រឿងខ្លា ស្វា និងទន្សាយ – រឿងព្រេងខ្មែរ ៖ មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?”។ខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។
ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំដើរស្វែងរកស្ទើរស្លាប់មិនងាយបាន , អានេះអង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាង ” ។ ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត ដើម្បីស្វែងរកបឹង ឬត្រពាំងជាទីស្ងាត់ ហើយដែលមានត្រីច្រើននោះ ។ វាដើរទៅដល់បឹងមួយជាទីស្ងាត់, នៅមាត់បឹងនោះ មានដើមឈើធំៗដុះច្រូងច្រាង ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន ។ ពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះ មុនខ្លាទៅដល់ ។ ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន ដែលរាយនៅឯនាយឆ្ងាយបានស្រួល បុរសនោះរាយសន្ទូចហើយ មិនឈរនៅនឹងដីទេ ទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសម្ងំតែម្នាក់ឯង មិនមាត់កឡើយ ។ ឯខ្លានោះ កាលបានទៅដល់ហើយក៏ដើរផ្លូកចុះផ្លូកឡើង រកដើមឈើនឹងឡើង ធ្វើដូចជាសត្វអក ។ បុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើរ រួចទៅឡើងអង្គុយជ្រហមៗលើចុងឈើ ហើយធ្វើសំឡេងត្រាប់តាមសត្វអកថា អកអូរៗ គាត់មិនហ៊ានមាត់ថាអ្វីទេ ចាំតែមើលហើយគិតថា ខ្លានេះ វាឡើងចុងឈើនៅក្នុងបឹងដូច្នេះ តើវាគិតធ្វើអ្វីអេះ ? ។ យូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះ ស្ទុះលោតប្រូង រួចផុសឡើងវិញឈ្លក់ទឹកឮសូរខក់ៗ ។ បុរសនោះឃើញហើយសើច រួចស្រែកថា ស្លាប់ទៅ ! អាខ្មោច ធ្វើអ្វីដូច្នោះ។ ខ្លាឮមើលទៅឃើញបុរសនៅលើចុងឈើ ក៏មានសេចក្ដីអៀនខ្មាសខ្លាំងណាស់ ស្ទើរនឹងស្លាប់ខ្លួន ព្រោះមិនដែលបង់គំនិតដល់ម្លឹងសោះ រួចខ្លានឹកថា ឥឡូវបុរសនេះឃើញអញតែម្នាក់ឯង បើគាត់ទៅដល់ផ្ទះសមគាត់នឹងនិយាយប្រាប់គេថែមទៀត គេនឹងកាន់តែដឹងច្រើនឡើង កើតមានកេរ្ត៍ឈ្មោះអាក្រក់ណាស់ បើដូច្នោះអញសូកគាត់ កុំនិយាយប្រាប់នរណាតទៅទៀតឡើយ ។ ខ្លាបាននិយាយអង្វរបុរសនោះ ជាពាក្យឱនលំទោនថា ឱ ! អ្នកអើយ ! ខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅ វាមិនបានឯត្រី ទៅបានឯលង់ទឹក ស្ទើរនឹងស្លាប់ ខ្ញុំមានសេចក្ដីខ្មាសអៀនច្រើនណាស់ បើដូច្នោះសុំអ្នកអាណិតខ្ញុំ កុំនិយាយទៅណាមកណាទៅទៀត ខ្ញុំនឹងតបគុណឧបការៈអ្នក ។ បុរសតបវិញថា ខ្លាឯងឲ្យអ្វីអញ “។ ខ្លាថា ” ខ្ញុំសន្យារកសត្វ មួយព្រឹកមួយៗ យកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃ ” ។ បុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លា រួចហើយវិលទៅផ្ទះអាត្មាវិញ, លុះព្រឹកឡើង មកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យា។ ខ្លាក៏ខាំសត្វយកមកឲ្យបុរសនោះ ជាប្រក្រតីមិនហ៊ានខាន ។ កាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មា ច្រើនថ្ងៃពេកណាស់ នាងភរិយាឆ្ងល់ លុះវេលាយប់ក៏សួរដោយស្ងាត់ថា អ្នកឯងធ្វើដូចម្ដេច ក៏បានសត្វរាល់ថ្ងៃម្ល៉េះ ? ម្ដងសត្វនេះម្ដងសត្វនោះ ជ្រូកក៏មាន ក្ដាន់ក៏មាន ឈ្លូសក៏មាន ។ ប្ដីថា អញដាក់អន្ទាក់ ។ ប្រពន្ធថា អន្ទាក់អ្វីក៏បាន មិនដែលខានដូច្នេះ ? អ្នកអើយ ! ប្អូនឲ្យត្រង់ទៅមើល ។ បុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថា ខ្លាកាលណាវានឹងមក ក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុង ។ ប្រពន្ធនោះក៏ជឿ ។ លុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដូចសព្វដង លុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយជ្រហមៗចាំនៅកន្លែងនោះ ។ លុះបុរសដើរទៅដល់ខ្លាប្រាប់ថា អើ ! បុរសឯងមកហើយ អញនៅចាំទេតើ ! អញនិងស៊ីឯង ត្បិតកាលនិយាយគ្នាមុននោះ អញហាមថា កុំឲ្យនិយាយប្រាប់គេតទៅទៀត អញសូកឲ្យសត្វមួយៗរាល់តែថ្ងៃ, ឥឡូវម្ដេចក៏និយាយប្រាប់គេ ? ។
បុរសនោះក៏ភ័យភ្នែកស្លោ ឥតប្រកែកថាអ្វីទេ គ្រាន់តែអង្វរទៅខ្លាវិញថា បងខ្លាឯង ស៊ីក៏ស៊ីចុះ ខ្ញុំមិនប្រកែកទេ បានជានិយាយទៅហើយ តែបើម្ង៉ៃនឹងស្លាប់រស់ ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផង ” ។ ខ្លាក៏ព្រមថា អើ ទៅក៏ទៅចុះ តែឲ្យឆាប់ត្រឡប់មកវិញ អញស្ដោះទឹកមាត់ចាំ តែស្ងួតទឹកមាត់អញតាមទៅស៊ីទាំងប្ដីទាំងប្រពន្ធ, ទុកធ្វើអី មនុស្សនិយាយមិនទៀង ” ។ បុរសនោះក៏នៅទាំងសោកសៅក្នុងចិត្ត ព្រោះតែមាត់មិនជិត បានជាខ្លាវាស៊ី, ទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះ ហើយថា ឥឡូវនៅមិនបានទេ ត្បិតខ្លាវាចាំតែយូរ វានឹងមកស៊ីទាំងអស់គ្នា ” ។ ប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិត ។ ប្ដីក៏លាភរិយាចេញចាកគ្រឹះស្ថាន ដើរមកតាមផ្លូវយំបណ្ដើរផង, ដល់ពាក់កណ្ដាលផ្លូវ ប្រទះនឹងទន្សាយៗសួរថា បុរសឯងដើរទៅណាយំផងដូច្នេះ មានទោសទុក្ខដូចម្ដេច ? ។ បុរសនោះ ថ្លែងឲ្យទន្សាយស្ដាប់សព្វគ្រប់ប្រការតាមហេតុនោះ ។ ទន្សាយឆ្លើយថា ” ឱ ! បើដូច្នោះ ភ័យអ្វី បុរសឯងទៅរកតែចេក១ស្និតមក ទៅខ្លាចអ្វី អាខ្លាកំព្រើលនោះ “។ បុរសនោះត្រេកអរក៏ម្នីម្នារត់ទៅរកបានចេកមួយស្និត ហើយជូនទៅលោកសុភាទន្សាយថា ខ្ញុំជូនលោក ! សុំឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះ តែបន្តិច ខ្លាវាតាមមកស៊ីខ្ញុំហើយ ។ សុភាទន្សាយថា អើ ! អ្នកឯងទៅជាមួយនឹងយើង ចាំមើលខ្លានោះឲ្យជាក់។ រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ ឡើងទៅអង្គុយលើដំបូកនោះ ដើម្បីមើលទៅឲ្យបានឆ្ងាយ ។
ឯខ្លា កាលចាំបុរសនោះយូរពេក ក៏តាមមក ប្រាថ្នានឹងខាំស៊ីទាំងពីរនាក់ ព្រោះខុសសន្យាគ្នាពីរលើកហើយ, វាដើរម្នាក់ឯងតាមផ្លូវ រលេះរលាំងមកដល់ទៀបដំបូក ។ បុរសនោះឃើញ ក៏ប្ដឹងសុភាទន្សាយថា ហ្ន ! មកហើយលោក ។ សុភាទន្សាយប្រាប់ថា កុំមាត់ ! ចាំវាមកជិតសិន ។ ខ្លាដើរមកកាន់តែជិត សុភាទន្សាយពមចេកមួយក្នុងមាត់ ហើយស្រែកគ្រហែមឡើងថា អ៊ែមៗស៊ីខ្លា៥មិនស្កាំផ្ទៃ ស៊ីត្រប់ខាប៉ុនកូនដៃ ស្អាកស្ទើរបែក អ៊ែមៗ ។ ខ្លាឮសម្លេងធំក្រអួនថា ស៊ីខ្លា៥មិនស្កាំផ្ទៃ ក៏ស្ទុះថយក្រោយ ។ សុភាទន្សាយគ្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងផ្ទួនៗ ។ ខ្លាស្ទុះរត់លែងទាំងមើលក្រោយ រត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើ ស្វាឃើញខ្លារត់ស្រែកសួរថា បងខ្លា រត់មានការណ៍អ្វី ? ។ ខ្លាឮហើយឈប់ ឆ្លើយតបទៅវិញ ទេ ! ទេ !វ៉ិអើយ ! អាណាក៏ធំម្ល៉េះ ស៊ីខ្លាដល់ទៅ៥មិនឆ្អែត បានជាអញភ័យ រត់មកក្រែងវាស៊ី។ស្វាសួរថា បងឯងឃើញដែរឬអ្វី ? ។ ខ្លាថា ទេ ! ឮតែមាត់ ។ ស្វាសួរថា មាត់ត្រង់ណា ? ។ ខ្លាតបថានៅបៀតដំបូកឯដើមពង្រនោះណា ។ ស្វាថា ក្រែងបងសុភាទេដឹង ? ចំណាំតែឃើញនៅត្រង់ហ្នឹង ។ ខ្លាតបថា មិនមែនទេ សម្ដីសុភាណាដូច្នោះ ។ ស្វាថា ទេ ! ប្រាកដជាសុភាហើយ , បើដូច្នោះទៅម្ដងទៀតមើល ខ្ញុំជូនទៅ ។ ខ្លាមិនព្រមទៅថា ក្រែងបងស្វាឯងរត់ចោលអញ តែឯងភ័យរត់ឡើងចុងឈើទៅ, នៅតែអញម្នាក់ឯង ស្លាប់អញហើយ ។ ស្វានិយាយម្ដងទៀតថា បើបងឯងខ្លាចខ្ញុំរត់ចោល យើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួច បើបងជាប់នឹងខ្ញុំហើយ ។ ខ្លាថាអើ ! បើដូច្នោះទៅក៏ទៅ កុំរត់ចោលគ្នាវ៉ី ! ។ ខ្លានិងស្វាចងកន្ទុយជាប់គ្នាហើយ ដើរតម្រង់ទៅដំបូកនោះ ។ បុរសនោះឃើញប្ដឹងសុភាទន្សាយទៀតថា លោកអើយ ! មកទៀតហើយម្ដងនេះ មានស្វាមកផង ខ្ញុំខ្លាចណាស់លោក!សុភាទន្សាយថា កុំបារម្ភអ្វី ! នៅមាត់ឲ្យស្ងៀម ចាំវាមកជិតបន្តិច នឹងមើលវា។ សុភាទន្សាយ ក៏ប្រុងបកចេកមួយនឹងពមឲ្យមាំ ។ ដល់មកជិត ស្វាសួរថាត្រង់ណាបងខ្លា ? ។ ខ្លាថា ហ្ន ត្រង់ហ្នឹង, ហ្ន ! មាត់ស្រែកពីត្រង់នោះ ។ សុភាទន្សាយពមចេកនៅក្នុងមាត់ស្រែកថា យើ ! អាស្វាក្រញាំ ជំពាក់បំណុលអញ ៤ – ៥ ឆ្នាំ ដឹកអាខ្លាសំគមមួយឲ្យអញ អ៊ែម ! មើលមាយាទអាស្វានេះ ! ។ ខ្លាឮដូច្នោះ ក៏ស្ទុះរត់ភីងទៅ ស្វាឃាត់ពុំស្ដាប់ ហើយគិតក្នុងចិត្តថា យើអាស្វានេះ វានាំអញមកផាត់បំណុលទេតើ ! ។ ស្វាស្រែកថា បងខ្លា ឈប់សិនៗ ខ្លាក៏មិនព្រម ដោយចូលចិត្តថា ច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេ ហើយរត់ទៅឆ្ងាយ ទាល់តែស្វានោះរណ្ដំនឹងឈើ នឹងដី ស្លាប់ខ្លួនខូចអសារឥតការ ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្តើក – រឿងព្រេងខ្មែរ