និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា ៖ ផលវិបាកនៃទង្វើរួមគ្នា ។
អត្ថាធិប្បាយ កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា
ធម្មតាការរកស៊ី បើមុខរបរនោះធំ តម្រូវឲ្យមានភាគហ៊ុនច្រើន គេតែងចូលហ៊ុនគ្នា ទើបប្រកបមុខរបរនោះទៅបាន ។ ក៏ប៉ុន្តែចំពោះការចូលហ៊ុនគ្នា២មុខលោកហាមជាដាច់ខាតពីព្រោះវា បង្កឲ្យមានបញ្ហាខ្លាំងណាស់ គឺ ៖
កុំធ្វើស្រែប្រវាស់
ការធ្វើស្រែប្រវាស់ ដូចជា ម្នាក់មានដីស្រែ ម្នាក់ទៀតមានពូជស្រូវ ឬម្នាក់មានដីស្រែ ម្នាក់ទៀតមានឧបករណ៍ គោ ក្របី នង្គ័ល រនាស់ជាដើម ។
ការប្រវាស់គ្នានេះ អាចឲ្យគេចំណេញបានទាំងសងខាង ក៏ប៉ុន្តែបើការប្រវាស់គ្នានេះធ្វើបានត្រឹមតែពាក់កណ្ដាលដៃ ដូចជា ស្រូវមិនទាន់ចេញផ្លែ ឬកំពុងចេញផ្លែ ស្រាប់តែជួបចៃដន្យចង្រៃ ភាគីទាំងពីរនេះមានជម្លោះដោយប្រការណានីមួយ តើគេបែងចែកភាគផលគ្នាដូចម្ដេចកើត ? ដូច្នេះប្រកដជាជម្លោះនេះរីករាលដាលដែលអាចប្រឈមមុខនឹង គ្រោះថ្នាក់ និងអាចឈានទៅរកការវាយប្រហារគ្នាក៏សឹងមាន ។
កុំសង់ផ្ទះចូលគ្នា
ការសង់ផ្ទះចូលគ្នាក៏មានន័យ ដូចខាងលើដែរ ។ ពីដំបូងដៃ ភាគីទាំងពីរស្រឡាញ់គ្នាជិតស្និទ្ធចាក់ទឹកមិនលិច រហូតដល់ស្រុះស្រួលគ្នាសង់ផ្ទះរួម ។ លុះដល់ទៅជិតគ្នាយូរបន្តិចទៅ ក៏ស្រាប់តែមានទំនាស់ដែលបណ្ដាលមកពីកត្តាផ្សេងៗ ។ បើទំនាស់មានហើយ តើគេអាចនៅជិតគ្នាបានឬទេ ? តើគេអាចរើផ្ទះចែកគ្នាបានទេ ? ចម្លើយមានតែមួយ គឺគេមិនអាចធ្វើទៅកើតទេ ។ បើមិនកើតទេ គេនឹងឈ្លោះគ្នារាល់ថ្ងៃដែលអាចប្រឈមមុខនឹងការវាយប្រហារគ្នា រាល់ថ្ងៃដូចករណីខាងលើដែរ ។
សរុបមក ការរកស៊ីរួមគ្នា ទោះតូចធំក្ដីសុទ្ធតែមានផលវិបាកទាំងអស់ ។ ប៉ុន្តែផលវិបាកដែលលេចធ្លោជាងគេគឺករណីទាំងពីរខាងលើនេះឯង ព្រោះមនុស្សមួយចំនួនសុទ្ធតែមានមហិច្ឆិតាលោភលន់ ចង់បានផលប្រយោជន៍តែរៀងៗខ្លួន ទោះបីជាបងប្អូនបង្កើតក៏ដោយ ៕
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំស្លាប់ដូចពស់រស់ដូចកង្កែប – សុភាសិតខ្មែរអធិប្បាយ