Thursday , November 21 2024

សណ្ឋានដីកម្ពុជា

សណ្ឋានដីកម្ពុជា ៖ កម្ពុជាគឺជាប្រទេសមួយដែលស្ថិតនៅភាគខាត្បូងនៃទី្វបអាស៊ី ដែលមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម ប្រទេសថៃ ប្រទេសឡាវ​ និងឈូងសមុទ្រប្រទេសថៃ។ កម្ពុជាមានផ្ទៃដីលាតសន្ធឹងចំនួន ១៨១ ០៣៥គីឡូម៉ែតការេ ហើយស្ថិតនៅតំបន់ត្រូពិច។ តំបន់ភាគច្រើននៃប្រទេសកម្ពុជាមានទំហំធំធេងណាស់ ហើយនៅចំកណា្ដលមាន ទន្លេសាប់និងទន្លេមេគង្គ។

ឆ្នេរសមុទ្រកម្ពុជាមានប្រវែង៤៤០គីឡូម៉ែត លាតសន្ធឹងពីចាំយាម (ព្រំដែនថៃ) ដល់ហាទៀង (ព្រំដែនវៀតណាម) មានលក្ខណៈរឆេចរឆូច ប្រកបដោយឆ្នេរថ្ម ឆ្នេរខ្សាច់ និងឆ្នេរភក់។  ឈូងសមុទ្រប្រទេសកម្ពុជា មានជម្រៅទឹកមធ្យមមិនលើសពី៥៦ម៉ែតឡើយ និងមានជំនោរ និងលំនាចពីរដងក្នុងរយៈពេល២៤ម៉ោង។ លក្ខណៈសម្បត្តិធម្មជាតិដ៏ល្អប្រសើរនៃតំបន់មាត់សមុទ្រ អនុគ្រោះច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ ដំណាំចំការធំៗ រោងចក្រឧស្សាហកម្ម សកម្មភាពកំពង់ផែ ទេសចរណ៍ នេសាទ និងទំនាញយករ៉ែ។

តំបន់ប្រជុំភ្នំ

ជួរភ្នំដងរែក ៖ ជាព្រំដែនរួមរវាងកម្ពុជា ថៃ។ ជួរភ្នំនេះ សណ្ដូកពីកើតទៅលិច ចាប់ពីជ្រលងទន្លេមេគង្គ ដល់ជ្រលងទន្លេចៅផ្រះយ៉ានៃប្រទេសថៃ។ វាមានបណ្ដោយប្រហែល៣០០គីឡូម៉ែត និងរយៈកំពស់ចុះជាលំដាប់ពីកើតទៅលិចគឺពី៧០០ម៉ែត ទៅ៣០០ម៉ែត។ តំបន់នេះមានព្រៃក្រាស់បង្គួរដែលសម្បូរពូជឈើល្អៗ និងសត្វព្រៃច្រើនប្រភេទ។ រតនា។

ជួរភ្នំក្រវាញ ៖ ស្ថិតនៅភាគនិរតីនៃប្រទេស សណ្ដូកតាមបណ្ដោយឆ្នេរ ចាប់ពីខេត្តកោះកុងដល់ខេត្តកំពត។
គេចែកជួរភ្នំនេះជាបីផ្នែកគឺ៖

  • ជួរភ្នំក្រវាញខាងលិច សណ្ដូកពីប៉ៃលិន ដល់ស្ទឹងពោធិ៍សាត់។ តំបន់នេះមានភ្នំទំពរ (១៥៦៣ម៉ែត) ខ្ពស់ជាងគេ។
  • ជួរភ្នំក្រវាញកណ្ដាល ជាប្រជុំភ្នំមួយដ៏ធំ ផ្ទៃវាទេរពីមោងឆ្ពោះទៅ កោះកុង។ តំបន់នេះមានភ្នំសំកុះ(១៧៤៤ម៉ែត)ខ្ពស់ជាងគេ
  • ជួរភ្នំក្រវាញខាងកើតចែកចេញជាបីក្រុមគឺ៖
    1. ប្រជុំភ្នំខ្ជោលនៅចន្លោះខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ឆ្នាំង។ តំបន់នេះមានភ្នំឱរ៉ាល់(១៨១៣ម៉ែត)ខ្ពស់ជាងគេនៅកម្ពុជា។
    2. ប្រជុំភ្នំអូរម្លូ នៅចន្លោះស្រែអំបិល និងខេត្តកំពង់ស្ពឺ។ វាមានរយៈកំពស់មិនលើសពី១០០០ម៉ែត។ តំបន់នេះមាន ខ្ពង់រាបគិរីរម្យ ដែលមានកំពស់៧០០ម៉ែត។
    3. ប្រជុំភ្នំដំរី នៅដាច់ពីប្រជុំភ្នំអូរម្លូដោយច្រកពេជ្រនិល ដែលឆ្លងកាត់ដោយផ្លូវជាតិលេខ៤។ ខាងចុងបំផុតនៃប្រជុំភ្នំនេះ ត្រូវបញ្ចប់ដោយមុខចំណោតភ្នំបូកគោ(១០៧៥ម៉ែត)។

ជួរភ្នំក្រវាញ មានច្រកសំខាន់ៗបីគឺ ច្រកវាលវែង ច្រកតាសី និងច្រកពេជ្រនិល។ តំបន់ជួរភ្នំក្រវាញនេះ សម្បូរព្រៃឈើ សត្វព្រៃ រ៉ែ និងជាប្រភពផ្ដល់ទឹកដល់ស្ទឹង ព្រែកដែលនៅតាមមាត់សមុទ្រ និងទំនាបកណ្ដាល។

តំបន់កូនភ្នំ ស្ថិតនៅជុំវិញជួរភ្នំក្រវាញ ហើយមានរយៈកំពស់មិនលើសពី៨០០ម៉ែត។ តំបន់កូនភ្នំចែកជា៦ក្រុមគឺ តំបន់កូនភ្នំនៅមាត់សមុទ្រ តំបន់កូនភ្នំនៅខាងលិច ខេត្តបាត់ដំបង តំបន់កូនភ្នំនៅចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង តំបន់កូនភ្នំនៅចន្លោះខេត្តកំពង់ស្ពឺ និងកំពត និងតំបន់កូនភ្នំនៅចន្លោះខេត្តកំពត និងតាកែវ។ ភ្នំនៅតំបន់នេះមានកំពស់ពី១០០ទៅ២០០ម៉ែត។

ទំនាបកណ្ដាល

ទំនាបកណ្ដាលសណ្ដូកពីទិសពាយ័ព្យទៅអាគ្នេយ៍ រហូតដល់ព្រំដែនវៀតណាម។ ទំនាបនេះមានទំហំស្មើ១/៣នៃផ្ទៃប្រទេស ហើយគេចែកវាជាពីរផ្នែកគឺ៖

ទំនាបបឹង ៖ ជាទំនាបជុំវិញបឹងទន្លេសាប មានរយៈកំពស់ពី២៥ទៅ២០០ម៉ែត។ ទំនាបនេះមានព្រំប្រទល់ផ្នែកនិរតីជាប់តំបន់កូនភ្នំ ផ្នែកឦសានជាប់ខ្ពង់រាបខាងជើង។ គេចែកសណ្ឋានដីទំនាបបឹងជាបីផ្នែក៖

  • ផ្នែកទី១ ជាតំបន់លិចទឹកជាប្រចាំ។ កន្លែងនេះជាឡូនេសាទ។
  • ផ្នែកទី២ ជាតំបន់លិចទឹកនៅរដូវវស្សា។ កន្លែងនេះសម្បូរត្រី ព្រោះសម្បូរព្រៃរនាម។
  • ផ្នែកទី៣ ជាតំបន់ទំនាបខ្ពស់ មានសារៈសំខាន់ចំពោះស្រូវពង្រោះ។

ទំនាបទន្លេបួនមុខ ៖ ស្ថិតនៅអមសងខាងទន្លេទាំងបួន។ គេចែកសណ្ឋានដីនេះជាបីផ្នែក៖

  • ផ្នែកទី១ តំបន់ល្បាប់ម៉ដ្ឋ មានផ្ទៃនៅជាប់មាត់ទន្លេ មាត់បឹង និងជាយកោះ។ ភូមិភាគនេះមានដំណាំគ្រប់ប្រភេទ និងមានប្រជាជនរស់នៅកុះករ។
  • ផ្នែកទី២ តំបន់លិចទឹកនៅរដូវវស្សា សម្បូរបឹង និងព្រៃរនាម។ នៅរដូវវស្សា គេធ្វើស្រូវឡើងទឹក ឬស្រូវពង្រោះនៅតំបន់ខ្លះ។ នៅរដូវប្រាំង គេដាំដំណាំចំការ និងស្រូវប្រាំងក្បែរមាត់បឹង។ រីឯបឹង ជាឡូនេសាទ និងចំការឈូក។
  • ផ្នែកទី៣ វាលស្រែដែលបន្ដពីតំបន់លិចទឹករហូតដល់តំបន់កូនភ្នំ(ខាងលិច) និងដល់ព្រំដែនវៀតណាម(ខាងត្បូង)។

ទំនាបកណ្ដាលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ ដូចនេះគេត្រូវយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមឲ្យបានល្អប្រសើរ។

តំបន់ខ្ពង់រាប

ខ្ពង់រាបខាងជើង ៖ លាតសន្ធឹងនៅក្នុងខេត្តព្រះវិហារ ឧត្ដរមានជ័យ និងមួយផ្នែកខេត្តសៀមរាប កំពង់ធំ ស្ទឹងត្រែង និងក្រចេះ។ ខ្ពង់រាបនេះគ្របដណ្ដប់ដោយ ល្បាប់ចាស់ឆ្លាស់គ្នា និងថ្មបាយក្រៀមហើយសម្បូរព្រៃរបោះ។ នៅតាមទ្រនុងកណ្ដាលមានភ្នំដាច់ៗ ពីគ្នាដូចជាភ្នំត្បែង ភ្នំចុងកាល់ ភ្នំគូលែន ភ្នំសន្ទុក … ។ ក្រៅពីព្រៃរបោះ និងកូនភ្នំ ផ្ទៃដីខ្ពង់រាបខាងជើងមួយភាគធំ អាចដាំដំណាំ និងចិញ្ចឹមសត្វស្រុកបាន។

ខ្ពង់រាបខាងកើត និងឦសាន ៖ ចែកជា៤ផ្នែក៖

  • ខ្ពង់រាបខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលមានលក្ខណៈដូចគ្នានឹងខ្ពង់រាបខាងជើងដែរ តែនៅដាច់ពីខ្ពង់រាបនេះ ដោយសារជ្រលងទន្លេមេគង្គ គឺជាតំបន់ល្បាប់ចាស់ប្រកបទៅដោយព្រៃរបោះ ហើយមិនសូវសម្បូរកូនភ្នំទេ។
  • ខ្ពង់រាបខេត្តកំពង់ចាម មានផ្ទៃទេរទៅឦសាន មានរយៈកំពស់មធ្យម២០០ម៉ែត។ ខ្ពង់រាបនេះ មានផ្ទៃរាងជាតុ គ្របដណ្ដប់ដោយល្បាប់ចាស់ និងដីសិលាបាសាល់។ ទីនោះមានទួលថ្មបាសាល់៤កន្លែងធំៗ ដែលសព្វថ្ងៃក្លាយជាចំការកៅស៊ូធំៗដូចជា ចំការលើ មេមត់ ជប់ និង ស្នួល។
  • ខ្ពង់រាបខេត្តរតនគិរី ឬខ្ពង់រាបកែវ ស្ថិតនៅចន្លោះជ្រលងទន្លេសាន ទន្លេស្រែពក និងព្រំប្រទល់វៀតណាម មានលក្ខណៈជាទំនាបសំណឹកថ្មក្រែ និងសិលាបាសាល់ មានរយៈកំពស់៣០០ម៉ែត។ ខ្ពង់រាបនេះជាកន្លែងភ្នំភ្លើងចាស់ ហើយបឹងយក្សឡោមជាមាត់ភ្នំភ្លើង។ ភ្នំសំខាន់ៗ នៅតំបន់នេះ មានភ្នំពោងពាយ(៨១៦ម៉ែត) និងភ្នំរាំង (៧០១ម៉ែត)។
  • ខ្ពង់រាបមណ្ឌលគិរី ឬខ្ពង់រាបឆ្លូងលើ ជាខ្ពង់រាបបន្ដពីខ្ពង់រាបដាឡាក់ប្រទេសវៀតណាម មានរយៈកំពស់ចុះជាលំដាប់ពីអូររាំង ទៅគ្រប់ទិស។ មួយភាគធំនៃ ខ្ពង់រាបនេះគ្របដណ្ដប់ដោយដីក្រហម និងជាប្រភពផ្លូវទឹក ដែលហូរចាក់មកទន្លេមេគង្គ។ នៅចន្លោះរយៈកំពស់៤០០ម៉ែត និង៧០០ម៉ែត មានតំបន់ព្រៃរបោះ។

ធនធានធម្មជាតិតំបន់ខ្ពង់រាប អនុគ្រោះណាស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច តែទាមទារឲ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់៕

អត្ថបទពេញនិយមបន្ទាប់ ៖ បុណ្យអុំទូក – វិធីបុណ្យផ្សេងៗ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *