រឿងអ្នកនេសាទដូងទិព្វ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាក បុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិង កូនចំនួន១២នាក់។ ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្ដទៅយ៉ាងលំបាកដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់ ហើយដោយផលនេសាទពុំសូវហុចផលអោយផងនោះ ជីវភាពគ្រួសារគាត់ចេះដុនដាបទៅដុនដាបទៅជាលំដាប់។
ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះ ពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរុករកចាប់ត្រី តែសូម្បីតែកូនត្រីមួយគាត់ក៏រកមិនបានផងគាត់មានការភ័យព្រួយជាខ្លាំងព្រោះគាត់មិនអាចត្រលប់ទៅផ្ទះដោយដៃទទេនោះបានទេ ប្រពន្ធកំណាចរបស់គាត់មុខជាជេរស្ដីបន្ទោសគាត់ ហើយកូនទាំង១២នាក់ច្បាស់ជាយំទាររកអាហារដោយស្រេកឃ្លាន។ គាត់ពិបាកចិត្ដជាខ្លាំងដកដង្ហើមវែងៗដោយអស់សង្ឃឹម។ នៅឯនាយសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឿងៗហៀបអស្ដង្គតទៅហើយ គាត់ពុំហ៊ានដើរចូលទៅលំនៅស្ថានឡើយ។ គាត់អង្គុយនៅគល់ដូងមួយនាមាត់សមុទ្រដោយទឹកមុខក្រៀមក្រោះ គាត់ខំរិះរកឧបាយដើម្បីដោះស្រាយបញ្ហាជីវិត ដែលហាក់ដូចជាសែនចង្អៀតចំពោះរូបគាត់ណាស់បុរសយើងរកពុំឃើញកលណាមួយសោះ គិតៗទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគជាំ គាត់ស្រែកទ្រហ៊ោរយំ…..ស្រែកយំទាស់តែលង់លក់ទៅដោយឥតដឹងខ្លួន!។
រំពេចនោះ ស្រាប់តែមានសំនើចអាថិកំបាំងមួយលាន់ខ្ទ័របន្លឺឡើង «ហា៎!ហ៎ា!..ហា៎!..ហ៎ា! នែអ្នក!អ្នកឯងក្រណាស់ចូរប្រញាប់ក្រោកឡើងហើយត្រលប់ទៅផ្ទះទៅ»។ បុរសភ្ញាក់ឡើងឃើញតាចាស់ម្នាក់សក់ស្កូវព្រោង រយៃរយ៉ៃប្រកបដោយទឹកមុខម៉ើងម៉ាត់ បុរសកំសត់យើងភ្លាត់មាត់ដោយអំណរពោលទៅកាន់តាចាស់ថា «សូមលោកម្ចាស់ជួយខ្ញុំផង»។
អើ! ចូរឯងយកផ្លែដូងទិព្វបីនេះចុះ តែត្រូវចាំថាកាលបើឯងប្រាថ្នាចង់បានអ្វីហើយចូរឯងកាប់បំបែកដូងមួយនេះទៅ។កាលបើធ្វើដូចនេះឯងនឹងបានសំរេចដូចសេចក្ដីប៉ងប្រាថ្នាមិនខានឡើយ។ ដូចនេះក្នុងចំនួនផ្លែដូងទាំងបី ឯងអាចប្រាថ្នាបានបីយ៉ាង ចូរឯងយកវាទៅប្រើចុះ។ តាចាស់ស្ដីចប់ក៏រលាយអន្ដរធានបាត់ទៅ។
អ្នកនេសាទត្រេកអរណាស់ គាត់ក្រោកយួរផ្លែដូងទាំងបីធ្វើដំនើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយជាពន់ពេក។ ទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់បានឃើញផ្លែដូចទិព្វទាំងបីនោះពុំមាននរណាពេញចិត្ដឡើយ ប្រពន្ធក៏ផ្ដើមស្រដីថា តាប៉ិ!. យកផ្លែដូងមកធ្វើអី អញមិនស៊ីដូងទេ កូនទាំង១២នាក់ក៏ជួយស្រែបន្ទរ។ លឺដូចនោះបុរសកំសត់ក៏ដាក់ផ្លែដូងចុះ ហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថា៖
ឯងមិនដឹងទេ?!.. ដូងនេះជាដូងទិព្វណា ឯងចង់លមើលរឺ?
នែ! តាប៉ិ.. កុំអួតតែផ្ដាស! មើលល្បងទៅហ៎ក! ប្រាថ្នាសុំកូនបានបួនដប់អ្នកទៀតមើល៌!
បុរសជាប្ដីក៏ចង់ល្បងប្រសិទ្ធិភាពដូងទិព្វគាត់ដែរ។ សឹងតែភរិយាស្ដីចប់ពុំទាន់ គាត់ក៏កាប់បំបែកដូងទីមួយភ្លាម។ កូនក្មេង១០នាក់ទៀតក៏ប្រាកដឡើងភ្លាមចំពោះគាត់ គាត់ញីភ្នែកសំលឹងមើលទៅហ្វូងក្មេងដោយឆ្ងល់ផងភ័យផង គាត់ភ័យព្រោះបើថែមកូនដប់នាក់ទៀតគាត់នឹងមានឣ្វីចិញ្ចឹមវា? ដូចនេះគាត់ក៏បបួលប្រពន្ធគាត់កាប់ដូងដើម្បីប្រាថ្នាសុំអោយ កូនទាំងអស់នោះត្រលប់ទៅវិញ គាត់ក៏ពោលថា «សូមអោយកូនទាំងអស់នេះត្រលប់ទៅវិញចុះ យើងខ្ញុំមិនមានអ្វីចិញ្ចឹមវាទេ ថាហើយក៏កាប់បំបែកដូងទីពីរទៅ។ កុមារាកុមារីទាំងអស់រួមទាំងកូនផ្ទល់របស់គាត់ផងក៏រលាយអន្ដរធានបាត់ស្រមោលអស់ទៅហោង។
ឃើញយ៉ាងនេះប្រពន្ធស្រែកទ្រហ៊ោរយំយ៉ាងខ្លាំងព្រោះនឹកស្ដាយកូន គាត់យំរំអុកសុំអោយប្ដីយកកូនមកវិញ។ បុរសប្ដីទល់គំនិត ក៏កាប់ដូងទីបីបង្ហើយប្រាថ្នាសុំយកកូនមកវិញ គាត់ក៏បានសំរេចដូចសេចក្ដីប្រាថ្នា បុរសប្ដីប្រពន្ធធ្វើមុខស្ងួតដោយដូងទិព្វពុំបានជួយអ្វីជាប្រយោជន៍អោយគាត់ឡើយ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងស្រីស្មោះត្រង់នឹងស្វាមី – រឿងព្រេងខ្មែរ