រកផលជាតិក្រោយ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
រកផលជាតិក្រោយ – កំណាព្យខ្មែរ | ||
១ | ទុក្ខអ្នកសុំទានខ្ញុំយល់ច្បាស់ | ពិតវេទនាណាស់ពុំមានស្បើយ |
ប្រៀបជាសមុទ្រពុំយល់ត្រើយ | អ្នកសុំទានអើយសែនវេទនា។ | |
២ | ថ្ងៃបន់យប់បន់អង្វរព្រះ | សូមជួបប្រទះភ័ព្វវាសនា |
បានរស់ដូចគេក្នុងលោកា | មិនបានវីឡាក៏មិនថ្វី។ | |
៣ | សុំត្រឹមខ្ទមមួយជាជម្រក | គ្រួសារបានជ្រករួមភក្តី |
ជួបជុំបងប្អូនញាតិប្រុសស្រី | បញ្ចៀសដេកដីក្នុងពេលនេះ។ | |
៤ | សុំត្រឹមតិចតួចតែប៉ុណ្ណឹង | គ្មានទេវតាដឹងជួយត្រិះរិះ |
ប្រហែលផលកម្មតាមមកជិះ | ជាតិមុនជាតិនេះធ្វើមិនល្អ។ | |
៥ | ផលកម្មតបស្នងគ្មានអ្នកដឹង | មានតែខំប្រឹងកែលំអ |
ទុកផលជាតិក្រោយថ្កើងបវរ | កុំឲ្យក្រីក្រព្រោះវេរា៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ ឈប់ខឹងបងទៅ – កំណាព្យខ្មែរ