Wednesday , November 20 2024

ភ្នំគូលែន – ប្រាសាទខ្មែរ

ភ្នំគូលែន – ប្រាសាទខ្មែរ ៖ ភ្នំ​គូលែន ឬ ព្រះមហិន្ទ្រាបវ៌ត ឬ ភ្នំ​ជាទីសក្ការៈ គឺ​ជា​ទីកន្លែង​​ផ្ទុក​នូវ​និមិត្ត​រូប​ដ៏​ច្រើន​សម្បើម ហើយ​បាន​ធ្វើ​វិភាគ​ទាន​ដ៏​ផ្ទាល់​តាំង​ពី​ដើម​ដល់​ចប់​ ដើម្បី​ជួយ​កសាង​ប្រវត្តិសាស្ត្រ​មហានគរ​ដ៏​ឧត្តម ហើយ​ទី​ភ្នំ​នេះ​ស្ថិត​នៅ​ជា​មហា​កសិណ​ដ៏​រស់​រវើក​សព្វ​ថ្ងៃ​នេះ ។

ភ្នំគូលែន - ប្រាសាទខ្មែរ

១. ភូមិ​សាស្ត្រ​បង្រួម​នៃ​ភ្នំ​គូលែន

ភ្នំ​គូលែន​មាន​កំពស់​ប្រមាណ ៤៩៥ ម៉ែត្រ ។ គឺ​ជា​ភ្នំ​មួយ​ដ៏​ធំ​ល្មម​​ប្រកប​ដោយ​សិលា​លាយ​ឡំ​នឹង​ព្រៃ​ស៊ុបទ្រុប​ដែល​ ផុស​​ដុះ​ចេញ​តែ​ឯក​ឯង​ជ្រងោ​នៅ​ក្នុង​កណ្ដាល​លំហរ​វាល​ដី​រាប​ដ៏​ល្វឹង​ ល្វើយ ​នៅ​ឯ​ឥសាន​ទិស​នៃ​ប្រទេស​កម្ពុជា បាំង​ខែ​ឈម​មុខ​ទល់​នឹង​ខ្សែ​បន្ទាត់​ដែល​ចាក់​ពី​ភ្នំ​ក្រវាញ​កាត់​តាម​ ទន្លេសាប​ឆ្ពោះ​មក​​កាន់​ភ្នំ​ដងរែក​ ពី​ខាង​ត្បូង​ឈៀង​ខាង​លិច​មក​ខាង​ជើង​ឈៀង​ខាង​កើត ។ ខ្យល់​ដែល​ពាំនាំ​ទឹក​ភ្លៀង​មក​ស្រោច​លើ​ភ្នំ​ក្រវាញ​ត្រូវ​ហួត​ហែង​ពេល​មក​ ដល់​ផ្ទៃ​ទន្លេសាប តែ​ដោយ​ស្រង់​យក​ចំហាយ​ទឹក​សន្សើម​ដែល​ហួត​ចេញ​ពី​ទន្លសាប ​ខ្យល់​នោះ​ក៏​បង្ហួស​ទៅ​ជម្រុះ​ទឹក​នោះ​នៅ​លើ​ភ្នំ​គូលែន​ដែល​នៅ​ឈរ​សន្ធឹង ​បាំង​ផ្លូវ​របស់​ខ្លួន ។ ភ្លៀង​ដែល​ធ្លាក់​នៅ​ទី​នោះ ​មក​បំពេញ​ស្ទឹង​សៀមរាប​ដែល​ធំ​ជាង​គេ​នៅ​តំបន់​នោះ ហើយ​ដែល​យក​ប្រភព​ដង្ហើម​រស់​ហូរ​ចេញ​ពី​ខ្ពង់​រាប​នៅ​លើ​ភ្នំ​គូលែន​តែ​ ម្ដង ចម្លែក​ខុស​ពី​ធម្មតា​ដែល​ទឹក​ស្ទឹង​ហូរ​ចេញ​ពី​ជើង​ភ្នំ ។

ភ្នំគូលែន - ប្រាសាទខ្មែរ

ទី​ដែល​ប្រភព​ដង្ហើម​ទឹក​ស្ទឹង​នោះ គេ​ឲ្យ​ឈ្មោះ​ថា “ខ្ពង់​រាប​ប្រភព​ដង្ហើម​ទឹក” ដោយ​មក​ពី​សភាព​ពិសេស​នេះ​ដែល​នឹង​មាន​អធិប្បាយ​នៅ​បន្ទាត់​ខាង​ ក្រោយ ។ ស្ទឹង​នេះ​ឆ្លង​កាត់​តំបន់​អង្គរ មុន​នឹង​បន្ត​ទៅ​ទម្លាក់​ខ្លួន​រំលាយ​ជាមួយ​នឹង​ទន្លេសាប ដែល​ប្ដូរ​ទឹក​ជារៀង​រាល់​ឆ្នាំ​ដោយ​សារ​ទឹក​ទន្លេ​មេគង្គ​ផ្ដល់​មក​ឲ្យ ដែល​​ទន្លេមេគង្គ​នេះ​យក​ប្រភព​ពី​ភ្នំ​ហិមវីត​ដ៏​សែន​ឆ្ងាយ​នៃ​តំបន់​​ ទីបេ ។ ក្រោយ​ពី​បាន​រំលាយ​ខ្លួន​ជាមួយ​ទន្លេសាប​ហើយ ស្ទឹង​សៀមរាប​ដែល​ក្លាយ​ជា​ទន្លេសាប​ក៏​ហូរ​បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឈូង​សមុទ្រ ​ដោយ​ឆ្លង​កាត់​ផ្ទៃ​រាប​នៃ​មជ្ឈឹម និង​ទក្សិណ​ប្រទេស ព្រម​ទាំង​ជម្រុះ​ចោល​តាម​ផ្លូវ​នូវ​ជីវជាតិ​ដែល​ពាំនាំ​យក​ទៅ​ជាមួយ​ ផង ។

ភ្នំគូលែន - ប្រាសាទខ្មែរ

២. ភ្នំ​គូលែន​ជា​ប្រភព​ពី​ព្រេងនាយ​នៃ​ជាតិ​ខ្មែរ

បើ​យោង​តាម​រឿង​ព្រេង​ពី​បុរាណ ព្រះ​សមណគោត្តម មុន ​នឹង​ព្រះ​អង្គ​យាង​ចូល​ព្រះ​បរិនិព្វាន ព្រះ​អង្គ​បាន​យាង​ជាមួយ​ព្រះ​អានន្ត​ដែល​ជា​ក្មួយ និង​ជា​សិស្ស​ជំនិត​របស់​ព្រះអង្គ​ ដោយ​បារមី​បែង​ភាគ​របស់​ព្រះអង្គ​មក​សំណាក់​ប្រោស​សត្វ​នៅ​ភ្នំ​គូលែន​ដែល​ ពេល​នោះ​មាន​ឈ្មោះ​ថា “ព្រះ​ឱទ្យាន​ដូន​ទាវ” ។ នៅ​ពេល​នោះ​ ទឹក​សមុទ្រ​គ្រប​ដណ្ដប់​ជុំ​ជិត​តំបន់​នោះ​នៅ​សល់​តែ​កោះ​ភ្នំ​គូលែន​មួយ​ប៉ុណ្ណោះ​ដែល​លេច​ចេញ​ពី​ទឹក ។

ភ្នំគូលែន - ប្រាសាទខ្មែរ

ទេសភាព​ដ៏​ត្រកាល​នេះ​ហើយ ដែល​ប្រហែល​បាន​ទាក់​ទឹក​ព្រះទ័យ​ព្រះ​ពុទ្ធអង្គ ។ នៅ​លើ​ភ្នំ​នោះ​មាន​ដើម​ធ្លក​មួយ​ដើម​ធំ ប្រកប​ដោយ​មែក​ធាង​ត្រសុំ​ត្រសាយ​សាខា​បែក​ស្លឹក​ស៊ុបទ្រុប​ចោល​ម្លប់​ ត្រឈុំ​ត្រឈៃ ។ ព្រះ​អង្គ​ក៏​សម្រេច​យាង​ទៅ​សម្រាក​នៅ​ក្រោម​ដើម​ធ្លក​នោះ ។ នៅ​ជិត​គល់​ដើម​ធ្លក​នោះ​មាន​រូង​មួយ​ធំ​ដែល​ជា​ផ្លូវ​ចេញ​ចូល​របស់​ស្ដេច​ ភុជង្គនាគ និង​វបរិវា ដែល​តែង​តែ​ចេញ​មក​​លេង​កំសាន្ត​នៅ​ទីនោះ ដោយ​ដំណែង​ខ្លួន​ជា​មនុស្ស​លោក​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ដី​នៅ​ទីនោះ​រាប​ស្មើ​ល្អ​អនេក ។ គ្រាណា​បាន​ឃើញ​ព្រះពុទ្ធអង្គ​ហើយ ​រុក្ខទេវតា​ដែល​រក្សា​ដើម​ធ្លក​នោះ​ក៏​ជប់​អស្សនៈ​មួយ​ថ្វាយ​ព្រះ​អង្គ ដែល​មាន​ជា​បល្លង្ក​បិទ​បាំង​ដោយ​ក្លោះ ​ថែម​ទាំង​ប្រដាប់​ដេញ​មូស​ និង​ផ្លិត ។ មិន​តែ​ប៉ុណ្ណោះ រុក្ខទេវតា​នោះ​បាន​តម្លើង​បន្ថែម​នូវ​ឆ័ត្រ​ពណ៌​ស​មួយ​យ៉ាង​ធំ​សម្រាប់​ពួក ​ទេវតា​ដ៏​ច្រើន​ដែល​យាង​មក​បង្គុំ​គាល់​ព្រះ​ជិនស្រី ដើម្បី​ស្ដាប់​ព្រះ​ធម្មទេសនា ។ នៅ​យាម​ទី​១​នៃ​រាត្រី​នោះ​ ស្ដេច​ភុជង្គនាគ និង​បរិវារ ក៏​បាន​ចេញ​មក​ក្រោម​ដើម​ធ្លក​ដូច​សព្វ​មួយ​ដង ដើម្បី​មក​កំសាន្ត​សប្បាយ​ដូច​ធម្មតា ។

ភ្នំគូលែន - ប្រាសាទខ្មែរ

គ្រា​ណា​បាន​ឃើញ​ព្រះពុទ្ធអង្គ ស្ដេច​ភុជង្គនាគ​មាន​ការ​ភ្ញាក់​រំភើប​អបអរ​ជា​អនេក ក្រាប​ថ្វាយ​បង្គុំ ហើយ​ក៏​អរត្តនា​​និមន្ត​ព្រះអង្គ​សម្ដែង​ព្រះ​ធម្មទេសនា​ ដើម្បី​ប្រោស​ពួក​នាគ​ឲ្យ​បាន​រំដោះ​ផុត​ពី​វដ្ដ​សង្សា ។ ព្រះ​សម្មាសម្ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់​យល់​ព្រម​ជា​ហេតុ​ធ្វើ ​ឲ្យ​ស្ដេច​ភូជង់​នាគ​ត្រេក​អរ​យ៉ាង​ក្រៃលែង ។ នៅ​ព្រឹក​ព្រហាម​នៃ​ថ្ងៃ​បន្ទាប់​ ក្នុង​ឱកាស​ព្រះ​អង្គ​កំពុង​ភាវនាធម៌ ព្រះបរម​គ្រូ​ទ្រង់​បាន​ធ្វើ​ព្រះ​ទំនាយ​ដូច​តទៅ​ថា ៖ ទៅ​អនាគត កោះ​គោក​ធ្លក​នេះ នឹង​ក្លាយ​ទៅ​ជា​ព្រះរាជាណាចក្រ​មួយ​ដ៏​ធំ ហើយ​សម្បូរ​សប្បាយ​យ៉ាង​ក្រៃលែង ដែល​នឹង​មាន​ឈ្មោះ​ថា នគរ​គោកធ្លក ។ ចំណែក​សត្វ​ត្រកួត​ដែល​បាន​លូន​ចេញ​មក​ស្ដាប់​ព្រះធម្មទេសនា ហើយ​ដែល​ព្រះ​អង្គ​បោះ​ម្ហូប​ទិព្វ​ឲ្យ​ជា​អាហារ​នោះ​ អនាគត​ជាតិ​ទៅ​នឹង​ទៅ​កើត​ជា​មួយ​ព្រះរាជ​បុត្រ​នៃ​ព្រះ​ចៅ​ឥន្ទ្រព័ត្រ​ នៃ​ប្រទេស​ឥណ្ឌា ។ ក្រោយ​មក​ ព្រះរាជ​បុត្រ​នេះ​នឹង​យាង​មក​សោយ​រាជ្យ​នៅ​នគរ​គោកធ្លក​នេះ ដោយ​យក​ព្រះរាជ​បុត្រី​នៃ​ស្ដេច​ភុជង្គនាគ​ជា​ព្រះ​អគ្គ​មហេសី ។ ព្រះ​មហាក្សត្រ​ខ្មែរ​ដំបូង​បង្អស់​នេះ​ហើយ​ដែល​ទ្រង់​ព្រះនាម​ថា ព្រះ​ថោង តាម​រឿង​ព្រេង និង​ព្រះបាទ​កៅណ្ឌិន្យវរ្ម័ន តាម​ប្រវត្តិសាស្ត្រ​ជាតិ រីឯ​ព្រះរាជ​បុត្រី​​ស្ដេច​ភុជង្គនាគ​​មាន​ព្រះ​នាម​ថា នាង​នាគ​ តាម​រឿង​ព្រេង និង​ព្រះ​នាង​សោមា តាម​ប្រវត្តិសាស្ត្រ​ជាតិ ។

ភ្នំគូលែន - ប្រាសាទខ្មែរ

ក្សត្រ​ទាំង​ពីរ​អង្គ​នេះ នឹង​ទៅ​ជា​ប្រភព​នៃ​ព្រះរាជ​វង្ស​ព្រះច័ន្ទ្រ​នៅ ​ប្រទេស​ខ្មែរ ។ ដើម្បី​ជា​រង្វាន់​ដល់​ព្រះរាជ​បុត្រ​ទាំង​ទ្វេហា​នេះ ព្រះ​ចៅ​ភុជង្គនាគ​បាន​សម្ដែង​ព្រះ​ឥទ្ធិឫទ្ធិ​បូម​ស្រូប​យក​ទឹក​ចេញ​ពី​ បរិវេណ​កោះ​គោក​ធ្លក ដើម្បី​ពង្រីក​ដី​កោះ​នេះ​ឲ្យ​បាន​ទៅ​ជានគរ​មួយ​ធំ ​រួច​ហើយ​ព្រះអង្គ​ក៏​ទ្រង់​ស្ថាបនា​ទីក្រុង​មួយ​ដ៏​ធំ​ថ្វាយ​ទៀត (ប្រភព​ខ្លះ​បាន​អះអាង​ថា ព្រះពុទ្ធអង្គ​តែ​ម្ដង​ដែល​បាន​ផ្លុំ​កម្ចាត់​ទឹក​សមុទ្រ​ឲ្យ​ទៅ​ឆ្ងាយ ដើម្បី​ជួយ​ឲ្យ​នគរ​នេះ​កើត​ជា​រូបរាង​ឡើង) ។ និមិត្ត​រូប​អាពាហ៍​ពិពាហ៍​របស់​ព្រះ​ថោង និង​នាង​នាគ ក៏​បាន​ចូល​ទៅ​ក្នុង​ទំនៀម​ទម្លាប់​ខ្មែរ​ចាប់​តាំង​ពី​ពេល​នោះ​មក ហើយ​ព្រះ​មហាក្សត្រ​មហានគរ​តែង​តែ​គោរព​ទំនៀម​ទម្លាប់​នេះ​ជា​រៀង​រហូត​មក​ ដោយ​ធ្វើ​ឧបកិច្ចកម្ម​យាង​ទៅ​រួម​មេត្រី​ជាមួយ​នាង​នាគ​រាល់​រាត្រី​នៅ​លើ​ កំពូល​ភ្នំ​ព្រះ​ក្រឡា​បន្ទំ ។ ក្នុង​រឿង​នេះ អ្នក​​ការទូត​​ចិន​ឈ្មោះ ជីវ តាក្វាន់​ ដែល​បាន​ស្នាក់​អាស្រ័យ​នៅ​មហានគរ​បាន​សរសេរ​ថា “ចំណែក ​ប្រាសាទ​មាស​ដែល​នៅ​ក្នុង​ព្រះរាជ​វាំង​នោះ ព្រះរាជា​ទ្រង់​យាង​ទៅ​ផ្ទំ​​នៅ​លើ​កំពូល​ប្រាសាទ​នោះ​រាល់​រាត្រី ។ អ្នក​ស្រុក​និយាយ​ជា​ទួទៅ​ថា នៅ​ក្នុង​ព្រះក្រឡាបន្ទំ​​នោះ​មាន​សត្វ​ពស់​មួយ​មាន​ក្បាល​៩ ដែល​ជា​ម្ចាស់​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ ។ ពស់​នេះ​និមិត្ត​រូប​ខ្លួន​ចេញ​នៅ​ទី​នោះ​រាល់​យប់​ជា​ស្ត្រី ហើយ​ថា​ព្រះរាជា​ទ្រង់​រួម​មេត្រី​ជា​មួយ​សត្វ​ពស់​នេះ​ជា​បឋម​សិន​ជានិច្ច” ប្រពៃណី​នេះ មិន​គ្រាន់​តែ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​មហានគរ​គោរព​ប្រតិប្តិ​តាម​ ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​យក​មក​ជា​គំរូ​តាំង​ពី​ បូរាណ​កាល​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ។ នៅ​ក្នុង​ពិធី​រៀប​មង្គលការ ប្រពៃណី​នេះ​ចាត់​ទុក​ជា​វគ្គ​មួយ​សំខាន់​បំផុត​ដែល​មិន​អាច​ជៀសវាង​បាន ហើយ​ភ្លេង​ដែល​លេង​កំដរ​វគ្គ​នេះ លាន់​ឮ​ពិរោះ​លន្លង់​លន្លោច​ អណ្ដែត​អណ្ដូង​គួរ​ឲ្យ​នឹង​ស្រណោះ​យ៉ា​ក្រៃ​លែង ។ ដោយ​ហេតុ​វត្តមាន​ដ៏​ពិសេស​ពិសារ​របស់​ព្រះពុទ្ធអង្គ​នៅ​ទី​កោះ​គោកធ្លក​នេះ កោះ​នេះ​ក្លាយ​ទៅ​ជា​កន្លែង​ដែល​ពួក​ទេវតា​តែង​យាង​មក​ក្រសាល​គ្រប់ៗ​ អង្គ ។ ដោយ​អាស្រ័យ​លើ​ការ​ទាំង​នេះ​ហើយ បាន​ជា​ភ្នំ​គូលែន​ត្រូវ​ចាត់​ជា​ភ្នំ​សក្តិសិទ្ធិ​ ជា​ទី​សក្ការៈ​បូជា​យ៉ាង​ខ្លាំង​ ទី​១ ដោយ​វត្តមាន​ព្រះ​ពុទ្ធ ទី​២ ដោយ​ព្រះពុទ្ធ​ទំនាយ ហើយ​ទី​៣ ដោយ​វត្តមាន និង​លំនៅ​ស្ថាន​នៃ​ពពួក​ទេវតា ។

៣. រឿង​ព្រេង​ស្ដី​ពី​ឈ្មោះ​ភ្នំ​គូលែន

គូលែន ទំនង​ដូច​ជា​ពាក្យ​ចិន​ឲ្យ​ឈ្មោះ​ឈើ​មួយ​ដែល​ឲ្យ​ផ្លែ​ផ្អែម​ឆ្ងាញ់​ពិសា​ ចាប់​ចិត្ត ។ បើ​យោល​ទៅ​តាម​រឿង​ព្រេង គេ​តែង​ដំណាល​តៗ​គ្នា​មក​ថា កាល​ពី​ដើម​ឡើយ​នៅ​គ្រា​ដែល​នគរ​ខ្មែរ​ស្ថិត​នៅ​ក្រោម​ជលសា​នៅ​ឡើយ ហើយ​មាន​តែ​កោះ​គោកធ្លក​ប៉ុណ្ណោះ​ដែល​លេច​ចេញ​ពី​ទឹក​ មាន​សំពៅ​ដែល​បើក​ឆ្វេច​ឆ្វាច​កាត់​តាម​តំបន់​នោះ ។

ភ្នំគូលែន - ប្រាសាទខ្មែរ

ថ្ងៃ​មួយ​មាន​សំពៅ​មួយ​មក​ពី​ស្រុក​ចិន​ និង​កោះ​ជ្វា ត្រូវ​បាន​ខ្យល់​ព្យុះ​សង្ឃរា​ផាត់​បក់​បោក​ខ្ទប់​នឹង​ច្រាំង​ថ្ម​ភ្នំ​ គូលែន​បែក​ខ្ទេច​ខ្ទាំ​អស់ ។ ចិន​ដែល​នៅ​សល់​ពី​ស្លាប់​ដោយ​អស់​សង្ឃឹម​នឹង​បាន​វិល​ត្រឡប់​ទៅ​ស្រុក​ចិន​ វិញ ក៏​សម្រេច​តាំង​លំនៅ​ស្ថាន​នៅ​លើ​ភ្នំ ហើយ​ដើម្បី​ជា​អនុស្សាវរីយ៍​ដល់​នគរ​កំណើត​របស់​ខ្លួន​ ក៏​ចាប់​បណ្ដុះ​គ្រាប់​ពូជ​គូលែន​ដែល​នៅ​សេសសល់​នៅ​លើ​ខ្នង​ភ្នំ ។ ក្រោយ​មក ដើម​គូលែន​ដុះ​ច្រើន​ពាស​ពេញ​ ហើយ​ឈ្មោះ​ភ្នំ​ដែល​ពី​ដើម​គេ​និយម​ហៅ​ថា ព្រះ​សួន​ដូនទាវ ក៏​ក្លាយ​ទៅ​ជា​ភ្នំ​គូលែន​តាំង​ពី​ពេល​នោះ​មក ។ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ពេល​រដូវ​មក​ដល់ អ្នក​ភ្នំ​តែង​បេះ​ផ្លែ​គូលែន​យក​មក​ថ្វាយ​ព្រះ​មហាក្សត្រ​នគរ ដែល​ពេញ​ព្រះទ័យ​នឹង​ផ្លែ​នេះ​យ៉ាង​ក្រៃលែង ។ បើ​តាម​ដឹង គឺ​មាន​តែ​កន្លែង​នេះ​ទេ​ដែល​មាន​ដុះ​ដើម​គូលែន ។

៤. ភ្នំ​គូលែន​ជា​និមិត្តរូប​ចក្កវាឡ និង​ជង្រុក​បារមី

បើ​យោល​ទៅ​តាម​ចក្កវាឡ​​សាស្ត្រ​ប្រទេស​ឥណ្ឌា ភ្នំ​មហិន្ទ្រា គឺ​ជា​លំនៅ​ស្ថាន​នៃ​ទេវា​ទាំង​៣៣ ដែល​មាន​ព្រះ​ឥន្ទ្រ ជា​ព្រះ​រាជា ហើយ​ដែល​មាន​ព្រះ​សិវៈ ជា​អធិបតី​នៅ​លើ​កំពូល ។ ចំពោះ​ជនជាតិ​ឥណ្ឌា ភ្នំ​មហិន្ទ្រា គឺ​ជា​ភ្នំ​ហិមវីត​ ស្ដេច​នៃ​ពពួក​ភ្នំ​ទាំង​ឡាយ​ដែល​​មាន​នៅ​ក្នុង​លោក ហើយ​ទន្លេ​គង្គា គឺ​ជា​ទន្លេ​សក្តិសិទ្ធិ​ដែល​គេ​គោរព​បូជា ។

គេ​មាន​ជំនឿ​ថា ទន្លេ​នេះ​ពី​ដំបូង​ឡើយ​គឺ​ជា​ទន្លេ​សួគ៌ ហើយ​ដោយ​ករុណា​ធម៌​របស់​ព្រះ​សិវៈ បាន​ជា​ទន្លេ​នេះ ក្លាយ​ទៅ​ជា​ទន្លេ​មនុស្ស​លោក ។

ដើម្បី​សម្រួល​ដល់​ការ​ហូរ​ចុះ​នៃ​ទន្លេ​នេះ ព្រះ​សិវៈ​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នេះ​ហូរ​សម្រូត​ធ្លាក់​សន្សឹមៗ​តាម​សក់​ របស់​ព្រះ​អង្គ ។

ដោយ​ហេតុ​ថា​ ភ្នំ​ហិមវីត និង​ទន្លេ​គង្គា ជា​វត្ថុ​សក្តិសិទ្ធិ​បាន​ជា​ជនជាតិ​ឥណ្ឌា​នាំ​គ្នា​សស្រាក់​សស្រាំ​មក​ងូត​ ទឹក​ទន្លេ​គង្គា​នេះ ដើម្បី​លុបលាង​បាប​កម្ម​របស់​ខ្លួន ហើយ​រំដោះ​ខ្លួន​ឲ្យ​ផុត​ពី​វដ្ដ​សង្សា ។ ក្នុង​ន័យ​ដដែល​នេះ មនុស្ស​ចំណាស់ ឬ​មាន​ជម្ងឺ​ជិត​ផុត​សង្ខា​បាន​ត្រូវ​ញាតិ​មិត្ត​សែង​យក​មក​ដាក់​នៅ​លើ​ ច្រាំង​ទន្លេ​​នេះ ដើម្បី​ឲ្យ​បាន​រលត់​ជីវិត​នៅ​ទីនោះ ។

ភ្នំគូលែន - ប្រាសាទខ្មែរ

ដូច្នេះ ភ្នំ​មហិវីត និង​ទន្លេ​គង្គា គឺ​ជា​និមិត្តរូប​ជា​សារវន្ត​នៃ​ជំនឿ​របស់​ជនជាតិ​ឥណ្ឌា ។ ត្រឡប់​មក​ស្រុក​ខ្មែរ​នៅ​គ្រា​នោះ ពពួក​អ្នក​ប្រាជ្ញ​មាន​កាតព្វកិច្ច​ស្វែង​រក​និមិត្ត​រូប​ឲ្យ​បាន​ស្រប​តាម​ ន័យ​នេះ ។ ក្នុង​ទស្សនៈ​នេះ ភ្នំ​គូលែន និង​ស្ទឹង​សៀមរាប មាន​លក្ខណៈ​សម្បត្តិ​ឆ្លើយ​ស្រប​ទាំង​ស្រុង​ទៅ​លើ​បែប​ផែន​នេះ ទី​១ ដូច​បាន​ចង្អុល​ពី​មុន ភ្នំ​គូលែន​ជា​ភ្នំ​សក្តិសិទ្ធិ​ដល់​ទៅ​៣​ដង ហើយ​អាច​សន្និដ្ឋាន​បាន​ថា​ ជា​ភ្នំ​នៃ​ព្រះ​ទេវា​ទាំង​៣៣ ព្រម​ទាំង​ជា​លំនៅស្ថាន​នៃ​ព្រះសិវៈ ទី​២ ស្ទឹង​សៀមរាប ប្រៀប​ហាក់​បី​ដូច​ទន្លេ​គង្គា ព្រោះ​ស្ទឹង​នេះ​ហូរ​ធ្លាក់​ចុះ​តាំង​ពី​លើ​ផ្ទៃ​រាប​នៅ​កំពូល​ភ្នំ​គូលែន ដោយ​ឆ្លង​កាត់​ជ្រោះ​ដូច​ទន្លេ​គង្គា​ដែល​ហូរ​ធ្លាក់​ពី​ភ្នំ​ហិមវីត​ដោយ​ ឆ្លង​កាត់​ជ្រោះ​នានា​ដែរ ។ ចំពោះ​ព្រះ​បាទ​ជ័វរ្ម័ន​ទី​២ និង​ព្រះ​បុរោហិត លក្ខណៈ​ទាំង​នេះ​ស្រប​គ្នា​ទាំង​ស្រុង ។

សូម​កត់​សម្គាល់​ថា ព្រះរាជវង្សានុវង្ស​មហានគរ ទោះ​បី​មិន​បាន​មក​គង់​ប្រថាប់​នៅ​លើ​ភ្នំ​គូលែន​ឲ្យ​បាន​ជាប់​លាប់​ក៏​ដោយ ក៏​ចាត់​ទុក​កន្លែង​នោះ​ថា ជា​ឧទ្យាន​សម្រាប់​គោរព​បូជា​នៃ​ព្រះ​ញាតិវង្ស និង​សាធារណជន​ដែរ ព្រោះ​ទាំង​អស់​គ្នា​សន្និដ្ឋាន​ថា ទី​នោះ​ជា​កន្លែង​សក្តិសិទ្ធិ​ជាទី​បំផុត​នៅ​ក្នុង​ប្រទេស ។ មិន​តែ​ប៉ុណ្ណោះ ព្រះរាជា​អង្គ​ខ្លះ​នៃ​ព្រះវង្ស​មហានគរ​បាន​ធ្វើ​សំណង់​ខាង​សាសនា​បន្ត​ បន្ទាប់​នៅ​ទី​នោះ​ដើម្បី​បន្ថែម និង​ពង្រីក​សភាព​សក្តិសិទ្ធិ​នៃ​ភ្នំ​នោះ​ផង ។ ក៏​ប៉ុន្តែ ការ​ដែល​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​ក្នុង​វិស័យ​នេះ គឺ​ចម្លាក់​លិង្គ​ព្រះសិវៈ​ជា​ច្រើន​រយ​នៅ​លើ​បាត​ស្ទឹង​ដែល​ក្រាល​ដោយ​ថ្ម​ នៅ​ដើម​ទឹក​រហូត​ដល់​ស្ទឹង​នេះ​ក្លាយ​ទៅ​ជា “ស្ទឹង​លិង្គ​មួយ​ពាន់” ។ គោល​បំណង​ធំ​ក្នុង​ការ​ស្ថាបនា​ដ៏​ពិស្ដារ​នេះ គឺ​ដើម្បី​វន្ទា​សុំ​ឲ្យ​ព្រះ​សិវៈ​ប្រកក់​ប្រសិទ្ធី​ទឹក​ស្ទឹង​នេះ​តាំង​ពី ​ដើម​ទី​មុន​នឹង​ទឹក​នេះ​ហូរ​​មក​ដល់​មហានគរ តាម​ទំនប់​ស្រះ​បារាយណ៍ បឹង​បួរ​នានា ។ មក​ដល់​នោះ ទឹក​គន្ទី​នឹង​ជម្រះ​មន្ទិល​ប្រក់​ព្រំ​ព្រះ​មហាក្សត្រ ព្រះរាជវង្សានុវង្ស និង​ប្រជានុរាស្ត្រ​ក្នុង​មហានគរ និង​នៅ​ក្នុង​ផ្ទៃ​ប្រទេស​ទាំង​មូល ព្រោះ​ស្ទឹង​នោះ​នឹង​ហូរ​បន្ត​ទៅ​ទម្លាក់​ខ្លួន​លាយ​ឡំ​នឹង​ទឹក​ទន្លេសាប ដែល​នឹង​លាយ​បន្ត​ទៅ​ទៀត​ជាមួយ​នឹង​ទឹក​ទន្លេ​មេង្គ​ដែល​ហូរ​ឆ្លង​កាត់​ តំបន់​ដ៏​ធំ​នៃ​ប្រទេស​ខ្មែរ ហាក់​បី​ដូចជា​ ទន្លេ​គង្គា​ដែល​ហូរ​ប្រកក់​ប្រសិទ្ធី​មួយ​ផ្នែក​ធំ​នៃ​ប្រទេស​ឥណ្ឌា​ ដែរ ។ គប្បី​កត់​សម្គាល់​ជា​ចុង​ក្រោយ​បង្អស់​ថា ភ្នំ​គូលែន​មិន​ត្រឹម​តែ​ជា​សាសនឧទ្យាន​ដ៏​សម្បើម​ដែល​មាន​បារមី​ សក្តិសិទ្ធិ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ធ្វើ​វិភាគទាន​ផ្ទាល់​ក្នុង​ការ​កសាង​មហានគរ​ទៀត ដោយ​បាន​ផ្ដល់​នូវ​ថ្ម​ដ៏​វិចិត្រ​ដែល​ខ្លួន​មាន​ក្នុង​កិច្ច​កសាង​ នេះ ៕

អត្ថបទពេញនិយម ៖ ប្រាសាទភ្នំក្រោម – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *