ប្រាសាទបន្ទាយទ័ព – ប្រាសាទខ្មែរ ៖ ប្រាសាទបន្ទាយទ័ព ខេត្តបន្ទាយមានជ័យ ពុំមានសិលាចារឹកបញ្ជាក់ពីកាលបរិច្ឆេទ និងរាជ្យស្ដេចសាងសង់ទេ ប៉ុន្តែអ្នកស្រាវជ្រាវខ្មែរ និងបរទេស សិក្សាតាមរយៈសំណង់ស្ថាបត្យកម្ម រចនាបថសិល្បៈ និងសំណល់បដិមាមាននៅក្នុងបរិវេណប្រាសាទយល់ថា ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន ។
ប្រាសាទកសាងនៅក្នុងកំពែងចំនួន៤ជាន់ ៖ ១. កំពែងខាងក្រៅជាដី (កំពែងទី៤) មានរាងស្ទើរជាចតុកោណស្មើ ជ្រុងនីមួយៗមានប្រវែង ២២០០ម៉ែត្រ ២. កំពែងទី៣ ធ្វើពីថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង មានបណ្ដោយប្រវែង ៨០០ម៉ែត្រ ទទឹងប្រវែង ៥០០ម៉ែត្រ ៣. កំពែងទី២ ធ្វើពីថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ១៥០ម៉ែត្រ ទទឹងប្រវែង ១១០ម៉ែត្រ កម្ពស់ប្រវែង១ម៉ែត្រ គឺជាខឿនទី១របស់ប្រាសាទ ព័ទ្ធពីក្រៅដោយកសិន្ធុធំមួយ និងទី៤. កំពែងទី១មានរាងចតុកោណស្មើ មានជ្រុងនីមួយៗប្រវែង ៧០ម៉ែត្រ កម្ពស់ប្រវែង ២,៥ម៉ែត្រ គឺជាខឿនទី២របស់ប្រាសាទ ។
ប្រាសាទបន្ទាយទ័ពសព្វថ្ងៃស្ថិតនៅក្នុងភូមិថ្នល់ដាច់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាភាគពាយ័ព្យនៃប្រទេសកម្ពុជា ។ ប្រាសាទនេះស្ថិតនៅខាងជើងស្រុកថ្មពួកចម្ងាយ ៨គ.ម នៅខាងកើតផ្លូវលេខ៥៦ ចម្ងាយ៦គ.ម ៕
អត្ថបទពេញនិយម ៖ វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ