Monday , December 23 2024

អំពីកម្ពុជា

អំពីកម្ពុជា ៖ ប្រទេសកម្ពុជា ឬ ប្រទេសខ្មែរ មានឈ្មោះជាផ្លូវការ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។ កម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ ម៉ែត្រការ៉េ លាតសន្ធឹងក្នុងរាងពហុកោណស្ទើរស្មើជ្រុងដែល​មាន​ចំណុច​កណ្ដាល​ក្បែរកំពង់ធំ និង​មាន​ប្រវែង​ពី​ជើង​ទៅ​ត្បូង​ជិត​ស្មើ​នឹង​ប្រវែង​ពី​កើត​ទៅ​លិច ។ ហើយ​ប្រវែង​អតិបរមា​នៃ​បណ្ដោយ និង​ទទឹង​គឺ ៥៦០ គម និង ៤៤០ គម ។ ព្រះរាជាណាចក្រកម្ពុជាមាន ទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន មានព្រំដែនជាប់ប្រទេសថៃ ប្រទេសឡាវ និងជាប់ប្រទេសវៀតណាមនិងលាតសន្ធឹងលើឈូងសមុទ្រថៃ​។ ភ្នំពេញត្រូវបានគេហៅថា «គុជនៃតំបន់អាស៊ី» ជារាជធានីរបស់កម្ពុជាដែលមានប្រជាជនប្រហែល២លាននាក់។

ព័ត៌មានខ្លីៗស្តីពីប្រទេសកម្ពុជា

ឈ្មោះជាផ្លូវការ: ព្រះរាជាណាចក្រកម្ពុជា
ឈ្មោះកាត់: កម្ពុជា
រាជធានី: ភ្នំពេញ
ប្រជាជន: ចំនួន ១៥ លាននាក់
ផ្ទៃដី: ១៨១ ០៣៥ km2.
រូបិយវត្ថុ: រៀល ; ១ USD = ៤២00 រៀល; ដុល្លារ US អាចប្រើបានច្រើនកន្លែង
ភាសា: ខ្មែរ; អង់គ្លេស ត្រូវបានប្រើច្រើននៅទីប្រជុំជន
សាសនា: ពុទ្ធសាសនា (៩0%), សាសនាឥស្លាម និងគ្រឹស្ត និង ការជឿលើដួងវិញ្ញាណ
ផ្កាតំណាងជាតិៈ ផ្ការំដួល
អគ្គីសនីៈ វ៉ុលស្តង់ដារគឺ ២៣០ វ៉ាត់ហើយហ្វ្រេកង់មានកម្រិត 50Hz
ក្រុមជាតិពន្ធ: ខ្មែរ, ចិន, វៀតណាម, ចាម និង ផ្សេងៗ

ប្រវត្តិសាស្ត្រកម្ពុជា

ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ បើ​តាម​ផ្ទាំង​សិលា​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​ដើម​​សតវត្ស​ទី​៤០០០​មុន​គ​.ស​ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ អានបន្ត »

ទីតាំងភូមិសាស្ត្រ

ប្រទេសកម្ពុជាមានផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែតការ៉េ មានព្រំដែនដីគោក ខាងជើងនិង​ខាងលិច ជាប់ប្រទេសថៃ ៨០០គ.ម ជាប់ប្រទេសឡាវ​ ៥៤១គ.មភាគខាងឥសាន និងជាប់ប្រទេសវៀតណាម ១២២៨គ.មភាគខាងកើតនិងអាគ្នេយ៍។ ព្រំដែនសមុទ្រលាតសន្ធឹងលើឈូងសមុទ្រថៃ ប្រវែង៤៤៣គ.ម។ ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិចគឺក្តៅហើយសើម ដែលមានកូអរដោនេភូមិសាស្ត្រស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយៈទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី១០២ និង ទី១០៨ នៃរយៈបណ្តោយខាងកើត។ អានបន្ត »

អំពីកម្ពុជា ប្រទេសកម្ពុជា ប្រទេសខ្មែរ ព្រះរាជាណាចក្រកម្ពុជា

សណ្ឋានដីកម្ពុជា

លក្ខណៈទូទៅនៃសណ្ឋានដីប្រទេសកម្ពុជាមានផ្ទៃផតកណ្ដាល ព័ទ្ធស្ទើរជុំវិញទៅដោយភ្នំ និងខ្ពង់រាប។ នៅប៉ែកនិរតី ផ្ទៃដីមានរាងទេរចុះពីជួរភ្នំក្រវាញសំដៅទៅឈូងសមុទ្រ ដែលជាទីសម្បូរកូនកោះ។ គេចែកសណ្ឋានដីនេះជាបួនតំបន់ធំៗ៖

១. តំបន់វាលរាបៈ ទំនាបកណ្ដាលសណ្ដូកពីទិសពាយ័ព្យទៅអាគ្នេយ៍ រហូតដល់ព្រំដែនវៀតណាម ដែលមានក្រលាផ្ទៃ ២៥០៦៩ គ.ម២ ស្មើនឺង១/៣នៃផ្ទៃប្រទេស។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ។ តំបន់វាលរាបចែកចេញជាពីរគឺ ទំនាបបឹងនិងទំនាបទន្លេបួនមុខ។

២. តំបន់ខ្ពង់រាបៈ ចែកជាពីរផ្នែកគឺខ្ពង់រាបខាងជើងនិងខ្ពង់រាបខាងកើតនិងឦសាន។ ខ្ពង់រាបខាងជើងជា​ខ្ពង់រាប​ប្រកប​ទៅ​ដោយ​ល្បប់​ចាស់ ឆ្លាស់​គ្នា​នឹង​ថ្ម​បាយក្រៀម និង​ជា​តំបន់​ព្រៃ​របោះ ។ ខ្ពង់រាប​នេះ​ស្ថិត​នៅ​ត្រង់​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ គឺ​ភ្ជាប់​ទំនាប​កណ្ដាល​ទៅ​ជួរ​ភ្នំ​ដងរែក ។ នៅ​តាម​ទ្រនុង​កណ្ដាល​នៃ​ខ្ពង់រាប​នេះ​មាន​កូន​ភ្នំ​ដាច់ៗ​ពី​គ្នា​ដូចជា ភ្នំ​ស្វាយចេក ភ្នំកំបុត ភ្នំ​ចុងកាល់ ភ្នំត្បែង ភ្នំ​គូលែន ភ្នំ​រយោង។ ខ្ពង់រាបខាងកើតនិងឦសានរួមមានខ្ពង់រាបខេត្តក្រចេះនិងខេត្តស្ទឹងត្រែ ខ្ពង់រាបខេត្តកំពង់ចាម ខ្ពង់រាបខេត្តរតនគីរី និងតំបន់ខ្ពង់រាបមណ្ឌលគីរី។

៣. តំបន់ប្រជុំភ្នំៈ តំបន់ភ្នំចែកជាពីរ គឺជួរភ្នំក្រវាញ និងជួរភ្នំដងរែក។ ជួរភ្នំដងរែកជាព្រំដែនរួមរវាងកម្ពុជា ថៃ។ ជួរភ្នំនេះ សណ្ដូកពីកើតទៅលិច ចាប់ពីជ្រលងទន្លេមេគង្គ ដល់ជ្រលងទន្លេចៅផ្រះយ៉ានៃប្រទេសថៃ។ វាមានបណ្ដោយប្រហែល៣០០គីឡូម៉ែត និងរយៈកំពស់ចុះជាលំដាប់ពីកើតទៅលិចគឺពី៧០០ម៉ែត ទៅ៣០០ម៉ែត។ តំបន់នេះមានព្រៃក្រាស់បង្គួរដែលសម្បូរពូជឈើល្អៗ និងសត្វព្រៃច្រើនប្រភេទ។ ជួរភ្នំក្រវាញស្ថិតនៅទិសនិរតីនៃប្រទេស សណ្តូកតាមបណ្តោយឆ្នេរពីខេត្តកោះកុងដល់​កំពត។​ ជួរភ្នំ​ក្រវាញ​ចែក​ជា​៣ផ្នែក​គឺ៖

  • ក្រវាញខាងលិច ក្រវាញកណ្តាល និងក្រវាញខាងកើត។​
  • ក្រវាញកណ្តាល: មានផ្ទៃខាងទេរពីមោងមកកោះកុង មាន​កំពូល​ភ្នំ​ខ្ពស់​ គឺភ្នំសំកុះ ១៧៤៤ម៉ែត្រ។
  • ក្រវាញខាងកើត : ចែកជាប្រជុំភ្នំបីគឺ ប្រជុំភ្នំខ្ជោល ប្រជុំអូរម្លូរនិងប្រជុំភ្នំដំរី។ ​ប្រជុំភ្នំ​ខ្ជោល​ស្ថិត​នៅ​ចន្លោះ​ខេត្ត​ពោធិ៍សាត់ ​និង​កំពង់​ស្ពឺ​ មាន​ភ្នំឱរ៉ាល់ ១៨១៣ម៉ែត្រ (ខ្ពស់ជាងគេនៅកម្ពុជា) ប្រជុំអូរ​ម្លូរ​ស្ថិត​នៅ​ចន្លោះ​ស្រែអំបិល​ និងកំពង់ស្ពឺ ​មាន​ខ្ពង់រា​ប​គិរីរម្យ​ ៧០០ម៉ែត្រ។ ប្រជុំភ្នំ​ដំរី​ដាច់​ចេញ​ពី​ប្រជុំ​អូរម្លូរ​ដោយច្រកពិចនិល និងបញ្ចប់ដោយមុខចំណោតភ្នំ​បូកគោ (១០៧៥ម៉ែត្រ)​

៤. តំបន់មាត់សមុទ្រៈ ស្ថិតនៅប៉ែកនិរតីនៃប្រទស ជាតំបន់ដែលមានរយៈកំពស់ កើតយ៉ាងឆាប់រហ័ស ពីឆ្នេរសមុទ្រទៅទល់ជើងជួរភ្នំក្រវាញ លាតសន្ធឹងលើខេត្តកោះកុង ក្រុងព្រះសីហនុ ក្រុងកែប និងខេត្តកំពត។ តំបន់​នេះ​សម្បូរ​កូន​ភ្នំ​ដែល​ជួនកាល​ជា​កូន​ភ្នំ​នៅ​កណ្ដាល​ទំនាប ដូចជា ភ្នំ​ជំនាប វាលេញ ហើយ​ជួនកាល​ទៀត ជា​កូន​ភ្នំ​លេច​ពី​សមុទ្រ​ដែល​ជា​កោះ ដូចជា កោះកុង (ខ្ពស់​ដល់​ទៅ ៤១០ ម) ។ ឆ្នេរសមុទ្រកម្ពុជាមានប្រវែង៤៤០គីឡូម៉ែត លាតសន្ធឹងពីចាំយាម (ព្រំដែនថៃ) ដល់ហាទៀង (ព្រំដែនវៀតណាម)។ ឈូងសមុទ្រកម្ពុជា មានជម្រៅទឹកមធ្យមមិនលើសពី៥៦ម៉ែតឡើយ និងមានជំនោរ និងលំនាចពីរដងក្នុងរយៈពេល២៤ម៉ោង។

អាកាសធាតុ

អាកាសធាតុកម្ពុជាក៏ដូចជានៅទូទាំងអាស៊ីអាគ្នេយ៍ដែរបានគ្របដណ្ដប់ដោយខ្យល់មូសុងដែលធ្វើឱ្យមានលក្ខណៈក្ដៅ​ហើយ​សើម។ ​កម្ពុជា​មាន​សីតុណ្ហភាព​​ចន្លោះ​ពី ​២១ ​ដល់​ ៣៥​ អង្សា។ គេចែករដូវនៅប្រទេសកម្ពុជាជាពីរធំៗរដូវប្រាំង និងរដូវវស្សា។ រដូវប្រាំងជារដូវក្តៅហើយស្ងួតចាប់ពីខែវិច្ឆិកាដល់ខែមករា (រដូវរំហើយ) ដែលមានអាកាសធាតុត្រជាក់ស្រួល ហើយចាប់ពីខែកុម្ភៈដល់ខែមេសាគឺមានអាកាសធាតុក្តៅហួតហែង ពិបាកនឹងរស់នៅទាំងមនុស្ស សត្វ និងរុក្ខជាតិ។ រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា ខ្យល់មូសុងបក់មកពីទិសនិរតីដែលជាខ្យល់ក្តៅតែសើម និងមានភ្លៀងធ្លាក់ច្រើនមានឈ្មោះថា (មូសុងវស្សា) ។ ឥទ្ធិពលខ្យល់មូសុងមានស្ទើនៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាដែលធ្វើឲ្យមានលក្ខណៈពិសេសបង្កើតរបបទឹកភ្លៀង និងរដូវយ៉ាងទៀងទាត់។

ប្រជាជន

ប្រជាជនសរុបរបស់កម្ពុជាមានចំនួន ១៥,២៨៨,៤៨៩នាក់គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ក្នុងនោះមានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ ក្នុងនោះក្រុមជនជាតិភាគតិចមួយចំនួនបានតាំងទីលំនៅនៅកម្ពុជារាប់រយឆ្នាំមកហើយរួមទាំងជនជាតិចាម ចិន ឥណ្ឌា វៀតណាម ថៃ គួយ ស្ទៀង និងតាមិល។ ប្រជាជន៧៨ ភាគរយ រស់​នៅ​ទី​ជនបទ។ ប្រជាជន២/៣​ ស្ថិត​ក្នុងវ័យ​ប្រកប​ការងារ (១៥-៦៤ឆ្នាំ) ប្រហែល​២៩ ភាគរយ មាន ​អាយុក្រោម១៥​ឆ្នាំ និង​ប្រហែល​៥ ភាគរយ មានអាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ទៅ។ អាយុ​ពេល​រៀប​ការ​ជា​មធ្យម​គឺ២៣.៧​ឆ្នាំ​សម្រាប់​ស្ត្រី និង​២៦.២​ឆ្នាំ​សម្រាប់​បុរស។ អាយុកាលជាមធ្យម (ចំនួនឆ្នាំដែលមនុស្សអាចរស់បាន)​គឺ ៦៧​ឆ្នាំ​ សម្រាប់​បុរស និង​ ៧១​ឆ្នាំ​ សម្រាប់​ស្ត្រី។ អានបន្ត »

សាសនា

រដ្ឋធម្មនុញ្ញ​ចែង​ពី​សេរីភាព​សាសនាដោយប្រជាជនកម្ពុជាមានសិទ្ធិ​ប្រតិបត្តិ​សាសនា​ដោយ​សេរី ។ រដ្ឋធម្មនុញ្ញ​ហាមប្រាម​ការ​រើសអើង​ដោយសារ​សាសនា។ យោងតាមរដ្ឋធម្មនុញ្ញពុទ្ធសាសនា​គឺ​ជា​សាសនា​របស់​រដ្ឋ។ ប្រជាជនកម្ពុជា​ប្រហែល ៩៦​% កាន់​ពុទ្ធសាសនា​ហិនយាន​ ហើយ​សាសនា​ដទៃ​ទៀត​មាន​ប្រជាជនប្រណិប័តន៍​ប្រមាណ ៥ % ​ដែល​ក្នុង​នោះ​រួម​មានៈ សាសនាអ៊ីស្លាម​ គ្រិស្ដសាសនា និងនិងសាសនាហិណ្ឌូ។ អានបន្ត »

ភាសា

ភាសាខ្មែរគឺជាភាសារបស់ប្រជាជាតិខ្មែរ និងជាភាសាជាផ្លូវការនៃប្រទេសកម្ពុជា។ វាជាភាសាមួយក្នុងចំណោមភាសាដែលចាស់ជាងគេនៅក្នុងតំបន់ហើយវាមានដើមកំណើតមកពីអម្បូរមន។ ភាសាខ្មែរមានព្យញ្ជនៈ ៣៣ ស្រះ ២៣និងស្រះឯករាជ្យ ១២ ហើយត្រូវបានគេចាត់ជាភាសាដែលមានព្យញ្ជនៈនិងស្រះច្រើនជាងគេលើពិភពលោក។ ភាសាខ្មែរទទួលឥទ្ធិពលពីភាសាសំស្ក្រឹតនិងភាសាបាលីព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ។ ភាសាខ្មែរមានឥទ្ធិពលទៅលើភាសាថៃនិងភាសាឡាវ ។ ​ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូង​ដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទ​ឆ្នាំ ៦១១។

ទង់ជាតិ

ទង់ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការដោយសភាជាតិក្រោយការបោះឆ្នោតជាសកលលើកដំបូង ក្នុងប្រទេសកម្ពុជានាឆ្នាំ១៩៤៧។ ទង់ជាតិនេះតំណាងឲ្យប្រទេសកម្ពុជាស្វយ័តក្នុងសហភាពបារាំង ហើយក្រោយមកក្លាយជាទង់ជាតិនៃប្រទេសកម្ពុជាឯករាជ្យ រហូតដល់រដ្ឋប្រហារឆ្នាំ១៩៧០។ ទង់ជាតិនេះត្រូវបានប្រើប្រាស់ឡើងវិញចាប់ពីការប្រកាសព្រះរាជាណាចក្រកម្ពុជា(ទីពីរ) នាឆ្នាំ១៩៩៣ រហូតមកដល់សព្វថ្ងៃ។ ទង់​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​មាន ៣ ពណ៌ ​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​បាវចនា​ជាតិ​គឺ ​ជាតិ​ សាសនា ​ព្រះមហាក្សត្រ។ ពណ៌សតំណាង​ឱ្យសាសនា សន្តិភាព ពណ៌ក្រហម​តំណាង​ឱ្យជាតិ​​គឺ​​ទឹកដី​​និង​​ប្រជាជន ពណ៌ខៀវតំណាង​ឱ្យព្រះមហាក្សត្រ​​និង​​ព្រះអគ្គមហេសី។ ប្រាសាទអង្គរវត្តតំណាងឲ្យសាសនាព្រះពុទ្ធនៃប្រទេសរួមជាមួយកិត្តិយសនិងមរតកនៃប្រជាជនខ្មែរ។

ទង់ជាតិ

ផ្កាតំណាងជាតិ

ផ្ការំដួល​គឺជា​រុក្ខជាតិ​ដែល​ឃើញ​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​បានកំណត់​យក​រំដួល​ធ្វើជា​ផ្កា​តំណាង​អត្តសញ្ញាណ​របស់​ជាតិ​តាម​ព្រះរាជ​ក្រិ​ត្យ​ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ ការ​សម្រេចយក​រំដួល​ជា​ផ្កា​និមិត្តរូប​របស់ជាតិ​នេះក៏​ដោយសារតែ​ផ្ការំដួល​មាន​ក្លិន​ក្រអូប​ឈ្ងុយ​​ឈ្ងប់ គួរ​ជាទី​ទាក់ទាញ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន ​នៅក្នុង​សង្គម​ខ្មែរ​។ ផ្ការំដួលមានពណ៌លឿង ស ក្រ​ហម មាន​ក្លិន​សាយឆ្ងាយ ដែលចាស់បុរាណ ​តែង​ប្រៀបទៅ​នឹងក្លិនស្រីក្រមុំ។ ផ្ការំដួល ដុះចេញពីខ្នែងមែកមានពីរស្រទាប់និង៦ត្របក រៀបគ្នា​ជា​ពីរ​ស្រទាប់មានបីត្របក មានក្លិនក្រអូបឈ្ងុយឈ្ងប់ រីកនៅពេលល្ងាច និងសាយក្លិនក្រអូបតាម​ខ្យល់​បានឆ្ងាយ។ ខ្មែរ​​ពី​បុរាណ បាន​និយម​ប្រើប្រាស់ ផ្ការំដួល ធ្វើជា​​គ្រឿងផ្សំ​ផលិត​ ជា​ក្រមួន​លាប​មាត់​របស់​នារី​ ព្រោះ​តែក្លិនរបស់​វា​ក្រអូប​ឈ្ងុយ ខុសប្លែក​ពី​ផ្កា​ដទៃ​។ ទន្ទឹម​នោះ រំដួលមានគុណ​ប្រយោជន៍​ខាង​ឱសថ​ ​ក្នុងការ​កែរោគ ​ដូចជា សំ​បក​អាច​ឆ្នៃ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន ផ្កា​អាច​យកទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាកា​រៈ​វិលមុខ ខ្យល់គរ ជា​ឱសថ​ជំនួយ​បេះដូង ជំនួយ​ឈាម​។ កេសរ​របស់​រំដួល​ អាច​ផ្សំ​ជា​ឱសថ​ជំនួយ​កម្លាំង ជំនួយ​ឈាម និង​ជួយ​បំបាត់​អាកា​រៈ​វិលមុខ និង​ខ្យល់គរ។ ដូច្នេះ​ប្រជាជន​ខ្មែរ​គ្រប់រូប​ពិសេស យុវវ័យ​ខ្មែរ​ទាំងអស់ ចូរ​ចងចាំ និង​ធ្វើខ្លួន​អោយមាន​ក្លិនក្រអូប និង​ស្រស់ស្អាត​ដូចជា​ផ្ការំដួល​ដែល​តំណាងអោយ​ប្រទេស​ក៏ដូចជា​ខ្លួន​ផ្ទាល់​។

ផ្កាតំណាងជាតិ

ប្រាក់រៀល

ប្រាក់រៀល (រៀល) ជារូបិយប័ណ្ណផ្លូវការ ប៉ុន្តែប្រាក់ដុល្លាអាមេរិចក៏ត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ មួយដុល្លាអាមេរិចអាចប្តូរបានក្នុងរង្វង់ បួនពាន់រៀល អាស្រ័យលើអាត្រាប្តូរប្រាក់ផ្លូវការ។

លិខិតឆ្លងដែន

លិខិតឆ្លងដែនធម្មតានៃព្រះរាជាណាចក្រកម្ពុជា គឺ​ជា​ឯកសារ​បញ្ជាក់​ថា​ជន​ដែល​កាន់​លិខិត​ឆ្លង​ដែន​នោះ ជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន។ លិខិតឆ្លងដែនធម្មតានៃព្រះរាជា​ណាចក្រ​កម្ពុជា គឺជាឯកសារផ្លូវច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋ ខ្មែរ​ប្រើប្រាស់​សម្រាប់​ធ្វើដំណើរ​ឆ្លងដែន​ទៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ចំពោះ​តម្លៃ និង​ពេល​ពេល​វេលា​ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម​នេះ៖

សម្រាប់មនុស្សចាស់

  • សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ១០០​ដុល្លារ​អាមេរិក
  • សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១៥០​ដុល្លារ​អាមេរិក
  • ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ២០០​ដុល្លារ​អាមេរិក

សម្រាប់កូនក្មេង

  • សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ៨០ដុល្លារ​អាមេរិក
  • សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១២០​ដុល្លារ​អាមេរិក
  • ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ១៦០ដុល្លារ​អាមេរិក

ទិដ្ឋាការ

Visa on Arrival អាចទទួលបាននៅបញ្ជរទិដ្ឋាការនៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងតាមច្រកអន្តរជាតិផ្សេងទៀត។ ដើម្បីចូលក្នុងព្រះរាជាណាចក្រកម្ពុជាបាន លោកអ្នកត្រូវមានលិខិតឆ្លងដែនមានសុពលភាពប្រាំមួយ (៦)ខែ និងទិដ្ឋាការមានសុពលភាព (លើកលែងតែសញ្ជាតិមួយចំនួន) រាប់ទាំងកូនក្មេងផងដែរ។ ទិដ្ឋាការប្រភេទទេសចរណ៍ និងធុរកិច្ចមានសុពលភាពមួយខែ គិតចាប់តាំងពីថ្ងៃចូលក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចបន្តទិដ្ឋាការបាននៅក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។

  • ទិដ្ឋាការប្រភេទធុរកិច្ច (E)
  • ប្រភេទទិដ្ឋាការធុរកិច្ច (E) អាចបន្តបានរយៈពេលមួយខែ បីខែ ប្រាំមួយខែ ឬ១២ខែ ក៏បាន (វាអាចជាទិដ្ឋាការចូលតែម្តង ឬចូលបានច្រើនដង)។
  • ទិដ្ឋាការប្រភេទទេសចរណ៍ (T)
  • ទិដ្ឋាការប្រភេទនេះអាចបន្តបានមួយខែ បានតែ១ដងទេ។ ពាក្យសុំទិដ្ឋាការ
  • ទិដ្ឋាការអាចសុំបាននៅបញ្ជរទិដ្ឋាការពេលមកដល់អាកាសយានដ្ឋានទាំងបី គឺនៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ទិដ្ឋាការអេឡិចត្រូនិក
  • ទិដ្ឋាការអេឡិចត្រូនិក មាននៅលើវេបសាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកអ្នកក៏អាចសុំទិដ្ឋាការបែបនេះបាននៅស្ថានទូតខ្មែរដែលនៅជិតបំផុត ក្នុងប្រទេសរបស់លោកអ្នក។

មធ្យោបាយដឹកជញ្ជូន

ប្រទេសកម្ពុជាមានមធ្យោបាយដឹកជញ្ជូន ៣ប្រភេទសំខាន់ៗដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសសម្រាប់​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទំនិញផ្សេងៗ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ក្នុងនោះផងដែរ គេបែងចែកផ្លូវគោក​ជា​ពីរ​ប្រភេទគឺ ផ្លូវ​ថ្នល់ និង ផ្លូវ​ដែក។ ផ្លូវដែកប្រទេសកម្ពុជាយើង​មាន ​២ខ្សែខ្សែទី១ ចេញពី​ភ្នំពេញទៅ​អូរជ្រៅ មានប្រវែង ៣៨៥គ.ម និងខ្សែទី២​ចេញពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ មានប្រវែង ២៦៦គ.ម។ ផ្លូវទឹក​ដែល​សំខាន់​គឺ​ទន្លេមេគង្គ (​ពី​ក្រចេះ​ដល់សមុទ្រ)។ ប្រទេសកម្ពុជា​មាន​កំពង់ផែ​ភ្នំពេញ​ដែល​អាច​ឲ្យ​នាវា​សមុទ្រ​ចត​បាន​សឹង​គ្រប់រដូវនិងកំពង់ផែ​ក្រុង​ព្រះ​សីហនុជាកំពង់ផែ​អន្តរជាតិ។ អាកាសយាន្តដ្ឋាន​សំខាន់ៗ​នៃ​ប្រទេស​កម្ពុជាយើង​គឺ អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ។

អត្ថបទពេញនិយមបន្ទាប់ ៖ ម្ហូបខ្មែរ