រឿងមាយាស្រ្តី – រឿងព្រេងខ្មែរ ៖ ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជាមួយក្នុងផ្ទះ ស្ទើរតែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។
ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា « ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១ ។ ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា « អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។
លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «កេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។ អ្នកទាំងពីរកំពុងតែនិយាយគ្នាប្ដីក៏ក្រោកឡើងអង្អុយហៅប្រពន្ធមកប្រាប់ថា «រងារណាស់ »។ ឯបុរសសាហាយឃើញប្ដីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយ នៅខាងដំនេក សំងំចាំប្ដីនោះដេកខ្លួននឹងចេញពីពាងនោះទៅដេកនឹងស្រីនោះទៀត ។
ប្ដីបានឃើញតែធ្វើជាមិនឃើញមិនដឹង ប្រាប់ប្រពន្ធថា « រងារណាស់ ឯងដាំទឹកអោយគ្នាមុជបន្តិច នឹងអាលស្លាប់ »មេនោះលឺថា ចង់ស្លាប់ដូច្នោះអរណាស់ ដ្បិតត្រូវ នឹង ពាក្យដែលទៅបន់អ្នកតា។ លុះប្រពន្ធដាំទឹកពុះហើយ ប្ដីថា «ទៅដងទឹកត្រជាត់បាន ១ក្អមមក យកមកលាយ នឹងទឹកក្ដៅនេះ »។ ប្រពន្ធលឺប្ដីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹក។ ប្ដីឃើញប្រពន្ធទៅបាត់ក៏ក្រោកឡើង ដើរទៅលើកទឹកពុះ១ខ្ទះនោះយកទៅស្រោចលើសាហាយនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកធ្វើជាឈឺថ្ងូរហ៊ឹៗទៀត។
មេនោះវិលពីដងទឹកវិញ មើលទៅឃើញសាហាយត្រូវទឹកក្ដៅរួញសសៃដូចគេដកកចេញពីពាងមកក៏អោនខ្សឹបថា«ថ្វីក៏មិនអោនទៅ វាមិនទាន់ដេកទេ »។ អានោះនៅឆ្ងក់ដដែល មេនោះយកដៃទៅចាប់ច្រមុះទៅត្រូវស្លឹកត្រចៀករហែកជ្រុះទាំងសក់ ទើបដឹងថាប្ដីស្រេចទឹកក្ដៅស្លាប់សាហាយទៅហើយ ក៏ពុំស្ដីយកគ្របពាងមកគ្រប ហើយយកទឹកមកអោយប្ដីងូត។ ឯប្ដីក៏មិនស្ដីទឹកក៏មិនងូត ប្រាប់ប្រពន្ធថាអញគ្រាន់បើហើយ ហើយហៅប្រពន្ធចូលដេកទៅ ។
លុះព្រឹកព្រហាមឡើង មេនោះពុំដឹងធ្វើដូចម្ដេច នឹងយកខ្មោចចេញអោយរួចផុតពីផ្ទះ ក៏នឹងឃើញថា «ក្នុងស្រុកនេះមានចោរ ៤ នាក់តែងតែលបលូចអីវ៉ាន់អ្នកផងតែសព្វថ្ងៃ គ្រប់ភូមិ ដូច្នេះអញ នឹង គិតអោយចោរទាំង៤ នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃអោយបាន» គិតហើយក៏ដើរខ្ចីសំពត់ហូលអាវព្រែគេយកមកហាលជុំផ្ទះ ។ ឯចោរទាំង ៤នាក់នោះឃើញហើយគិតថា «ជើ !មេនេះមានណាស់តើ !យប់នេះ យើង នឹងទៅលួចវាអោយបានកុំខានសព្វថ្ងៃយើងស្មានតែវាក្រ » ។
មេនោះក៏ហាលសំពត់ហាលអាវព្រែនោះ លុះដល់ពេលល្ងាចយកទៅជួនគេវិញហើយយកខ្សែចងរិតរួចពាង ខ្មោចនោះអោយជាប់ទុកអោយចោរចូលមកសែងយកទៅ។ ឯចោរ ៤នាក់លុះយប់ក៏បបួលគ្នាទៅលួច ចូលទៅរករបស់ទាំងនោះពុំឃើញៗតែពាងមួយចងមាត់ចាប់បើកពុំរួច។ ចោរទាំង ៤នាក់និយាយគ្នាថា «របស់អស់នេះវាដាក់ក្នុងពាងនេះហើយ បើដូច្នេះយើងត្រូវសែងពាងនេះ» ថាហើយក៏នាំគ្នាសែងពាងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើល។ អា១លូកដៃទៅត្រូវសក់ ថាវ៉ឹយសូត្រ ដកដៃចេញ។ អា១លូកដៃទៅត្រូវស្លឹកត្រចៀក ត្រូវភ្នែក ច្រមុះ ស្រែកថា វ៉ឹយខ្មោចទេ ។ អា ១ មិនជឿក៏ល្អដៃទៅទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែន ក៏ស្ទុះរត់ចោល ហើយខឹងណាស់ថា ត្បិតមេនោះបញ្ឆោតអោយសែងខ្មោចចោលបាន។ ចោរទាំង ៤ នាក់គិតគ្នាថា « យើងឃ្លាំមើលមេនោះ បើឃើញវាដើរម្នាក់វាត្រូវគ្នាយើងចោមរោមចាប់វាវាយអោយវារាង កុំអោយវាបញ្ឆោតយើងទៀត ។
ចួនជាថ្ងៃមួយ មេនោះចុះទៅរកទិញអីវ៉ាន់ ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅ ។ មេនោះដើរដល់ពាក់កណ្ដាលផ្លូវ ក៏ជួបចោរទាំង ៤នាក់នេះ ចោរឃើញក៏នាំគ្នាព្រួតចាប់នឹងវាយ ហើយជេរពីរឿងដែលវាបញ្ឆោតនោះ ។ មេនោះឆ្លើយថា «ណ្ហើយអ្នក បើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរ ត្បិតខ្ញុំទៅទារប្រាក់ពីនាយសំពៅ ដូច្នេះមក ! អញ្ជើញទៅ នឹងខ្ញុំៗ ទារប្រាក់បានចែកគ្នាចាយលេង »។
ចោរទាំង ៤ នាក់លឺថាវាទៅទារប្រាក់ដូច្នោះ ក៏ចូលចិត្តបបួលគ្នាទៅ ។ មេនោះផ្ដាំចោរទាំង ៤នាក់ថា «អស់អ្នកឈរចាំខ្ញុំនៅលើច្រាំងចុះ បើកាលណាឃើញខ្ញុំបោយដៃនោះអ្នកចុះទៅចុះ បានប្រាក់ហើយ »។ មេនោះនិយាយផ្ដាំចោរទាំង៤ នាក់ហើយ ក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោរទាំង ៤ នាក់ វាថាចោរនោះជាខ្ញុំរបស់វាហើយចង្អុលបង្ហាញនាយសំពៅថា « នុ៎ះហ្ន៎ ! វាទាំង ៤ នាក់បើវាចុះមក ខ្ញុំឡើងទៅលើគោក សូមអ្នកចាប់វាដាក់ច្រវាក់អោយជាប់ទៅ កុំអោយវារត់រួចបាន»។ នាយសំពៅព្រមហើយសួរថា «ខ្ញុំនាងអែងទាំង ៤ នាក់លក់ថ្លៃប៉ុន្មាន ? » ។ មេនោះថា«ម្នាក់ថ្លៃ២ ណែន »។ នាយសំពៅអោយ ១ណែនកន្លះ វាក៏ព្រមលក់ ហើយចេញមកក្រៅ បក់ដៃហៅចោរទាំង ៤នាក់។ ចោរទាំង៤នាក់គិតស្មានថាវាហៅអោយទៅយកប្រាក់ក៏នាំគ្នាចុះទៅ ដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សអោយចាស់ដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នា។ មេនោះក៏យកប្រាក់ឡើងមកបាត់ ។
បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញ ដល់កណ្ដាលផ្លូវចូលចួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើធំមួយនៅប្របផ្លូវនោះ។ ឯចោរ ៤នាក់នាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថា «ជើ ! មេនោះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតអោយយើងសែងខ្មោចទៅចោលក្នុងព្រៃ ហើយឥលូវវាលក់យើងបានទៀត» ។ ចោរទាំង៤នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះ ចួនជាយប់យូរណាស់ក៏នាំគ្នាឡើង ទៅដេកលើដើមឈើធំ ដែលមេនោះដេក ។ ចោរបីនាក់ឡើងដេកលើមែកដោយខ្លួន ។ ចោរម្នាក់ឡើងទៅក៏ជួបមេនោះ នៅលើចុងឈើ ។ អាចោរនោះថា « អើហងឯងស្លាប់ហើយម្ដងនេះ ហងឯងធ្លាប់តែបញ្ឆោតយើងឥលូវហងឯងរត់ចុះបើរួច ។ មេនោះលើកប្រាក់បង្ហាញហើយខ្សឹបថា «ណ្ហើយអ្នកកុំស្ដី កុំអោយអ្នកទាំង ៣នាក់ដឹងយើងត្រូវយកគ្នាជាប្ដីប្រពន្ធហើយយកប្រាក់នេះទៅចាយរកស៊ីស្រួលជាង អ្នកកុំធ្វើបាបខ្ញុំធ្វើអី » ។ អាចោរដូច្នេះក៏មិន ស្ដីខិតចូលទៅជិតលូកដៃអោបកៀកមេនោះថា «អើ ! ប្អូនឯងហៅប្រាជ្ញធំ បញ្ឆោតបងពីរដងហើយ ឥលូវបងបាននាងជាប្រពន្ធដោយសារព្រេងសំណាងយើង » និយាយហើយក៏អោបថើបៗ ។ មេនោះពុំប្រកែកហើយថា « ខ្ញុំក្រែងអ្នកស្រលាញ់ខ្ញុំមិនស្មោះ ឯខ្ញុំស្រលាញ់អ្នកស្មោះចិត្តមួយហើយ»។ អាចោរនោះថា «បងស្រលាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់អោយបងស្បថរឺអោយបងធ្វើម្ដេច ? » ។ មេនោះថា «បើស្រលាញ់ចិត្តមួយនឹងគ្នា មានតែលិទ្ធអណ្ដាតគ្នា » ទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចោរនោះ។ ឯអាចោរលិទ្ធអណ្ដាតមេនោះហើយលៀនអណ្ដាតអោយមេនោះលិទ្ធវិញ។ មេនោះខាំអណ្ដាតអាចោរនោះដាច់អស់មួយកំណាត់ ហើយច្រានទំលាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកលឺតែឡុលៗ។ ឯចោរ៣នាក់គិតស្មានថានាយសំពៅចោមចាប់ ក៏លោតពីរមែកឈើរត់ទៅហើយស្រែកហៅគ្នាថា «វ៉ើយគ្នាយើងរត់នាយសំពៅដេញហើយ » ។ អាចោរដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថា «មេនោះ នៅលើចុងឈើត្រូវមកចាប់ » ប៉ុន្ដែវាដាច់អណ្ដាតនិយាយមិនច្បាស់លឺតែឡុលៗ គ្នាវាគិតស្មានថាគេដេញចាប់ចេះតែរត់យកប្រាសអាយុរៀងៗខ្លួន ។
ឯមេនោះចុះពីលើចុងឈើយកប្រាក់ទៅផ្ទះអោយប្ដី នៅរកស៊ីជាមួយនឹងប្ដីជាសុខសប្បាយទៅ ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងកំណើតសត្វឆ្មា – រឿងព្រេងខ្មែរ