រឿងភ្នំជើងព្រៃ – រឿងព្រេងខ្មែរ ៖ នៅស្រុកជើងព្រៃខេត្ដ្ដកំពង់ចាម ខាងជើងថ្នល់ជាតិលេខ៦ ត្រង់ខាងកើតផ្សារផ្អាវប្រមាណ៣គ.ម ដែល មានផ្លូវលំ១ ចូលទៅខាងជើងប្រមាណ១៥០០ម មានភ្នំពីឃ្លាតប្រហែលជា១០០មពីគ្នា។ មួយនៅខាងកើត ហៅភ្នំស្រី ឬភ្នំធំមួយទៀត ទាបនៅលិចហៅភ្នំប្រុស ឬភ្នំព្រះបាទ ភ្នំទាំងពីនេះគេហៅរួមគ្នាថា “ ភ្នំជើង ព្រៃ” បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថាមនុស្សប្រុសនិងស្រី ភ្នាល់គ្នាលើភ្នំនេះដូច “ភ្នំស្រី ភ្នំប្រុស” នៅជិតកំពង់ចាមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះ រណេ្ដៅដីនៅភ្នំស្រីដែលខាងស្រីជីកយកមកធ្វើជា ភ្នំនោះបាន ក្លាយទៅជាស្រះមួយយ៉ាងធំ មានទឹកខួបប្រាំងខួបវស្សា ហៅថា ស្រះទឹកព្រះ ឯរណេ្ដៅនៅជិត ភ្នំប្រុស ដែលខាង ប្រុសជីកដីយកមកធ្វើជាភ្នំនេះបានក្លាយទៅជាស្រះធំ១ គ្មានទឹកខួបប្រាំងវស្សា ហៅថាកំពែងស្ងួត។ ឯផ្លូវលំនៅ ខាងកើតផ្សារផ្អាវ ប្រមាណ៣គ.ម ដែលបែកពីថ្នល់ជាតិ កាត់ទៅភ្នំជើងព្រៃនេះ ជាផ្លូវរាបស្មើធេង រថយន្ដតូច ធំចេញចូលបានស្រួល។ ស្រះទឹកព្រះនោះ ឋិតនៅទិសឦសានភ្នំស្រី ឬភ្នំធំចម្ងាយប្រមាណជា១០០ម ទំហំប្រមាណជា១០០មែត្រ ៤ជ្រុង ជម្រៅប្រមាណជា១០ម ទទឹងខ្នលើនៃមាត់ស្រះ ជុំវិញរាបស្មើធេង។ សព្វថ្ងៃនៅល្អនៅឡើយ មានទឹកថ្លាឆ្វេងជាទីអាស្រ័យនៃពួកមច្ឆាជាតិ ហើយមានទាំងវារីជាតិនានាដុះពាសពេញ ស្រះនោះផង បញ្ចេញផ្លែផ្ការីកស្គុះស្គាយដេរដាសអាចប្រៀបទៅនឹងបឹងតូចមួយ បានដ៏ជាទីមនោរម្យក្រៃពេក ដល់អ្នកទស្សនា។ ឥតមានពួកនេសាទណាមួយហ៊ានទៅចងសន្ទូច ទៅប្របក់ឬទៅដាក់លបលាយអ្វីក្នុងស្រះនោះ ឡើយ ដោយគេខ្លាចរអារគ្រប់ៗគ្នា សូម្បីតែបន្លែបង្ការ និងផ្លែផ្ការនៃវារីជាតិផ្សេងៗមានផ្កាឈូកជាដើម ក៏គេហាមកូនចៅ គេមិនឱ្យបេះបោចសោះឡើយ។ ស្រះនេះពីដើមគេហៅថា “ស្រះទឹកព្រះ” ដូចជម្រាបខាងដើម តែសព្វថ្ងៃគេហៅតែ “ទឹកព្រះ”។ បានជាគេហៅថា “ទឹកព្រះ” ព្រោះទឹកថ្លាណាស់ នៅពេលដែលគេត្រូវការឡើង ទៅលើភ្នំម្ដងៗ ដោយមានការអ្វីក្ដី ដោយកំសាន្ដក្ដី គេតែងតែយក ដប ថូ កែវ ផ្ដិល ចុះទៅដងទឹកក្នុងស្រះនោះ យកទៅស្រង់ព្រះ នៅលើកំពូលភ្នំពុំដែលខាន។ ពាក្យថា “ទឹកព្រះ” បានដិតជាប់នឹងមាត់អ្នកស្រុកនៅទីនោះ គ្រប់ៗគ្នា ពេលណាគេត្រូវការតាមរកគោក្របីដែលបាត់ ឬត្រូវការទៅរកអុស គេតែងតែសួរគ្នាថា រកឃើញនៅ ខាងណា ទឹកព្រះ? ឬទៅរកខាងណាទឹកព្រះ? បុរាណវត្ថុនានាដែលមាននៅបរិវេណនៃភ្នំនោះ បាក់បែកទៅ ក៏ច្រើន នៅសល់ទៅក៏ច្រើន ដែលនៅសល់សព្វថ្ងៃ គឺព្រះពុទ្ធរូបចូលនិញ្វន ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន ទ្រង់គ្រឿង ឈរ និងស្នាមព្រះពុទ្ធបាទ។ ព្រះពុទ្ធរូបទ្រង់ព្រះភ្នែន មានតំកល់ជាង១ម បែរព្រះភក្រ្ដចំទៅទិសអាគ្នេយ៏ ប្រតិដ្ឋាននៅក្នុងគុកគុហារ១ ជាមួយព្រះពុទ្ធរូបទ្រង់គ្រឿងឈរ និងស្នាមព្រះពុទ្ធបាទ។ ព្រះពុទ្ធរូបនិពាន្ធ ព្រះកេសបែរទៅទិសបូព៌ ព្រះភក្រ្ដបែរទៅទិសឧត្ដរញញឹមស្រស់ ប្រតិដ្ឋាននៅក្នុងសាលង្គ ១ប្រក់សង្កសីដែល ជនជាន់ក្រោយសង់ថ្វាយនៅទិសនិរតីនៃគុកគុហារ។ គុកគុហារដែលតម្កល់បូជនីយ វត្ថុទាំងនេះទ្រុឌទ្រោមគ្រាំគ្រា ណាស់ទៅហើយ អ្នកដែលចូលទៅនមស្ការបូជាព្រះពុទ្ធក្នុងគុកគុហារនោះ តែងតែមានចិត្ដព្រួយបារម្ភក្រែងបាក់ ធ្លាក់សង្កត់លើខ្លួន។ នៅលើមាត់ធ្វាខាងលិច និងខាងកើត នៃគុកគុហារនោះ មានសិលាចារឹកច្បាស់លាស់ អ្នកមើលពីចម្ងាយទៅ សម្គាល់ថាអក្សរខ្មែរ តែលុះចូលទៅដល់អ្នកចេះអក្សរខ្មែរសម័យបច្ចុប្បន្នមើលពុំបាន អានពុំចេញថាម៉េចឡើយ។ ព្រោះជាអក្សរខ្មែរបុរាណ។ ឯរណេ្ដៅដីដែលប៉ែកខាងប្រុសជីកយកមកធ្វើជាភ្នំហើយ ក្លាយទៅជាស្រះមួយធំឈ្មោះ “កំពែងស្ងួត” នោះ មានទំហំប្រមាណ១០០ម៤ជ្រុងស្មើ ជម្រៅប្រមាណជា១០ម ឋិតនៅប៉ែកខាងកើតឆៀងខាងត្បូងនៃស្រះ ទឹកព្រះរបស់ពួកខាងស្រី ដែលមានទឹកខួបប្រាំងខួបវស្សា ស្រះកំពែង ស្ងួតនោះ ស្ងួតមិនស្គាល់ប្រាំងវស្សាទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ច្រើនយ៉ាងណា ក៏ទឹកមិនដក់នៅក្នុងស្រះ នោះដែរ តែកាលណាភ្លៀងរាំងភ្លាមក៏រីងស្ងួតទឹកអស់មួយរំពេច ហាក់ដូចមានរន្ធយ៉ាងធំបង្ហូរទឹកចេញ។ គួរឱ្យ ឆ្ងល់ណាស់ ស្រះទាំងពីរគឺខាងស្រី និងស្រះខាងប្រុសនេះឋិតនៅចម្ងាយពីគ្នាមិនទាំងដល់១០០មផង ម៉េចក៏ស្រះ មួយខាងស្រីមានទឹកពេញ ប្រៀបខួបប្រាំងវស្សា ហើយស្រះមួយទៀតខាងប្រុសបែរជាស្ងួតហែងទៅវិញ? តាមចាស់ៗនៅជិតស្រះនោះ និទានថា បានជាស្រះខាងប្រុសស្ងួតដូច្នោះ ព្រោះត្រូវបណ្ដាសារ ដែលត្រូវពួកខាង ស្រីដាក់ឱ្យពួកខាងប្រុស។ នៅទិសពាយ័ព្យ ជិតស្រះព្រះទឹកមានកូនស្រះមួយតូច ទំហំប្រមាណជា៥មបួនជ្រុងស្មើ ជម្រៅប្រមាណជា ៤ឬ៥ម គេហៅថា ស្រះលាងជើង។ ចាស់ៗដំណាលថា ស្រះនេះបានជាគេហៅដូច្នេះ ព្រោះចាស់បុរាណ ជីកទុកចុះទៅលាងជើងមុននឹងឡើងទៅលើភ្នំទាំងពី។ សព្វថ្ងៃនៅរាល់ថ្ងៃ៨កើត ៨រោច ១៥កើត ១៤-១៥រោច ជាថ្ងៃសីល ពួកពុទ្ធបរិស័ទនៅភូមិផ្អាវខ្លះ ភូមិជើងព្រៃខ្លះ ភូមិទំនប់ច្រកខ្លះ គេតែងនិមន្ដព្រះសង្ឃឡើងលើភ្នំនោះ ដើម្បីធ្វើកិច្ចសមាទានសីល កាលបើគេសមាទានឧបោសថសីលហើយ ខ្លះក៏ត្រឡប់មកលំនៅឋានវិញ ខ្លះក៏នៅអស់រយៈពេល១ថ្ងៃនោះ ទល់ល្ងាច ខ្លះទៀតនៅរហូតអស់រយៈពេល១ថ្ងៃ ១យប់ ទើបវិលមកលំនៅរបស់ខ្លួនវិញ។ អ្នកនៅអស់រយៈពេលអស់១ថ្ងៃ១យប់ គឺគេនៅធ្វើសមាធិកម្មដ្ឋាន លុះព្រឹកឡើងគេធ្វើចង្ហាន់ប្រគេនព្រះ សង្ឈជាកិច្ចបំពេញទានក្នុងវេលាព្រឹកនោះទៀត។ អ្នកដែលបានធ្វើចង្ហាន់ ប្រគេនព្រះសង្ឈនោះ គេធ្វើតែសម្លបួសមិនធ្វើសម្លត្រីសាច់ទេ ដោយជឿថា បើធ្វើសម្លត្រីសាច់នឹងមានហេតុនាំឱ្យ រំខានក្នុងការធ្វើសមណធម៌ រមែងមានស្រមោច សង្អារ ក្អែប ខ្ទួយ មករោមខាំទិច រកតែដេកមិនបាន អង្គុយសមណធម៌មិនកើត ដោយការទទួលត្រី សាច់ នាំឱ្យឆ្អេះឆ្អាប។ មានលោកឆុតង្កជាច្រើនអង្គ និមន្ដមកគង់ នៅលើភ្នំនោះ តែទ្រាំនៅឱ្យជាប់រាប់ខែមិនបាននៅតែបន្ដិចៗ ក៏និមន្ដទៅបាត់។ ឧបាសក ឧបាសិការខ្លះ យកទឹកទៅស្រង់ព្រះ ខ្លះទៅស្រោចស្នាមព្រះបាទនៅផ្ទាំងសីលាធំ លុះទឹកហូរ ហៀរមកវិញ គេយកផ្ដិលឬចាន ត្រងមកចាក់ដាក់ដប ទុកយកទៅផ្ទះផ្ញើរកូនចៅគ្រាន់បានលុបមុខ និងទទួលទានជាដើម នេះជាជំនឿម្យ៉ាងរបស់ អ្នកដែលឡើងទៅសុំសីលលើភ្នំ។ ក្រៅពីបុរាណវត្ថុដូចបានរៀបរាប់មកហើយនេះ នៅមានបុរាណវត្ថុខ្លះទៀតជា ផែនថ្មទាំងផ្ទាំង គេហៅថា កីនាងទាវ តែសព្វថ្ងៃឃើញនៅតែគោលៗប៉ុណ្ណោះ ព្រោះបែកបាក់ខ្លះសឹករលុបខ្លះ ទៅហើយ។ តាមពត៌មាន អ្នកស្រុកនៅទីនោះថា កាលបារាំងនៅទីនោះ វាបានគាស់យកសសរកីនាងទាវនោះ ទៅធ្វើជាជណេ្ដីរ ចុះទៅខាងស្រី។ នៅលើភ្នំស្រីពីខាងមុខ មានផែនថ្មស្នាមជើងមនុស្ស អ្នកស្រុកហៅ “ដានជើងតាព្រេង”។ ខាងលើភ្នំនេះត្រង់ជ្រុងឦសាន មានទីដីស្មើរធេងស្អាតបាត គេហៅថា កន្លែងឃុនឆាង ទាត់សី។ ខាងទិស បស្ចឹមគុកគុហារមានរន្ធថ្មមួយប៉ុនប្រាក់រៀលពីដើម គឺល្មមដាក់ប្រាក់រៀលចុះ គេថារន្នថ្មនេះ ជារន្ធឡូតាព្រេង ដែលគាត់តែងលេងនៅពេលល្ងាច។ មួយទៀតជុំវិញបរិវេណភ្នំនោះ មានកំពែងធ្វើដោយថ្មបាយ ក្រៀម ដែលមួយដុំៗទំហំប្រហែលជា០.៤០ម គុណ ០.៦៦ម។ កំពែងថ្មនោះតាមចាស់បុរាណលោកថា មានដល់ទៅ៧ជាន់សុទ្ធសឹងជាថ្មដែលជាស្នាដៃ នៃបុព្វបុរសខ្មែរយើង កសាងបន្ថែមជាខាងក្រោយជំនាន់លោក យមរាជសិង្ហ ដើម្បីការពារអសន្ដិសុខ ឬការពារអ្វីម្យ៉ាងរបស់លោកក្នុងជំនាន់នោះ។ កំពែងនេះបាក់បែកជាច្រើន ទៅហើយ តែនៅសល់ក៏ច្រើនដែរ អ្នកទស្សនាអាចសន្និដ្ឋានបានថាមាន៧ជាន់មែន។ ភ្នំជើងព្រៃជាទីប្រតិដ្ឋាន នៃបុរាណវត្ថុនានា មានស្រះទឹកព្រះជាដើម ដូចរៀបរាប់មកខាងលើនោះ សព្វថ្ងៃបានក្លាយទៅជារមណីយដ្ឋាន មួយសម្រាប់អ្នកទេសចរនានា ជាពិសេសសម្រាប់ជនជាតិខ្មែរយើងដែលនៅ ក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ទាំងរាស្រ្ដទាំងនាម៉ឺនទៅលេងកំសាន្ដសប្បាយ នៅរដូវចូលឆ្នាំខ្មែរ ឬនៅបំណាច់ខែចេត្រ ប៉ុនែ្ដភាគច្រើនចូលចិត្ដ ទៅលេងនៅថ្ងៃដាច់ខែចេត្រ ម្នាក់ៗគេរង់ចាំឱ្យដល់តែដាច់ខែចេត្រកាលណា គេនឹងបាននាំគ្នាទៅលេងភ្នំជើងព្រៃ នេះដោយរីករាយ។ គេទៅដោយយានជំនិះផ្ទាល់ខ្លួន ដូចជាទោចក្រយាន ទោចក្រយានយន្ដ រទេះគោ រទេះក្របី ឬរថយន្ដក៏មាន ជួលទោចក្រយានសណេ្ដាង វ៉េស្បាកង់បី ឬជួលរថយន្ដឈ្នួលទៅក៏បាន។ នៅពេលនោះមាន យានផ្សេងៗ ចតតម្រៀបត្រៀបត្រានឹងគណនាពុំបាន។ មនុស្សអ៊ូអ៊រ ប្រជ្រៀតគ្នារកម្លប់ជ្រករៀងៗខ្លួន ខ្លះដែល បានឡើង ទៅលើភ្នំហើយក៏នាំគ្នាត្រឡប់ចុះមកវិញ ខ្លះដែលទើបនឹងទៅដល់ ក៏ខំប្រញាប់ប្រញាល់ឡើងទៅ លើភ្នំ។ បណ្ដាអ្នកទៅទាំងប៉ុន្មាន ម្នាក់ៗគេមានទឹកដប និងផ្កាទៀនធូបដើម្បីយកទៅស្រង់ព្រះ និងធ្វើសក្ការបូជា ចំពោះព្រះពុទ្ធរូបទាំងនោះ។ កាលបើបានធ្វើសក្ការបូជាហើយ ខ្លះក៏ច្រៀងរាំវង់ ខ្លះស្រស់ស្រូបអាហារម្ហូប ខ្លះលេងអង្គុញ ខ្លះលេងឈូង ខ្លះលេងល្បែងផ្សេងៗតាមពួកតាមក្រុមនៅក្រោមម្លប់ឈើ ជាពិសេសនៅក្រោម ដើមស្វាយជាជួរ រហូតដល់ល្ងាចត្រជាក់ ទើបគេនាំគ្នាត្រឡប់មកគេហដ្ឋានរៀងៗខ្លួនវិញ។ អ្នកដែលទៅលេង កំសាន្ដក្ដី ទៅមានការក្ដ្ដី គេតែងប្រយ័ត្នពីរយ៉ាងគឺៈ ១-នៅលើភ្នំមានខ្ទមតូចមួយ ឋិតនៅក្រោមដើមសំរោង ១ដើមជាខ្ទមអ្នកតាក្រហម.ក។ អ្នកតានោះពូកែណាស់ អ្នកស្រុកគេហៅថា អស់លោកភ្នំ។ ពីដើមអ្នកចេះមន្ដ អាគម ស្រីមានៃ់ផ្ទពោះ អ្នករាជការ អ្នកមានបណ្ដាសក្ដ្ដិ ដើរកាត់មុខមិនបាន តែហ៊ានដើរកាត់មុខ មុខជាសាបមន្ដអាគម រលូតកូន ធ្លាក់ បុណ្យសក្ដិពុំខាន។ ប៉ុនែ្ដសព្វថ្ងៃថយឬទ្ធិអំណាចខ្លះទៅហើយ តែទោះបីថយ ឬទ្ធិខ្លះ ក៏គេនៅតែប្រយ័ត្នដែរ។ ២-គេមិនហ៊ានដេញស្វាដែលនៅលើដើមសំរោង ជាកូនចៅរបស់អ្នកតា ក្រហម.កនោះទេ បើដេញវាយនឹង ត្រូវទទួលគ្រោះថ្នាក់ ដោយហើមដៃជើង ហើមខ្លួនយ៉ាងដំណំ។ សូមជម្រាបថា បើត្រូវការទៅលេងកំសាន្ដនៅជើងព្រៃ សូមអញ្ចើញទៅនៅដំណាច់ខែចេត្រ ទើប បានសប្បាយ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងភ្នំយ៉ាត – រឿងព្រេងខ្មែរ