Sunday , December 22 2024

រឿងអាកុហកស៊ី – រឿងព្រេងខ្មែរ

រឿងអាកុហកស៊ី – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានកុមារម្នាក់នៅជាមួយម្តាយចិញ្ចឹមជ្រូកកមៀ្រវមួយ ដល់ជ្រូកនោះធំឡើង កេ្មងនោះចង់ស៊ីសាច់ ជ្រូកក៏និយាយនឹងម្តាយថា “ម៉ែខ្ញុំចង់ស៊ីសាច់ជ្រូក ម៉ែឲ្យខ្ញុំកាប់ជ្រូកនេះស៊ីផឹកស្រាទៅ?”។ ម្តាយឃាត់ថា “កុំ! ឯង ស៊ីអ្វីក៏ច្រើនមេ្លះ ទុកវានឹងលក់យកប្រាក់ចាយ”។ កូនឮម្តាយឃាត់ដូច្នោះ ក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូករាល់ថៃ្ង ពុំមានភេ្លច។ មានកាលថៃ្ងមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្តាយថា “ដ្បិតទេវតាប្រាប់ខ្ញុំថា “មានមាស ច្រើនណាស់ ម៉ែជូនទៅយក”។ ម្តាយឮកូននិយាយប្រាប់ដូច្នោះសួរថា “មាសប្រាក់នៅឯណា?”។ កូនឆ្លើយថា “ម៉ែទៅនឹង្តចុះ បើខ្ញុំបង្គាប់ដូចមេ្តចម៉ែធ្វើតាមខ្ញុំ”។ កូនយកកញ្ចើនាំម្តាយដើរទៅព្រៃឆ្ងាយអំពីស្រុក ហើយកូនក៏ យកកញ្ចើស្ទុះទៅគ្របដី ប្រឹងសង្កត់ហើយប្រាប់ម្តាយថា “ម៉ែជួយសង្កត់ផងមាសប្រាក់ក្នុងដីនេះច្រើនណាស់ ម៉ែសង្កត់ ឲ្យជាប់ចុះ ខ្ញុំនឹងទៅរកចបជីកយកមាសប្រាក់ ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែង បើម៉ែឯងលែងមាសប្រាក់នឹងបាត់បង់អស់”។

ឯម្តាយឮកូនថាដូច្នោះ ក៏សង្កត់កញ្ចើរនោះចាំកូន កូនត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនជា អាហារបបួលអស់បងប្អូនជិតខាងមកស៊ីផឹកស្រាលេងសប្បាយ។ ម្តាយទន្ទឹងចាំកូននៅឯព្រៃពុំឃើញមក ឃ្លាន បាយអស់កម្លាំងរោយដៃរោយជើងរបូតចេញពីកញ្ចើ មើលក្នុងកញ្ចើពុំមានអ្វីសោះ។ លុះម្តាយដឹងថាកូនបញ្ចោត ហើយ ក៏ត្រឡប់ទៅផ្ទះវិញ ឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូចេ្នះ ខឹងនឹងកូនណាស់ ហើយ និយាយនឹងប្អូនថា “ដ្បិតកូននេះខូចណាស់ ទុកចិញ្ចឹមមិនបានទេ ត្រូវឯងច្រកការុងយកវាទៅទម្លាក់ក្នុងទឹកសម្លាប់ទៅ”។ ប្អូនឮដូច្នោះក៏សួរថា “ដំណើរដូចមេ្តចបានជាឲ្យយកកូនទៅច្រកការុងទៅចោលក្នុងទឹកសម្លាប់?”។ បង និយាយប្រាប់ប្អូនតាមដំណើរសព្វគ្រប់ថា “វាចេះបញ្ឆោតឲ្យអញទៅក្នុងព្រៃ ថាទៅយកមាសប្រាក់ ហើយវាឲ្យ អញចាំក្នុងព្រៃត្រាតែដល់ថៃ្ងឃ្លានបាយស្ទើរតែដាច់ពោះ ឯវាមកកាប់ជ្រូកផឹកស្រា ជ្រូកអញតែមួយទុកលក់ឲ្យគេ យកប្រាក់ចាយទេតើ” ប្អូននោះក៏ទៅចាប់អាកុហកស៊ី ច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អ លើកលីយកទៅ ចោលក្នុងទឹកទនេ្ល លុះដល់មាត់ទនេ្លអាកុហកស៊ីនិយាយនឹងមាវាថា “លោកមាអាណិត្តៗមុខជាស្លាប់ហើយ បើដូច្នោះ ហើយលោកមាអាណិតទៅយកក្បួនកុហកឲ្យខ្ញុំបន្តិច ដ្បិត្តស្លាប់ទៅនៅឋានខ្មោច បើគ្មានក្បួនកុហកខ្មោច រកស៊ី ពុំបាននោះនឹងដាច់ពោះស្លាប់” ឯមាឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយថា “ក្បួនកុហកឯងទុកនៅទីណា?” ។ ក្មួយ ប្រាប់ទៅមាថា “ខ្ញុំដាក់នៅលើធ្នឹម “។

មាក៏ដាក់អាកុហកស៊ីនៅកំពង់ទឹក ហើយត្រឡប់ទៅយកក្បួនភរ អាកុហកស៊ីវិញ។ កាលនោះមានមនុស្សកើតឃ្លង់ម្នាក់ដើរមកជិត អាកុហកស៊ីៗក៏ធ្វើជានិយាយ “អញមកតមឃ្លង់ក្នុង ការុងនេះយូរហើយ មិនដឹងជាៗហើយឬនៅ ប៉ុនែ្តស្ទាបមើលហាក់ដូចសះជាហើយ” ។ មនុស្សឃ្លង់ឮអាកុហកស៊ីថា តមឃ្លង់ក្នុងការុងដូច្នោះ ដោយខ្លួនកើតឃ្លង់ក៏សួរថា “តមឃ្លង់ក្នុងការុងនេះបានជាឬ?”។ អាកុហកស៊ីប្រាប់ថា “ដ្បិត ខ្ញុំកើតឃ្លង់គេឲ្យមកតមក្នុងការុងនេះយូរថៃ្ងហើយ មិនដឹងជាជាហើយឬនៅទេ អាណិតស្រាយខ្ញុំបន្តិច “។ មនុស្សឃ្លង់ ក៏ស្រាយការុងឲ្យអាកុហកស៊ីចេញមក។ អាកុហកស៊ីចេញពីការុងចេញមកមើលហើយប្រាប់ថា “ជាឃ្លង់ហើយ”។ អាគម្លង់ឮអាកុហកស៊ីថាតមឃ្លង់ក្នុងការុងដូច្នោះក៏និយាយថា “ឲ្យគ្នាតមឃ្លង់ផង”។ អាកុហកស៊ីឮដូច្នោះអរណាស់ គិតថា “អញអស់ស្លាប់ហើយ បានអាគម្លង់ស្លាប់ជួស”។

អាកុហកស៊ីប្រាប់អាគម្លង់ថា “បើឯងចង់ជាឃ្លង់ឆាប់ ត្រូវ កាន់ត្រណមឲ្យជាប់ កុំនិយាយស្តីនឹងអ្នកណាឲ្យសោះ បើនរណារមកសួរក្តីមកជេវាយដូចមេ្តចៗក្តី ត្រូវកុំនិយាយស្តី ត្រូវកាន់ត្រណមឲ្យខ្ចាប់ទើបបានជាឆាប់”។ អាគម្លង់ឮអាកុហកស៊ីថាដូច្នោះ ក៏ទទួលចាំហើយចូលទៅក្នុងការុង។ អាកុហកស៊ីចងមាត់ការុងជាប់ ហើយរត់បាត់ទៅ មានោះមករកតម្រាឲ្យអាកុហកស៊ីពុំឃើញ ដឹងថាអាកុហកស៊ី បញ្ឆោតខ្លួនខឹងណាស់ ក៏គិតក្នុងចិត្តថា “បើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ទៅ “ហើយខំដើរទៅ ដល់ហើយក៏ស្ទុះចូលទៅដាល់វាយអាគម្លង់ដោយស្មានថាអាកុហកស៊ី។ អាគម្លង់ខំអត់ព្រោះចង់ជាឃ្លង់ លុះវាយ ធាក់អស់ចិត្តហើយក៏លើកការុងបោះទៅក្នុងទឹកឲ្យស្លាប់ទៅ។

អាកុហកស៊ីរត់រួចអពីនោះទៅៗជួបនឹងមនុស្សកុហកម្នាក់ ចេះកុហកដូចគ្នាកំពុងតែមុជទឹក អាកុហកស៊ីនោះ ឃើញ អាកុហកស៊ីដើរពីចម្ងាយ ក៏វាធ្វើជាមុជទឹកយូរបន្តិចទើបងើបឡើង ហើយលើកកាសឡើងថា អញមុជទឹក ទៅខាងក្រោមមានគេលេងបៀរ អញលេងឈ្នះបានកាសប្រាក់ច្រើន ប៉ុនែ្តយកមិនរួច បានតែមួយត្រណោតមក។ អាកុហកស៊ីឮដូច្នោះក៏ជឿគិតស្មានថាមែន ហើយក៏ផ្លាស់សំពត់លោតទៅក្នុងទឹក ខំមុជទៅទង្គិចក្បាលនឹងគល់ឈើ បែកឈាម ដឹងខ្លួនថាគេជាមនុស្សកុហក ក៏នឹកក្នុងចិត្តឃើញឧបាយកលកុហកវិញ ហើយងើបឡើងនិយាយទៅ អាដែលបញ្ឆោតនោះថា “អ្នកអើយ! ខ្ញុំមុជទឹកទៅតាមពាក្យអ្នកអម្បាញ់មិញ បានឃើញគេលេងបៀរប៉ាធួកំតាត់ ច្រើនណាស់ ហើយ្តលេងឈ្នះគេបានប្រាក់កាសច្រើន ខ្ញុំទារពីគេៗថាឲ្យយកពីឯង នោះខ្ញុំមិនព្រមខ្ញុំចេះតែទារ គេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាល ហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯង បើអ្នកឯងមិនជឿមើលក្បាលខ្ញុំដែលបែក នេះចុះ”។ អាកុហកនោះដឹងថា អាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់កុហកមិនចាញ់ខ្លួន ក៏ស្រាយកាសចែកគ្នា ពាក់កណ្តាល ហើយសុំគ្នាជាបងប្អូនរកស៊ីកុហកគេតាំងអំពីនោះតទៅ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងអ្នកនេសាទដូងទិព្វ – រឿងព្រេងខ្មែរ

រឿងអាកុហកស៊ី – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *