អាណាចក្រនគរភ្នំ ឬ ហ្វ៊ូនណន ៖ ទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម ហើយនិងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវពួកខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ ឯកសារចិន របស់ លោក កាំង ថៃ ដែលបានមកទស្សនានគរភ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្នំ។ ហេតុដែលបណ្ដាលអោយព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើដំណើរមកកាន់នគរភ្នំ នេះ ព្រោះយប់មួយព្រះបាទ ហ៊ុន ទៀន បានយល់សប្ដិឃើញថា ទេវតាដែលបីបាច់ថែរក្សាព្រះអង្គ បានធ្វើអំណោយធ្នូទិព្វមួយដល់ព្រះអង្គ ហើយបញ្ជាអោយព្រះអង្គឡើងជិះសំពៅដ៏ធំមួយ។ លោក កាំង ថៃ បន្តថា លុះព្រឹកឡើង ព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថាន ដើម្បីធ្វើសក្ការបូជា ស្រាប់តែបានឃើញធ្នូទិព្វនោះដូចសុបិន្ដមែន។ ដោយសុបិន្ដឆុតដូច្នេះ ព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រ ទៅកាន់អាណាចក្រភ្នំតាមការណែនាំរបស់ទេវតាក្នុងការយល់សប្ដិនោះ។
មកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បានពើបប្រយុទ្ធជាមួយរាជធានីនៃរដ្ឋនេះ ដែល លោក កាំង ថៃ ថាមានព្រះនាមថា ព្រះនាង លីវយី។ ព្រះនាង លីវយី ដែលបាននាំកម្លាំងទ័ពមកវាយលុកលើសំពៅព្រះបាទ ហ៊ុន ទៀន មុន។ ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលបានជ័យជម្នះលើព្រះនាង លីវយី ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងអោយធ្លាយពីម្ខាងទៅម្ខាង។ ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លីវយី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសី តាំងពីពេលនោះមក។
ប្រភពមួយទៀតដែលរៀបរាប់ពីព្រឹត្តិការណ៍នេះដែរ គឺសិលាចារិកចាម នៅមីសឺន (គ្រិស្ដសករាជ ៦៥៨) បានអោយយើងដឹងថា ព្រះបាទ ហ៊ុន ទៀន ដែលចិន ហៅនោះឈ្មោះ កៅណ្ឌិន្យ ឯព្រះនាង លីវយី វិញ គឺព្រះនាង សោមាកូនព្រះច័ន្ទ។ ឯខាងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជា វិញ បានហៅព្រះនាមស្ដេចនោះថា ព្រះថោង និងនាងនាគ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលទំនៀមទម្លាប់ប្រពៃណីជាច្រើន អោយជីវភាពសង្គមខ្មែររហូតមកដល់សព្វថ្ងៃនេះ។
ដូច្នេះ រួមសេចក្តីមក គឺព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬ ព្រះថោង និងព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាងនាគ នេះហើយ ដែលជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរជាដំបូងគេបង្អស់នោះ។ ម៉្យាងទៀត គឺពេលនោះហើយដែលព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែលជាជាតិឥណ្ឌា បាននាំយកនូវទំនៀមទម្លាប់ប្រពៃណីផ្សេងៗពីប្រទេសឥណ្ឌា មានសាសនា ភាសា អ្នកប្រាជ្ញអក្សរសាស្ត្រ ច្បាប់ទម្លាប់ផ្សេងៗ ពិសេស គឺរបៀបរៀបចំ ឬគំនិតដឹកនាំប្រទេសតាមបែបរាជាធិបតេយ្យមកបន្ថែមអោយ ឬបញ្ចូលគ្នានឹងអ្វីៗដែលសង្គមខ្មែរមានរួចទៅហើយ ដូចជាជំនឿលើព្រលឹងដូនតា គោរពមេបា អារក្ខអ្នកតា និងលទ្ធិមាតាធិបតេយ្យយកមេជាធំ ដែលជាហេតុធ្វើអោយសង្គមខ្មែរក្នុងសម័យនោះមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។
ចំពោះឈ្មោះនគរ វិញ គឺប្រហែលពីពេលនោះមកហើយដែលមានឈ្មោះថា នគរភ្នំ ព្រោះតាមឯកសារចិន បាននិយាយច្បាស់ថា អធិរាជអាណាចក្រភ្នំមានឋានន្តរនាមថា គូឡុង គឺក្រុងដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ ម៉្យាងទៀត តាមការនិយមរបស់ជនជាតិចិន គេច្រើនប្រើឈ្មោះ ឬពាក្យតែមួយសម្រាប់សម្គាល់ប្រទេសផង ប្រជារាស្ត្រផង រាជធានីផង ឬក៏ឋានន្តរនាមរបស់អ្នកដឹកនាំផង។ ដូច្នេះ ពាក្យ ហ្វូណន ចិន ប្រហែលជាហៅតាមឋានន្តរនាមព្រះចៅអធិរាជ គឺកុរុងវ្នំ ហើយ ហ្វូណន គឺជាសំនៀងចិន នៃពាក្យវ្នំ ឬភ្នំរបស់ខ្មែរនេះឯង។ ឯការដែលអធិរាជអាណាចក្រភ្នំមានឋានន្តរនាមក្រុងវ្នំដូច្នេះ គឺប្រហែលជាមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនិងព្រះឥសូរ។ ឯកសារចិន បានរៀបរាប់ថា ព្រះអាទិទេពយាងចុះពីលើភ្នំម៉តាន់ ជាញឹកញាប់ ព្រះអង្គបានយកទីនោះដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។ ព្រះចៅអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចម្រើន ដោយសារសកម្មភាពនោះផងដែរ។
ចំណែកខាងរាជធានីនៃអាណាចក្រនគរភ្នំវិញ មានឈ្មោះថា វ្យាធៈបុរៈ ប្រហែលស្ថិតនៅម្តុំបាភ្នំ មានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីសមុទ្រ។
ការបង្កើតរាជវង្សដំបូង
អ្នកស្នងរាជ្យតពីព្រះបាទ កៅណ្ឌិន្យ គឺជាកូនចៅរបស់ព្រះអង្គ ក្នុងនោះមានព្រះបាទ ហ៊ុន ផានហួង ដែលជាព្រះរាជាមួយអង្គខ្លាំងពូកែ មានកលល្បិចក្នុងការធ្វើសង្គ្រាមពង្រឹងអំណាចកណ្ដាល ហើយវាយពង្រីកអាណាចក្រអោយធំទូលាយ។ ស្ដេចអង្គនេះសោយទិវង្គតក្នុងព្រះជន្ម ៩០ព្រះវស្សា នៅដើមសតវត្សទី៣នៃគ្រិស្ដសករាជ។ ព្រះរាជបុត្ររបស់ព្រះអង្គដែលអ្នកនិពន្ធចិន ថាមានព្រះនាម ប៉ាន-ប៉ាន (Phan-Phan) ត្រូវជ្រើសតាំងអោយឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ប៉ុន្តែ ព្រះរាជាអង្គថ្មីនេះ បានប្រគល់កិច្ចការរដ្ឋទាំងអស់ទៅអោយមេទ័ពម្នាក់ឈ្មោះ ស្រីមារៈ មើលកិច្ចការជំនួស។ ព្រះអង្គសោយរាជ្យបានតែបីឆ្នាំក៏សុគតទៅ។ ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ជ្រើសមេទ័ព ស្រីមារៈ អោយឡើងសោយរាជ្យ។
ជាទូទៅ ព្រះរាជាខ្មែរតែងតែមានព្រះនាមបី គឺ៖
១. ព្រះនាមកំណើត
២. ព្រះនាមគ្រងរាជ្យ
៣. ព្រះមរណនាម គឺជាព្រះនាមពេលដែលព្រះអង្គសុគតទៅ។
ព្រះអង្គ ស្រីមារៈ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម “វរ្ម័ន” ដែលមានន័យថា អ្នកការពារ មកប្រើដំបូងគេបង្អស់ ហើយព្រះនាមវរ្ម័ននេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត លុះត្រាដល់ពេលដែលបដិវត្តន៍នយោបាយ និងសាសនារបស់នាយត្រសក់ផ្អែម កើតមានឡើង។
ព្រះបាទ ស្រីមារៈ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម “កម្ពុជាក្រោមសព្វថ្ងៃ” លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង ជ្រោយម៉ាឡាយូ ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះឈូងសមុទ្របឹងហ្គាល និងឈូងសមុទ្រសៀម។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេសម៉ាឡេស៊ី។
ក្មួយរបស់ព្រះអង្គព្រះនាម ហ្វានឆាន ដែលប្រហែលជាមានព្រះនាមក្នុងរាជ្យថា ធរណិន្ទ្រវរ្ម័ន បានជ្រែករាជ្យដោយបានធ្វើគត់រាជទាយាទ គឺព្រះរាជបុត្រច្បងរបស់ព្រះបាទ ស្រីមារៈ ហើយឡើងសោយរាជ្យ។ ព្រះអង្គសោយរាជ្យបានរយៈពេល ២០ឆ្នាំ។
នៅក្នុងរាជ្យរបស់ព្រះអង្គ ព្រះអង្គបានរឹតចំណងការទូតជាមួយនឹងរាជវង្សឥណ្ឌា មុរុណ្ឌ។ នៅឆ្នាំ២៤៣ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន ដើម្បីនាំដង្វាយជាអ្នកភ្លេង និងផលិតផលផ្សេងៗ ទៅថ្វាយស្ដេចក្រុងចិន។ គឺនៅក្នុងរាជ្យព្រះអង្គ ហ្វានឆាន នេះហើយ ដែលគេបានសាងសិលាចារិកខ្មែរ ដែលចាស់ជាងគេជាភាសាសំស្ក្រឹត ក្នុងដែនសាមន្តរដ្ឋមួយរបស់អាណាចក្រនគរភ្នំ។ សិលាចារិកនេះ ត្រូវបានគេរកឃើញនៅរមណីយដ្ឋាន “វ៉ូកាញ់” ក្នុងតំបន់ញ៉ាត្រាង ប្រទេសវៀតណាម សព្វថ្ងៃនេះ។
ប្រហែលនៅក្នុងឆ្នាំ២៥០ ព្រះអង្គ ហ្វានឆាន ត្រូវធ្វើគត់ដោយព្រះរាជបុត្រពៅរបស់ព្រះបាទ ស្រីមារៈ ដោយយកលេសថាសងសឹក។ មេទ័ពម្នាក់របស់ព្រះអង្គ ហ្វានឆាន មានឈ្មោះថា អាសុចៃ ដែលតាមឯកសារចិន ថាឈ្មោះ ស៊ីយុនហ្វាន់ស៊ីយុន បានធ្វើគត់រាជទាយាទ គឺព្រះរាជបុត្រពៅរបស់ព្រះបាទ ស្រីមារៈ ហើយប្រកាសខ្លួនឡើងសោយរាជ្យជា “កុរុងវ្នំ”។
ព្រះបាទ ហ្វាន់ស៊ីយុន ជាព្រះរាជាដែលស្រឡាញ់សន្តិភាព ទ្រង់យកព្រះទ័យទុកដាក់នឹងព្រះរាជភារកិច្ចរបស់ព្រះអង្គយ៉ាងខ្លាំង។ ដើម្បីរក្សាកិត្យានុភាព ព្រះអង្គបានប្រើប្រាស់ការទូតច្រើនជាងកម្លាំងទ័ព។ ព្រះអង្គទ្រង់រក្សាចំណងទាក់ទងជាប្រក្រតីជាមួយព្រះរាជវាំង មុរុណ្ឌ នៃប្រទេសឥណ្ឌា។ ពីឆ្នាំ២៦៨ ដល់ឆ្នាំ២៨៧ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន។ ក្រៅពីនោះ ជាមួយនឹងអាណាចក្រចំប៉ា ដែលស្ថិតនៅភាគខាងកើតនគរភ្នំ ព្រះអង្គបានរឹតចំណងទាក់ទងយ៉ាងជិតស្និទ្ធបំផុត រហូតដល់គេអាចជឿបានថា ប្រហែលជាព្រះអង្គបានពង្រីកអធិរាជភាពរបស់ព្រះអង្គលើប្រទេសចំប៉ា នោះ ថែមទៀតផង៕
អត្ថបទពេញនិយមបន្ទាប់ ៖ សម័យសង្គមរាស្រ្តនិយម