Wednesday , November 20 2024

ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ

ប្រាសាទបាលិលេយ្យ – ប្រាសាទខ្មែរ ៖ ប្រាសាទព្រះប៉ាលីឡៃ រឺព្រះបាលិលេយ្យមានចំងាយប្រហែលជា ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចំងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រាសាទនេះត្រូវបានគេកសាងឡើងនៅក្នុងសតវត្សទី ១២ និងដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។

ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ

ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។

ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ

ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ជារឿងគួរអោយសោកស្ដាយដែល ដោយផ្នែកមួយចំនួននៃប្រាសាទត្រូវបានបាក់បែកដោយសារកត្តាធម្មតា និងអាយុកាលរបស់ប្រាសាទ។

ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ

ប្រាសាទ​ព្រះបាលិលេយ្យ​ស្ថិត​នៅ​​ទិស​ខាង​លិច​ វត្ត​ទេព​ប្រណម្យ។ ​មុន​នឹង​ទៅ​ដល់​ប្រាសាទ ​យើង​នឹង​ឃើញ​ឃឿន​វែង​មួយ​ប្រមាណ ៣០​ម៉ែត្រ​​មាន​បង្កាន់​ដៃ​នាគ ​តោ និង​ទ្វារ​បាល​ ឯ​នៅ​ចុង​ឃឿន​នោះ​មាន​រោង​តម្កល់​ព្រះ​ពុទ្ធ​បដិមា​​​ភ្នែន​​លើ​ផ្កា​ឈូក យក​ធរណី​ជា​សាក្សី​មួយ​អង្គ​ធ្វើ​ពី​ថ្មភក់។

ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ

សព្វថ្ងៃ​យើង​ឃើញ​ព្រះ​ពុទ្ធ​បដិមា​ភ្នែន​នេះ​ពេញ​រូប​ពេញ​អង្គ តែ​មុន​នេះ​បដិមា​នេះ​គ្មាន​ព្រះ​​កេស​ទេ។ គេ​​​រក​ឃើញ​ព្រះ​កេស​នេះ​នៅ​ឆ្នាំ​១៩៣៤​ ជាប់​ព័ន្ធ​នៅ​ក្នុងឫស​ឈើ។ «ឧស្ណិសៈ» ព្រះពុទ្ធបដិមា​ភ្នែន​នេះ​ដូច​គ្នា​នឹង​ «ឧស្ណិសៈ» ព្រះពុទ្ធ​បដិមា​ទ្រង់​ឈរ​នៅ​ វត្ត​ទេពប្រណម្យ​ ដែល​ជា​សិល្បៈ​ចុង​​សម័យ​អង្គរ ឬ​ដើម​សម័យ​ក្រោយ​អង្គរ។

ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ

បន្ទាប់​ពី​រោង​នោះ យើង​នៅ​ទៅ​ដល់​ខ្លោង​ទ្វារ​ប្រាសាទ​ ដែល​មាន​ចម្លាក់​​ពុទ្ធ​សាសនា​លើ​ផ្ដែរ និង​ហោជាង។ ​ខ្លោងទ្វារ​មាន​ច្រក​ចូល​ចំនួន​៣។ ​កំពែង​ថ្ម​បាយ​ក្រៀម​ដែល​សព្វ​ថ្ងៃ​រលំ​ស្ទើរ​អស់​ព័ទ្ធ​ប្រាសាទ​នេះ ហើយ​ភ្ជាប់គ្នា​នៅ​ត្រង់​ខ្លោង​ទ្វារ​នេះ។

ខ្លោងទ្វារ​ត្រូវ​បាន​ជួស​ជុល​នៅ​ឆ្នាំ​១៩៣៧។ នៅ​លើ​​​ហោជាង​ផ្នែក​ខាង​កើត​ច្រក​ខាង​ជើង​ ​​បង្ហាញ​រូប​ព្រះ​ពុទ្ធ​ទទួល​ទឹក​ឃ្មុំ​ពី​ស្វា​ និង​ដំរី​ កាល​លោក​គង់​នៅ​ព្រៃ​បរិលេយ្យ។ គេគិត​ថា​ឈ្មោះ​ប្រាសាទ «បាលិលេយ្យ» ​​គឺ​មក​ពី​ឈុត​នេះ​​ឯង។ នៅ​លើ​​ហោជាង​​ផ្នែក​ខាង​លិច​ច្រក​ដដែល បង្ហាញ​រូប​ព្រះពុទ្ធ​ទទួល​ចង្ហាន់​នាង​សុជាតា។ ឯ​លើ​​ហោ​ជាង​ទទឹង​ខ្លោង​ទ្វារ បង្ហាញ​រូប​ព្រះ​ពុទ្ធ​ផ្ចាញ់​ដំរី​នាល​គិរី។

ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ

តួ​ប្រាសាទ​​​​ធ្វើ​អំពី​ថ្ម​ភក់​​មាន​ច្រក​ចូល​ពី​គ្រប់​​បួន​ទិស នៅ​តាម​ច្រក​និមួយៗ​ មាន​​នៅ​សល់​ជា​យ៉​​ដែល​ខូច​ខាត​។ ​ឯ​កំពូល​ប្រាសាទ​ទំនង​ជា​បន្ថែម​​នៅ​ពេល​ក្រោយ ព្រោះ​​ទម្រង់​មិន​ល្អ​ស្អាត​​ ហើយ​ខ្ពស់​សន្លឹម​ រដឹប​រដុប​ប្រហែល​ជា​អាច​មាន​សម្ភារៈ​សំណង់​ជា​ឈើ ឬ​អ្វី​ផ្សេង​ស្រោប​ពី​លើ​បន្ថែម​។ តួ​ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​ឃឿន​​ថ្មភក់​ ៣​ជាន់​កម្ពស់​ប្រមាណ​ជា​ ៣ម៉ែត្រ និង​មាន​ជណ្ដើរ​ឡើង​ទៅ​តួ​ប្រាសាទ​​ពី​គ្រប់​បួន​​ទិស។

ប្រាសាទបាលិលេយ្យ - ប្រាសាទខ្មែរ

បើ​តាម​លោក​ Maurice Glaize មាន​មតិ​ថា «សំយោគ​សាសនា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ចំពោះ​ជនជាតិ​ខ្មែរ។ ចំពោះ​រឿង​ដែល​​ចម្លាក់​ព្រះពុទ្ធសាសនា​នៅ​ប្រាសាទ​នេះ [ព្រះ​បាលិលេយ្យ] ដែល​មិន​​រង​ការ​ដាប់​បំផ្លាញ​នោះ​ ប្រហែល​ដោយ​សារ​ទទួល​​បាន​ការ​ការពារ​ពី​ វត្ត​ទេពប្រណម្យ​ ​និង​ព្រះ​បរមរាជវាំង​​ដែល​នៅ​ក្បែរ​ខាង។»

អត្ថបទពេញនិយម ៖ ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ប្រាសាទស្នឹង - ប្រាសាទខ្មែរ

ប្រាសាទស្នឹង – ប្រាសាទខ្មែរ

ប្រាសាទស្នឹង – ប្រាសាទខ្មែរ ៖ នៅ​ក្នុង​បរិវេណ វត្ត​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់ ខែត្រ​បាត់ដំបង មាន​ប្រាសាទ​ចំនួន​ ២ គឺ​ប្រាសាទ​ស្នឹង​ខាងកើត និង​ប្រាសាទ​ស្នឹង​ខាង​លិច ដែល​ប្រហែលជា​ត្រូវ​បាន​កសាង​នៅ​កំឡុង​ស.វ​ទី ១២ …

Leave a Reply

Your email address will not be published. Required fields are marked *