ចិត្តល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ចិត្តល្អ – កំណាព្យខ្មែរ | ||
១ | ចិត្តល្អចិត្តសដូចក្រដាស | មិត្តមកពេញពាសស្ម័គ្ររាប់អាន |
ចិត្តល្អចេះជួយញាតិសន្តាន | ចិត្តល្អថ្កើងថ្កានយូរអង្វែង។ | |
២ | ចិត្តល្អមិនក្រទេណាមិត្ត | ចិត្តល្អចេះគិតចេះចាត់ចែង |
ចិត្តល្អនាំសុខអស់គេឯង | ចិត្តល្អជន្មវែងរយវស្សា។ | |
៣ | ចិត្តល្អចែកចាយអស់វិជ្ជា | ដល់អស់ផងគ្នាគ្រប់តម្រា |
ចិត្តល្អបង្រៀនអស់សាស្ត្រា | ចិត្តល្អឆ្លាក់ចារទុកជាកេរ។ | |
៤ | ចិត្តល្អនាំមនុស្សរកផ្លូវសុខ | ចិត្តល្អនាំស្រុករីកកើនទ្វេរ |
ចិត្តល្អសាងល្អគ្មានទំនេរ | ចិត្តល្អសរសេរតែពាក្យល្អ។ | |
៥ | ចិត្តល្អជួយគ្នាគ្រាមានទុក្ខ | ចិត្តល្អលើកមុខខ្ពស់បវរ |
ចិត្តល្អជួយអប់រំអ្នកក្រ | ចិត្តល្អស្មោះសមិនក្លែងក្លាយ។ | |
៦ | ចិត្តល្អប្រកបដោយធម៌ព្រហ្ម | ចិត្តល្អដូចខ្ញុំទាំងចិត្តកាយ |
ចិត្តល្អនាំលោកសុខសប្បាយ | ចិត្តល្អចេះស្ដាយភាពខុសឆ្គង។ | |
៧ | ចិត្តល្អមិនរកស៊ីខុសច្បាប់ | ចិត្តល្អមិនត្រាប់ខុសទំនង |
ចិត្តល្អចេះចែកធនធានផង | ចិត្តល្អចេះគ្រងអំពើល្អ។ | |
៨ | ចិត្តល្អនៅមានច្រើនណាស់មិត្ត | ចិត្តល្អគួរគិតរសព្រះធម៌ |
ចិត្តល្អអនុវត្តឲ្យបានល្អ | គោលធម៌អដ្ឋមគ្គទាំងប្រាំបី៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ កំណាព្យខ្មែរ