ស្រណោះគ្រាដើម – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ស្រណោះគ្រាដើម – កំណាព្យខ្មែរ | ||
១ | ដើមឡើយធម្មជាតិស្រស់ត្រកាល | វិសេសវិសាលត្រជាក់ចិត្ត |
រុក្ខជាតិបៃតងក្រាលប្រណីត | សោភ័ណដាមដិតស្អិតនេត្រា ។ | |
២ | វាលស្រែដើមស្រូវគួរគយគន់ | បក់ស្លឹកទោទន់រីកស្រស់ថ្លា |
ត្នោតឈរអួតរាងយ៉ាងសង្ហា | ខ្ពស់ទាបត្រៀបត្រាតាមភ្លឺស្រែ ។ | |
៣ | ដើមឈើតូចធំច្រើនក្រាស់ក្រៃ | ញឹកដូចម្រាមដៃដុះហូហែ |
មានច្បាប់ក្រឹត្យក្រមដោតដាំថែ | បរទេសផងដែរជញ្ចក់មាត់ ។ | |
៤ | អនិច្ចាឥឡូវសែនស្រណោះ | អ្វីៗទាំងអស់មិនប្រាកដ |
ទឹកដីប្រែប្រួលជ្រួលបែនបត់ | ធ្លាក់ខ្លួនកំសត់សោះកក្រោះ ។ | |
៥ | ព្រៃឈើរលាយបាត់សំណើម | ដែលធ្លាប់ជួយផ្ដើមជីវិតរស់ |
ត្នោតកេរ្ដិ៍ដូនតាក៏រលស់ | ចិត្តនឹកស្រណោះគ្រាកន្លង ៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ ផ្កាយនិងព្រះចន្រ្ទ – កំណាព្យខ្មែរ