ មាន​អំបែង​ក្បឿង​រាយ​នៅ​ទីនោះ​ធ្វើ​ឲ្យ​ដឹង​ថា​នេះ​ជា​ខឿន​ព្រះវិហារ ឬ​អគារ​ធ្វើ​ឧបោសថ​សីល​ប្រភេទ​ណា​មួយ ដែល​ពី​មុន​មក​សាង​អំពី​ឈើ ។

ប្រាសាទតុបខាងលិច - ប្រាសាទបុរាណ

ជុំ​វិញ​ប្រាសាទ​ គេ​ដាំ​ស្លឹក​សីមា​ភ្លោះ​នៅ​គ្រប់​ទិស​ទាំង​៨​ដែល​ជា​ប្រពៃណី​ទូទៅ​ក្នុង​ ការ​ដែល​ព្រះពុទ្ធសាសនា​ថេរវាទ​ចូល​ទៅ​កាន់​កាប់​ទី​កន្លែង​បូជា​ចាស់​ក្រោយ ​ពី​ដូរ​រាជធានី​ចេញ​ចាក​អង្គរ​មក ។ សីមា​ខ្លះ​នៅ​ទី​កន្លែង​ដើម​ មិន​ទាន់​រង្គោះរង្គើ​ទៅ​ណា​ឡើយ ថែម​ទាំង​មាន​ដី​មក​លុប​ផ្នែក​ខាងក្រោម​ផង ។

បច្ចុប្បន្ន ប្រាសាទ​តុប​ខាងលិច​ទទួល​រង​នូវ​ការ​ខូច​ខាត បាត់​លំនឹង និង​ត្រូវ​បាន​ទល់​ការពារ​ រង់ចាំ​ការ​ជួស​ជុល​កែលម្អ ។

ប្រាសាទ​តុប​ខាងកើត

ស្ថិត​នៅ​ចន្លោះ​ទ្វារ​ជ័យ និង​ទ្វារ​ខ្មោច ប្រាសាទ​តុប​ខាងកើត ចុះ​ក្នុង​បញ្ជី​សារពើភណ្ឌ​លេខ​៤៨៧ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​មួយ​ទៀត​ថា​ ប្រាសាទ​មង្គលថិ​ផង​ដែរ ដើម្បី​រំឭក​ដល់​ព្រះសង្ឃ​ដ៏​មាន​អំណាច​មួយ​អង្គ​ឈ្មោះ ជ័យមង្គលថិ ដែល​ជា​កូន​របស់​ព្រាហ្មណ៍​ព្រះរាជគ្រូ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ ប្រាសាទ​នេះ​ដើម​ឡើយ​ផ្ដួច​ផ្ដើម​សាង​សង់​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប៉ុន្តែ​ពុំ​ទាន់​បាន​សម្ពោធ​នៅ​ឡើយ រហូត​ទាល់​តែ​ដល់​ឆ្នាំ​១២៩៥​ទើប​សម្ពោធ​ប្រើ​ប្រាស់​សម្រាប់​ពិធី​សាសនា គឺ​ប្រមាណ​៩​ទសវត្សរ៍​បន្ទាប់​ពី​ព្រះអង្គ​ចូល​ទីវង្គត ។ ប្រាសាទ​តុប​ខាងកើត​គឺ​ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​ចុង​ក្រោយ​ បង្អស់​ដែល​បាន​ស្ថាបនា​ឡើង​នៅ​ក្នុង​តំបន់​អង្គរ និង​កសាង​ឡើង​ក្នុង​អំឡុង​ពេល​ច្របូកច្របល់​នៃ​ការ​វិល​ត្រឡប់​មក​កាន់​ ព្រហ្មញ្ញ​សាសនា​វិញ​ បន្ទាប់​ពី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ចូល​ទីវង្គត ។

ប្រាសាទ​តុប​ខាងកើត - ប្រាសាទបុរាណ

ប្រាសាទ​តុប​ខាងកើត​ជា​ប្រាង្គ​ទោល ​ត្រូវ​បាន​កសាង​ឡើង​ពី​ថ្មភក់ បែរ​មុខ​ទៅ​ខាងកើត មាន​ទ្វារ​បញ្ឆោត​នៅ​ទិស​បី​ផ្សេងទៀត បច្ចុប្បន្ន​នេះ​មាន​ការ​រលំ​បាក់​បែក​ច្រើន ។ គេ​ឃើញ​មាន​ថ្ម​មួយ​ដុំ​មាន​ឆ្លាក់​វិស្ណុ​ផ្ទំ​លើ​ពស់​អនន្តៈ និង​ព្រះព្រហ្ម​គង់​លើ​ផ្កាឈូក វិស្ណុ​ដៃ​បួន​នៅ​លើ​ស្មា​គ្រុឌ ខាងលើ​ក្រឹស្ណ​ពាក់​មកុដ​កំពូល​បី​ទ្រ​ភ្នំ​ការពារ​ហ្វូង​គោ និង​គង្វាល ព្រះរាម​កាន់​ធ្នូ ដែល​នៅ​ថ្ម​នេះ​ឃើញ​មាន​អវតារ​ព្រះនរាយណ៍​សឹង​គ្រប់​សព្វ ។ មាន​ថ្ម​មួយ​ដុំ​ទៀត មាន​ចម្លាក់​រូប​លោកេស្វរៈ​ដៃ​បួន នាង​បវិតី និង​មករ​ក្លាយ​ជា​ក្រពើ នៅ​ហោជាង​ព្រះឥសូរ​រាំ​ជាមួយ​នឹង​អគ្គមហេសី ៕

អត្ថបទពេញនិយម ៖ ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *