និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំបោះសន្ទូចរំលងភ្នំ ៖ ទង្វើអ្វីៗត្រូវធ្វើតាមឋានានុក្រម ។
អត្ថាធិប្បាយ កុំបោះសន្ទូចរំលងភ្នំ
សន្ទូចក្នុងពេលនេះ លោកសំដៅយកកិច្ចការដែលត្រូវធ្វើ ។ ភ្នំក៏ជាតំណាងតួអង្គមន្ត្រីអ្នកមានបុណ្យសក្តិធំណាម្នាក់ដែលពាក់ព័ន្ធក្នុងកិច្ចការនេះ ។
កិច្ចការអ្វីក៏ដោយនៅក្នុងសង្គមខ្មែរយើង គេធ្វើពីថ្នាក់ក្រោមបញ្ជូនឡើងទៅលើជានិច្ច ។ ដូច្នេះ បើចង់ធ្វើកិច្ចការអ្វីនីមួយៗលោកប្រាប់ថា ត្រូវធ្វើតាមលំដាប់លំដោយ គឺធ្វើតាមឋានានុក្រមពីទាបទៅខ្ពស់ ដោយមិនអាចរំលងមន្ត្រីធំណាម្នាក់ឡើយ ។
ឧទាហរណ៍ៈ គេធ្វើកិច្ចការអ្វីមួយដែលត្រូវឡើងទៅដល់ថ្នាក់ខេត្ត ។ គេត្រូវធ្វើកិច្ចការនោះពីថ្នាក់មូលដ្ឋាន រួចឡើងទៅស្រុក ទើបបន្តទៅខេត្តទៀត ។ គេមិនត្រូវរំលងផ្លោះចោលមន្ត្រីស្រុកបានទេ ។ មន្ត្រីស្រុកនេះលោកចាត់ទុកថាជាភ្នំមួយដែរហើយ ។
ការដែលគេលោតផ្លោះបោះសន្ទូចរំលងមន្ត្រីស្រុក ដែលលោកចាត់ទុកជាភ្នំមួយដែរនោះ គឺជាការមួយដែលធ្វើឲ្យខុសនឹងនីតិវិធី ។ កាលបើទង្វើខុសនឹងនីតិវិធីបែបនេះហើយ អាចនឹងនាំឲ្យមានបញ្ហាទៅថ្ងៃក្រោយទៀត ។
រួមសេចក្ដីមក មន្ត្រីថ្នាក់ណាក៏ដោយឲ្យតែពាក់ព័ន្ធក្នុងការងារនេះ មិនគួរគប្បីរំលងជាដាច់ខាត ដើម្បីឲ្យបានត្រឹមត្រូវតាមបទដ្ឋានច្បាប់ ៕
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំរាមុខដឹង កុំទទឹងមុខទ័ព – សុភាសិតខ្មែរអធិប្បាយ