ស្រីស្រស់បុរសល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ស្រីស្រស់បុរសល្អ – កំណាព្យខ្មែរ | ||
១ | ស្រស់បញ្ចពិធកល្យាណី | លម្អស្រស់ស្រីមានប្រាំយ៉ាង |
កុសលកំណើតបានកសាង | ល្អវ័យសម្អាងដូចគេច្នៃ ។ | |
២ | លម្អសព្វទាំងកេសាសក់ | រលូនមិនតក់គ្រប់សរសៃ |
លម្អធ្មេញសដូចពេជ្រច្នៃ | លម្អរាល់ថ្ងៃបបូរមាត់ ។ | |
៣ | កាយវាចាចិត្តល្អសោភា | ចង់ជួបពុំងាមិនប្រែព្រាត់ |
ការងារតូចធំមិនភ្លាំងភ្លាត់ | ជំនាញចេះស្ទាត់បញ្ញាខ្ពស់ ។ | |
៤ | បុរសឃើញគិតចិត្តគួចស្នេហ៍ | ល្អរាល់ថ្ងៃខែចង់រួមរស់ |
ប្រឹងប្រែងរៀនសូត្រឱ្យខ្ពង់ខ្ពស់ | ថ្កើងស័ក្តិមានយសខ្ពស់ថ្លាថ្លៃ ។ | |
៥ | ហាត់ពត់លត់ដំកាយវាចា | អប់រំចិន្តារៀនកែខៃ |
ប្រឹងប្រែងធ្វើការទាំងយប់ថ្ងៃ | ទ្រព្យបានចូលដៃគ្រងរក្សា ។ | |
៦ | ញាតិមិត្តកល្យាណបានរាប់រក | ពឹងពាក់ទៅមកគ្រប់ទិសា |
ក្រមច្បាប់គោរពគ្រប់អាត្មា | រស់សោយសុខាបុរសល្អ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ឧត្តមភរិយា – កំណាព្យខ្មែរ