រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ – រឿងព្រេងខ្មែរ ៖ មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា យើងធ្វើដូចម្ដេចនឹងបានអេះ ? ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។ ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកម្លោះម្នាក់ បររទេះមកដល់វាធ្វើជាសួរថា នេះហៅអ្វី ? អ្នក ! ។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា គេហៅរទេះ។ មែនឬអ្នក ? ។ បុរសនោះថា មែន ។ បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ។បុរសនោះសួរថា អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កម្លោះនោះថា បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ សុំតែប្រពន្ធអ្នក ។ បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។ ទើបកម្លោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កម្លោះអ្នកបររទេះប្រាប់ថា នេះគេហៅចន្ទោល។ ចង្អុលសួរទៅនឹមថា នេះគេហៅនឹម ។ នេះគេហៅទូក ! នេះគេហៅទ្រាយ! នេះគេហៅប្រែក! នេះគេហៅកង់ ! នេះគេហៅខ្នងកង់! នេះគេហៅត្រពង! ដល់ឆ្លើយរួចសព្វគ្រប់ កម្លោះនោះសួរទៅបុរសជាប្ដីថា ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេៗ ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រមៗ ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កម្លោះទាំងពីរនាក់នោះវាសូកចៅក្រមៗកាត់សេចក្ដីថា ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ ។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយៗសួរថា ថ្វីបានជាយំបង ? ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ ។ បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា លោកកាត់សេចក្ដីគេនោះ តើដូចម្ដេចខ្លះ ? ។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង។ សុភាទន្សាយ សួរកម្លោះដែលយកប្រពន្ធគេមកនោះថា អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ? ។ បុរសនោះឆ្លើយថា ដាក់ប្រពន្ធ។ សុភាទន្សាយ សួរទៅកម្លោះនោះថា ត្រង់ណាហៅប្រពន្ធ បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ។ កម្លោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា នេះគេហៅជើងទេ វាចាប់ត្រង់នេះ ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ ប្រពន្ធ ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់ ត្រពង រួមទាំងអស់នេះទៅ ទើបហៅថា រទេះ បើដូច្នេះ ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ ។ សុភាទន្សាយឲ្យកម្លោះនោះ យកប្រពន្ធមកវិញ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់ លើកដៃសំពះសុភាទន្សាយថា លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងក្មេងកំព្រា – រឿងព្រេងខ្មែរ