ម៉ែ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ម៉ែ !!! – កំណាព្យខ្មែរ | ||
| ១ | ម៉ែអើយម៉ែថ្លៃកូនរែងនឹក | គុណគាប់សន្ធឹកម៉ែឱ្យកូន |
| ម៉ែផ្តល់កំណើតជុំបងប្អូន | ឥឡូវម៉ែសូន្យបាត់រូបកាយ ។ | |
| ២ | ម៉ែរក្សាកូននៅក្នុងផ្ទៃ | ភ័យព្រួយមមៃចាញ់ធុំបាយ |
| ម៉ែក្អួតចង្អោរស្លេកស្លាំងកាយ | អត់ទឹកខានបាយម៉ែស៊ូទ្រាំ ។ | |
| ៣ | ម៉ែពពោះកូននៅក្នុងផ្ទៃ | ខិតខំវាសវៃញើសជោកជាំ |
| បោកលាងសំអាតមើលថែទាំ | កិច្ចការម៉ែទ្រាំមិននឿយណាយ ។ | |
| ៤ | គម្រប់ប្រាំបួនខែដប់ថ្ងៃ | ប្រសូតបុត្រថ្លៃម៉ែខ្វល់ខ្វាយ |
| ឆ្លងគ្រោះថ្នាក់ធំបៀតរាងកាយ | ផុតទុក្ខរសាយខ្វល់រក្សា ។ | |
| ៥ | កូនយំម៉ែព្រួយច្រៀងបំពេ | ស្រឡាញ់មាសមេស្មើនេត្រា |
| អាចម៍នោមប្រឡាក់អង្គកាយា | ម៉ែថ្នមវាចាថើបថែកូន ។ | |
| ៦ | ទឹកដោះម្តាយថ្លៃបំប៉នកាយ | កូនរស់សប្បាយម្តាយស្ទើរសូន្យ |
| ក្តៅគ្រុនរាករូសម៉ែថែកូន | គុណម៉ែដូចក្បូនប្រាកដណាស់ ។ | |
| ៧ | នឹកម៉ែធ្លាប់ឱ្យនំចំណី | រស់នៅក្រក្រីក្នុងខ្ទមចាស់ |
| សម្លៀកបំពាក់មួយបន្លាស់ | ម៉ែថែទាំផ្លាស់ឱ្យកូនស្អាត ។ | |
| ៨ | ម៉ែអប់រំកូនឱ្យធ្វើល្អ | រៀនសូត្របន្តឱ្យកូនឆ្លាត |
| ម៉ែស៊ូលំបាកទោះបង់ខាត | ឃើញកូនឱហាតទុក្ខរសាយ ។ | |
| ៩ | កូនរៀនចប់ថ្នាក់មានការងារ | មិនគួរកំព្រាបាត់អ្នកម្តាយ |
| គួរបានចិញ្ចឹមថ្នាក់ថ្នមកាយ | ថែទាំនាយអាយកិច្ចតបស្នង ។ | |
| ១០ | កូនបដិបត្តិគ្រប់បណ្តាំ | ម៉ែអើយកូនចាំល្អកន្លង |
| កាយវាចាចិត្តល្អឥតហ្មង | រក្សាចងក្រងកេរដំណែល ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយកុំក្រ – កំណាព្យខ្មែរ