ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ ៖ អំពីប្រាសាទបុរាណនៅស្រុកខ្មែរ
លោកហ្សកសឺដេស៍ ចាងហ្វាងសាលាបារាំងនៅចុងបូព៌ាប្រទេស
អធិប្បាយកាលពីថ្ងៃចន្ទ ៦ មីនា ១៩៣៣ នៅសារមន្ទីរល្វីហ្វីណូត៍ ក្រុងហាណូយ
ក្រម្ការ ជុំ ម៉ៅ ប្រែចេញមកជាភាសាខ្មែរ
ការរចនាខ្មែរដែលខ្ញុំប្រារព្ធនិងអធិប្បាយជូនអស់លោកជូនអស់លោក ក្នុងវេលាល្ងាចនេះ មិនចាំបាច់ឲ្យមានសេចក្ដីសារសព្វរៀបរាប់ជាលំនាំវែងឡើយ ព្រោះយើងបានស្គាល់ស្រុកខ្មែរគ្រប់គ្នា ឬស្ទើតែគ្រប់គ្នា ព្រឹក្សាលតាវល្លិ និងម្រឹគបក្សីរបស់ស្រុកនេះក៏មិនចន្លោះនឹងភ្នែកយើង ។ ក្នុងវេលានេះខ្ញុំផ្គងនឹងរាយរៀងប្រាសាទបុរាណស្រុកខ្មែរក្នុងរបារភូមិសាស្ដ្រ របារពង្សាវតារ និងក្នុងរបារក្សត្រ ព្រមទាំងក្នុងរបារសាសនា និងគ្រួសារ ។ ខ្ញុំមានបំណងនឹងល្បងគាស់កកាយប្រាសាទបុរាណទាំងនេះឲ្យលេចច្បាស់ឡើងអំពីសេចក្ដីកំបាំង ដែលនាំឲ្យកើតជាសៀវភៅដោយច្រើនអំពីរឿងនេះ ហើយដែលច្រើនតែជាយ៉ាងមធ្យមដើម្បីនឹងឲ្យអស់លោកបានយល់អំពីដែលប្រាសាទទាំងនេះមានន័យដូចម្ដេចចំពោះលើជាតិដែលបានកសាងទាំងនេះ មានន័យដូចម្ដេចចំពោះលើជាតិដែលបានកសាងឡើង ។
របារភូមិសាស្ដ្រនឹងវាសបានយ៉ាងឆាប់ផែនទីដែលមានប្រាសាទខ្មែរនោះ ចាប់តាំងពីឈូងសមុទ្រសៀមទៅវៀងចន្ទន៍ និងពីក្រុងព្រៃនគរទៅវាលច្រកភ្នំមេណាម គឺត្រូវគ្នានឹងស្រុកខ្មែរទាំងមូលសព្វថ្ងៃ ថែមមួយភាគយ៉ាងធំរបស់ស្រុកកូសាំងស៊ីន ជាយខាងជើងរបស់ស្រុកលាវ និងស្រុកសៀមទាំងមូលប៉ែកខាងកើត បើរិះគិតពិចារណាអំពីប្រាសាទផ្សេងៗ ដែលនៅដាច់ឆ្ងាយក្នុងទីដទៃៗ ដែលជាដំណែលការកាន់កាប់របស់ខ្មែរក្នុងសម័យដែលកំពុងផ្សាយឫទ្ធានុភាពដ៏ធំទូលាយនោះ ឃើញថា ខែត្រដែនរបស់ការរចនាខ្មែរកំណត់មួយចំណែកត្រឹមតំបន់វាលទំនាបទន្លេមេគង្គ និងតំបន់ក្បែរៗទន្លេសាប ហើយមួយចំណែកទៀតនៅតំបន់ភ្នំកូរ៉ាត់ ។ យើងឃើញក្នុងមួយរំពេចថា ការប្រជុំរួបរួមនូវតំបន់ទាំងពីរ ដែលប្លែកគ្នាគ្រប់ស្ថាន មកជាតំបន់រដ្ឋប្រសាសនាបាយតែមួយនោះតែងតែមិននឹងមិនថាវរឋិតឋេរជាដរាប ហើយពង្សាវតារទាំងមូលរបស់ស្រុកខ្មែរឃើញតែកើតបតិបក្សគ្នា ក្នុងពួកដែលនៅតំបន់ដ៏ខ្ពស់ខាងជើងភ្នំដងរែក និងពួកដែលនៅតំបន់ដីទាបខាងត្បូង ។
ត្រង់នេះមានប្រស្នាមួយយ៉ាងកើតឡើងដែលគេចោទសួរខ្ញុំជាញយៗ គឺថាតើនរណាជាខ្មែរដែលជាអ្នកកសាងប្រាសាទទាំងឡាយនោះ ? តើខ្មែរទាំងនោះជាមួយនឹងខ្មែរសព្វថ្ងៃដែលទុកដាក់ប្រាសាទទាំងឡាយដែលជាទីអស្ចារ្យនោះថា ព្រះឥន្ទ្រាធិរាជ និងព្រះវិស្សកម្មជាបុត្រព្រះឥន្ទ្របានកសាងនោះឬអ្វី ? សេចក្ដីតបនឹងប្រស្នានេះឃើញងាយលើគោកណាស់ ព្រោះប្រាសាទបុរាណដែលចាស់បំផុតជាងគេ មានចារឹកអក្សរមួយភាគជាភាសាសំស្រ្កឹតដែលជាភាសាប្រាជ្ញរបស់ជាតិហិណ្ឌូដែលចូលមកនៅក្នុងស្រុកខ្មែរ មួយភាគទៀតជាភាសាសម្រាប់ស្រុក ដែលមិនមែនអ្វីក្រៅពីភាសាខ្មែរ គេអាចនឹងថាបានហើយប្រហែលពិត ថាក្នុងព្រះបរមរាជវាំងនោះអ្នករាជការច្រើន តែមានឈាមហិណ្ឌូចូលយ៉ាងច្រើនភាគ ហើយប្រជារាស្រ្តធម្មតា មិនមែនប្លែកអ្វីណាស់ណាអំពីខ្មែរសព្វថ្ងៃនេះទេ សេចក្ដីនេះគេអាចនឹងបញ្ជាក់បានថា បុព្វបុរសរបស់ខ្មែរសព្វថ្ងៃនេះហើយ ដែលបានកសាងប្រាសាទទាំងប៉ុន្មាននោះ ហើយដែលជាតិខ្មែរសព្វថ្ងៃ ទុកដាក់ថាជាទេវតានិមិត្តឡើង ។
ចំណែកខាងពូជវិញនោះដែលបានដឹងច្បាស់ គឺថាជាតិខ្មែរមានភាសាព្រលាំគ្នានឹងជាតិមន និងជាតិផ្សេងៗឯទៀតដែលនៅក្នុងជួរភ្នំយួន និងជួរភ្នំភូមា ។ តែតាំងពីសម័យណាដែលជាតិខ្មែរចូលមកកាន់កាប់ស្រុកនេះ ដែលកាលពីដើមជាស្រុកដែលជាតិណែគ្រ និងជាតិចាមជ្វា កាន់កាប់ដូចមានសំអាងខ្លះនៅជាបន្ទាល់ដល់សព្វថ្ងៃនេះ ? ក្នុងស្ថាននេះខ្ញុំក៏អាចនឹងថាឲ្យត្រូវចំ ប៉ុន្តែប្រហែលប្រាកដជាជាតិខ្មែរនេះហើយដែលសេចក្ដីស៊ីវីឡៃស្រុកឥណ្ឌាផ្សាយមកលើ កាលពីក្នុងរវាងដើមគ្រិស្ដសករាជ ដូចដែលខ្ញុំបានប្រារព្ធក្នុងសេចក្ដីអធិប្បាយទីមួយរបស់ខ្ញុំស្រាប់ ។
ពង្សាវតារជាតិខ្មែរបង្រួមទៅជាពង្សាវតាសេ្ដចស្រុកខ្មែរទៅវិញ គឺច្រើនតែមានទំនងដូច្នោះក្នុងពួកស្រុកប្រទេសណាដែលប្រកាន់នូវ «រាជា» ថាទីបំផុតរបស់នគរ ទំនងនេះមានក្នុងស្រុកខ្មែរ ព្រោះដើមឫសរបស់ពង្សាវតារប្រមូលផ្សំឡើងឃើញស្ទើសុទ្ធតែជាចំណងជើងសារបានទាំងអស់ ព្រោះថាសិលាចារឹកច្រើននិយាយតែពីការកសាងខាងផ្លូវសាសនា នឹងពីស្ដេចព្រមទាំងនាហ្មឺនដែលធំៗ ខ្លះជាដើម មានសម័យដំបូងដែលយើងបានដឹងដោយសារតែពួកចិន ដែលជាអ្នកកត់ត្រាពង្សាវតារ សម័យនេះរាប់តាំងពីគ្រិស្ដសករាជ ១០០ ទៅទល់នឹង ៦០០ឆ្នាំ សម័យប្រទេសកម្ពុជាក្រោមជាទីក្រុងខ្មែរដែលទទួលអរិយធម៌អំពីហិណ្ឌូ សាសន៍ហិណ្ឌូហាក់ដូចជាផ្សាយអាណាខែត្រយ៉ាងធំទូលាយទៅលើជ្រោយដែលពាក្យចិនហៅថា «ហ្វូណន» ។ ហ្វូណន ជាសំនៀងចិនស្រុកប៉េកាំងសម័យថ្មី កើតឡើងដោយអក្សរពីរតួ ដែលកាលជាន់ដើមគេមើលថា ភិយុ-ណាំ អក្សរនេះច្បាស់ជាផ្ទេរពីអក្សរខ្មែរថា «ភ្នំ» មក ។
ស្ដេចក្នុងស្រុកនោះមានគោរមងារម្យ៉ាងហៅថា «ស្ដេចភ្នំ» គោរមងារនេះហើយដែលពួកចិនយកមកឲ្យឈ្មោះស្រុក ។ ទីក្រុងរបស់ស្រុកនេះទំនងជានៅជិតភ្នំក្នុងខែត្របាភ្នំ ដែលមិនឆ្ងាយពីភូមិបាណាម បាភ្នំ និងបាណាមនេះជាពាក្យពីរមាត់ដែលជាប់ទងពីឈ្មោះពីដើមមកដល់ឥឡូវ ។
នៅខាងជើងហ្វូណន ត្រង់កន្លែងមធ្យមនៃទន្លេមេគង្គជាចន្លោះខោន និងថាខែត្រក្នុងតំបន់ដីខ្ពស់ នោះមានស្រុកប្រទេសរាជមួយជាពួកកម្ពុជា នៅទីនោះហើយដែលកាលក្នុងកណ្ដាលគ្រិស្ដ ៦០០ឆ្នាំ មានព្រះអង្គម្ចាស់មួយអង្គជារាជវង្សពីស្រុកហ្វូណនសោយរាជ្យនៅនគរនោះគឺ ភវវរ្ម័នទី១ ដោយហេតុភាន់ប្រែអ្វីដែលយើងមិនបានដឹងជាក់នោះ ស្ដេចក៏តាំងព្រះអង្គជាឯករាជ្យឡើង ហើយដោយបានព្រះអង្គម្ចាស់ចិត្រសេន ជាព្រះអនុជជួយផង ក៏តាំងលើកកងទ័ពទៅវាយនគរដែលស្ដេចធ្លាប់ឡើង យកបានខែត្រទាំងប៉ុន្មានក្នុងតំបន់ខាងជើង ហើយនគរនេះក៏ផ្លាស់ទីក្រុងទៅតាំងនៅតំបន់ខាងត្បូងវិញ គឺការកើតភាន់ប្រែដោយខ្មាំងសត្រូវលុកលុយជាដំបូងដែលខ្ញុំបានពោលរួចហើយ ។ ក្នុងគ្រិស្តសករាជ ៧០០ឆ្នាំ ស្ដេចដែលកាន់កាប់ជាតំណអំពីស្ដេចបងប្អូនទាំងពីរអង្គក៏តាំងសម្រេចកិច្ចភ្ជាប់ប្រទេសកម្ពុជាក្រោមមកក្នុងអាណាខែត្របាន ប្រទេសកម្ពុជាក្រោមដែលកាលពីដើមជាទីកន្លែងដ៏មានឫទ្ធានុភាពរបស់ហ្វូណន បានមកជាដែនរបស់ពួកកម្ពុជាវិញ មានស្ដេចមួយអង្គទ្រង់ព្រះនាម ឥសានវរ្ម័នទី១ បានសាងទីក្រុងមួយដែលគេស្គាល់បានសព្វថ្ងៃថា សម្បូរព្រៃគុក ហើយស្ដេចមួយអង្គទៀត ទ្រង់ព្រះនាម ជយវរ្ម័នទី១ ទំនងជាបានតាំងទីក្រុងនៅអង្គរបូរីសម័យទាំងមូលនេះ (តាំងពីដែលរលាយស្រុកហ្វូណនពីគ្រិស្ត ៥៥០ ទៅទល់នឹង ៨០០) រាប់បញ្ចូលជាសម័យដើមដំបូង ឬសម័យមុនអង្គរ ក្នុងពង្សាវតារស្រុកខ្មែរ ។
ក្នុងគ្រិស្ត ៨០០ឆ្នាំមានកើតហេតុភាន់ប្រែ ដែលយើងមិនបានដឹងដោយជាក់លាក់ គឺមានចែកស្រុកជា ២ចំណែកជាកម្ពុជាគោកខាងជើង នឹងកម្ពុជាទឹកខាងត្បូង ប្រហែលជាបណ្ដាលមកពីពួកជ្វា ព្រោះទំនងជាជ្វាផ្សាយអាណាខែត្រមកលើតំបន់ស្រុកខ្មែរមួយចំណែក ។
ក្នុងរវាងចុងគ្រិស្តសករាជដែលមានរឿងមិនច្បាស់ប្រាកដនេះ មានព្រះអង្គម្ចាស់មួយអង្គដែលជាប់ក្នុងរាជវង្សចាស់ដោយចំណងយ៉ាងឆ្ងាយណាស់មកហើយ ត្រឡប់មកពីស្រុកជ្វាវិញ (ដែលទៅនៅស្រុកជ្វានោះដោយត្រូវនិទេស ឬក៏ត្រូវជ្វាចាប់ទៅជាឈ្លើយ) ហើយក៏មកតាំងឯករាជ្យក្នុងស្រុកខ្មែរ មិនព្រមចុះចូលស្រុកជ្វាទៀត ដោយតាំងព្រះថ្មីមួយឡើងសម្រាប់គោរពគឺ ព្រះទេវរាជ រឿងនេះខ្ញុំនឹងសាមកនិយាយវិញក្នុងគ្រាឥឡូវនេះ ស្ដេចនេះបានបោះបង់តំបន់ទំនាបទន្លេមេគង្គ ហើយក៏ដើររើសរកកន្លែងដែលស្រួលនៅខាងជើងទន្លេសាប ដើម្បីតាំងទីក្រុងហើយក៏បានតាំងទីក្រុងតៗមកនៅតំបន់កុដិ (ខាងកើតអង្គរ ខាងកើតតាព្រហ្ម ខាងជើងបន្ទាយក្ដី) នៅហរិហរល័យ (លលៃ) នៅអមរេន្ទ្របុរៈ (ប្រហែលជាបន្ទាយឆ្មារ) ហើយក្រោយមកក្នុងឆ្នាំ៨០២ តាំងនៅលើភ្នំមហេន្រ្ទ គឺនៅកំពូលភ្នំគូលែន ។
មហាក្សត្រនេះទ្រង់ព្រះនាមថា ជយវរ្ម័ន (នាមទី១១) ទ្រង់យាងត្រឡប់ទៅទិវង្គត ឯស្រុកហរិហរល័យវិញ នៅវេលាក្រោយដែលបានសោយរាជ្យកំណត់ ៥០ឆ្នាំ ដែលជារាជ្យពេញទៅដោយចំបាំងរាំងជល់ ហើយដែលទ្រង់បានធ្វើស្រុកឲ្យសុខសាន្តត្រាណ ព្រមទាំងរួបរួមព្រះនគរឲ្យបានជាតែមួយឡើងនឹងព្រមទាំងតាំងកំណត់រាជនិវេសន៍ខ្មែរតែក្នុងតំបន់អង្គរ ។
ព្រះរាជបុត្រារបស់ព្រះអង្គ នឹងព្រះរាជតោទ្រង់ព្រះនាមឥន្ទ្រវរ្ម័ន បានតាំងរាជនិវេសន៍នៅហរិហរល័យ ។ លុះព្រះបាទឥន្ទ្រវរ្ម័នទ្រង់ទិវង្គតពីឆ្នាំ៨៨៩ ទៅ ព្រះរាជបុត្រាទ្រង់ព្រះនាម យសោវរ្ម័នទី១ទ្រង់ផ្លាស់ទីក្រុងលើកទៅដាក់ខាងទិសនិរតី ចម្ងាយពីក្រុងចាស់ ២-៣គីឡូម៉ែត្រ ទីក្រុងថ្មីដែលយើងនឹងបញ្ជាក់ទីស្ថានក្នុងវេលាឥឡូវនេះ ទ្រង់បានតាំងនាមថា យសោធរបុរៈ ទ្រង់បានចាត់ការជីកស្រះយ៉ាងធំនៅជិតក្រុងនោះ ស្រះនោះយើងស្គាល់ឈ្មោះសព្វថ្ងៃនេះថា បារាយខាងកើត នៅមុំទាំង៤ នៃស្រះនោះមានសិលាចារឹកពោលអួតអំពីការដ៏ប្រសើរនេះ ។
រជ្ជកាលដែលតពីនេះទៅមិនត្រូវនិយាយឲ្យយូរទេ ដែលថាដូច្នេះគឺមិនមែនព្រោះដឹងរឿងមិនជាក់ឡើយ ប៉ុន្តែក្នុងវេលាល្ងាចនេះ ខ្ញុំមិនមែនត្រូវអធិប្បាយអំពីពង្សាវតារ ខ្ញុំគ្រាន់តែរៀបរៀងរបារនៃប្រាសាទបុរាណផ្សេងៗ អស់លោកត្រូវគ្រាន់តែជ្រាបថាក្នុងគ្រិស្តសករាជ ៩២១ ព្រះបាទជយវរ្ម័នទី៤ បោះបង់ចោលក្រុងអង្គរ ហើយទៅតាំងកសាងទីក្រុងនៅកោះកេរ្តិ៍សាងប្រាសាទយ៉ាងធំៗ សេចក្ដីព្យាយាមនេះឃើញឥតអំពើព្រោះក្នុង ២៣ឆ្នាំតពីនោះគឺក្នុងឆ្នាំ៩៤៤ ស្ដេចដែលទទួលរាជ្យសម្បត្តិមកត្រឡប់មកតាំងទីក្រុងនៅអង្គរវិញ ជាកន្លែងដែលព្រះរាជាគ្រប់ព្រះអង្គមិនត្រូវបោះបង់ចោល ។
ក្នុងរវាងឆ្នាំ ១១០០ នោះរាជ្យសម្បត្តិធ្លាក់បានដល់រាជវង្សជាតិដទៃ គឺជាតិចាមដោយពិត ក្នុងគ្រិស្តសករាជប្រមាណ១០៨០ មានមនុស្សម្នាក់មិនដឹងជាលេចមកពីណា ប្រហែលជាជាប់លោហិតអំពីក្សត្រក្នុងឆ្នាំ១០០០ មានព្រាហ្មណ៍ម្នាក់ដែលមានចិត្តលោភលន់ជាអ្នកឧបត្ថម្ភ មកតាំងនគរមួយនៅខាងជើងភ្នំដងរែក ហើយលុះដល់ស្ដេចថ្មីមកតាំងនៅអង្គរស្រុកខ្មែរក៏តាំងបែកជាថ្មីម្ដងទៀត ។
ក្នុងរវាងពីឆ្នាំ ១១១៣ ទៅ ១១៥០ រាជ្យសម្បត្តិធ្លាក់បានមកលើមហាក្សត្រមួយព្រះអង្គដែលធំបំផុតក្នុងស្រុកខ្មែរ គឺព្រះបាទសុរ្យវរ្ម័នទី២ ដែលអស់លោកអាចនឹងពិនិត្យរូបភាពនៅប្រាសាទនគរវត្តលើក្បាច់ជញ្ញាំងខាងត្បូង ដែលមានរចនាដល់ទៅពីរកន្លែងមួយកន្លែងទ្រង់គង់នៅក្នុងព្រះបរមរាជវាំងមួយកន្លែងទៀតទ្រង់ឈរលើរាជគជេន្ទ្រ ។ វេលាក្រោយដែលទ្រង់សោយរាជ្យសម្បត្តិបាន ៤០ឆ្នាំ ដែលជារជ្ជកាលប្រកបដោយចំបាំងរាំងជល់គឺទ្រង់វាយបានស្រុកចម្ប៉ាមួយចំណែកភ្ជាប់មកស្រុកខ្មែរ លុះក្រោយមកស្រុកខ្មែរក៏កើតចលាចលបានឱកាសដល់ចាមសងសឹកវិញ គឺក្នុងឆ្នាំ១១៧៧ ពួកចាមចូលមកលុកក្រុងអង្គរ ដុតប្រាសាទ ផ្ទះសម្បែង និងកាប់សម្លាប់អ្នកស្រុកជាច្រើន ។ លុះត្រាក្រោយមក ក៏មហាក្សត្រខ្មែរមួយព្រះអង្គទ្រង់ព្រះនាមជយវរ្ម័នទី៧ ទ្រង់ដេញបានអស់ទីវិញ ទើបទ្រង់ឡើងសោយរាជ្យសម្បត្តិនៅឆ្នាំ១១៨១ ហើយតាំងកសាងក្រុងជាថ្មី ។
តពីរជ្ជកាលព្រះអង្គទៅ ក្សត្រទាំងប៉ុន្មានដែលសោយរាជ្យជាលំដាប់មកក៏តាំងប៉ះប្រទះគ្នានឹងជាតិសៀម ដែលទើបនឹងមកពីតំបន់ជុំវិញទន្លេមេណាមមកតាំងនៅ នេះហើយជាពេលដែលផ្ដើមនឹងផុតសម័យអង្គរ ប៉ុន្តែសម័យនេះនៅប៉ផ្តិតប៉ផ្ដក់វែងឆ្ងាយក្រែលមកដែរ ព្រោះថាដល់មកឆ្នាំ១៥០០ ទើបបោះបង់អង្គរវិលមកតាំងទីក្រុងនៅភ្នំពេញ ដែលមិនឆ្ងាយអំពីក្រុងចាស់ៗរបស់ហ្វូណន និងខ្មែរជាន់ដើម ។
សម័យហ្វូណន សម័យដំបូង សម័យអង្គរ ឥឡូវយើងត្រូវពិនិត្យមើលតើប្រាសាទបុរាណខ្មែរត្រូវចែកចេញដូចម្ដេចខ្លះតាមសម័យទាំងនេះ ។
ក្នុងសម័យហ្វូណន ដំណែលប្រាសាទទាំងប៉ុន្មានដែលបានរកឃើញ មានចារឹក២ ជាភាសាសំស្រ្កឹត មួយជាចារឹករំលឹកដល់ព្រះវិស្ណុ រកឃើញនៅថាប់មួយក្នុងតំបន់វាលភក់ (កូសាំងស៊ីន) មួយទៀតរំលឹកដល់ព្រះពុទ្ធ រកឃើញនៅបាទី ចារឹកទាំងពីរនេះកើតឡើងក្នុងរវាងគ្រិស្តសករាជ៥០០ និងដើមគ្រិស្តសករាជ ៦០០ឆ្នាំ មានប្រាសាទសម័យមុនអង្គរជាច្រើនតាំងនៅក្នុងស្រុកខ្មែរកណ្ដាល និងខាងជើង ក្នុងតំបន់ដែលកាលពីដើមជាទីក្រុងរបស់ហ្វូណន ប៉ុន្តែមិនមានប្រាសាទណាមួយដែលល្មមនឹងទុកដាក់ដោយពិតប្រាកដបានថា ជាប្រាសាទដែលសាងក្នុងសម័យហ្វូណនឡើយ ។ ចំណែកខាងក្បាច់ចម្លាក់វិញក៏ដូចគ្នាដែរ ប៉ុន្តែបើទោះណាគ្មានសំអាងដោយពិតប្រាកដអំពីដំណែលនេះក្ដី យើងក៏អាចនឹងពិចារណាឲ្យយល់ទៅបានអំពីបែបកសាង និងក្បាច់រចនារបស់ស្រុកនេះកាលគ្រានោះបាន ។
ចំណែកខាងក្បាច់ចម្លាក់នោះ ព្រះពុទ្ធរូបទាំងឡាយនៅអង្គរបូរី និងរូបព្រះវិស្ណុ និងព្រះហរិហរទាំងឡាយ ដែលមានដេរដាសតាំងពីស្រុកកូសាំងស៊ីនដរាបដល់តំបន់ខាងជើងជ្រោយម៉ាឡាយូ អាចនឹងឲ្យគំនិតដល់យើងឲ្យដឹងបានថាបែបចម្លាក់របស់ហ្វូណននោះយ៉ាងដូចម្ដេចខ្លះ ។
រចនាខ្មែរជាន់ដើម ឬមុនអង្គរនោះ ចូលមកក្នុងវង់នៃការពិនិត្យរបស់លោក បារម៉ង់ចេរ ។ ដំណែលរចនាមានយ៉ាងសម្បូរក្នុងតំបន់ស្រុកខ្មែរខាងត្បូង និងក្នុងតំបន់ជ្រុងដីដែលជាចន្លោះទន្លេមេគង្គ និងទន្លេសាប ។ កន្លែងដែលសំខាន់ជាងគេនោះគឺសម្បូរព្រៃគុក ជាខាងជើងកំពង់ធំ ។ អំពីបែបភាពការកសាងនោះ គឺធ្វើដោយឥតមានកំពូលខ្ពស់ស្រួចបែបហាត់ដោបួនជ្រុង មានទ្វារបញ្ឆោត មានថ្នាក់ទាបចុះ តាំងធ្វើជាថ្នាក់ខាងក្រោមក្បាច់ចម្លាក់នេះបានបង្កើតការជាគំរូដើមយ៉ាងសំខាន់ ។
ប្រាសាទ និងរូបភាពក្នុងការរចនាជាន់ដើម ងាយនឹងសម្គាល់ឲ្យឃើញខុសគ្នាអំពីប្រាសាទ និងរូបភាពក្នុងការរចនាជាន់អង្គរណាស់ បើដូច្នេះឃើញថារឿងរ៉ាវរបស់ប្រាសាទបុរាណឥតមានលំបាកនឹងរៀបរៀងឡើយ ។
គឺជាក្នុងសម័យទី៣ ក្នុងរវាងដើមឆ្នាំ៩០០ និងចុងឆ្នាំ១២០០ ដែលមានកើតប្រាសាទផ្សេងៗ ក្នុងប្រជុំអង្គរ និងប្រាសាទផ្សេងៗ នៅកោះកេរ្តិ៍ ព្រះខ័ន បេងមាលា បន្ទាយឆ្មារ ព្រះវិហារ ភ្នំជីសូរ ឈ្មោះទាំងនេះគឺរាប់តែប្រាសាទដែលសំខាន់ៗ និងដែលស្គាល់ច្បាស់ជាងគេ ។
ការដែលរៀបរៀងប្រាសាទទាំងនេះឲ្យមានលក្សណ៍មានខណ្ឌតាមពេលសម័យ នោះឃើញមិនងាយឡើយ ។ ប្រសិនបើលើកយកប្រាសាទក្នុងពួកបាគង លលៃដែលមានចារឹកឆ្នាំ៨៧៩ ៨៩៣ នៅទ្វារ និងប្រាសាទនៅតំបន់កោះកេរ្តិ៍ដែលជារាជនិវេសន៍កំណត់ត្រឹម ២៣ឆ្នាំ គឺពីឆ្នាំ៩២១ ដល់ ៩៤៤ ព្រមទាំងប្រាសាទអង្គរនគរវត្ត ដែលកសាងឡើងក្នុងរវាងពាក់កណ្ដាលខាងដើមឆ្នាំ១២០០ ចេញនោះ ចារឹកធំៗក្នុងសម័យអង្គរក្នុង ១០ឆ្នាំខាងក្រោយនេះ ឃើញចេះតែប្រែប្រួលទៅផ្សេងៗ មិនមានទៀងសោះឡើយ ។
តាំងពីនោះមក មានកើតសៀវភៅ និងសេចក្ដីអធិប្បាយជាច្រើន ដែលធ្វើឲ្យសាធារណជនវិលវល់ ហើយមិនទុកចិត្តដល់ភស្តុតាងនៃការស្រាវជ្រាវរិះរករបស់យើង និងសេចក្ដីវិនិច្ឆ័យជាខ្លឹមសាររបស់យើង ។
ដោយហេតុនេះហើយបានជាកាលណាយើងបើកមើលសៀវភៅដែលពន្យល់ក្បាច់រចនារបស់លោកមារហ្សាល់ ជាអ្នករក្សាប្រាសាទអង្គរ ដែលបោះពុម្ពពីឆ្នាំ១៩២៨នោះ យើងនឹងឃើញថាប្រាសាទបាយ័ន និងប្រាសាទឯទៀតទាំងប៉ុន្មានដែលមានបែបផែនដូចៗគ្នា ដូចយ៉ាងតាព្រហ្ម បន្ទាយក្ដី ព្រះខ័ន ។ល។ គេបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គឺជាស្ដេចដំបូងក្នុងសម័យអង្គរ ដែលបានសោយរាជ្យក្នុងរវាងដើមឆ្នាំ៩០០ ។ បើយើងទៅមើលសៀវភៅនាំផ្លូវរបស់លោកម៉ាដ្រុល ដែលបោះពុម្ពជាភាសាបារាំងជាន់ក្រោយក្នុងឆ្នាំ១៩២៨ ដែរនោះ យើងឃើញថាប្រាសាទបាយ័នកសាងឡើងក្នុងរវាងដាច់ឆ្នាំ៩០០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នដែលជាក្សត្រអ្នកកសាងក្រុងអង្គរធំ ប៉ុន្តែសៀភៅរបស់លោកម៉ាដ្រុលដដែល ដែលបោះពុម្ពជាភាសាអង់គ្លេសក្នុងឆ្នាំ១៩៣០ បន្ថយឆ្នាំដែលសាងបាយ័នដល់ទៅ ៣០០ឆ្នាំ ហើយទុកដាក់ថាជាការកសាងរបស់ព្រះបាទជ័យវរ្ម័នទី៧ វិញដែលសោយរាជ្យក្នុងរវាងឆ្នាំ១២០០ ។ ខាងក្រោយនេះមានសេចក្ដីឲ្យដំណឹងរបស់បរិស័ទកប៉ាល់សមុទ្រ សម្រាប់អ្នកដើរមើលស្រុក ដែលបោះពុម្ពកាលខែមុន ថ្លែងសេចក្ដីថាពួកអ្នកប្រាជ្ញនៅសាលាបារាំងនាចុងបូព៌ាប្រទេស ទុកដាក់ប្រាសាទបាយ័នថាកើតឡើងក្នុងរវាងឆ្នាំ៩០០ ។
សេចក្ដីបញ្ជាក់ដែលប្លែកគ្នាទាំងប៉ុន្មាននេះ ឆ្លុះឲ្យឃើញកាលផ្សេងៗនៃប្រវត្តិរបស់ប្រាសាទបុរាណខ្មែរក្នុងរវាង ១០ឆ្នាំកន្លងមកនេះ ។
កាលដែលមានមកនោះគឺយ៉ាងដូច្នេះ
មកទល់នឹងឆ្នាំ១៩២៣ នោះគ្មានភស្ដុតាងអ្វីជាទីនាំឲ្យសង្ស័យថាក្រុងអង្គរធំសព្វថ្ងៃ ព្រមទាំងកំផែងជុំវិញចំនួន ១២គីឡូម៉ែត្រ និងគូធំៗជុំវិញមិនមែនជាក្រុងយសោធរបុរៈ ដែលព្រះបាទយសោធរបុរៈ ដែលព្រះបាទយសោវរ្ម័នបានតាំងក្នុងឆ្នាំ៩០០ ឡើយ ។ មានសិលាចារឹកមួយពីឆ្នាំ១១០០ ដែលប្រារព្ធអំពីការកសាងនេះ អធិប្បាយថា ព្រះមហាក្សត្របានសាងប្រាសាទមួយនៅចំកណ្ដាលក្រុងឲ្យឈ្មោះថាភ្នំ «កណ្ដាល ឬភ្នំយសោធរៈ» នៅទីនោះហើយដែលស្ដេចតាំងព្រះអង្គជាព្រះ ហើយឲ្យគេគោរពព្រះអង្គតាមទំនងលិង្គ ។ ប្រាសាទបាយ័នតាំងនៅចំពាក់កណ្ដាលក្រុងអង្គរធំ មុខដែលរចនានៅកំពូលទាំងប៉ុន្មានរបស់ប្រាសាទនេះនឹងទុកដាក់ថាជាមុខព្រហ្មក៏បាន ឬបើនឹងថាជាមុខព្រះឥសូរក៏បានទៀត ។ អាស្រ័យហេតុនេះសេចក្ដីវិនិច្ឆ័យក៏ហាក់ដូចជាបង្ខំឲ្យកើតឡើងថា ប្រាសាទបាយ័នគឺព្រះបាទយសោវរ្ម័នបានសាងក្នុងវេលាចុងឆ្នាំ៩០០ បើដូច្នេះប្រាសាទទាំងប៉ុន្មានដែលមានភាពទំនងជាមួយគ្នា ក៏កើតឡើងក្នុងជាន់ជាមួយគ្នាដែរ ។
ប៉ុន្តែនៅមានអ្វីដែលនាំឲ្យទាក់ទាមទៀត ព្រោះថាក្នុងសម័យជាមួយនៃប្រាសាទធំៗដែលរចនាដោយថ្មនេះ ដែលមានថែវរចនាតាមបែបហាត់ ដោយយ៉ាងលំបាកគិត ហើយដែលធ្វើឲ្យខុសខូចបែបហាត់ដោដ៏ប្រសើរហ្មត់ចត់ ហើយដែលកសាងយ៉ាងប្រញាប់មិនផ្ចិតផ្ចង់នៅក្នុងសម័យជាមួយនោះខ្ញុំថាមានកើតប្រាសាទសង់ពីឥដ្ឋនៅលលៃ ដែលជាក់ជាសាងក្នុងចុងឆ្នាំ៩០០ ព្រោះបែបកសាងត្រឹមត្រូវខ្នាត និងបែបចម្លាក់យ៉ាងផ្ចិតផ្ចង់ទាក់ទងគ្នានឹងរចនាជាន់ដើមក្នុងឆ្នាំ៧០០ និងរចនាកោះកេរ្តិ៍ក្នុងឆ្នាំ១០០០ ។
ដើម្បីនឹងពន្យល់អំពីការរចនាដែលផុសយ៉ាងរហ័សនៅប្រាសាទបាយ័ននេះ គេបានរករឿងពន្យល់គ្រប់បែបយ៉ាង ប៉ុន្តែសេចក្ដីពន្យល់ទាំងប៉ុន្មាននេះ ឥតមានណាមួយជាទីពេញចិត្តឡើយ ។
ក្នុងឆ្នាំ១៩២៣ គេបានរកឃើញភស្ដុតាងម្យ៉ាងនៅប្រាសាទបាយ័ន ភស្ដុតាងនេះហាក់ដូចជានាំការស្រាវជ្រាវឲ្យត្រេចទៅកាន់ផ្លូវថ្មីមួយ ។ ការទល់ទ្រធ្វើឲ្យមាំឡើងនៅឲ្យឃើញក្លោងទ្វារមួយដែលមានរចនារូបព្រះលោកេស្វរៈជាមហាពោធិសត្វក្នុងព្រះពុទ្ធសាសនាប៉ែកមហាយាន ។ ការរកឃើញនេះនាំគំនិតឆ្ពោះទៅរកស្នាមដានដែលបំផ្លាញដោយកែដោយកាត់ជាច្រើនដេរដាស់ក្នុងប្រាសាទបាយ័ន និងប្រាសាទឯទៀតផ្សេងៗ គឺមានកោសលុបរូបចម្លាក់ខាងព្រះពុទ្ធសាសនា កែប្រែទៅជាចម្លាក់ខាងព្រះឥសូរវិញ ហើយក៏ឃើញច្បាស់ថា កាលជាន់ដំបូងក្បាច់រចនាប្រាសាទបាយ័ន ជាក្បាច់រចនាខាងព្រះពុទ្ធសាសនា ដូចជាក្បាច់រចនានៅប្រាសាទផ្សេងៗ ដែលមានភាពសណ្ឋានជាមួយគ្នាដែរ ។ ដូច្នេះឃើញថានឹងដាក់ទុកប្រាសាទបាយ័នថា ព្រះបាទយសោវរ្ម័ន ដែលជាស្ដេចកាន់សាសនាព្រះឥសូរបានសាងមិនបានឡើយ ។ លោកហ្វីណូត៍ លោកមានទំនងខ្លះ និងគិតថា ព្រះបាទជយវរ្ម័នទី២ កាលដំបូងកាន់ព្រះពុទ្ធសាសនា ហើយលោកក៏ជឿថាស្ដេចនេះហើយដែលបានសាងប្រាសាទបាយ័ន ។
ក្នុងគំនិតដែលកើតឡើងក្នុងឆ្នាំ១៩២៥ នេះថាដែលព្រះបាទយសោវរ្ម័ន កសាងក្រុងយសោធរបុរៈ និងភ្នំកណ្ដាលនោះ គឺគ្រាន់តែជាការបង្ហើយតាមហាត់ដោ ដែលគិតទុកស្រេចរបស់ស្ដេចមួយព្រះអង្គមុន និងជាការកែប្រែប្រាសាទរបស់ពុទ្ធសាសនាឲ្យទៅជារបស់សិវសាសនាវិញតែប៉ុណ្ណោះ ។ ក្នុងពេលជាមួយគ្នានេះ លោកហ្វីណូត៍អាងដល់សិលាចារឹកផ្សេងៗ ហើយតម្រូវថាប្រាសាទបន្ទាយស្រីដែលគេជឿមកត្រឹមនោះថាសាងក្នុងឆ្នាំ១០០០ តើកើតឡើងក្នុងឆ្នាំ១៤០០ ទេគឺក្នុងពេលដែលផុតការរចនាសម័យអង្គរ ។
សេចក្ដីចំណាំសករាជដែលទុកដាក់ប្រាសាទបាយ័នថាជាការរបស់ស្ដេចដែលរសាត់អណ្ដែតបាត់មួយពេលក្នុងរជ្ជកាលទៅ ហើយដែលទុកដាក់ប្រាសាទធំៗ ធ្វើដោយថ្មទាំងនេះជាចន្លោះប្រាសាទតូចៗធ្វើពីឥដ្ឋបែបការរចនាជាន់ដំបូង និងប្រាសាទនៅលលៃនោះ នាំឲ្យរឹងរឹតតែមានសេចក្ដីងឿងឆ្ងល់សេចក្ដីលំបាក សេចក្ដីទទើសទទែងជាខ្លាំងទៅទៀត ។
កាលក្នុងឆ្នាំ១៩២៧ ការដែលពិនិត្យសិក្សាដោយផ្ចិតផ្ចង់យ៉ាងល្អិតអំពីក្បាច់រចនាលម្អ អំពីក្បាច់ចម្លាក់ និងអំពីសម្លៀកបំពាក់ជាដើម នាំលោកហ្វីលិបស្ដែន៌ ដែលជាអ្នកគ្រប់គ្រងសារមន្ទីរគីម៉េត៍ ឲ្យចែករចនាអង្គរជាពីរសម័យ ហើយនាំឲ្យពិនិត្យឃើញថាប្រាសាទបាយ័នត្រូវរាប់បញ្ចូលដោយពិតក្នុងពួកប្រាសាទជាន់ក្រោយ ។ លុះពោលទាស់នឹងសំអាងដែលមាំដូច្នេះហើយ លោកហ្វីលិបស្ដែន៌ ក៏តាំងបញ្ចេញគំនិតយ៉ាងជ្រៅ ហើយសាយថាក្រុងអង្គរធំដែលយើងឃើញសព្វថ្ងៃនេះមិនមែនជាទីក្រុងដែលព្រះបាទយសោវរ្ម័ន កសាងកាលពីចុងឆ្នាំ៩០០ ឡើយ ក្រុងនេះទំនងជាតាំងនៅលើកន្លែងមួយផ្សេងដ៏តូច ហើយកន្លែងកណ្ដាលនោះ គឺជាប្រាសាទវិមានអាកាសនោះឯង ។ ឯចំណែកទីក្រុងសព្វថ្ងៃ គឺជាក្រុងដែលវាតឲ្យធំក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ក្នុងដើម គ.ស.១១០០ គឺស្ដេចដែលកាន់ពុទ្ធសាសនានេះហើយបានសាងប្រាសាទបាយ័ន និងប្រាសាទផ្សេងៗឯទៀតដែលមានភាពដូចគ្នា ។
សេចក្ដីយល់ឃើញរបស់លោក ហ្វីលិបស្ដែន៌ បំបាត់នូវសេចក្ដីសង្ស័យ និងសេចក្ដីឆ្ងល់ដែលមានពីដើមមក ប៉ុន្តែនាំឲ្យកើតមានសេចក្ដីឆ្ងល់ និងសង្ស័យថ្មីឡើងទៀត គឺថាប្រាសាទបាយ័នដែលរចនាតាមបែបហាត់ដោយ៉ងមិនប៉ិន ហើយជាបែបរចនាទំនើបថ្មីនោះនាំឲ្យអាក់សេចក្ដីចម្រើនរបស់ការរចនាខ្មែរម្ដងទៀត ដោយហេតុដែលរកយល់មិនបាន ហើយមកផ្ដាច់ខ្សែបន្ទាត់ដែលរៀងប្រាសាទក្នុងឆ្នាំ៩០០ និង ១០០០ គឺប្រាសាទលលៃ បាខែង កោះកេរ្តិ៍ មេបុណ្យ ប្រែរូប ជាជួរយ៉ាងល្អមើលដរាបដល់នគរវត្ត ដែលសាងក្នុងចុងឆ្នាំ១២០០ ចាប់តាំងពីប្រាសាទបាពួនដែលសាងក្នុងឆ្នាំ១១០០ ទៅ ។
ក្នុងស្ថាននេះ យើងត្រូវរករឿងហេតុផ្សេងទៀត ខ្ញុំនៅចាំបានមិនភ្លេចថា ប្រាសាទទាំងប៉ុន្មានដែលមានបែបរចនាដូចគ្នានឹងប្រាសាទបាយ័ន សុទ្ធតែមានចារឹកអក្សររបស់ស្ដេចកាន់ព្រះពុទ្ធសាសនា គឺព្រះបាទជយវរ្ម័នទី៧ (ចុងឆ្នាំ១២០០) ដែលមានកំណត់នាមឲ្យរូបភាពផ្សេងៗ ដែលតម្កល់កាលពីដើមក្នុងអាស្រម និងក្នុងថែវ ចារឹកទាំងនេះហើយដែលគេជឿថាបានធ្លាក់ក្នុងពេលក្រោយសាងប្រាសាទ ជាយូរអង្វែងមក ខ្ញុំនៅចាំបានទៀតថា នៅក្នុងប្រាសាទតាព្រហ្មមានសិលាចារឹកធំៗរបស់ព្រះបាទជយវរ្ម័នទី៧ ហើយខ្ញុំនឹកឃើញទៀតថា ជ្រុងកំផែងអង្គរធំទាំង៤នោះមានសិលាចារឹក៤ សសេរពោលសរសើរនៃមហាក្សត្រនេះ ។
ខ្ញុំបានពិនិត្យពិចារណាសិលាចារឹកទាំង៤ ដែលគេធ្វេសប្រហែលមិននឹកនាមកលុះដល់វេលានេះ ហើយខ្ញុំដឹងសេចក្ដីថាចារឹកទាំងនេះពោលរំលឹកដល់ការកសាងកំផែង និងជីកស្នាមភ្លោះ (គូ) ក្រុងអង្គរធំរបស់ព្រះបាទជយវរ្ម័នទី៧ ។ ខ្ញុំតាំងពិនិត្យចារឹកតូចៗនៅអាស្រមជាថ្មីទៀត ក៏បានឃើញមានចារឹកជាច្រើន ដែលធ្លាក់ក្នុងទីផ្ទៃដែលបានធ្វើបម្រុងទុកជាមុនស្ថានត្រង់នេះ អាចនឹងបញ្ជាក់បានយ៉ាងដាច់ខាតថាអ្នកដែលកសាងបានចាត់កន្លែងបម្រុងទុកឆ្លាក់ចារឹកទាំងនេះ អាស្រ័យហេតុនេះឃើញថាប្រាសាទទាំងឡាយនេះមិនមែនកើតមុនរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ឡើយ ។ អំពីស្ដេចនេះយើងបានដឹងប្រាកដថាជាស្ដេចកាន់ព្រះពុទ្ធសាសនាពេញទី ។ ដោយចង់សម្ដែងនៅចេស្ដាឲ្យឃើញល្បីល្បាញខ្ចរខ្ចាយឡើង ទើបតាំងពោលអួតក្នុងចារឹកថាបានសាងប្រាសាទពាសពេញក្នុងស្រុកខ្មែរ ព្រមទាំងបានសង់រោងព្យាបាលរោគចំនួន ១០៤ខ្នង ។ គ្មានក្សត្រណាមួយដែលមានកិត្តិយសជាងព្រះអង្គ ដើម្បីនឹងតាំងព្រះអង្គថាជាអ្នកកសាងប្រាសាទបាយ័ន ។
ជាជំនួសសេចក្ដីដែលដាក់ទុកថាប្រាសាទបាយ័នកើតឡើងក្នុងរវាងកើតរចនាដំបូងនៅអង្គរនោះ ត្រូវទុកដាក់ថាប្រាសាទនេះ និងប្រាសាទឯទៀតដែលមានភាពដូចគ្នា គឺព្រះខ័ន តាព្រហ្ម បន្ទាយក្ដី បន្ទាយឆ្មារ ឬបើនឹងនិយាយតែមួយមាត់ថាគឺប្រាសាទដែលមានកំពូលរចនាជាក្បាលមនុស្សទាំងប៉ុន្មាន សុទ្ធតែជាប្រាសាទដែលកើតឡើងក្នុងពេលដែលការរចនាកំពុងចម្រើនក្នុងវេលាមុនដាច់ឆ្នាំ១២០០ ។
ដូច្នេះក៏នឹងយល់បានអំពីការរចនាថ្មីរបស់ប្រាសាទទាំងនេះ និងទំនងបែបបទជាផ្លូវព្រះពុទ្ធសាសនា និងអំពីការដែលឃើញថា ប្រាសាទទាំងនេះហាក់ដូចជាកសាងប្រញាប់ណាស់ ។ ហើយអង្គរធំសព្វថ្ងៃបង្ហាញឲ្យយើងឃើញនូវទីក្រុងថ្មី ដែលព្រះបាទជយវរ្ម័នកសាងជាថ្មីឡើងវិញក្នុងរវាងចុងឆ្នាំ១២០០ ជាក្រោយដែលពួកចាមចូលមកលុកលុយស្រុកខ្មែរកាលពីឆ្នាំ១១៧៧ ហើយវាយកម្ទេចបំផ្លាញនូវទីក្រុងចាស់ ។
ក្នុងពេលជាមួយការដែលស្រាវជ្រាវជាថ្មីដើម្បីរិះរកអក្សរចារឹកនោះ នាំឲ្យខ្ញុំរើរិះគិតអំពីប្រាសាទបន្ទាយក្ដីឡើងវិញកាលពីឆ្នាំ១៩៣០ ហើយនាំឲ្យទុកដាក់ប្រាសាទនេះថាបានកើតឡើងក្នុងឆ្នាំ១០០០ វិញ ព្រោះប្រាសាទនេះមិនមានទំនងនឹងឲ្យប្រទះឃើញក្នុងឆ្នាំ១៤០០ឡើយ ។
បើពង្សាវតារបស់ប្រាសាទទុកជាត្រូវដូច្នេះហើយ នោះត្រូវរកកន្លែងទីក្រុងរបស់ព្រះបាទយសោវរ្ម័នទៀត គឺក្រុងយសោធរដែលសាងក្នុងចុងឆ្នាំ៩០០នោះ ។
តើទីក្រុងនោះ ដូចជាលោកហ្វីលិបស្ដែន៌ យល់ថាជាទីក្រុងតូចមួយដែលមានប្រាសាទវិមានអាកាសនៅជាកណ្ដាលឬអ្វី ? ឬក៏ជាទីក្រុងដែលធំដូចអង្គរធំដែរ ឬអាចនឹងធំជាងទៅទៀតក៏បាន ដែលទីកណ្ដាល និងទីកំផែងក្រៅ មួយចំណែកត្រូវរកក្នុងទីដទៃក្រៅអំពីផ្ទៃដីដ៏ធំដែលជាទីកន្លែងរបស់ក្រុងនៃព្រះបាទជយវរ្ម័នទី៧ ឬអ្វី ? ។
តាំងពី២ឆ្នាំកន្លងមកហើយ លោកគោលូបែហ្វ យល់ថាភ្នំកណ្ដាលដែលមានពោលក្នុងអក្សរចារឹកបុរាណនោះ គួរតម្រូវទៅលើភ្នំបាក់ខែងដែលជាប្រាសាទសាងឧទ្ទិស្សដល់ព្រះឥសូរ សេចក្ដីសំអាងនេះអាងដល់ហេតុដូចមានខាងក្រោយនេះ ដែលតាំងពីដើមមកទល់នឹងថ្ងៃនេះគ្មានអ្នកឯណាម្នាក់ឡើយ ពិតមែនតែរឿងនេះមានបញ្ជាក់ក្នុងឆ្នាំ១៩០៩ ដោយផែនទីប្រាសាទបុរាណរបស់មេទាហានឈ្មោះ លីយឺតឺណង់ ប៊ុយអាត៍ និងលីយឺតឺណង់ ឌុយក្រេត៍ គឺថាភ្នំបាក់ខែងតាំងនៅចំពាក់កណ្ដាលផ្ទៃដីរាងបួនជ្រុងទ្រវែង មានទំហំផែនទីរាប់ចំនួនប្រមាណ ១៦គីឡូម៉ែត្រក្រឡា ហើយចំណែកភាគខាងលិច និងខាងត្បូងនៅមានជាសម្គាល់នៅឡើយដោយស្នាមភ្លោះធំៗ ដែលសព្វថ្ងៃក្លាយទៅជាទីស្រែ ឯចំណែកភាគខាងកើតវិញនោះមានលំនាំជាជួរបន្ទាត់បណ្ដោយគ្នាតាមស្ទឹងសៀមរាបទៅកាច់ចេញពីផ្លូវដើម ដើម្បីធ្វើទំនងជាប្រឡាយមានមាត់ជ្រាំត្រង់ ។
ដើម្បីនឹងពិនិត្យសំអាងនេះជាថ្មី ទើបខ្ញុំបានចាត់លោក គោលូបែហ្វ កាលពីប្រាំងមិញ ដើម្បីធ្វើការស្រាវជ្រាវនៅទីអង្គររិះរកសំអាងនេះទៀត លុះកាលណាការស្រាវជ្រាវនេះបានចម្រើនក្រែលឡើង ខ្ញុំនឹងសុំឲ្យលោកថ្លែងបាឋកថាដោយឡែកផ្សេងជូនអស់លោកស្ដាប់ ។ ក្នុងវេលានេះអស់លោកគ្រាន់តែជ្រាបថាលោកគោលូបែហ្វមិនមែនបានរកឃើញទីក្រុងថ្មីមួយទៀតទេដែលមានទំនងជាឃើញនោះគឺទីស្ថានរបស់ក្រុងសោធរបុរៈ ។
ខ្ញុំសុំទោសអស់លោកអំពីដែលខ្ញុំអធិប្បាយយូរបន្តិចអំពីរបារប្រាសាទបុរាណដោយត្រូវការខានមិនបាន ព្រោះថាក្នុងបាឋកថានៅថ្ងៃចន្ទក្រោយ ដែលសំដែងអំពីសេចក្ដីចម្រើននៃក្បាច់រចនាខ្មែរនោះ ត្រូវការប្រារព្ធដល់របារប្រាសាទនេះដែរ ។ សូមឲ្យអស់លោកជ្រាបថា ប្រាសាទបាយ័នគេកសាងក្នុងចុងឆ្នាំ១២០០ ហើយឯសេចក្ដីដែលគេបានពោលបានសរសើរអំពីប្រាសាទនេះទាំងប៉ុន្មានក្នុងវេលាមុនឆ្នាំ១៩២៩ សុទ្ធតែជាការច្រឡំភាន់ទាំងអស់ ។
ក្នុងវេលានេះ ខ្ញុំត្រូវអធិប្បាយជូនអស់លោក អំពីសភាពខាងផ្លូវសាសនារបស់ប្រាសាទខ្មែរទាំងនេះទៀត ។
ប្រាសាទទាំងនេះជាផលនៃសេចក្ដីស៊ីវីឡៃឥណ្ឌា (អរិយធម៌?) ដែលមកតាំងមាំនៅក្នុងស្រុកខ្មែរ ។ បាឋកថាក្នុងថ្ងៃចន្ទក្រោយនឹងធ្វើឲ្យអស់លោកឃើញបែបជាន់ដើមរបស់ក្បាច់រចនាខ្មែរដោយធៀបនឹងគំរូដើមរបស់ក្បាច់នេះនឹងបែបចាស់របស់ឥណ្ឌា ។ គំរូដើមនេះគឺពិតជាបែបរចនារបស់ខ្មែរសុទ្ធ ហើយហេតុដែលធំនោះ គឺពិតជាថាពួកជាងដែលបានកសាង និងបានរចនាក្បាច់លើប្រាសាទខ្មែរនោះពិតជាខ្មែរ ហើយជាងទាំងនេះច្បាស់ជាមានទំនៀមបែបរចនាផ្សេងដទៃអំពីបែបឥណ្ឌា ប៉ុន្តែលុះលើកបែបសូន និងប៉ាន់រូបចេញ ហើយរិះរកនូវវិញ្ញាណស្មារតីមកបញ្ចូលក្នុងរូបថ្មទាំងនេះទៅ ក៏នឹងឃើញថាជាគំនិតយោបល់របស់ឥណ្ឌាយ៉ាងបរិសុទ្ធ ។
រឿងដែលជាធំនោះដូច្នេះ គឺក្រៅអំពីស្ពានចាស់ៗខ្លះនោះ ប្រាសាទខ្មែរទាំងអស់សុទ្ធតែជាការរចនាខាងផ្លូវសាសនាទាំងអស់ ព្រោះថាមានតែព្រះ និងទេវបុត្រទេវតាទើបស្ថិតនៅក្នុងវិមានធ្វើដោយថ្ម ឬដោយឥដ្ឋបាន ដោយហេតុថាមានតែគ្រឿងទាំងនេះទើបអាចនឹងធន់នៅយូរបានដូចគ្នានឹងសំរឹទ្ធ ទាំងមហាក្សត្រសោតក៏ទ្រង់គង់តក្នុងព្រះដំណាក់ឈើ ហើយទំនៀមទម្លាប់នេះក៏មានខ្ជាប់មកក្នុងស្រុកសៀមដរាបលុះដល់ឆ្នាំ១៧០០ ក្នុងឆ្នាំនោះហើយ ដែលមានសេចក្ដីស៊ីវីឡៃប្រទេសអឺរ៉ុបចូលមកដល់ ស្ដេចស្រុកសៀមក៏តាំងផ្ដើមសាងព្រះដំណាក់ដោយឥដ្ឋឡើង ។
តាំងពីសម័យហ្វូណនដរាបដល់មកឆ្នាំ១៤០០ មានសាសនាពីរចូលមកក្នុងស្រុកខ្មែរ គឺសាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនា ។ ក្នុងសម័យហ្វូណន គឺក្នុងសម័យមុនអង្គរនោះខាងសាសនាព្រាហ្មណ៍ គេច្រើនគោរពនូវព្រះហរិហរ ឬព្រះសិវៈ និងវិស្ណុ រួមគ្នាជារូបតែមួយដូចខ្ញុំបានបង្ហាញរូបពីរបែបយ៉ាងសំខាន់ក្នុងកាលពីដំបូងរួចហើយ ក្នុងសម័យអង្គរច្រើនតែគោរពព្រះសិវៈ ព្រោះជាព្រះដែលមហាក្សត្ររាប់អានជាងគេ ដល់មកឆ្នាំ១២០០ គឺសម័យអង្គរវត្តនោះ ព្រះវិស្ណុហាក់ដូចជាគេត្រូវការជាង ។ ចំណែកខាងព្រះពុទ្ធសាសនាវិញ ជាដំបូងគឺហីនយាននិកាយចូលមកមុន ប៉ុន្តែសូត្រធម៌អាថ៌ជាភាសាសំស្រ្កឹតដល់មកឆ្នាំ៩០០ និង ១៣០០ នោះសិលាចារឹក និងរូបចម្លាក់បញ្ជាក់ឲ្យឃើញថាក្នុងជាន់នោះ គេរាប់អានមហាយាននិកាយ ប៉ុន្តែក្នុងឆ្នាំ១៣០០ នោះព្រះពុទ្ធសាសនានៅលង្កាផ្សាយចូលមកក្នុងស្រុកខ្មែរតាមស្រុកសៀម ហើយក៏មានអំណាចគ្របលើសាសនាឯទៀតស្ទើតែរលាយបាត់អស់គ្មានសល់ ។
ប្រាសាទខ្មែរទាំងអស់សុទ្ធតែជាទីតម្កល់អាសនៈ ឬជាទីទេវាល័យដែលជាប់គ្នាពីតួពុទ្ធស្ថាន ឬទេវស្ថានមក ។ ប៉ុន្តែមិនត្រូវជឿថាប្រាសាទទាំងនេះជាទីតម្កល់នូវសាសនាជាសាធារណទូទៅ ដូចយ៉ាងព្រះវិហារកាតូលិក ឬវត្តអារាមខាងព្រះពុទ្ធសាសនាក្នុងសម័យថ្មីនេះឡើយ ។ ត្រង់នេះហើយដែលត្រូវឲ្យរំលឹកដល់អំពីដែលខ្ញុំបានអធិប្បាយកាលជាន់មុន ក្នុងគ្រាក្រោយបង្អស់ អំពីបែបភាពនៃរបៀបរាជការតាមសេចក្ដីស៊ីវីឡៃរបស់ឥណ្ឌាក្នុងស្រុកខ្មែរ ។ វិហារស្ថានខ្មែរដែលកសាងឡើងមិនមែនដោយហេតុសេចក្ដីជឿកាន់របស់អ្នកស្រុក ឬដោយសេចក្ដីត្រូវការរបស់អ្នកបួសជាច្រើនរូបឡើយ ។ គឺច្រើនតែជាការកសាងសម្រាប់មហាក្សត្រសម្រាប់ព្រះរាជវង្សានុវង្ស និងសម្រាប់នាហ្មឺនធំៗ ហើយច្រើនតែមានសភាពជាការសម្រាប់ឈាបនកិច្ច ឬជាអនុស្សាវរីយ៍ ។ ក្រៅអំពីទេវរូបខ្លះដែលគេតម្កល់នៅក្នុងទីតូចៗ ធ្វើដោយឥដ្ឋនោះការគោរពបូជាក្នុងទេវស្ថានផ្សេងៗក្នុងទេវស្ថាននាតំបន់អង្គរជាដើមនោះ សុទ្ធតែជាការគោរពដល់មហាបុរសដែលមរណភាពទៅ ឬដែលនៅរស់នៅឡើយ ហើយដែលតាំងខ្លួនជាព្រះដោយយកព្រះនាមណាមួយក្នុងបណ្ដាពួកព្រះរបស់ឥណ្ឌា ឬក៏គ្រាន់តែចូលជាសមាគមជាមួយនឹងព្រះអង្គនោះៗ ។ ការដែលតម្កើងខ្លួនបែបនេះ មិនមែនដែលឃើញក្នុងស្រុកឥណ្ឌាឡើយ ប៉ុន្តែមិនជាមានច្រើនដូចក្នុងស្រុកខ្មែរ ។ បែបនេះប្រទះឃើញមានក្នុងស្រុកចម្ប៉ា និងក្នុងស្រុកជ្វា ។
វិស្ណុ សិវៈ លោកកេស្វរៈ តាមសភាពដែលពិតជាក្លឹងនោះ ហាក់ដូចជាមិនមែនជាព្រះសម្រាប់គេធ្វើសក្ការបូជាដោយច្បាស់លាស់ឡើយ ព្រាហ្មណ៍សាសនានិងព្រះពុទ្ធសាសនាទាំងពីរនេះ បានតាំងនៅជាសាសនាគោរពប្រដិបត្តិរបស់អ្នកស្រុក និងជាសាសនាសម្រាប់ស្រុក ។ ប្រាសាទនគរវត្តពិតជាទីអាសនៈព្រះវិស្ណុ ប៉ុន្តែព្រះវិស្ណុដែលគេគោរពក្នុងទីនោះមិនមែនជាព្រះវិស្ណុដែលមានក្នុងក្បួនវេទរបស់ពួកព្រាហ្មណ៍ ឬក៏ជាតួភាគណាមួយដែលព្រះវិស្ណុបែងមកនោះទេ គឺប្រាកដជាព្រះបាទសុរ្យវរ្ម័នទី២ ដែលគេដំឡើងលើកជាព្រះវិស្ណុឡើងក្នុងគ្រាក្រោយដែលទ្រង់ព្រះទិវង្គតទៅ ។
ប្រហែលជាមិនចូលពាក្យបំផ្លើសទេ ដែលពោលថាព្រះជាធំរបស់ស្រុកខ្មែរជាន់ដើមនោះគឺស្ដេច ព្រះវិញ្ញាណដ៏ល្អិតរបស់ស្ដេច ឬក៏ខ្លឹមសាររបស់ «រាជ» នោះធ្វើតំណាងមកជារូបលិង្គ ដែលគេទុកជាចំហាយរបស់ព្រះសិវៈ ព្រោះថាបើកាលណាសេចក្ដីប្រកាន់ជឿបុណ្យធម៌របស់ស្ដេច បណ្ដាលនាំឲ្យឆ្ពោះទៅកាន់សាសនាព្រះវិស្ណុ ឬព្រះពុទ្ធសាសនា នោះសាសនាព្រាហ្មណ៍ បានឡើងជាសាសនាសាធារណៈក្នុងព្រះបរមរាជវាំង លិង្គនោះតម្កល់ក្នុងទេវស្ថានមានថ្នាក់សង់នៅជាកណ្ដាលទីក្រុង ក្នុងបាឋកថាដ៏ពិរោះរបស់លោកមុស ដែលសម្ដែងកាលក្នុងខែមុននោះលោកបានអធិប្បាយថាថ្នាក់ខាងលើបំផុតនៃទេវស្ថានដែលជាដំណាក់តំណាងកំពូលភ្នំកណ្ដាលលោកនោះគឺទ្វាររបស់ទេវលោក ទ្វារនេះហើយដែលព្រះមហាក្សត្រតែងប្រាស្រ័យកិច្ចការជាមួយនឹងទេវបុត្រទេវតា ហើយជាកន្លែងដែលទេវបុត្រទេវតាតែងចុះមកកាន់ពីភពមនុស្សលោកយើង ពួកអ្នកកត់រឿងរ៉ាវជាតិចិនបានពោលអំពីរឿងក្រុងហ្វូណនថាដូច្នេះ «ទេវតាចុះមកជានិច្ចលើភ្នំប៉ូតាន់ ព្រះមហេស្វរៈ (សិវៈ) ទ្រង់សព្វព្រះរាជហឫទ័យកន្លែងនេះណាស់ ដើម្បីនិងផ្សាយព្រះឫទ្ធានុភាពចុះមក ហើយស្ដេចទាំងអស់តែងទទួលសេចក្ដីឧបត្ថម្ភរបស់ព្រះអង្គ» ។
គឺដោយការគោរពដល់ស្ដេចដែលតាំងជាព្រះ ទើបបានមានប្រាសាទទាំងឡាយនេះតៗគ្នាមកតាមកាលសម័យដែលត្រូវផ្លាស់ទីក្រុង គឺប្រាសាទបាគង (ឆ្នាំ៩០០) ភ្នំបាក់ខែង (ដាច់ឆ្នាំ៩០០) ប្រាង្គនៅកោះកេរ្តិ៍ (ឆ្នាំ១០០០) ពិមានអាកាស (ឆ្នាំ១០០០-១១០០) បាពួន (ដាច់ឆ្នាំ១១០០) ទេវស្ថានរបស់សាសនាព្រាហ្មណ៍ដែលមានរាងជាច្រើនជ្រុងស្រួចឡើងទាំងនេះបានបែបផែនតឆ្ងាយមកពីស្រុកបាប៊ីឡូន ។
ប្រាសាទបាយ័នរបស់ព្រះបាទជយវរ្ម័នទី៧ ដែលសង់នៅចំកណ្ដាលអង្គរថ្មីនោះក៏មានភាពទំនងជាមួយគ្នាដូច្នេះដែរ ប៉ុន្តែស្ដេចដែលសាងនេះ កាន់ព្រះពុទ្ធសាសនា ហើយប្រហែលជាតាំងព្រះអង្គជាលោកកេស្វរៈ គឺជាពោធិសត្វដែលតែងស្រោចស្រង់ ដែលមានព្រះភក្ត្រញញឹម រចនាជាប់នៅកំពូលប្រាសាទបាយ័ន និងក្លោងទ្វារទីក្រុង ។
មិនមែនសុទ្ធតែស្ដេចទេដែលមានអំណាចភ្ជាប់ខ្លួនទៅនឹងព្រះពីកាលដែលនៅរស់ ហើយឡើងទៅជាព្រះនៅវេលាដែលរំលត់ខន្ធទៅ ។ មហាក្សត្រមានអំណាចម្យ៉ាងដើម្បីនឹងតាំងព្រះ ហើយអាចនឹងតម្កើងនូវព្រះបិតាមាតា ព្រះបរមវង្សានុវង្ស ព្រះរាជគ្រូ ឬមនុស្សដែលគាប់ព្រះរាជហឫទ័យដោយធ្វើជារូបតំណាងឡើង យករូបព្រះឥសូរ ព្រះនារាយណ៍ ព្រះលោកកេស្វរៈ ពោធិសត្វ ឬក៏រូបទេវកញ្ញាណាមួយមកជាជំនួសដោយតាំងឈ្មោះរូបនោះឡើង យកឈ្មោះធម្មតារបស់មនុស្ស និងឈ្មោះព្រះមកភ្ជាប់ជាមួយតាមដែលតាំងជាព្រះណាៗ ។
ដើម្បីនឹងតម្កល់ព្រះរូបអស់នេះ ហើយដែលគេបានសាងប្រាសាទទាំងប៉ុន្មាន ដែលដកយកឈ្មោះខ្លះមករាប់ជូនដូចមានខាងក្រោយគឺប្រាសាទបាគោ លលៃ ប្រែរូប មេបុណ្យ តាព្រហ្ម និងបន្ទាយឆ្មារ ប្រាសាទទាំងនេះសុទ្ធតែសាងសម្រាប់ឈាបនកិច្ចទាំងអស់ គឺជាឋានសួគ៌ក្នុងមនុស្សលោក ដែលមហាក្សត្រត្រូវធ្វើបុណ្យគោរពព្រះបិតរ ឬដែលហៅសព្វថ្ងៃថាថ្វាយព្រះបិតរ ។
ឃើញថាជាការភាន់ច្រឡំធំណាស់ដែលប្រកាន់ជឿថាប្រាសាទធំៗក្នុងស្រុកខ្មែរ ជាកន្លែងដែលតម្កល់សាសនាសម្រាប់សាធារណជន ។ ដែលមានបើកឲ្យសាធារណជនចូលទៅធ្វើសការបូជាម្ដងៗក្នុងទីទាំងនោះ មិនមែនជាទៅធ្វើសក្ការបូជាចំពោះព្រះណាមួយរបស់ក្លឹងឡើយ គឺប្រាកដជាទៅសំពះគោរពដល់មហាក្សត្រ ឬព្រះរាជវង្សានុវង្ស ដែលតាំងលើកជាព្រះណាមួយដោយពិត ។
ភាពទំនងរបស់ប្រាសាទទាំងឡាយនេះ ធ្វើឲ្យឃើញនូវបែបគំរូរចនា ។ ព្រះរបស់ស្រុកឥណ្ឌាទ្រង់គង់នៅលើកំពូលប្រាសាទទាំងឡាយ ហើយព្រះអង្គយាងចុះឡើងដោយប្រាសាទអណ្ដែត ។ កំពូលប្រាសាទជាច្រើនជ្រុងដែលស្រួចឡើងនោះគឺធ្វើតំណាងភ្នំ ។ បើកាលណាមិនបានធ្វើជាកំពូលស្រួចដូច្នេះ គេធ្វើទីអាសនៈ ៥រៀងគ្នា មួយនៅកណ្ដាល ៤អមជុំវិញ ដើម្បីតំណាងភ្នំមេរុ ។ សម្រាប់ប្រាសាទអណ្ដែតវិញនោះ គេគ្រាន់តែរចនាខឿនក្រោមជារូបគ្រុឌប្រឹងចំអេងទ្រដើម្បីឲ្យបានងាយយល់នៅវេលាដែលមើលទៅឃើញ ។ ប៉ុន្តែបែបគំរូរចនាខ្មែរជាន់ដើមនោះ មិនបាននិយមទៅតាមយោបល់ដែលមានទំនងងាយធម្មតានេះទេ ។ ត្រង់នេះលោកមុសបានអធិប្បាយពន្យល់ហើយថាកំផែងក្រុង និងស្នាមភ្លោះ ដែលអមកំផែងទាំងប៉ុន្មាននោះ គឺធ្វើតំណាងកំពែងលោកធាតុទាំងមូល និងតំណាងមហាសមុទ្រដែលអមជុំវិញលោកធាតុនោះ ហើយនៅប្រាសាទអង្គរធំបែបគំរូរចនានេះរិតតែច្បាស់ទៅទៀត ដោយចម្លាក់ដែលរចនាស្ពានដែលឆ្លងកាត់ស្នាមភ្លោះ គឺមានយក្ខមុខញញឹមម្ខាង ហើយមុខសំញើញម្ខាងទៀត ទ្រនូវនាគយ៉ាងធំ រូបទាំងនេះមិនគឺអ្វី គឺជាទេវតា និងអសុរកំពុងតែកូរសមុទ្រទឹកដោះ ដើម្បីនឹងសម្រាំងយកនូវទឹកសុរាម្រឹត ។
នៅមានប្លែកទៅទៀត គឺប្រាសាទនាគព័ន្ធសង់នៅឰដ៏កណ្ដាលស្រះធំមួយ ប្រាសាទនោះមានដើមត្រាងមួយដើមដុះចំពីលើ មានឫសចាក់ព័ទ្ធប្រាសាទទាំងមូល ។ ស្រះនោះធ្វើជាតំណាងស្រះមួយធំដែលរឿងរ៉ាវមានពោលថានៅលើភ្នំហិមាល័យ ហើយដែលមានផ្លូវទឹកហូរចុះពីមុំទាំងបួនរបស់ស្រះនោះមកគឺចេញពីមាត់រាជសីហ៍ មាត់ដំរី មាត់សេះ និងមាត់គោ ។
ចំពោះនឹងក្រុមរាជការខ្មែរជាន់ដើម ប្រាសាទទាំងនេះធ្វើឲ្យឃើញនូវយោបល់យ៉ាងជ្រៅទូលាយនៃក្បួនវេទរបស់ក្លឹង ប៉ុន្តែចំពោះនឹងបណ្ដាអ្នកស្រុកដែលជាអ្នកកសាងយកញើសតាងទឹកវិញ ចំពោះនឹងប្រជុំមនុស្សយ៉ាងច្រើនដែលបានលើកថ្មបន្តុបគរតម្រួតគ្នាឡើងវិញនោះ បើថាឲ្យចំតើប្រាសាទទាំងនេះជាការតំណាងអ្វី ? គឺជាតំណាងការត្រូវរើសខ្លួន ការជាប់កំណែន ការជំពាក់សួយ ប៉ុន្តែឯការដែលគេហៅថា «សេចក្ដីជ្រះថ្លាក្នុងព្រះសាសនា» នោះទំនងជាមានតិចណាស់ ព្រោះសេចក្ដីជ្រះថ្លានេះដូចជាទើបនឹងមានដល់សាធារណជនក្នុងអំឡុងគ្រិស្ដសករាជ១៤០០ ក្នុងព្រះពុទ្ធសាសនាពីលង្កាដែលចូលមកនៅវេលាដែលកងទ័ពសៀមកម្ចាត់របៀបរាជការចេញបង់ ។ ដើម្បីនឹងបញ្ជប់សេចក្ដី ខ្ញុំសូមមើលសេចក្ដីអធិប្បាយមួយទំព័ររបស់លោកហ្វីណូត៍ជូនអស់លោកស្ដាប់ដូចមានខាងក្រោយនេះ ។
តាំងអំពីវេលាដែលផុតរលត់ពួកអ្នកមានអំណាចទាំងនេះទៅ ដែលស្រុកខ្មែរឈប់លែងកសាងប្រាសាទជាថ្មីទៀត ផុតមានអក្សរចារឹក និងភ្លេចភាសាសំស្រ្កឹតអស់ ។ ចំណែកខាងពួកសាធារណជនវិញ មិនឃើញមានភស្ដុតាងអ្វីបញ្ជាក់ឲ្យឃើញថា បានធ្វើការសងសឹកដល់ប្រទេសដែលមកលុកលុយញាំញីឡើយ មើលទៅហាក់ដូចជាមានសេចក្ដីសោមនស្ស និងការលុកលុយញាំញីនេះ ថាជាការផុតរលត់ទុក្ខវិញផង ។ ប្រសិនបើយើងយករឿងនេះមកគិតថា បណ្ដារាស្រ្តទាំងអស់គ្នាមិនគ្រាន់តែជាប់កំណែនមកធ្វើការដ៏ធំនេះ ដែលជាទីឆ្ងល់រាល់គ្នាសព្វថ្ងៃនេះឡើយ គឺថែមទាំងជាប់កិច្ចនឹងថែរក្សា ផ្គត់ផ្គង់ នូវប្រាសាទដែលរាយដេរដាសលើដីស្រុកខ្មែរនេះផង ដូចជាក្នុងស្រុកបារាំងកាលរវាងឆ្នាំ១១០០ នោះ ក៏ដេរដាសទៅដោយវិហារស្ថានដូចគ្នាដែរ គិតឃើញដូច្នេះហើយយើងមិនបាច់សង្ស័យអ្វីទេថាតែធ្វើដូច្នេះតែពី ២-៣រយឆ្នាំទៅ អ្នកស្រុកក៏នឹងធ្លាក់ទៅជាអ្នកក្រខ្សត់ដុនដាបគ្រប់គ្នាទាំងអស់ ។
ឯចំណែកអ្នកដែលមានជ័យជម្នះ ក៏បានរង្វាន់មកសងអ្នកដែលបរាជ័យវិញយ៉ាងប្រសើរ គឺបាននាំសាសនាយ៉ាងស្លូតសូភាពមកឲ្យ ជាសាសនាដែលមានធម៌អាថ៌ក្រិត្យវិន័យត្រូវចំណុចរបស់អ្នកស្រុកដែលអស់កម្លាំង និងដែលថយធ្លាក់យស ជាសាសនាដែលមានសេចក្ដីសំចៃមិនខ្ជះខ្ជាយ ហើយដែលលោកដែលអ្នកទ្រទ្រង់នូវធម៌វិន័យតាំងខ្លួនជាអ្នកក្រខ្សត់ សោមនស្សនឹងខ្ទមដំបូលស្បូវ និងបាយមួយវែកប៉ុណ្ណេះ ជាសាសនាដែលមានធម៌សប្បុរស មានលក្ខណៈអាចធ្វើឲ្យវិញ្ញាណបានសេចក្ដីសុខ និងឲ្យបានសេចក្ដីក្សេមក្សាន្តក្នុងគ្រួសារ ។ គេអាចនឹងជឿបានថា អ្នកស្រុកខ្មែរព្រមទទួលយកសាសនានេះដោយឥតរួញរា ហើយក៏បោះបង់ចោលនូវជ័យជម្នះចេញដោយសេចក្ដីពេញចិត្ត ៕
កំណត់ៈ នៅក្នុងអត្ថបទខាងលើនេះ ខ្ញុំបានកែសម្រួលជាអក្ខរាវិរុទ្ធសម័យបច្ចុប្បន្នតាមវចនានុក្រមផ្លូវការ ប្រសិនបើតាមអត្ថបទដើម អក្ខរាវិរុទ្ធមានលំនាំជាសម័យកណ្ដាល មានផ្សាយនៅលើគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៩ ។
អត្ថបទពេញនិយម ៖ វិវត្តន៍ចម្លាក់ខ្មែរ – ប្រាសាទខ្មែរ