Thursday , November 21 2024

រឿងឆ្កែមើលឃើញខ្មោច – រឿងព្រេងខ្មែរ

រឿងឆ្កែមើលឃើញខ្មោច – រឿងព្រេងខ្មែរ ៖ ជាហេតុភេទស្រុកខ្ញុំបាទធ្លាប់បានឮម្ដាយ និងឪពុកគាត់និទានប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្ដាល អាធ្រាតស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិ នោះច្រើនកើតជំងឺពុំសូវបានសេចក្ដីសុខទេ ក្បិតខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់ សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរចាស់ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា ៖ យូរយារណាស់ មកហើយ មានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ ប៉ុន្ដែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែល មានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។ លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្ដាំទៅប្រាប់ ប្រពន្ធខ្ញុំឱ្យមកផង។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖ – ប្រពន្ធឯងនៅឯណា ? ខ្មោចឆ្លើយវិញថា ៖ – ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ ! បុរសឮហើយ សួទៅវិញថា ៖ – ចុះឯងឱ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ ! ក្នុងពេលនោះខ្មោចក៏ឱ្យ ប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះ កាលបើបានប្រទាលប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ គាត់ចេះតែដើរទៅៗ គ្មានភិតភ័យខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗកំពុង ស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក ហើយបោយដៃហៅចំពីមុខ និយាយថា ៖ – ប្ដីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ ! ខ្មោចនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖ – ចុះអ្នកឯង ម៉េចក៏មើលអញឃើញ? បុរសនោះក៏ បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖ – នេះប្រទាលដែលប្ដីហងឱ្យអញ បានអញមើលឃើញ។ ខ្មោចនោះគ្រាន់តែ ឃើញប្រទាលភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្ដែបុរសពុំព្រមឱ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្ដើម ប្រទាលប្រហោង នោះ។ បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្ដែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែ ស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រតាយ ប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះឆ្កែ ឃើញភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។ ដោយសារមានរឿងនិទាន យ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមកប្រើការស័ក្ដិសិទ្ធផ្សេងៗ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងជ្រូកបានជាឈ្មោះឆ្នាំកុរ – រឿងព្រេងខ្មែរ

រឿងឆ្កែមើលឃើញខ្មោច – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *