Tuesday , December 3 2024

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេងនាយ​ មាន​ព្រះមហាក្សត្រិយ៍​មួយ​ព្រះអង្គ​ សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ​ មាន​អគ្គមហេសី​ ជា​ចមស្រ្តី​ មាន​មន្រ្តី​ចតុស្ដម្ភ​៤​នាក់​ មាន​ហោរា​មួយ​នាក់​ ជា​តំនាង​ព្រះនេត្រ​ ព្រះ​កាណ៌​ព្រះអង្គ​ មាន​មន្រ្តី​និង​ស្រី​ស្នំ​ជា​រាជ​បរិពារ​ ពេញ​កិត្តិយស​ជា​ម្ចាស់​ផែន​ដី​ តាម​ព្រះរាជ​ប្រពៃណី​អំពី​បុរាណ​រៀង​មក ។ ប៉ុន្តែ​ព្រះមហាក្សត្រិយ៍​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ពុំ​បាន​រៀន​វេទមន្ត​ ខាង​ការ​ពិជ័យ​សង្រ្គាម​ ដូច​ព្រះរាជា​មុនៗ​មក​ឡើយ​ ព្រះអង្គ​តែង​ទ្រង់​ព្រួយ​បារម្ភ​នឹង​ព្រះមហា​នគរ​ជា​អនេក ។ ដោយ​ព្រះរាជានុភាព​របស់​ព្រះអង្គ​ ចេះ​តែ​ទន់ទាប​ចុះ​ទ្រង់​ក៏​រំពឹង​ថា << បើ​ប្រសិន​ជា​មាន​សឹក​សត្រូវ​ ចូល​មក​លុកលុយ​ដណ្ដើម​ព្រះ​នគរ​ អញ​មុខ​ជា​ព្រះនគរ​នឹង​បាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បច្ចាមិត្រ​ដោយ​ងាយ​ពុំ​ខាន​ឡើយ ។

ថ្ងៃ​មួយ​ វេលា​ម៉ោង​៨​ព្រឹក​ ព្រះអង្គ​ទ្រង់​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង​ ដោយ​មាន​ព្រះអគ្គមហេសី​គង់​អែប​នែប​ជិត​ព្រះអង្គ​ ហើយ​ដោយ​មាន​ហោរា​ចតុស្ដម្ភ​ទាំង​៤​នាក់​ និង​មន្រ្តី​ឯ​ទៀត​ ក្រាប​បង្គំ​គាល់​តាម​ធម្មតា ។ ពេល​នោះ​ទ្រង់​ភ្នក​ព្រះទ័យ​ ចង់​ទៅ​រៀន​សិល្បសាស្រ្ត​ក្នុង​សំណាក់​អាចារ្យទិសាបាមោក្ខ​ ឯ​នគរ​តក្កសិលា ។ ទ្រង់​ក៏​ជំនុំ​ជាមួយ​ព្រះអគ្គមហេសី​ ក៏​សុំ​តាម​ទៅ​ផង ។ ឯ​ហោរា​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ក៏​សុំ​តាម​ហែ​ព្រះអង្គ​ទៅ​ដែរ​ ដើម្បី​នឹង​រៀន​មន្ត​វិជ្ជា​ឲ្យ​ជំនាញ​ ដើម្បី​រក្សា​ព្រះ​នគរ ។ ព្រះអង្គ​ក៏​ទ្រង់​ព្រះរាជានុញ្ញាត ។ ជំនុំ​ស្រេច​ហើយ​ មាន​ថ្ងៃ​មួយ​ព្រះអង្គ​នាំ​អគ្គមហេសី​ ហោរា​ និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ចេញ​ចាក​ព្រះនគរ ។ គម្រប់​៧​ថ្ងៃ​ ដល់​នគរ​តក្តសិលា​ បាន​ជួប​នឹង​អាចារ្យ​ទិសាបាមោក្ខ​ ក៏​សុំ​រៀន​សិល្ប​វេទ ។ អាចារ្យ​ទិសាបាមោក្ខ​ទទួល​ភារៈ​បង្រៀន​ព្រះអង្គ ។ ព្រះអគ្គមហេសី​ និង​ហោរា​ព្រម​ទាំង​ចតុស្ដម្ភ​បាន​រៀន​ចេះ​ចប់​សព្វគ្រប់​​ទោះ​នឹង​ចង់​ក្លែង​ខ្លួន​ជា​សត្វ​តិរច្ឆាន​ ឬ​ជា​យក្ស​គន្ធព្វសុបណ្ណា​ ក៏​បាន​ដោយ​ងាយ ។ រៀន​ចេះ​ចប់​ស្រេច​ ស្ដេច​សុំ​លា​លោក​អាចារ្យ​ វិល​ត្រឡប់​មក​ព្រះនគរ​វិញ ។ អាចារ្យ​ក៏​អនុញ្ញាតិ​ព្រះរាជា​ និង​ព្រះអគ្គមហេសី​បាន​ធ្វើ​ព្រះរាជ​ដំណើរ​ ត្រឡប់​មក​វិញ​ ព្រម​ដោយ​ហោរា​ នូវ​ចតុស្ដម្ភ​ទាំង​បួន​នាក់ ។ ទ្រង់​ចេញ​ចាក​ក្រុង​តក្កសិលា​មក​បាន​៣​ថ្ងៃ​ ហេតុ​តែ​ផលកម្ម​នាំ​ឲ្យ​វង្វេង​ផ្លូវ​ ទ្រង់​យាង​ត្រាច់​កាត់​ព្រៃ​ អស់​ស្បៀង​អាហារ​ សោយ​តែ​មើម​ឈើ​ និង​ផ្លែ​ឈើ ។ ព្រះរាជា​ទ្រង់​ស្ដាយ​ព្រះជន្ម​ ទ្រង់​ក៏​ជំនុំ​គិត​ជាមួយ​ហោរា​ ចតុស្ដម្ភ​ទាំង​៤​នាក់​ព្រម​ទាំង​ព្រះអគ្គមហេសី​ថា << ឥឡូវ​នេះ​ យើង​ជិត​ដល់​នូវ​ការ​អស់​អាយុ​សង្ខារ​គ្រប់​គ្នា​ហើយ​ ព្រោះ​គ្មាន​អាហារ​នឹង​ចិញ្ចឹម​ជីវិត​ តើ​អស់​លោក​យល់​ឃើញ​ដូចម្ដេច ? ។ ហោរា​ទូល​ព្រះ​អង្គ​ថា << ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ យល់​ឃើញ​ថា​មន្ត​វិជ្ជា​ដែល​យើង​បាន​រៀន​មក​ សឹង​ចេះ​សព្វ​គ្រប់​ដូច​គ្នា​ ហេតុនេះ​ បើ​កាឡា​ខ្លួន​ជា​សត្វ​ខ្លា​ធំ​ ហើយ​នឹង​ចាប់​សត្វ​ឯ​ទៀត​​ធ្វើ​ជា​អាហារ​ទំរាំ​តែ​ទៅ​ដល់​ព្រះ​នគរ​ សឹម​កាឡា​ខ្លួន​ជា​មនុស្ស​វិញ​ក៏​បាន ។ ព្រះរាជា​ ព្រះ​មហេសី​នូវ​ចតុស្ដម្ភ​ ក៏​ព្រម​តាម​ហោរា ។ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា << ឥឡូវ​រូប​ខ្លា​ទាំង​មូល​នេះ​ លោក​ណា​ត្រូវ​កាឡា​ខ្លួន​ធ្វើ​ជា​អ្វី ? ។ ចតុស្ដម្ភ​សុំ​ធ្វើ​ជា​ជើង​ខ្លា​ទាំង​បួន ។ ហោរា​សុំ​ធ្វើ​ជា​កន្ទុយ ។ ព្រះ​អគ្គមហេសី​សុំ​ធ្វើ​ជា​ខ្លួន​ខ្លា ។ រូប​ខ្លា​ទាំង​មូល​នេះ​ឃើញ​នៅ​សល់​តែ​ក្បាល​ គឺ​តួ​ព្រះមហាក្សត្រិយ៍ ។ ជំនុំ​រួច​ស្រេច​ក៏​សូត្រ​មន្ត​វិជ្ជា​កាឡា​ខ្លួន​កើត​ជា​ព្យគ្ឃរាជ ( ស្ដេច​ខ្លា) បាន​ដូច​សេចក្ដី​ប្រាថ្នា​ ស្ទុះ​បោល​ដេញ​ចាប់​សត្វ​ប្រើស​ ក្ដាន់​ជា​អាហារ ។ លុះ​អំឡុង​ទៅ​ ក៏​កើត​មាន​សេចក្ដី​សប្បាយ​ ភ្លេច​រាជ​សម្បត្តិ​ និង​ព្រះ​មហានគរ​ពុំ​ស្ដាយ​សោះ ។

ហេតុ​នេះ​ បាន​ជា​សត្វ​ខ្លា​ មាន​កម្លាំង​ជាង​សត្វ​ឯ​ទៀត​ ហើយ​សត្វ​ខ្លា​នេះ​ កាល​នឹង​ចាប់​សត្វ​ជា​អាហារ​ គឺ​ដឹង​ដោយ​សារ​កន្ទុយ​ជា​មុន​​ព្រោះ​ជា​ហោរា ។ ដង​ខ្លួន​ដែល​ទន់​ភ្លន់​គឺ​ព្រះ​អគ្គមហេសី​ជា​ស្រ្តី​ភាព ។ ឯ​ក្បាល​ដែល​មើល​ឃើញ​សម្បើម​អស្ចារ្យ​ គឺ​តួ​អង្គ​ព្រះមហាក្សត្រិយ៍​ ដែល​មាន​មហិទ្ធិឫទ្ធិ​ជាង​គេ​ទាំងអស់ ។ ឯ​ជើង​ទាំង​៤​ ដែល​មាន​កម្លាំង​ខ្លាំង​ ហើយ​មាន​ក្រចក​មុត​ គឺ​ចតុស្ដម្ភ​ទាំង​៤ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *