ប្រាសាទបក្សីចាំក្រុង – ប្រាសាទខ្មែរ ៖ ប្រាសាទបក្សីចាំក្រុងស្ថិតនៅកណ្ដាលព្រៃស្រោង ខាងឆ្វេងផ្លូវ និងខាងជើង ភ្នំបាខែង ប្រហែល១៥០ ម៉ែត្រ មានកាំជណ្ដើរស្ថាបនាដោយថ្មបាយក្រៀម និងឥដ្ឋពណ៌ក្រហម ។ នៅម្ដុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ ដែលនៅឆៀងខាងជើង មានប្រាសាទពីរបី ដូចជា ប្រាសាទបាយក្អែក និងប្រាសាទបី ជាដើម ។
ប្រាសាទបក្សីចាំក្រុងមានកម្ពស់ ២៧ ម៉ែត្រ គិតពីបាតដល់កំពូល មានរាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត ។ ប្រាសាទនេះមាន ៤ ថ្នាក់ កសាងពីថ្មបាយក្រៀមបន្ដុប ប្រាសាទឥដ្ឋខាងលើ មានជណ្ដើរគ្រប់ទាំងបួនទិស ទ្វារបញ្ឆោតបីទិស តែក្បាច់រចនាសម្រាប់បិទពីក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផ្ដែ រលើខ្លោងទ្វារនៅល្អ មានព្រះឥន្ទ្រគង់លើដំរីឰរាវ័ណ ឯចុងទាំងសងខាងមានគណេស និងមាត់ទ្វារខាងកើតមានសិលាចារឹក ។
តាមឯកសារបានបញ្ជាក់ថា កាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារឹកអ្វីឡើយ លុះដល់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤‑៩៦៨ គ.ស) នាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅគ្រិស្ដសករាជ ៩៤៨ ទើបព្រះអង្គឱ្យគេចារឹកកាព្យសំស្ក្រឹតនៅលើមេទ្វារគួរជាទី ចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីបុព្វការីជនដំបូងបង្អស់នៃជនជាតិខ្មែរក្នុង លំនាំរឿងព្រេងដែលបាននិយាយថា ខ្មែរមានតំណពូជពង្សមកពីឥសីមួយអង្គព្រះនាម “កម្ពុ” ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ) ។
ឥសីនោះទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ “មេរា” ទើបបង្កើតជាកូនចៅតរៀងមក ។ សិលាចារឹកក៏បានរៀបរាប់ដោយដឹងថា ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានសាងរូបព្រះឥសូរដោយមាសសុទ្ធ តម្កល់ទុកក្នុងប្រាសាទនេះ តែឥឡូវនេះ មិនឃើញរូបព្រះឥសូរនោះទេ ឃើញតែព្រះពុទ្ធរូបចូលនិព្វានវិញ ។ កាលពីដើមប្រាសាទបក្សីចាំក្រុងប្រហែលជាមានកំពែងព័ទ្ធជុំវិញ ព្រោះឃើញមានសំណល់ខ្លះ ។ ប្រាសាទបក្សីចាំក្រុងកសាងនៅលើស្ថានីយបុរេប្រវត្ដិមួយនៃយុគសំរឹទ្ធិ ៕
អត្ថបទពេញនិយម ៖ ប្រាសាទបឹងមាលា ឬ បេងមាលា – ប្រាសាទខ្មែរ