និយមន័យ – សុភាសិតខ្មែរអធិប្បាយ ៖ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល ៖ ក្នុងលោកនេះគ្មានអ្វីគួរឲ្យទុកចិត្តបានទេ ។
អត្ថាធិប្បាយ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសហាយ កុំទុកចិត្តម្តាយថាគ្មានបំណុល
កុំទុកចិត្តមេឃ
មេឃជារបស់ធម្មជាតិ គេមិនអាចកំណត់ ឬបង្គាប់បញ្ជាបានទេ ដូចជា ពេលខ្លះមេឃរកកលចង់ភ្លៀង ស្រាប់តែមិនភ្លៀងទៅវិញ ។ ជួនគេឃើញមេឃស្រឡះសោះស្រាប់តែភ្លៀងភ្លាម ។ ជួនកាលទៀត គេឃើញមេឃបើកថ្ងៃធម្មតាទេ ស្រាប់តែមានភ្លៀងរ៉ុយៗចុះមកដែលគេហៅថា មេឃភ្លៀងបើកថ្ងៃ ។
ដូច្នេះ ឃើញថាគ្មានអ្វីគួរឲ្យគេទុកចិត្តបានឡើយ ។
កុំទុកចិត្តផ្កាយ
ផ្កាយក៏ជារបស់ធម្មជាតិដូចមេឃដែរ ដូច្នេះក៏មិនគួរឲ្យទុកចិត្តបានឡើយ ។ ដូចជាកណ្ដាលអាធ្រាត្រផ្កាយនេះឃើញនៅចំពីលើក្បាល បន្ទាប់មកឃើញនៅទិសខាងលិចវិញ ។ ដូច្នេះ ឃើញថា គេមិនអាចកំណត់ ឬទុកចិត្តថា វានៅនឹងនមួយកន្លែងបានឡើយ ។
កុំទុកចិត្តប្រពន្ធថាគ្មានសហាយ
នៅក្នុងសង្គមខ្មែរ ភរិយាជាចំនួនច្រើនណាស់ដែលប្រកាន់ខ្ជាប់នូវប្រពៃណីជាតិ និងមួយចំនួនធំទៀតជាឧត្ដមភរិយា ទោះបានរៀនសូត្រចេះតិចក្ដី ច្រើនក្ដី ។
ប៉ុន្តែទោះបីភរិយានោះស្ថិតនៅក្នុងករណីដូចម្ដេចក្ដី ក៏គង់នៅមានភរិយាមួយចំនួនតូចដែលបណ្ដោយខ្លួនឲ្យដួលទៅតាមទំនើបនិយម សម្ភារៈនិយមអូសទាញ ។ ភរិយាខ្លះទៀតចាកប្រពៃណីដោយសារភាពក្រីក្រ ទីទ័លពេក ។ ខ្លះទៀតភ្លាត់ខ្លួនដោយសារសម្រស់គេ ។ ខ្លះទៀតលង់ខ្លួនតាមពាក្យលួងលោម ថ្នាក់ថ្នមរបស់គេ ។ ខ្លះទៀតភ្លើតភ្លើនស្រើបស្រាលតាមកាមតណ្ហាអូសទាញ ។ ដោយសារមានករណីជាច្រើនចាំអូសទាញបែបនេះហើយ ទើបលោកប្រាប់ថា កុំទុកចិត្តខ្លាំងពេក ។
កុំទុកចិត្តម្តាយថាគ្មានបំណុល
អ្នកម្ដាយជាទីគោរពគ្រប់មជ្ឈដ្ឋាន ទោះថ្នាក់លើ មធ្យម និងក្រោមក្ដី គេកម្រជួបនូវអ្នកម្ដាយដែលមិនជំពាក់បំណុលគេសោះនោះទេ ។ អ្នកម្ដាយខ្លះ ស្ថិតក្នុងលំដាប់ថ្នាក់ឧត្ដមមានលុយ ឡាន វីឡា មានគ្រឿងប្រើប្រាស់សុទ្ធតែទំនើប ពាក់សុទ្ធតែត្បូងមានតម្លៃ មើលទៅមិនគួរឲ្យជឿថា គាត់ខ្វះលុយទេ ។ ប៉ុន្តែថ្ងៃណាមួយអ្នកម្ដាយចាញ់ល្បែង ជំពាក់គេម្ដងម្កាលដែរ ។ អ្នកម្ដាយខ្លះទៀត មានមុខរបរពាណិជ្ជកម្មយ៉ាងធំ គឺដល់ខ្នាតអន្តរជាតិ ។ ប៉ុន្តែគាត់ក៏ជំពាក់គេដល់ខ្នាតអន្តរជាតិដែរ សមដូចពាក្យចាស់ថា «ទូកធំក្ដោងធំមែន» ។ សរុបមក អ្នកម្ដាយភាគច្រើនណាស់ដែលជំពាក់គេទៅតាមឋានៈខ្លួន ៕
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ – សុភាសិតខ្មែរអធិប្បាយ