ប្រភេទប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ គេសង្កេតឃើញប្រាសាទបុរាណខ្មែរមានច្រើនប្រភេទណាស់ដូចជាៈ
១. ប្រាសាទមានប្រាង្គតែមួយហើយនៅដាច់តែឯង
ឧ. ប្រាសាទភ្នំបាយង់ ប្រាសាទភ្នំបាសិត ប្រាសាទភូមិប្រាសាទ ។ល។
២. ប្រាសាទមានប្រាង្គច្រើននៅលើខឿនតែមួយជាន់
ឧ. ប្រាសាទព្រះគោ ប្រាសាទលលៃ ។ល។
៣. ប្រាសាទសង់នៅដីរាបគ្មានខឿនទេគឺសង់នៅលើដីរាបស្មើ
ឧ. ប្រាសាទភូមិប្រាសាទ ប្រាសាទព្រះខ័ន ។ល។
៤. ប្រាសាទភ្នំមានទំហំធំមានខឿនច្រើនជាន់
ប្រាសាទភ្នំមាន២យ៉ាងៈ ប្រាសាទភ្នំដែលសង់លើភ្នំធម្មជាតិ (ឧ. ប្រាសាទបាខែង) និងប្រាសាទភ្នំដែលសង់នៅលើដីមានខឿនច្រើនជាន់ (ឧ. ប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទធំ ប្រាសាទប្រែរូប ប្រាសាទតាកែវ ប្រាសាទបាពួន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ។ល។)
គេសាងប្រាសាទភ្នំគឺដើម្បីដំណាងភ្នំនេះឯង ។ តាមទស្សនៈឥណ្ឌាក្នុងសាសនាព្រាហ្មណ៍ គេនិយមគោរពភ្នំព្រះសុមេរុថាជាឋាននៃអាទិទេពឥសូរ ។ នៅស្រុកខ្មែរតាមជំនឿសាសនាព្រាហ្មណ៍អំពីអាទិទេពគេបានសាងរូប លិង្គព្រះឥសូរដំកល់ក្នុងប្រាសាទដំណាងព្រះរាជា ដូចជា ប្រាសាទបាគង ប្រាសាទបាខែងជាដើម ដែលមានទំនាក់ទំនង និងពិធីទេវរាជផង ។
មុខងារប្រាសាទ
មានមតិជាច្រើនយល់ច្រឡំថាគេសាងប្រាសាទឡើង សម្រាប់ជាលំនៅរបស់ព្រះមហាក្សត្រ តាមពិតបុព្វបុរសយើងបានសាងប្រាសាទឡើងនេះមិនមែនសម្រាប់នៅទេ គឺសម្រាប់ៈ
ឧទ្ទិសថ្វាយអាទិទេពក្នុងព្រហ្មញ្ញសាសនា ដូចជាព្រះឥសូរ ព្រះនារាយណ៍ ជាដើម ។
ឧទ្ទិសថ្វាយព្រះពោធិសត្វក្នុងពុទ្ធសាសនា ដូចជាលោកេស្វរៈ (ពោធិសត្វខាងពុទ្ធសាសនាមហាយាន) ។
ឧទ្ទិសថ្វាយទេវរាជ (ដំកល់លិង្គព្រះឥសូរក្នុងប្រាសាទភ្នំ) ។
ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជា មានមាតា បិតា និងវរជនខ្លះ ។
តម្លៃនៃស្ថាបត្យកម្មខ្មែរ
តាមការសិក្សារួចមកហើយនេះបានបង្ហាញឲ្យឃើញថាសិល្បៈស្ថាបត្យកម្មខ្មែរបានវិវត្តន៍ជាហូរហែរពីសម័យមួយទៅ សម័យមួយទៀត ។ ការចម្រើនលូតលាស់នេះសឲ្យឃើញថាបុព្វបុរសខ្មែរដែលជាស្ថាប្យករ មានទេពកោសល្យខ្ពស់ណាស់ ។ ក្រៅពីទេពកោសល្យខាងច្នៃប្រឌិត និងផ្សែផ្សំសិល្បៈបរទេសជាមួយនឹងសិល្បៈរបស់ខ្លួនឲ្យទៅជាសិល្បៈ មួយថ្មីទៀតនៅមានទេពកោសល្យខាងបង្កើតថ្មី ។
នៅសម័យភ្នំដាខ្មែរយើងបានលុងភ្នំធម្មជាតិ ធ្វើប្រាសាទត្រាប់តាមឥណ្ឌាមែន ប៉ុន្តែក្រោយមកបុព្វបុរសយើងបានច្នៃគំនិតគោរពទៅលើទីខ្ពស់ឲ្យ ចេញជារូបរាងប្រាសាទ (ប្រាសាទភ្នំ) មានខឿនច្រើនជាន់ឲ្យខ្ពស់ដូចភ្នំធម្មជាតិ ។
ទស្សនៈគោរពទីខ្ពស់នេះ ខ្មែរយើងក៏ធ្លាប់មានមកហើយដែរមុនទស្សនៈសាសនាប្រាហ្មណ៍ចូលមកគឺ ទស្សនៈគោរពអ្នកតានៅលើកំពូលភ្នំ ឬលើទីខ្ពស់ លុះទស្សនៈឥណ្ឌាចូលមកដល់ក៏ស៊ីចង្វាក់គ្នាតែម្ដង ។
បង្កាន់ដៃនាគអមសងខាងផ្លូវចូលទៅកាន់ប្រាសាទ និងគូដែលព័ទ្ធជុំវិញប្រាសាទជានិមិត្តរូបនៃការកូរសមុទ្រទឹកដោះ ក្នុងជំនឿសាសនាព្រាហ្មណ៍បានក្លាយមកជានិមិត្តរូបនៃនយោបាយទឹកដ៏ ប្រសើររបស់ខ្មែរនាសម័យអង្គរ ។ ដូចនេះ សិល្បៈស្ថាបត្យកម្មខ្មែរមិនត្រឹមតែបម្រើគំនិតនិមិត្តរូបនិយមនៅ ក្នុងជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងបម្រើគំនិតមនុស្សនិយមផង ។
អាស្រ័យដោយស្នាដៃដ៏ប៉ិនប្រសប់ ដ៏ឆើតឆាយរបស់ដូនតាយើងបានធ្វើឲ្យសិល្បៈស្ថាបត្យកម្មខ្មែរមាន តម្លៃខ្ពង់ខ្ពស់ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយបានទទួលនូវការកោតសរសើរស្ញាប់ស្ញែងយ៉ាងក្រៃលែង ៕
អត្ថបទពេញនិយម ៖ ប្រាសាទតុប – ប្រាសាទបុរាណ