គុណម្តាយឪពុក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

គុណម្ដាយឪពុក – កំណាព្យខ្មែរ | ||
| ១ | ម៉ែឪមានគុណធ្ងន់មហិមា | ពុំអាចពណ៌នារៀបរាប់បាន |
| ចូលកូនគ្រប់គ្នាសងកុំខាន | ម៉ែឪគ្រប់ប្រាណជាទេវា។ | |
| ២ | នៅពេលអ្នកម្ដាយមានទម្ងន់ | ពុកខំរែកពន់ធ្វើការងារ |
| ដាំស្លរពុះអុសណាបុត្រភ្ញា | ដើម្បីពុំងារនិងម្ដាយស្ងួន។ | |
| ៣ | នៅពេលដែលកូនប្រសូត្រចេញ | ចិត្តធ្លាប់ទោម្នេញប្រែមាំមួន |
| អារម្មណ៍គ្រប់យ៉ាងនៅក្នុងខ្លួន | ល្អណាស់នឹមនួនពេលឃើញបុត្រ។ | |
| ៤ | នៅពេលបានឃើញកូនទៅរៀន | ចិត្តរបស់រាមល្អបំផុត |
| ងើបឈរសម្លឹងអនាគត | ជឿជាក់យ៉ាងមុតថានឹងល្អ។ | |
| ៥ | ម៉ែឪប្រៀបបានជាព្រះព្រហ្ម | ប្រកាន់យកធំក្ដីមេត្តា |
| ព្រមទាំងមានចិត្តករុណា | ព្រមមុទិតាឧបេក្ខា។ | |
| ៦ | ប្រសិនបើកូនមានជំងឺ | ម៉ែឪចង់ឈឺព្រោះទុក្ខា |
| លោកចង់ឈឺជួសនឹងបុត្រភ្ញា | មិនឲ្យរោគាបៀតបុត្រឡើយ។ | |
| ៧ | ដូច្នេះចូលកូនទាំងប្រុសស្រី | គួរគិតលកលៃណាពុំងារ |
| គុណនេះរកគ្មានទេអត្រជា | ទោះបីសួគ៌ាក៏គ្មានដែរ។ | |
| ៨ | យើងត្រូវនាំគ្នាចេះដឹងគុណ | ទំនុបបម្រុងព្រមទាំងថែ |
| ដល់លោកទាំងពីរកុំអល់អែល | សងអោយហូរហែរតាមយើងមាន។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ក្មេងសម័យឥលូវ – កំណាព្យខ្មែរ