និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំរាមុខដឹង កុំទទឹងមុខទ័ព ៖ កុំនៅពីមុខអ្នកមានអំណាចខ្លាំង ។
អត្ថាធិប្បាយ កុំរាមុខដឹង កុំទទឹងមុខទ័ព
«ដឹង» គឺជាឧបករណ៍ម្យ៉ាងសម្រាប់ចាំងឈើ ។ វាមានផ្លែរាងដូចពូថៅ តែផ្លែវានៅទទឹងដង និងមានកន្ទុយវែងឡើងលើសម្រាប់ជាជំនួយធ្វើឲ្យមានលំនឹង មិនផ្លាតទៅឆ្វេងទៅស្ដាំផង និងជួយយោលយោគនៅពេលចាំងផង ។
កុំរាមុខដឹង
នៅពេលគេកំពុងចាំងឈើ គេមិនត្រូវទៅនៅពីមុខដឹងឡើយ ព្រោះផ្លែវាអាចរង្គោះខ្ទាតចេញ នាំឲ្យមានគ្រោះថ្នាក់បង្ករបួសស្នាមជាទម្ងន់ ។ ម្យ៉ាងទៀត អ្នកចាំងពុំសូវបានមើលអ្វីក្រៅពីចំណុចដែលត្រូវដាក់ផ្លែដឹង ដើម្បីចាំងនោះទេ ។
កុំទទឹងមុខទ័ព
កាលដើមឡើយ ចាស់ៗតែងនិយាយប្រាប់កូនចៅថា ពេលស្រុកមានអសន្តិសុខ ក្បួនទ័ពត្រូវធ្វើដំណើរទៅសមរភូមិដោយថ្មើរជើង ។ ពេលកំពុងយាត្រាដូច្នេះ ចាស់ៗតែងចាប់កូនចាប់ចៅ ដោយខ្លាចក្រែងវារត់កាត់មុខទ័ព ព្រោះកាលជំនាន់នោះ កាលណាមានក្បួនយាត្រាទ័ព អ្នកស្រុកប្រយ័ត្នណាស់ ជាពិសេសមិនអាចស្ត្រីមានផ្ទៃពោះដើរកាត់មុខទ័ពទេ ព្រោះគេប្រកាន់ថា វានឹងនាំមកភាពបរាជ័យ ។ ដូច្នេះ គេត្រូវតែប្រហារជីវិតចោល ។
នៅពេលស្រុកជឿនលឿន ក្បួនយាត្រាទ័ព គេធ្វើតាមរថយន្ត ប៉ុន្តែយាត្រាទ័ពក៏នៅតែមានអាជ្ញាសឹកពិសេសដដែល ព្រោះទ័ពនេះហើយជាអ្នកការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ៕
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំទុំមុនស្រគាល – សុភាសិតខ្មែរអធិប្បាយ