រមណីដ្ឋានបូរីអូរស្វាយ – តំបន់ធម្មជាតិ ៖ បូរីអូរស្វាយស្ថិតក្នុងឃុំអូរស្វាយ នៃស្រុកថាឡាបូរិវ៉ាត ហើយទីនេះគឺជារមណីដ្ឋានមួយ ក្នុងចំណោម រមណីដ្ឋានពេញនិយមជាច្រើនទៀត ដែលភ្ញៀវ ទេសចរជាតិ និងអន្តរជាតិតែងតែ មានបំណងចង់មកទស្សនា។ តំបន់នេះគឺជាផ្នែកមួយ នៃរាជធានីអាណាចក្រខ្មែរសម័យបុរាណ និងរាប់បញ្ចូល ទាំងរុំាសា (តំបន់អភិរក្ស លិចទឹក) ដែលមានសត្វផ្សោតជាច្រើនរស់នៅតាមបណ្តោយទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ជាច្រើនរស់នៅតំបន់ព្រៃឈើអភិរក្ស ដែលរាជរដ្ឋាភិបាលអណត្តិថ្មីបាន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានយោល វត្តអារាម ដោយរាប់បញ្ចូលទាំងផ្ទះសំណាក់ សាធារណៈ(ផ្ទះសម្រាប់ស្នាក់នៅ) មជ្ឈមណ្ឌលព័ត៌មាន និងកំពង់ផែទូកសម្រាប់ភ្ញៀវទេសចរ។ល។
រមណីដ្ឋានបូរីអូរស្វាយ ប្រៀបបាននឹងត្បូងពេជ្រដ៏មានតម្លៃ ដែលបានផុសឡើងនៅក្នុងទ្រូងព្រៃ ត្រូពិចពណ៌បៃតង ដែលលាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ។ វាបានផ្តល់នូវសម្បត្តិព្រៃឈើដ៏ ប្រសើរ ដែលជាជំរកដ៏ប្រសើរសម្រាប់សត្វព្រៃ។ ជាពិសេស ហ្វូងបក្សាបក្សី និងជាជម្រកត្រីដ៏ប្រសើរ ក្នុងរដូវវស្សា ហើយមានត្រីផ្សោតដ៏ច្រើន ដែលពេញនិយមសម្រាប់ភ្ញៀវទេសចរ។
នៅរដូវប្រាំង ពេលទឹកស្រក ទីនេះបានរំលេចឲឃើញនូវឆ្នេខ្សាច់ពណ៌សដ៏ស្រស់ស្អាត ដែលលាតសន្ធឹង តាមបណ្តោយដងទន្លេ គួរឲ្យចង់ដើរលេងកំសាន្ត ហើយក៏មានព្រែកជាច្រើន ដោយមាន ព្រែកខ្លះមានទឹកហូរលឿន ចំណែកព្រែកខ្លះទៀត ក៏មានទឹកហូរយឺត។ចំនែកឯព្រៃចំការស្វាយ ក៏បានរំលេចទេសភាពស្រស់ត្រកាល តាមបណ្តោយដងទន្លេ ជាមួយថ្មផុសដែលបានលេចឡើង យ៉ាងស្រស់ស្អាត។នៅតាមបណ្តោឆ្នេរទន្លេដែលមានទេសភាពស្រស់ត្រកាល និងព្រែកដែលមានទឹកហូរខ្មួលខ្មាញ់ ជាញាប់គេតែងតែឃើញមានដានជើងសត្វព្រៃ ដែលមកទីនេះនៅពេលយប់។នៅទីនេះមានទឹកមានល្បឿនលឿន ថ្លាល្អ និងធ្លាក់ចុះមកក្នុងកំពស់ប្រាំម៉ែត្រ។
ទឹកដែលហូរធ្លាក់ជា មួយល្បឿនដ៏លឿននេះ បានផ្តល់ឲ្យទីនេះមានទេសភាពល្អប្រណិតគួរជាទីគយគន់សម្រាប់ ភ្ញៀវ ទេសចរមកងូត និងហែលទឹកកំសាន្តយ៉ាងសប្បាយរីករាយ។នៅតាមបណ្តោយទន្លេមេគង្គ ក្នុងឃុំស្វាយ តំបន់អភិរក្សដីល្បាប់រុំសា ត្រូវបានការពារដោយច្បាប់ ជាពិសេសតំបន់ត្រីពង ដែលជាទីកន្លែងផ្តល់នូវការបង្កកំណើតដល់ត្រីរាប់លានក្បាល សត្វបក្សា បក្សី និងសត្វព្រៃដ៏ទៃទៀត ព្រមទាំងមានដើមឈើជាច្រើនប្រភេទ ផ្តល់ឲ្យតំបន់នេះក្លាយជា តំបន់អេកូឡូស៊ីដ៏ធំមួយ។
ចំណែកឯផ្លូវថ្នល់បានតភ្ជាប់ពីភូមិមួយទៅភូមិមួយទៀត ដោយនៅតាមដងផ្លូវមានរុក្ខជាតិដុះអម សងខាងចោលម្លប់ត្រឈឹងត្រឈៃ ព្រមទាំងឆ្លងកាត់ចរន្តទឹកហូរ និងព្រែកទាំងឡាយ ដែលមាន ទឹកហូររលេញគួរជា ទីភិសម័យ។
តំបន់ព្រៃភ្នំទាំងនេះត្រូវបានអភរិក្សប្រៀបបាននឹងឋានសួគ៌សម្រាប់អ្នកបររទេះនិងអ្នកជិះកង់ក្នុងព្រៃ អាចស្តាប់ឭតន្រ្តីធម្មជាតិ នៃសម្លេងសត្វបក្សាបក្សីយំខ្ញៀវខ្ញា និងពេលខ្លះបានឃើញសត្វព្រៃ រត់ឆ្លង កាត់យ៉ាងសប្បាយរីករាយ។ឃុំអូរស្វាយ មានភូមិចំនួន៥ (ភូមិអូរស្វាយ ភូមិ អូររុន ភូមិកោះព្នៅ ភូមិ កោះ ហីប និងភូមិ វឿន សែន ) មានចំនួនផ្ទៃដី ១២០.០០០ហិកតា និងរាប់បញ្ចូលកោះបួនថែមទៀត។
ប្រជាជន ភាគច្រើនជាគឺជាកសិករ និងអ្នកនេសាទ ហើយពួកគេ ប្រកបរបរនេះតាមបណ្តោយព្រំប្រទល់កម្ពុជា ឡាវ ។ ឃុំអូរស្វាយ មានចំងាយ៥៧ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧ និងអាចធ្វើដំណើរតាមទន្លេមេគង្គដែលហូរឆ្ពោះទៅ ទិសពាយព្យនៃ ក្រុង ស្ទឹងត្រែង។
អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានតាតៃ – តំបន់ធម្មជាតិ