ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ ៖ ប្រាសាទបន្ទាយឆ្មារកសាងចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ គេបានរកឃើញថា នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ឬខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្មមួយដុំណាដែលគ្មានចម្លាក់នោះទេ ។
ក្រុមអ្នកប្រាជ្ញអ្នកជំនាញការ សាស្ដ្រាចារ្យ និងវាគ្មិនអន្ដរជាតិ និងជាតិសំខាន់ៗដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះកាលពីដើមសប្ដាហ៍ទី២នៃខែសីហា ឆ្នាំ២០០៩កន្លងមក បង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ឬថែវ ឬរបងទី១ក្នុងប្រាសាទបន្ទាយឆ្មារគឺមានរូបចម្លាក់ចម្រុះយ៉ាង សន្ធឹកសន្ធាប់ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានេះ ។ ហើយចម្លាក់សំខាន់ជាងគេគឺរូបអវតាលោកេស្វរៈព្រះហស្ថ៣២ជាពោធិសត្វ នៃព្រះពុទ្ធសាសនាអមដោយចម្លាក់រូបអវតាព្រះហស្ថ១៦ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នានៅជ្រុងត្រូវជនទុច្ចរិតគាស់យកបាត់ ។ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ ។
គេក៏រកឃើញរូបព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រដ៏ខ្លាំងពូកែល្បីល្បាញកំពូលនៃប្រវត្ដិសាស្ដ្រ ខ្មែរ ទ្រង់ពស្ដ្រាជាព្រះរាជវាំងបំពេញរាជកិច្ច ឬផ្ដល់សវនាការដល់មន្ដ្រីរាស្ដ្រ និងភ្ញៀវបរទេសទ្រង់ប្រដាប់ព្រះកាយដោយពស្ដ្រាទ័ព និងអាវុធ ។
រូបចម្លាក់បង្ហាញពីព្រះបាទជ័យវរ្ម័នទី៧ ទ្រង់មានព្រះបាទព្រះហស្ថមានព្រះកាយ និងព្រះកម្លាំងពលំមាំមួនណាស់ ។ មានរូបចម្លាក់និយាយពីចម្បាំងនៃកងទ័ពដំរី ទ័ពជើងទឹក (ទូក) ។ មានរូបចម្លាក់បង្ហាញពីទ័ពក្បត់ ឬទ័ពបច្ចាមិត្ដដែលមេទ័ពចាប់បានរួចកាត់ក្បាលមកជូនមេទ័ព ឬថ្វាយស្ដេចជាភ័ស្ដុតាង ។ មានរូបចម្លាក់ផ្កាភ្ញីសក្ការៈ ផ្កាភ្ញី និងរុក្ខជាតិព្រៃ រុក្ខជាតិឱសថ និងដំណាំផ្សេងៗ ។ មានបង្ហាញពីការអភិរក្សសត្វព្រៃ និងព្រៃឈើ ។
គេរកឃើញផងដែរនូវចម្លាក់រូបសត្វម្រឹគីម្រឹគា សត្វស្លាប សត្វល្មូន មច្ឆជាតិ ដែលជាសត្វព្រៃរហូតដល់សត្វស្រុក មានសត្វពាហនៈ សត្វចិញ្ចឹមសម្រាប់ប្រើប្រាស់ ឬធ្វើម្ហូបរហូតដល់សត្វចិញ្ចឹមកម្សាន្ដក្នុងផ្ទះ ។
ពួកទេសចរ និងអ្នកស្រាវជ្រាវរកឃើញរូបចម្លាក់នៃមនុស្សចូលចិត្ដពាក់យ័ន្ដ គាថា ពាក់សង្វារ និងការតុបតែងខ្លួនផ្សេងៗទៀត ។ មានរូបចម្លាក់ស្ដីពីការសង្គ្រោះមនុស្សដោយសែងនឹងអង្រឹង ឬជិះរទេះគោ ។
ទាក់ទិនដល់ជីវភាពប្រជាជន គេរកឃើញរូបចម្លាក់ស្ដីពីការប្រកបរបរត្បាញ របរកសិកម្ម ការគាំពារមាតា និងទារក ការសម្រាលកូន កីឡាប្រជល់មាន់ កីឡាចំបាប់ដ៏ខ្លាំងពូកែ (ស្រដៀងកីឡាចំបាប់សូម៉ូរបស់ជប៉ុន) ។
បន្ថែមលើនោះ គេរកឃើញពីចម្លាក់ទាក់ទិនប្រវត្ដិសាស្ដ្រប្រាសាទនេះ និងការច្បាំងរវាងទ័ពនៃមេទ័ពស្រីឥន្ទ្រកុមារ ព្រះរាជបុត្រឆ្នើម និងសំណព្វព្រះទ័យនៃព្រះនាងជ័យទេវី និងព្រះបាទជ័យវរ្ម័នទី៧ និងមេទ័ពជំនិតដែលច្បាំងតទល់នឹងសត្វរាហ៊ូ ឬយក្សមុខក្រវេមក្រវាម (តំណាងជនអាក្រក់ ឬជនបះបោរនៃសម័យមហានគរ) ។ រូបនោះគេឃើញគោអូសរទេះត្រូវសត្វចម្លែកដ៏ធំមួយ ឬខ្លះហៅថារាហ៊ូលេបចូលអស់មួយកំណាត់ខ្លួនទៅហើយ ។ ឯកសារស្រាវជ្រាវដែលរស្មីកម្ពុជាមានក៏បានបញ្ជាក់ថា ជានិមិត្ដនៃការវាយប្រយុទ្ធរវាងព្រះរាជបុត្រជាមេទ័ព និងសេនាតទល់នឹងសត្រូវគឺរវាងកងទ័ពមហានគរ កម្ចាត់ពួកក្បត់បះបោរទៅលពបុរី (នៅប្រទេសសៀមបច្ចុប្បន្ន) ឬរវាងទ័ពមហានគរប្រយុទ្ធនឹងទ័ពក្បត់នៅនគរចម្ប៉ាកាលនគរនោះជា ចំណុះខ្មែរ ។
ពោលគឺនៅជញ្ជាំង ឬថែវ ឬរបងទី១នៃប្រាសាទបន្ទាយឆ្មារ និងទីកន្លែងដទៃទៀតពាសពេញប្រាសាទ មានរូបចម្លាក់ក្នុងអត្ថន័យ អត្ថរូប និងអត្ថរសសម្បូរបែបណាស់ ៕
អត្ថបទពេញនិយម ៖ ប្រាសាទបុរាណខ្មែរដែលបាត់បង់ក្រោមរបបខ្មែរក្រហម – ប្រាសាទខ្មែរ