Thursday , November 21 2024

រឿងដើមកំណើតសត្វកូនលោក – រឿងព្រេងខ្មែរ

រឿងដើមកំណើតសត្វកូនលោក – រឿងព្រេងខ្មែរ ៖ មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វគ្រលីងគ្រលោង តែមានមាឌធំជាងគ្រលីងគ្រលោងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹង សត្វនេះចាស់ៗខែ្មរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានរឿងដំណាលតទៅនេះ ៖

កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាក មានកូនស្រីតូចៗ៣នាក់។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។ក្រោយពីពេលដែល​ប្តី​ស្លាប់ចោលទៅ នាងប្រពន្ធនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់ តែងទៅកាប់អុស បេះបនែ្លទូលទៅលក់ឯផ្សាររាល់ថៃ្ង។ ថៃ្ងមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់​ដែលតែងតែដើរលួចឆក់​អ្នកដំណើរឆ្ងាយជិត បានលុយកាក់ យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះកាលបើក្រឡេកឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិណា? ឆ្ងាយឬអត់? ហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងច្រើនម៉េ្លះ? នាងក៏ប្រាប់ដោយត្រង់ថា “ខ្ញុំជាស្រីមេម៉ាយ ប្តីស្លាប់ចោលទៅ សព្វថៃ្ងក្រលំបាកណាស់ ប្រឹងកាប់អុស បេះបនែ្លលក់ គ្រាន់បាន​ប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី៣នាក់បរិភោគ”។ លឺដូច្នោះ អ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុនែ្តមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់​ផ្ទះយកជាប្រពន្ធឲ្យបាន ហើយក៏និយាយថា “នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន១០កហាបណៈ សម្រាប់ទិញឥវ៉ាន់ផ្ញើរកូន”។ នាងមេម៉ាយក៏ទទួលយកភ្លាម ដោយសេចក្តីត្រេកអរ។ លុះលក់អុស និងបនែ្លអស់ហើយ នាងត្រឡប់មកផ្ទះវិញ ឯអ្នកលេងក៏លបដើរមកតាមក្រោយ ដើម្បីគន់មើលផ្ទះ។ លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នាត្រូវមាត់ហើយក៏យកគ្នា​ជាប្តីប្រពន្ធតទៅ។

ចាប់តាំងពីថៃ្ងនោះមក អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ពីរបីថៃ្ងមកផ្ទះម្តងក៏មាន កន្លះខែមកម្តង ក៏មាន។ នាងនោះមានមាស់ប្រាក់ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ធតែរបស់ល្អៗ ក៏ទៅជាធំ​ចិត្តក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង៣នាក់។ ពេលដាំស្លឆ្អិនហើយ នាំប្តីបរិភោគតែពីរនាក់ សល់បាយក្នុងឆ្នាំបន្តិចបន្តួច កូនទាំង៣នាំបងប្អូនកេះកាយស៊ី ខ្លះដេកលក់កែ្បរជើងក្រាន ខ្លះដេកលក់នៅលែ្វងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។ ពេលព្រឹកៗនាងនោះតាក់តែងខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារ​ជាមួយប្តីរាល់ថៃ្ង។ ថៃ្ងមួយប្តីបាននិយាយរំលឹកថា “បងមានសេចក្តីអៀនខ្មាសមិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅស៊ីផឹកឯផ្សារ ដូចេ្នះបងសូមអង្វរចិត្តអូន​សូមនៅផ្ទះថែទាំ​កូនស្រីទាំង៣នាក់ចុះ។

លឺប្តីនិយាយយ៉ាងនេះ នាងនោះគិតថា “ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់។ បើអញបណ្តោយតទៅថៃ្ងមុខ គាត់នឹងបោះបង់អញពុំខាន។ គួរអញរកឧបាយ​សំលាប់កូនស្រីទាំង៣នាក់ចោល កុំឲ្យគាត់មានពាក្យចាក់ដោតថា ឲ្យអញនៅចាំផ្ទះព្រោះតែកូនឡើយ”។ លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា “កូនអើយ ! កាលឪពុកឯងរស់នៅ តែដល់រដូវនេះហើយ គាត់តែងនាំម្តាយទៅសាបព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមាន ខ្ទមលំហដេកចាំស្រូវ​ សែ្អកនេះម្តាយនឹង​យកស្រូវពូជទៅសាបព្រោះ ចូរកូនទៅដេកចាំចាបព្រាបលលក កុំឲ្យស៊ីស្រូវ”។ លុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោឋានជិតជើងភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា “នែហងរាល់គ្នា ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសំលាប់”។ ផ្តាំហើយនាងនោះទុកបាយឲ្យ១ចំអែតម្នាក់ អង្ករ៣ចាន ពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយ​និងអំបិលប្រហុក​បន្តិចបន្តួចដោយគិតថា “យប់នេះខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ដោយខ្លាស៊ី ក៏គង់ស្លាប់ ដោយអត់បាយពុំខាន”។ លុះផ្តាំកូនស្រេចហើយ ក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពីរកស៊ី លុះប្តីមកដល់ក៏សួរថា “កូនស្រី៣នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?” ប្រពន្ធប្រាប់ថា “ខ្ញុំប្រើឲ្យទៅចាំ ស្រូវជាមួយចាស់ទុំជាច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ”។

ចំណែកកុមារីទាំង៣នាក់ នាំបងប្អូនយកគ្រប់ពោតទៅកប់តាមភ្លឺត្រពាំង ពេលយប់នាំគ្នាឡើងទៅដេកលើខ្ទម លឺសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញព្រៃស្មសាន។ នាងបង​មានសេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វ ស្ទើរគ្មានព្រលឹងនៅក្នុងខ្លួនលួងប្អូនៗកុំឲ្យយំខ្លាចសត្វសាហាវទាំងនោះ វាមកខាំសម្លាប់។ គ្រានោះ អារក្ខទេវតាដែល​ឋិតនៅក្នុងព្រៃ​ស្មសានគិតថា “នាងម្តាយ ហេតុអ្វីក៏យកកូនតូចៗ មកប្រាសចោលក្នុងព្រៃដូចេ្នះ បើអញមិនជួយកុមារទាំង៣នេះផងទេ មុខជាម្រឹគពាលយង់ឃ្នងស៊ីពុំខាន។ គួរអញសង្គ្រោះកុមារទាំងនេះ​ទម្រាំផុត​ពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសមេ្តចឥន្រ្ទាធិរាជ” ។ គិតស្រេចហើយ អារក្ខទេវតាសមែ្តងឫទ្ធិស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅ។ លុះព្រឹកឡើងក៏ចូល ទៅកាន់សំណាក់​ទេវរាជឈ្មោះវរុណៈ នៅទិសឥសាន ដើម្បីឲ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូល ព្រះឥន្រ្ទាធិរាជ។

វរុណទេវរាជរំពឹងឃើញថា “ការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្រ្ទាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួនទៅជាសត្វបក្សី ” ហើយបង្គាប់ថា​” ត្រូវអ្នកឯងជួយការពារកុមារីទាំង៣​ឲ្យមធ្យ័ត កុំឲ្យសត្វសាហាវបៀតបៀនបាន ទម្រាំវាក្លាយខ្លួនទៅជាសត្វ។ បើវាឃ្លានអាហារត្រូវនិមិ្មតជាត្រីក្រឹមទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅ”។ អារក្ខទេវតាត្រលប់មកវិញ​ក៏ធ្វើតាមបង្គាប់វរុណទេវរាជ។ ឯកុមារីទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថៃ្ង ក៏អស់អង្ករបីចានដែលម្តាយទុកឲ្យស៊ី ប្អូនយំរកបាយស៊ី។ បងបានដើរទៅបេះស្លឹកថ្នឹង ចូលទៅក្នុងថ្លុក​ក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី ។ ប្អូនបង្អស់ចេះតែស្រែកយំ។ បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹម ទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែលម្តាយបង្កាត់ទុកឲ្យរលត់​អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំកន្ទក់កនេ្ទញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង2ស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះ។

ឯម្តាយកាលបើឃើញ​កូនស្រី​បណ្តើរគ្នាមកដូចេ្នះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា “មេកូនចង្រៃ ! អញថា យកវាទៅប្រោសចោលឲ្យស្លាប់ព្រាត់ប្រាស់អស់ទៅ។ ឥឡូវមិនស្លាប់បែរ​ជានាំគ្នាត្រលប់​មកវិញ អញវាយសម្លាប់ឥឡូវហើយ អញមិនឲ្យហងឡើងផ្ទះសំបែងទេ”។ នាងបងអង្វរថា “សូមអ្នកម្តាយ អាណិតកូនផងចុះ ព្រោះប្អូនចេះតែយំឃ្លានបាយអត់ពីរបីថៃ្ងមកហើយ ស៊ីតែ​ស្លឹកឈើជំនួយបាយ ភ្លើងក៏រលត់អស់ បើម៉ែមិនឲ្យកូននៅ កូនសូមតែអង្ករ និងភើ្លងត្រឡប់ទៅវិញ សូមម្តាយកុំធ្វើបាបកូន កូនសូមទោស”។ ឯកូនប្អូននិយាយប្រាប់ម្តាយថា “ម៉ែ ! បងចាប់​បានសាយស៊ីអែត”។ ម្តាយលឺកូនប្រាប់ថា “ចាប់បាន ទន្សាយស៊ីឆែ្អត” ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀត ជេរបញ្ចោរថា “មេកូនចង្រៃ ! វាបានទន្សាយ ចែកគ្នាស៊ី មេ្តចមិនយកឲ្យអញស៊ីផង”។ និយាយតែប៉ុណេ្ណះ ក៏ស្ទុះទៅវាយកូនទាំងបីនាក់ ធាក់ច្រំបណេ្តញឲ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឲ្យសោះ ប៉ងឲ្យតែស្លាប់បាត់បង់ទៅ។ គួរឲ្យអាសូរកុមារីទាំង3នាក់នោះពន់ពេក ម្តាយវាយបែកឈាមហូរ សស្រាក់ក៏នៅតែមិនបាត់វាចាថា “ម៉ែៗ !” ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោលសោះ ឯកុមារីប្អូនចេះតែអួតប្រាប់ម្តាយថា “បានសាយស៊ីអែតៗ ” ។ ម្តាយលឺដូចេ្នះ​រឹតតែវាយ​ខ្លាំងថែមទៀត នាងបងប្រឹងអូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថា បើទ្រាំនៅមុខតែម្តាយសម្លាប់មិនខាន ហើយនាំគ្នាទៅនៅក្នុងខ្ទមដដែល ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់បាត់ស្មារតីទាំងបីនាក់។

អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រោះព្រំកុមារីទាំង៣នាក់ឲ្យមានស្មារតីឡើងវិញ ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រហ៊ោរយំទាំងអស់គ្នា ឯនាងបងក៏ចុះ​ទៅចាប់​ត្រីក្រឹមទន្សាយ និងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថៃ្ង។ ត្រីនិងខ្ចងខ្ចៅចេះតែមានមិនអស់ ព្រោះទេវតានិម្មិតអោយ កាលណាថៃ្ងក្តៅល្អ ស្រង់មកហាលថៃ្ងឲ្យតែកៀ្រមៗ វាយបំបែកហែកចែកគ្នា ស៊ីទៅ។ នាងបងនិយាយកៀកកប្អូនលួងលោមថា : “អូនអើយ ! យើងទាំង៣នាក់នេះពុំបានជួបមុខម៉ែទៀតទេ ព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើង ហើយរករឿងសម្លាប់យើងចោល យើងកុំសង្ឃឹមថា មានជីវិតរស់នៅតទៅមុខទៀត ណាមួយសំពត់អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្តប់ ឥឡូវនេះដាច់អស់ហើយ។ តទៅមុខយើងនឹងរងាអោបក្បាលជង្គង់ ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេ ដូចសត្វតិរច្ឆាន”។ អំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះ បាន៣ខែមានផែ្លចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វា កំប្រុក ពុំហ៊ានទៅស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគជាមួយនិងត្រីក្រឹមទន្សាយ ហើយនិងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់​ស្រាប់តែដុះរោម​ចេញពេញខ្លួន ដៃសងខាងដុះ ចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើចាប់ប្រតោងបេះផែ្លឈើបានទាំងអស់គ្នា។ តែហើរទៅឆ្ងាយពុំរួច បបូរមាត់ដុះចេញទៅជាចំពុះ។ រីឯមាត់និយាយភាសា​មនុស្សពុំកើត គ្រាន់តែដឹងខ្លួនថា ខ្លួននៅជាមនុស្ស តែដល់និយាយទៅជាសំលេងសត្វតិរច្ឆានយូរៗទៅ កាន់តែហើរបានឆ្ងាយបន្តិចម្តងៗ ព្រោះតាំងពីបបូរមាត់ ដុះចេញទៅជាចំពុះ មិនដែល​និយាយ​ភាសាមនុស្សសោះ តែបើមនុស្សនិយាយទៅរកអាចស្តាប់បាន។

ឯប្តីចុងរបស់នាងជាម្តាយ នៃកុមារីទាំងនោះ តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ថៃ្ងមួយអ្នកជិតខាង គេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយជីវិតទៅ​។ ពេលនោះនាងជាម្តាយដេក​ព្រួយចិត្ត នឹកអាណិតដល់កូនកំសត់ទាំងបីនាក់ ដែលខ្លួនបានធ្វើទុក្ខបុកមេ្នញ ហើយដើរទៅក្នុងព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជាកូន ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាប មានចំពុះ ដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា “កូនអើយ ! ឥឡូវម្តាយមកទទួលកូនទៅវិញ ម្តាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយ”។ កូនទាំង3នាក់លឺមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយក៏គិតថា “ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង” ។ គិតដូច្នោះ ក៏នាំគ្នាហើរត្រសងទៅទំលើចុងឈើខ្ពស់មួយដើម ស្រែកប្រាប់មកម្តាយ ដោយបំណងនិយាយថា “យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជាសត្វតិរិច្ឆានល្អជាង អ្នកកុំមកជិតយើង” ។​ ប៉ុនែ្តសំដីដែលស្រែកប្រាប់មកម្តាយនោះ មិន​ច្បាស់លាស់​ជាសំដីមនុស្សទេ ទៅជាស្រែកថា “កូនលោកៗ” ម្តាយចេះតែដើរស្រែកហៅកូនទាំង៣ ត្រាតែអស់កំលាំងដើរពុំរួច ណាមួយអស់អាហារបរិភោគផង ក៏ដួលស្លាប់ទៅ។ នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្ចងខ្ចៅស៊ីតាមវាលស្រែ កែ្បរជើងភ្នំ ឬព្រៃស្រោង កាលណាវាផ្អើលនឹងមនុស្ស ឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំលឺថា កូនលោក កូនលោក ! លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឲ្យស្រណោះពន់ពេក។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងដើមកំណើតសត្វផ្សោត – រឿងព្រេងខ្មែររឿងដើមកំណើតសត្វកូនលោក – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *