រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយចៅទាំងពីរនាក់នោះ បបួលគ្នាទៅដាក់អន្ទាក់សត្វ ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ ។
អ្នកមួយទៀតឆ្លើយថា ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង ។ និយាយគ្នាហើយ, ម្នាក់ដាក់នៅគល់ឈើ ស្រេចហើយ, វិលមកផ្ទះវិញ លាគ្នាទៅផ្ទះតែរៀងខ្លួន ។
ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយ, យប់នោះគិតគ្នាពីរនាក់ប្ដីប្រពន្ធថា តាំងពីដូនតាមក មិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើ ឲ្យជាប់សត្វជើងបួនដែលដើរនៅលើដីទេ ឥឡូវនេះ អ្នញដាក់នៅលើចុងឈើ តើធ្វើម្ដេចនឹងបានសត្វ ? ដូច្នេះ ត្រូវអញរឭកពីពេលមាន់រងាវទៅមើល, បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើ, ដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះយកសត្វទៅជូនលោកសុភាសេក, បើវាមិនសុខចិត្តដូម្ដេចៗ មុខជាកើតក្ដី គង់តែដល់សុភាសេកមិនខាន, សុភាសេកនិងកាត់ក្ដីឲ្យវាចាញ់ជាប្រាកដ ។ ប្ដីប្រពន្ធគិតគ្នា ហើយដេកទៅ, ដល់មាន់រងាវរឭកពីដេកលប់មុខស៊ីស្លា ហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្ដាន់១ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួន រួចតម្លើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញ ។ លុះព្រឹកព្រហាមស្រាងៗឡើងអ្នកមួយដែលដាក់អន្ទាក់នៅដី មកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយ ឆ្លើយថា កុំរលះរលាំងថ្វី អន្ទាក់ខ្ញុំ ខ្ញុំមិនសង្ឃឹមទេ ត្បិតនៅលើចុងឈើ ក្រែងតែអន្ទាក់អ្នកនៅដីនោះ ខ្ញុំមិនហ៊ានថា បើបានចែកគ្នាស៊ីផង ។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ត្បិតដឹងការណ៍មុនហើយ ។ អ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វ ឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញ ។ ចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថា ហ្ន មើលចុះ មិនជឿខ្ញុំ ខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវ មើលរបស់អ្នកណាជាប់ហៈ ? ហើយឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ ។ ឯចៅដែលបានក្ដាន់ ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថា ខ្ញុំហើយនឹងចៅមួយនោះ ទៅដាក់អន្ទះផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្សវៀច ក្ដីនេះគង់តែមកដល់លោកដូច្នេះ តាមតែលោកមេត្តារកសេចក្ដីយ៉ាងណា ឲ្យតែក្ដីខ្ញុំឈ្នះវាចុះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ ។ សុភាសេកបានសាច់ក្ដាន់ហើយ ឆ្លើយថា ឯកទៅរកស្លាម្លូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះ បើវាមកប្ដឹងអញៗបង្គាប់អីចឹងដែរ បើវាមកមិនទាន់ អញនិងកាត់សេចក្ដីឲ្យវាចាញ់បានដោយងាយ, ឯងប្រញាប់ទៅចុះ។
ឯអ្នកដែលដាក់អន្ទាក់លើគល់ឈើ លុះវិលមកផ្ទះហើយ ដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្ដីទៅប្ដឹងសុភាសេក។ ក៏បង្គាប់សេចក្ដីដូចបង្គាប់ចៅមុន ។
លុះព្រឹកឡើង អ្នកដែលដាក់អន្ទាក់នៅលើចុងឈើ ក៏យកឥវ៉ាន់ទៅដល់មុន ។ ឯអ្នកដែលដាក់អន្ទាក់នៅដី ដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាក ដើររកទិញអីវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួនចាញ់គេ ហើយគេយកទោសផង ក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយៗសួរថា មានដំណើរអីបានជារត់ដូច្នេះ ? ឈប់សិន ។ ចៅនោះឆ្លើយថា លោកអើយអាណិតដោះទុក្ខខ្ញុំផង ត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ឈើ គេដាក់ នៅចុងឈើ ព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សត្វឃើញតែអន្ទាក់នៅចុង ឈើជាប់ក្ដាន់មួយ ខ្ញុំមិនសុខចិត្តបានយកសេចក្ដីទៅប្ដឹងសុភាសេកៗ គេថា អ្នកណាយកអីវ៉ាន់ទៅដល់មុន, អ្នកនោះឈ្នះ ហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយ ដូច្នេះតាមតែលោកអាណិតខ្ញុំផង ។ សុភាទន្សាយឆ្លើយថា ណ្ហើយ ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ ។ ចៅនោះក៏អរ ។ លុះដល់ថ្ងៃរសៀល សុភាទន្សាយទៅដល់ផ្ទះសុភាសេកៗ ស្រែកសួរមកថា ដូចម្ដេចក៏យូរម្ល៉េះ ? ក្ដីចាញ់គេហើយ ។ សុភាទន្សាយឆ្លើយថា << យើងខ្ញុំបានជាយូរនេះ ពីព្រោះអាល័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិល ។ សុភាសេកថា ពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថា ត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេ ។ សុភាទន្សាយឆ្លើយថា ពីជីដូនជីតាពីម៉ែពីឪបង្កើតមក នរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សត្វទៅជាប់ឯអន្ទាក់នៅ ចុងឈើវិញ ហើយសត្វជើងបួនផង, ដែលឮទេអស់អ្នកស្រុក ? នោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀត ។ សុភាទន្សាយក៏កាត់សេចក្ដីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះ ។ ឯសុភាសេក ដែលអង្គុយធ្វើជាសុភានោះ ក៏ខ្មាសដោយសារខ្លួនជាអ្នកល្មោភជំនូនសាច់ក្ដាន់ ក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលបកណ្ដុរ ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងមាយាដកខ្ញី – រឿងព្រេងខ្មែរ