Thursday , November 21 2024

រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ

រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា ចៅ​អើយ​ ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ​ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ​ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា ឱ ! តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ​ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ? ។ ឱ ! ចៅ​អើយ ! តា​យាយ​ ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន ។ បុរស​ទាំង​៤​នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល​ ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ​ តា​ចាស់​ដូន​ចាស់​នោះ​ ឲ្យ​បាន​ដោយ​ងាយ​ថា យើង​ខ្ញុំ​ទាំង​៤​នាក់​នេះ​ ចេះ​ខ្លះ​ដែរ​ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​ គាត់​និទាន​ប្រាប់, តែ​រឿង​នេះ​ បើ​និយាយ​ទៅ​កាលណា​ តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន ។ តា​យាយ​ ក៏​ព្រម​ព្រៀង​ឲ្យ​បុរស​ទាំង​៤​នាក់​នោះ​ និយាយ ។

បុរស​ទី​១​ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន​៣​ខែ​ ម្ដាយ​ខ្ញុំ​ គាត់​ចង់​ពិសា​ផ្លែ​ធុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ​ ដើម​វា​ មាន​កំពស់​ប្រហែល​៨​ព្យាម​ ហើយ​មាន​ផ្លែ​តែ​មួយ​ផង​ គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច​ នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា​ គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​ តាម​ទ្វារ​មាស​ ទៅ​ឡើង​បេះ​ធុរេន​នោះ​ យក​មក​ជូន​គាត់​ពិសា, រួចស្រេច​ ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ។

បុរស​ទី​២​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​ បាន​ចំនួន​៦​ខែ​ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ​ ចម្ការ​ ច្បារ​ដំណាំ​ពេក​ ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក​ នៅ​ធ្វើ​ស្រែ​ចម្ការ​ ឃ្វាល​គោ​ ក្របី​ ដណ្ដាំ​បាយ​ ដង​ទឹក​ ជំនួស​គាត់​ ពី​ព្រឹក​ព្រហាម​ លុះ​ល្ងាច, អស់​ការ​ធ្វើ​ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ជា​រៀង​រាប​ដរាប​មក ។

បុរស​ទី​៣​ថា ឱ ! តា​យាយ​អើយ​ ខ្លួន​ខ្ញុំ​នេះ​ ជា​ទេវបុត្រ​ ច្បុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់​ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ​ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់​ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ ។

បុរស​ទី​៤​ថា : ខ្លួន​ខ្ញុំ​នេះ​ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក​ ខ្ញុំ​រក្សា​សីល​៥​ ចាំ​សីល​៨​ តែ​សីល​ខ្ញុំ​ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា​ ជក់​អាភៀន​ សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅៗ​ កើត​ជា​ទេវតា​ សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។

បុរស​ទាំង​៤​នាក់​នោះ​ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ​ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា រឿង​ខ្ញុំ​និទាន​ជំរាប​ទាំង​ប៉ុន្មាន​នេះ​ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ​ ឆ្លើយ​តប​ទៅ​វិញ​ថា រឿង​នោះ​តា​យាយ​ ជឿ​ហើយ​ចៅ ! ។ តែ​ក្នុង​គំនិត​គាត់​ទាំង​២​នាក់​ គិត​ឃើញ​ជា​ស្រេច​ថា បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ ។

ដល់​បុរស​ទាំង​៤​នាក់​នោះ​ ទាល់​ប្រាជ្ញា​ ក៏​ឲ្យ​តា​នោះ​ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ​ គាត់​បាន​សន្យា​ដូច​បុរស​ទាំង​៤​នាក់​នោះ​ដែរ , លុះ​ព្រម​ព្រៀង​ទាំង​អស់​គ្នា​ ទើប​តា​ចាស់​និយាយ ។

តា​ថា ឱ ! ចៅ​អើយ ! កាល​តា​និយាយ​ មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន​ ៥ – ៦ ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស​ ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង​៤​នាក់​នេះ​បាន , តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ​ កប្បាស​មិន​ផ្លែ​សោះ​ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ​ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ​ ឃើញ​ដើម​កប្បាស​១​ដើម​ ទំហំ​ប៉ុន​ដើម​ត្នោត​ មាន​ផ្លែ​មួយ​ធំ​ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​មក​មើល​ ឃើញ​មាន​គ្រាប់​៤​ ក្នុង​មួយ​គ្រាប់ៗ​ មាន​កុមារ​ម្នាក់ៗ​ គ្រប់​គ្រាប់​ទាំង​៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង​៤​នាក់​នោះ​ ធំ​វេលា​ណា​ឡើង​ ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង​៤​នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។

បុរស​ទាំង​៤​នាក់​ ភិត​ភ័យ​ខ្លាំង​ ក៏​នាម​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់​ ដូន​ចាស់​វិញ​ថា មិន​មែន​ទេ ។ តា​យាយ​សួរ​ទៅ​វិញ​ថា ហេតុ​អ្វី​ ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ​ នុះ​ឃើញ​ថា​​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ​ ត្រូវ​ចៅ​ទាំង​៤​នាក់​ មក​នៅ​បម្រើ​តា​ ទើប​ត្រូវ​នឹង​ពាក្យ​សន្យា ។ បុរស​កុហក​៤​នាក់​ គេច​មិន​រួច​ ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ – រឿងព្រេងខ្មែរ

រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *