ប្រាសាទតុប – ប្រាសាទបុរាណ ៖ នៅពេលមើលប្លង់ប្រាសាទនៅក្នុងបរិវេណអង្គរធំ ខ្ញុំបានចាប់អារម្មណ៌នឹងប្រាសាទចំនួន០២ឈ្មោះតុបដូចគ្នា ដែលមួយស្ថិតនៅផ្នែកខាងកើត និងមួយទៀតនៅផ្នែកខាងលិច មិនឆ្ងាយប៉ុន្មានពីផ្លូវទៅកាន់ទ្វារជ័យ និងទ្វារខាងលិច ។ ផ្លូវចូលទៅកាន់ប្រាសាទទាំងពីរនេះគ្មានស្លាកប្រាប់ទិស ឬសញ្ញាសម្គាល់ឡើយ ក្រៅពីបង្គោលបេតុងចំនួន០២ ធ្វើឲ្យខ្ញុំចំណាយពេលមួយរយៈដើម្បីរកផ្លូវឃើញដើម្បីចូលទៅកាន់ប្រាសាទ ។ លាក់ខ្លួនជ្រកក្រោមព្រឹក្សានៃព្រៃអង្គរធំ ប្រាសាទតុបកម្រនឹងមានអ្នកទេសចរចូលទៅទស្សនាណាស់ ។
ប្រាសាទតុបខាងលិច
ប្រាសាទតុបខាលិច ចុះក្នុងបញ្ជីសារពើភណ្ឌលេខ៤៨៦ កាលដើមឡើយមានតួប៉មទោលតែឯង សង់នៅលើខឿនខ្ពស់ប៉ុណ្ណោះ ។ គេយល់ថា សម័យដែលសង់នោះគឺសតវត្សទី១០ ថ្វីត្បិតតែនៅទីនេះគេមានឃើញសិលាចារឹកមួយពីសតវត្សទី៩ក៏ ដោយ ។
ប្រាសាទទាំងមូលដែលយើងឃើញសព្វថ្ងៃ ជាលទ្ធផលនៃការកែបន្ថែមបន្ថយដែលធ្វើឡើងចាប់ពីសតវត្សទី១៣ដល់ សតវត្សទី១៧ ។ ក្នុងពេលនោះ ខឿនដើមឡើយជាថ្មបាយក្រៀមសុទ្ធសាធត្រូវគេព័ទ្ធគ្របលម្អដោយថ្ម ភក់មួយជាន់ពីលើ ។ តួប៉មទោលក៏គេកែកុនដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់ផ្សេងៗ ដូចជាផ្ដែរ និងសសរដែលឆ្លាក់លើថ្មភក់ពណ៌ផ្កាឈូក ។ គេបានបន្ថែមតួប៉ម០២ទៀតឲ្យរត់ជួរជាមួយតួប៉មទោល (ឥឡូវក្លាយជាតួប៉មកណ្ដាល) មួយខាងជើង មួយទៀតខាងត្បូង ។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា ។ គេឃើញផ្ទាំងចម្លាក់ព្រះពុទ្ធទ្រង់ឈរខ្លះដែលរលំដួលពីទ្វារ បញ្ឆោតនៃប៉មខាងជើង ។ នៅជុំវិញបរិវេណប្រាសាទ ផ្ទាំងចម្លាក់ដែលរលំពីប៉មទាំងបីត្រូវបានគេយកមកផ្គុំឲ្យមើល យល់នៅលើដី ។
នៅសម័យកណ្ដាល គេបានសាងខឿនទ្រវែងមួយតពីខឿនចាស់មកខាងកើត ។ នៅចុងខាងលិចនៃខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ ។ មានអំបែងក្បឿងរាយនៅទីនោះធ្វើឲ្យដឹងថានេះជាខឿនព្រះវិហារ ឬអគារធ្វើឧបោសថសីលប្រភេទណាមួយ ដែលពីមុនមកសាងអំពីឈើ ។
ជុំវិញប្រាសាទ គេដាំស្លឹកសីមាភ្លោះនៅគ្រប់ទិសទាំង៨ដែលជាប្រពៃណីទូទៅក្នុង ការដែលព្រះពុទ្ធសាសនាថេរវាទចូលទៅកាន់កាប់ទីកន្លែងបូជាចាស់ក្រោយ ពីដូររាជធានីចេញចាកអង្គរមក ។ សីមាខ្លះនៅទីកន្លែងដើម មិនទាន់រង្គោះរង្គើទៅណាឡើយ ថែមទាំងមានដីមកលុបផ្នែកខាងក្រោមផង ។
បច្ចុប្បន្ន ប្រាសាទតុបខាងលិចទទួលរងនូវការខូចខាត បាត់លំនឹង និងត្រូវបានទល់ការពារ រង់ចាំការជួសជុលកែលម្អ ។
ប្រាសាទតុបខាងកើត
ស្ថិតនៅចន្លោះទ្វារជ័យ និងទ្វារខ្មោច ប្រាសាទតុបខាងកើត ចុះក្នុងបញ្ជីសារពើភណ្ឌលេខ៤៨៧ ត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា ប្រាសាទមង្គលថិផងដែរ ដើម្បីរំឭកដល់ព្រះសង្ឃដ៏មានអំណាចមួយអង្គឈ្មោះ ជ័យមង្គលថិ ដែលជាកូនរបស់ព្រាហ្មណ៍ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះដើមឡើយផ្ដួចផ្ដើមសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែពុំទាន់បានសម្ពោធនៅឡើយ រហូតទាល់តែដល់ឆ្នាំ១២៩៥ទើបសម្ពោធប្រើប្រាស់សម្រាប់ពិធីសាសនា គឺប្រមាណ៩ទសវត្សរ៍បន្ទាប់ពីព្រះអង្គចូលទីវង្គត ។ ប្រាសាទតុបខាងកើតគឺជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនាចុងក្រោយ បង្អស់ដែលបានស្ថាបនាឡើងនៅក្នុងតំបន់អង្គរ និងកសាងឡើងក្នុងអំឡុងពេលច្របូកច្របល់នៃការវិលត្រឡប់មកកាន់ ព្រហ្មញ្ញសាសនាវិញ បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ចូលទីវង្គត ។
ប្រាសាទតុបខាងកើតជាប្រាង្គទោល ត្រូវបានកសាងឡើងពីថ្មភក់ បែរមុខទៅខាងកើត មានទ្វារបញ្ឆោតនៅទិសបីផ្សេងទៀត បច្ចុប្បន្ននេះមានការរលំបាក់បែកច្រើន ។ គេឃើញមានថ្មមួយដុំមានឆ្លាក់វិស្ណុផ្ទំលើពស់អនន្តៈ និងព្រះព្រហ្មគង់លើផ្កាឈូក វិស្ណុដៃបួននៅលើស្មាគ្រុឌ ខាងលើក្រឹស្ណពាក់មកុដកំពូលបីទ្រភ្នំការពារហ្វូងគោ និងគង្វាល ព្រះរាមកាន់ធ្នូ ដែលនៅថ្មនេះឃើញមានអវតារព្រះនរាយណ៍សឹងគ្រប់សព្វ ។ មានថ្មមួយដុំទៀត មានចម្លាក់រូបលោកេស្វរៈដៃបួន នាងបវិតី និងមករក្លាយជាក្រពើ នៅហោជាងព្រះឥសូររាំជាមួយនឹងអគ្គមហេសី ៕
អត្ថបទពេញនិយម ៖ ប្រាសាទបន្ទាយឆ្មារ – ប្រាសាទបុរាណ