Wednesday , October 2 2024

របបកម្ពុជាប្រជាធិបតេយ្យ

របបកម្ពុជាប្រជាធិបតេយ្យ គឺជាឈ្មោះរដ្ឋរបស់ខ្មែរក្រហមក្នុងរយៈពេលគ្រប់គ្រងប្រទេសកម្ពុជា ជារដ្ឋមាន​គណៈបក្សតែមួយ​ និងផ្ដាច់ការដែលបានបង្កើតឡើងក្នុងចន្លោះ​ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ បន្ទាប់ពីកងកម្លាំងខ្មែរក្រហមទទួលបានជ័យជំនះលើរបបសាធារណរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។​ នៅពេលបក្ស​កុម្មុយនិស្ដកម្ពុជា អនុម័តរដ្ឋធម្មនុញ្ញដែលបានបើកឱកាសឲ្យមានការបោះឆ្នោត និងកសាងនីតិបញ្ញត្តិ បែរជាអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងដៃមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យទៅវិញ។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបាន​បែង​ចែក​ជា​៧ភូមិភាគ និង២តំបន់ពិសេស ហើយរបបនេះមិនមានតុលាការ ចៅក្រម ច្បាប់ ឬការជំនុំជម្រះ​អី្វទាំងអស់។ របបកម្ពុជាប្រជាធិបតេយ្យបាន​ដួល​​រលំនៅពេលកងទ័ពវៀតណាមវាយលុកប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨ រហូត​ដល់បានរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

របបកម្ពុជាប្រជាធិបតេយ្យ

I. រចនាសម្ព័ន្ធដឹកនាំ

១. ការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម

ការចូលកាន់កាប់ទីក្រុងភ្នំពេញ

នៅថ្ងៃទី១៧ មេសា១៩៧៥ កងទ័ពខ្មែរក្រហមបានវាយលុកចូលទីក្រុងភ្នំពេញពីគ្រប់ទិសទី។ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយបង្ខំ ក្រោមលេសថា អង្គការខ្លាចអាមេរិកមកទម្លាក់គ្រាប់បែក ចង់បោសសម្អាតខ្មាំង និង ខ្វះមធ្យោបាយដឹកស្បៀងអោយប្រជាជននៅក្នុងក្រុងភ្នំពេញ។ អ្នករឹងទទឹងនិងបញ្ជាអង្កការនិងត្រូវចាប់ចង ឬ បាញ់ចោលភ្លាមៗតែម្ដងនៅនឹងកន្លែង។

គោលការណ៍របស់ពួកខ្មែរក្រហម

នៅថ្ងៃទី២០ ដល់ ២៥ ខែ ឧសភា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានរៀបចំប្រជុំធំមួយ និង បានប្រកាសគោលការណ៍៨ចំណុចសម្រាប់អនុវត្តន៍នៅទូទាំងប្រទេស។ គោលការណ៍ទាំងនោះរួមមាន៖

  • ជម្លៀសប្រជាជនអោយចេញពីទីប្រជុំជនទាំងអស់ ជាពិសេសពីទីក្រុងភ្នំពេញ
  • លុបបំបាត់ទីផ្សាេរ
  • លុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណ
  • ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ អោយទៅធ្វើស្រែចម្ការនៅតំបន់មូលដ្ឋានជនបទ
  • ប្រហារជីវិតមេដឹកនាំរបស់របប លន់ នល់
  • បង្កើតសហរណ៍កម្រិតខ្ពស់ទូទាំងប្រទេស
  • បណ្ដាញជនបទជនជាតិភាគតិចវៀតណាមអោយចេញទាំងអស់
  • បញ្ជូនទ័ពទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម

២. ការបង្កើតរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ

អង្គការ

ពាក្យអង្គការមួយម៉ាត់គ្រប់ដណ្ដប់ទាំងបក្សកុម្មុនីស្ដ ទាំងអង្គការនីតិបញ្ញាត្តិ និតិប្រតិបត្តិ និង អំណាចតុលាការ។ អង្គការបដិវត្តន៍ត្រូវបានបង្កើតឡើងដោយសមាជិកបក្សកម្មុយនីស្ដកម្ពុជា។ នៅខែកញ្ញា ឆ្នាំ១៩៧៥ គណៈគម្មធិការបជ្ឈឹមបក្សកម្មុនីស្ដកម្ពុជារួមមាន ប៉ុល ពត, នួន ជា, សោ ភឹម, អៀងសារី, សុន សេន, ឈឹត ជឿន (ហៅតាម៉ុក) និង វន វ៉េត។

រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ

  • ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៧៥ មហាសន្និបាទជាតិប្រារព្ធឡើងនៅភ្នំពេញ ដែលមានសមាជិកចូលរួមចំនួន១០០០នាក់ និង បានអនុម័តរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ
  • ថ្ងៃទី៥ ខែមករា ឆ្នាំ ១៩៧៦ រដ្ឋធម្មនុញ្ញត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវដោយមាន១៦ជំពូក និង​ចែកចេញជា២១មាត្រា
  • តាមរយៈរដ្ឋធម្មនុញ្ញនេះ កម្ពុជាត្រូវបានប្ដូរឈ្មោះជាផ្លូវការថា កម្ពុជាប្រជាធិបតេយ្យ
  • រដ្ឋធម្មនុញ្ញបានបង្កើតសភាតំណាងប្រជាជនចំនួន២៥០អាសនៈ ដែលក្នុងនោះ១៥០អាសនៈតំណាងវណ្ណៈកសិករ ៥០អាសនៈ វណ្ណៈពលករ និង កម្មករ និង ៥០អាសនៈតំណាងកងទ័ពបដិវត្តន៍កម្ពុជា

ចម្រៀងជាតិប្រជាធិបតេយ្យមានឈ្មោះថា ១៧ មេសា មហាជោគជ័យ។

រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ

  • បក្សកុម្មុនីស្ដកម្ពុជាប្រជាធិបតេយ្យគឺជាអង្គការតែមួយគត់ ដែលមានអំណាចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
  • បក្សនេះមានប៉ុល ពត (សាឡុត ស) ជាលេខាបក្ស និង នួន ជា ជាអនុលេខាបក្ស
  • គណៈគណកម្មាធិការអចិន្ត្រៃបក្សគឺជាអង្គការតែមួយគត់ ដែលមានសិទ្ធអំណាចក្នុងការធ្វើសេចក្ដីសម្រេចចិត្តអនុម័តគោលនយោបាយរដ្ឋាភិបាល និង លក្ខន្តិកៈផ្សេងៗ។

៣. ភូមិសាស្ត្ររដ្ឋបាល

  • បក្សកុម្មុយនីស្ដកម្ពុជាបានចែកតំបន់រដ្ឋបាលនៃរដ្ឋកម្ពុជាប្រជាធិបតយ្យជា៧ភូមិភាគ ដែលរួមមាន៣២តំបន់។ ភូមិភាគទាំងនោះរួមមាន៖ ភូមិភាគបូព៌ា (ភូមិភាគ២០៣) ភូមិភាគនិរតី (ភូមិភាគ៤០៥) ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ភូមិភាគពាយ័ព្យ (ភូមិភាគ៥៦០) ភូមិភាគបស្ចឹម (ភូមិភាគ៤០១)​ ភូមិភាគឥសាន (ភូមិភាគ១០៨) ហើយនៅឆ្នាំ១៩៧៧ ភូមិភាគកណ្ដាលត្រូវបានបង្កើតឡើង ដែលមានទីតាំងនៅត្រង់ភូមិភាគឧត្តរចាស់ ហើយភូមិភាគឧត្តរត្រូវបានប្ដូរទៅកាន់តំបន់សៀមរាប ឧត្តរមានជ័យ និង តំបន់ព្រះវិហារវិញ។
  • ភូមិភាគ តំបន់ និង ស្រុកមួយចំនួនត្រូវបានដាក់លេខសម្គាល់
  • នៅក្រោមភូមិភាគ មានតំបន់ស្រុក ឃុំ (សហករណ៍កម្រិតខ្ពស់) និង ភូមិ (សហករណ៍ម្រិតទាប)។

II. នយោបាយមហាលោតផ្លោះមហាអស្ចារ្យ

១. គម្រោងផែនការបួនឆ្នាំ (១៩៧៧-១៩៨០)

គោលនយោបាយ

គោលនយោបាយសំខាន់បំផុតរបស់កម្ពុជាប្រជាធិបតេយ្យគឺសន្តិសុខជាតិ និង សមូហភាវូបនីយកម្ម។ នៅក្នុងគម្រោងផែនការបួនឆ្នាំ អង្គការបានអនុវត្តន៍នយោបាយសមូហភាវូបនីយកម្ម ដោយប្រមូលយកទ្រព្យសម្បត្តិឯកជនទាំងអស់ (រួមទាំងសម្ភារផ្ទះបាយ) ទុកជាសម្បត្តិសមូហភាព និង ប្រើប្រាស់រួមនិងបែងចែកកម្លាំងពលកម្មទៅតាមក្រមរៀងៗខ្លួនទៅតាមអាយុ ភេទ និង វណ្ណះសង្គម ដូចជាបុរស ស្ត្រី យុវជន កុមារ។

តាមរយះពេលផែនការនេះ ខ្មែរក្រហមចង់អោយប្រទេសកម្ពុជារីកចម្រើន ក្លាយជាប្រទេសសង្គមកសិកម្មទំនើបក្នុងរយះពេល១០ ទៅ ១៥ឆ្នាំ ហើយក្លាយជាសង្គមឧស្សាហកម្មមួយក្នុងរយះពេល១០ ទៅ ១៥ឆ្នាំ ហើយក្លាយជាសង្គមឧស្សាហកម្មមួយក្នុងរយះពេល១៥ ទៅ២០​ឆ្នាំ។

គោលដៅ

  • គោលដៅរបស់ផែនការបួនឆ្នាំ គឺធ្វើយ៉ាងណាអោយទទួលបានលទ្ធផលស្រូចជាមធ្យមបីតោនក្នុងមួយហិកតាសម្រាប់ដិស្រែធម្មតា និង ពី​៦ ទៅ ៧​តោនក្នុងមួយហិកតា សម្រាប់ដីស្រែលេខ១ ដែលអាចធ្វើស្រូវបានពីរដងក្នុងមួយឆ្នាំ។
  • ទិន្នផលស្រូវក្នុងផែនការបួនឆ្នាំចែកជាបួនចំណែកគឺ៖

– សម្រាប់ជាស្បៀងរបស់ប្រជាជន

– សម្រាប់ធ្វើពូជ

​ – សម្រាប់បំរុងទុក

– សម្រាប់នាំចេញទៅក្រៅប្រទេស ហើយនាំចូលមកវិញនូវម៉ាស៊ីន សម្រាប់ធ្វើស្រែចម្ការគ្រឿងសព្វាវុធ និង សម្ភារប្រើប្រាស់ផ្សេងៗ។

មេដឹកនាំកម្ពុជាប្រជាធិបតយ្យសង្ឍឹមថានិងធ្វើអោយកម្ពុជាមានឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន  និង ខ្លួនឧបត្ថមខ្លួនទាំងសេដ្ឋកិច្ច​ និង នយោបាយ ព្រមទាំងប្រែក្លាយវិស័យកសិកម្មអនថយអោយទៅជាវិស័យកសិកម្មជឿនលឿនបែបទំនើប។

២. ជីវិតរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ការបង្កើតសហករណ៍

  • សហករណ៍ខ្មែរក្រហមមានន័យថា ប្រជាជនរស់នៅរួមគ្នា ធ្វើការរួម ហូបរួម និង ចែករំលែកការកំសាន្ដជាសមូហភាព គ្មានការរស់នៅជាបុគ្គល និង គ្មានកម្មសិទ្ធឯកជន
  • សហករណ៍ត្រូវបានបង្កើតឡើងដើម្បីពង្រឹងវណ្ណៈកម្មករ និង សកិករ ដោយឆ្ពោះទៅរកការលុបបំបាត់កម្មសិទ្ធឯកជន  និង របបទាំងឡាយដែលមិនមែនសង្គមនិយម
  • សហករណ៍ខ្មែរក្រហម គឺធ្វើយ៉ាងណាអោយខ្លួនអាឧបត្ថម្ភខ្លួនឯងបាន (ឯករាជ្យម្ចាស់ការ)
  • ការរៀបចំសហករណ៍មាន៣ដំណាក់កាល៖

– នៅអំឡុងឆ្នាំ១៩៧០-១៩៧៥ ខ្មែរក្រហមបានរៀបចំប្រជាជននៅតំបន់រំដោះជាក្រុមប្រវាស់ដៃ មានសមាជិកពី១០ ទៅ ៣០គ្រួសារ

– បន្ទាប់ពីបានជ័យជម្នះនៅឆ្នាំ១៩៧៥ ក្រុមប្រវាស់ដៃត្រូវរៀបចំជាសហរណ៍កម្រិតទាប ដែលមានសមាជិកច្រើនគ្រួសារ ឬ​មួយភូមិទាំងមូល។

– នៅឆ្នាំ១៩៧៧ សហករណ៍កម្រិតទាបត្រូវបានរៀបចំជាសហករណ៍កម្រិតខ្ពស់ ដែលមានគ្រួសារចាប់ពី៣ ទៅ ៤ភូមិ ឬ មួយឃុំទាំងមូល។

វណ្ណះ សង្គមថ្មីពីរ

ខ្មែរក្រហមបានបងហកើតនូវវណ្ណៈថ្មីពីរគឺប្រជាជន និង​ប្រជាជនថ្មី៖

  • ប្រជាជនចាស់ (ប្រជាជនមូលដ្ឋាន) គឺប្រជាជនដែលរស់នៅតាមជបបទ គ្របគ្រងដោយបក្សកុម្មុនីស្ដកម្ពុជាមុនថ្ងៃទី ១៧ មេសា ១៩៧៥។ ប្រជាជនប្រភេទនេះអាចក្លាយជាប្រធានសហករណ៍ ឬ ប្រធានកងផ្សេងៗ
  • ប្រជាជនថ្មី (ប្រជាជន១៧មេសា) ជាប្រជាជនដែលជម្លៀសចេញពីទីក្រុង ឬ ទីប្រជុំជននានា ក្រោយថ្ងៃទី១៧មេសា ១៩៧៥។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មិនេះទេ ព្រោះអង្គការចាត់ទុកថាពួក១៧ មេសាជជនបញ្ញើរក្អែក ជាអ្នកចាញ់សង្គ្រាម និង ជាឈ្លើយសឹក។ អ្នកដែលរស់នៅបានចង់ចាំនូវពាក្យស្លោក ទុកក៏មិនចំណេញ ដកចេញក៏មិនខាតដែរ។

ពិធីរៀបមង្គលការ ឬ អាពាហ៍ពិពាហ៍

ពិធីរៀបការនៅក្នុងរបបខ្មែរក្រហមមានលក្ខណៈខុសពីប្រពៃណីទាំងស្រុង។ ពិធីរៀបការតម្រូវអោយកូនប្រុស ស្រី ឈរ ឬ អង្គុយជាពីរជួរ ហើយគូរនីមួយៗបែរមុខរកគ្នា ដែលមានចាប់ពី៣ ទៅ ១០​ គូរ​សម្រាប់ពិធីតូច ឬ ពី៣០​ ឬ ៥០ គូរ និង ឈានទៅដល់ជា១០០គូរសម្រាប់ពិធីធំ។ បន្ទាប់មកប្រធានអង្គប្រជុំបញ្ជាអោយគូរទាំងនោះចាប់ដៃគ្នា ធ្វើការប្ដេជ្ញាចិត្តថានិងរួមរស់ជាមួយគ្នា និង បម្រើអង្គការអស់មួយជីវិត។ គូរស្រករមួយចំនួនមិនបានស្គាល់ ឬ ស្រឡាញ់គ្នាពីមុនមកនោះទេ។

ការអប់រំ

ប្រព័ន្ធអប់រំត្រូវបានបំផ្លាញចោល សាលារៀន ត្រូវបានបិទទ្វារ គ្រូបង្រៀនត្រូវបានរំលាយចោលនៅក្របខ័ណ្ឌ ហើយអង្គការអប់រំកុមារា កុមារី ទាំងអស់ដែលបានចាត់ទុកជាកូនអង្គការអោយ៖

  • ស្រឡាញ់ និង ដឹងគុណអង្គតែមួយគត់
  • មានឆន្ទះដាច់ខាត និង ជឿជាក់លើអង្គការតែមួយគត់
  • យកការណ៍ពីឪពុកម្ដាយរបស់ខ្លួន ហើយពេលខ្លះហ៊ានសម្លាប់ឪពុកម្ដាយរបស់ខ្លួនដោយចោទថាខ្មាំង។
  • ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងចំពោះអង្គការ

ប្រព័ន្ធអប់រំកម្ពុជាប្រជាធិបតេយ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះកុមារ។ សម័យនោះកុមារត្រូវចែកតាមកង និង បង្ខំអោយធ្វើការដូចជា រើសអាចម៍គោ កាត់ទន្រ្ទាខេត្ត ប្រមូលជីលាមមនុស្ស ជញ្ជូនសម្ភារសឹកទៅតាមសមរភូមិ។ល។ កុមារមួចំនួនត្រូវបានជ្រើសរើសអោយចូលបម្រើក្នុងជួរកងទ័ពរបស់ខ្មែរក្រហម។

III. សោកនាដកម្ម

១. ការបង្ខំអោយធ្វើការជាទម្ងន់

  • ប្រជាជនត្រូវបានគេបង្ខំអោយធ្វើការជាង១២ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយគ្មានពេលសម្រាកគ្រប់គ្រាន់ ហើយទទួលបានរបបអាហារតិចតូចបំផុត
  • ប្រធានសហករណ៍ មានភារកិច្ចគ្រប់គ្រងសកម្មភាព និង ទង្វើររបស់ប្រជាជន
  • ជនណាមានកំហុស ឬ តវ៉ាត្រូវបានចោទាជាខ្មាំងប្រឆាំងបដិវត្តន៍ និង ត្រូវបញ្ចូនទៅដាក់គុគ ឬ សម្លាប់ចោល។

២. ការសម្រិតសម្រាំង និង ការសម្លាប់រង្គាល

  • ខ្មែរក្រហមតែតែស្រាវជ្រាវរកខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុងគ្រប់ទីកន្លែង
  • ប្រជាជនជាច្រើនត្រូវស្លាប់ដោយការចោទប្រកាន់ថាជាភ្នាក់ងារសម្ងាត់របស់អាមេរិក (ស៊ី អ៊ី អា) ភ្នាក់ងារសម្ងាត់របស់វៀតណាម (កា ហ្ស៊េ បេ) និង ភ្នាក់ងារសម្ងាត់របស់វៀតណាម។ ប្រជាជនទាំងនេះត្រូវបានចាប់ខ្លូន និង សម្លាប់ចោលជាប្រព័ន្ធ។
  • នៅឆ្នាំ១៩៧៨ មានការសម្រិតសម្រាំងដ៏សាហាវយង់ឃ្នង់បំផុតទៅលើប្រជាជននិងកម្មាភិបាលភូមិភាគបូព៌ា។ ខ្មែរក្រហមបានចោទកម្មាភិបាល និង ប្រជាជននៅក្នុងភូមិភាគនេះថាជាមនុស្សក្បាលយួន ខ្លួនខ្មែរ។ កម្ពុជាប្រជាធិបតេយ្យបានបញ្ជូនកងទ័ពពីភូមិភាគនិរតីទៅបង្ក្រាបភូមិភាគបូព៌ា ហើយដាក់កម្មាភិបាលពីភូមិភាគនិរតី ទៅកាន់អំណាចជំនួសកម្មាភិបាលនៅភូមិភាគបូពា៌ ដែលធ្វើអោយមានការសម្លាប់ប្រជាជនជាងមួយសែននាក់។ ប្រជាជនរាប់ពាន់នាក់ទៀតបានគេចទៅវៀតណាម។

៣. ប្រព័ន្ធសន្តិសុខ

មន្ទីសន្តិសុខ

  • ប្រព័ន្ធសន្តិសុខរបស់ខ្មែរក្រហម គឺគុកសម្រាប់ដាក់មនុស្សដែលគុកទាំងនោះគេហៅថា មន្ទីសន្ដិសុខ
  • នៅទូទាំងប្រទេសមានមន្ទីសន្តិសុខជិត២០០កន្លែងសម្រាប់ឃុំឃាំង សួរចម្លើយ និង សម្លាប់មនុស្ស
  • អ្នកទោសភាគច្រើនគឺជាប្រជាជនស្លូតត្រង់ ដែលត្រូវបានចោទប្រកាន់ដោយគ្មានភស្តុតាងថាជាអតីតទាហាន និង មន្រ្តីរាជការស៊ីវិលរបស់នល់ នល់ ជាភ្នាក់ងារស៊ើបការសម្ងាត់ ឬ ខ្មាំងជាដើម។

មន្ទីស-២១ (គុកទួលស្លែង)

  • អក្សរ.ស តំណាងអោយពាក្យសន្តិបាលហើយលេខ២១ តំណាងអោយលេខសំងាត់
  • មន្ទីនេះទីតាំងស្ថិតនៅក្នុងវិទ្យាល័យទួលស្វាយព្រៃ (អតិតវិទ្យាល័យពញ្ញាយ៉ាត)
  • មន្ទីស ២១ គឺជាមន្ទីសន្តិសុខថ្នាក់ថ្នាក់មជ្ឈឹមនៅភ្នំពេញ និងជាគុកដែលសំខាន់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ទីនេះជាគុកសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និង សម្លាប់អ្នកបដិវត្ដន៍។

ថ្នាក់ដឹកនាំមន្ទីស ២១

  • មន្ទីស ២១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ ដឹកនាំដោយ សុន សេន ហៅ សមមិត្តខៀវ
  • កាំងហ្គិចអ៊ាវ ហៅឌុច ជាប្រធាន ឃឹម វ៉ាត ហៅ ហ៊ អនុប្រធាន ប៉េង បញ្ជាការលើអ្នកយាម ចាន់ ប្រធានអង្គភាពសួរចម្លើយ និង ប៉ុន អ្នកសួរចម្លើយ
  • កម្មាភិបាលមន្ទីស ២១ មួយចំនួនជាអតិតគ្រូបង្រៀន

រចនាសម្ព័ន្ធចាត់តាំងនៅក្នុង ស ២១

មន្ទីស ២១ មានបុគ្គលកប្រមាណជាង១០០០នាក់ក្នុងនោះ៖

  • ប្រមាណ៣០០ ទៅ ៤០០ នាក់មន្រើការជាបុគ្គលិកទូទៅ អ្នកដាំស្ល ដាំបន្លែ……សម្រាប់បម្រើតម្រូការក្នុងគុក
  • អង្គភាពរៀបចំឯកសារមានតួនាទីចម្លងចម្លើយសារភាពចេញពីកាសែត វាយអត្ថបទចម្លើយសារភាព សង្ខេបអត្ថបទចម្លើយសារភាព និង រៀបចំទុកឯកសារ។ ក្នុងនោះក៏មានអង្គភាពរងផ្នែកថតរូបដែរ។
  • អង្គភាពការពារជាអង្គភាពធំបំផុតនៅមន្ទីស ២១។ អង្គភាពនេហភាគច្រើនជាក្មេងជំទង់ដែលត្រូវគោរពបទបញ្ជាដ៏តឹងរឹង
  • អង្គភាពសូួរចម្លើយចែកចេញជាក្រុមរងក្ដៅ (ហៅកងកាច) ក្រងរងត្រជាក់ (ហៅកងស្លូត) និង ក្រុមសង្គៀម។

ខ្លាំងរបស់អង្គការ

ខ្មែរក្រហមបានបែងចែកសត្រូវជាពីរប្រភេទគឺសត្រូវខាងក្នុង និង សត្រូវខាងក្រៅ៖

  • សត្រូវខាងក្នុង៖ គឺជាប្រជាជនថ្មី ឬ ប្រជាេជន១៧ មេសា និង អ្នកធ្លាប់ធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានសម្លាប់ចាប់ពីមន្ត្រីជាន់ខ្ពស់ នាយទាហានដល់កូនទាហាន របស់របបចាស់ ព្រមទាំងក្រុមគ្រូសារ។ ក្រុមជនជាតិភាគតិចក៏ត្រូវបានធ្វើទុកមុកម្នេញ និង សម្លាប់ចោលដែរ ដោយត្រូវចោទថាជាខ្មាំងរបស់អង្គការ។ នៅទីបញ្ចប់កម្មាភិបាលខ្មែរក្រហមជាច្រើននាក់ត្រូវបានចោទថាជាខ្មាំងក្បត់បដិវត្តន៍និងត្រូវបានកម្ទេចចោល។
  • សត្រូវខាងក្រៅ៖ រួមមានសហរដ្ឋអាមេរិក ថៃ ពិសេស វៀតណាម និង សួវៀត និង សម្ព័ន្ធមិត្តរបស់ប្រទេសនេះ។ ខ្មែរក្រហមបានប្រជាជន កម្មាភិបាល និង កងទ័ពរបស់ខ្លួនជាច្រើន ថាបានបម្រើមនោគមវិជ្ជាប្រតិកិរិយាប្រឆាំងបដិវត្តន៍ជាខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង និង បម្រើនយោបាយបរទេស។ អ្នកនេះត្រូវបានកម្ទេចចោល។

IV. ការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ

មានមូលហេតុជាច្រើនដែលបណ្ដាលអោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ

១. ការស្អប់ខ្ពើមរបបប៉ុលពតរបស់ប្រជាជនកម្ពុជា

ការអនុវត្ដផែនការផលិតស្រូវបីតោនក្នុងមួយហិចតា ពុំបានជោគជ័យទេ។ ប៉ុន្តែកម្មាភិបាលខ្មែរក្រហមបានធ្វើរបាយការណ៍ក្លែងក្លាយ និង បញ្ជូនស្រូវតាមផែនការកំណត់ទៅមជ្ឈឹម។ មេដឹកនាំមជ្ឈឹមតែជឿលើរបាការណ៍ ឯថ្នាក់ក្រោមមិនហ៊ានរាយការណ៍ពត៌មានមិនល្អ ហើយតំបន់នីមួយៗមិនអនុញ្ញាតិអោយរំលែពត៌មានគ្នា។ ប្រជាជនទទួលរងគ្រោះអត់ឃ្លាន សុខភាពទ្រុពទ្រោម និង ស្លាប់ដោយសារកង្វះអាហារ។ ជាងនេះទៅទៀត ប្រជជនធ្វើការងារហួសកម្លាំង និង រងនូវការកាប់សម្លាប់។ លខណ្ឌទាំងនេះធ្វើអោយប្រជាជនអស់ជំនឿលើរបបកម្ពុជាប្រជាធិតេយ្យ។

២. ការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធ

នៅពាក់កណ្ដាលឆ្នាំ១៩៧៦ មានការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធក្នុងចំណោមសមាជិកសំខាន់ៗនៃបក្សកុម្មុនីស្ដកម្ពុជា ដែលធ្វើអោយមានការបែកបាក់ផ្ទៃក្នុងជាពិសេសក្នុងជួរអ្នកដឹកនាំបក្ស។

៣. ការធ្វើសង្គ្រាមជាមួយវៀតណាម

នៅឆ្នាំ១៩៧៥ កម្ពុជាប្រជាធិបតេយ្យចាប់ផ្ដើមបង្កជម្លោះតាមព្រំដែនជាមួយវៀតណាម។​ចាប់ពីដើមឆ្នាំរហូតដល់ពាក់កណ្ដាលឆ្នាំ១៩៧៧ កងទ័ពខ្មែរក្រហមបានវាយប្រហារទៅលើខេត្តចូវដុក ស្រុកហាទៀង និង ខេត្តផ្សេងៗទៀតរបស់វៀតណាម។ នៅខែធ្នូឆ្នាំ១៩៧៧ វៀតណាមប្រើយន្តហោះ និង កាំភ្លើងធំបើកការវាយប្រហារជាទ្រង់ទ្រាយធំ រហូតកាន់កាប់បានតំបន់ចំពុះទាក្នុងខេត្តស្វាយរៀង។ ពេលនោះកម្ពុជាប្រជាធិតេយ្យបានផ្ដាច់ការទូតជាមួយវៀតណាម។

៤. កំណើររណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ សមមិត្តហ៊ុន សែន និង យុទ្ធមិត្តបួនរូប បានសម្រេចចិត្តភៀសខ្លួនចេញពីកម្ពុជាប្រជាធិបតេយ្យឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រវាយរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និង រំដោះប្រជាជននិងប្រទេសជាតិពីរបបនេះ។ ដំណើរការភៀសខ្លួនជាប្រវត្តិសាស្ត្រនេះគឺជាការយកជីវិតធ្វើជាដើមទុន ដើម្បីប្ដូរមកវិញនូវអាយុជីវិត សិទ្ធ​និង សេរីភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ដោយមានការគាំទ្រពីខ្មែរអ្នកសេ្នហាជាតិ និង វៀតណាម សមមិត្តហ៊ុន សែន បានបង្កើតចលនាតស៊ូមួយដែលមានឈ្មោះថាអង្គភាព១២៥ ឬ​កងទ័ពសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ១៩៧៨។ ការបង្កើតអង្គភាពនេះគឺជាចំណុចចាប់ផ្ដើមដំបូងបង្អស់នៃចលនាតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍។

នៅថ្ងៃទី៣ ខែមេសា​ ឆ្នាំ១៩៧៨ វិទ្យុក្រុងហាណូយផ្សាយជាភាសារខ្មែរ បានអំពាវនាវអោយប្រជាជនក្រោកឈរប្រឆាំងនិងរបបកម្ពុជាប្រជាធិបតេយ្យ។ ពេលនោះកម្មាភិបាល កងទ័ព ប្រជាជន បានស្ម័គ្រចិត្តចូលរួមបម្រើទ័ព។ ចលនាតស៊ូខ្មែរផ្សេងៗទៀតក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់គ្នា ដូចជាចលនាតស៊ូដែលដឹកនាំដោយ សមមិត្ត ហេង សំរិន និង សមមិត្ត ជា ស៊ីម នៅភូមិភាគបូព៌ា សមមិត្ត ប៊ូថង នៅភូមិភាគ ឥសាន និង សមមិត្ត សាយ ភូ ថង នៅភូមិភាគបស្ចឹម។ ចលនាតស៊ូទាំងនេះបានរួមគ្នាបង្កើតបានទៅជាចលនាតស៊ូរួមរបស់ជាត់ ដែលមានឈ្មោះថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ធ្នូ ១៩៧៨ណនៅក្នុងទឹកដីស្រុកស្នូល ខេត្តក្រចេះ។ រណសិរ្សនេះដឹកនាំដោយសមមិត្ត ហេង សំរិន។ កងទ័ពរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង កងទ័ពវៀតណាមបានចាប់ផ្ដើមវាយប្រហារលើកងទ័ពកម្ពុជាប្រជាធិបតេយ្យ ហើយបានកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧​ មករា ១៩៧៩។ ប្រជាជនកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍។

V. ការបង្កើតសាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហម

ដើម្បីឆ្លើយតបទៅនិងអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម និង ជាផ្នែកមួយនៃការចូលរួមយុទ្ធនាការសកលក្នុងការទប់ស្កាត់ការកើតឡើងនូវឧក្រិតកម្មប្រល័យពូជសាសន៍ ការស្វែងរកយុត្តិធម៌ជូនជនរងគញរោះកម្ពុជា ការផ្សះផ្សារបូសផ្លូវវិត្ត និង ការបញ្ចប់និទណ្ឌភាព  រាជរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជាតិបានព្រមព្រៀងគ្នាបង្កើតច្បាប់ស្ដីពីការបង្កើតអង្គជំនុំជំរះវិសាមញ្ញក្នងតុលាការកម្ពុជា (អវតក) ដែលត្រូវបានស្គាល់ថា សាលាក្ដីខ្មែរក្រហម។ ច្បាបើនេះត្រូវបានរដ្ឋសភាជាតិអនុម័តនិង ឡាយព្រហស្ដលេខាចូលជាធរមានដោយព្រះមហាក្សត្រនៅថ្ងៃទិ ១០ មេសា ២០០១។ ទោះជាយ៉ាងនេហក្ដីតុលាការនេះចាប់ផ្ដើមដំណើរការលើកដំបូងរបស់ខ្លួននៅខែគុម្ភះ ២០០៦។​តុលាការនេះមានយុត្តាធិការកាត់ទោសមេដឹកនាំជាន់ខ្ពស់ និង អ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ១៩៧៥ ដល់ ៦ មករា​ ១៩៧៩ ដែលនៅក្នុងរយៈពេលនេះប្រជាជនកម្ពុជាប្រមាណជិត២លាននាក់ត្រូវបានសម្លាប់ និង ស្លាប់ដោយសារការធ្វើទារុណកម្ម ការអត់អាហារ ការធ្វើការហួសកម្លាំង និង ជំងឺគ្មានថ្នាំព្យាបាល។ បញ្ញវន និង ជាពិសេសគ្រូបង្រៀនប្រមាណ៨០ភាគរយក៏បានបាត់បង់ជីវិតនៅក្នុងរបបនេះផងដែរ។

នៅថ្ងៃទី២៦ កក្កដា ២០១០​ កាំងហ្គេចអ៊ាវ ហៅឌុច អតិតប្រធានមន្ទីស ២១ ត្រូវបានអង្គជំនុំជំរះសាលាដំបូងនៃអវតក កាត់ទោសដាក់ពន្ធនាគាររយះពេល៣៥ឆ្នាំ ពីបទឧក្រិតកម្មប្រឆាំងនិងំនុស្សជាតិ និង ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងស៊ឺណែវ ឆ្នាំ ១៩៤៩។ នៅថ្ងៃទិ​៣​ គុម្ភៈ ឆ្នាំ ២០១២ អង្គជំនុំជំរះតុលាការកំពូលនៃអវតកបានកាត់ទោសឌុចអោយជាប់ពន្ធនាគាអស់មួយជីវិតពីបទឧក្រដ្ឋកម្មដដែល។ មកត្រឹមឆ្នាំ២០១៧ អិតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់ខ្មែរក្រហមចំនួនប្រាំនាក់ត្រូវបានតុលាករអវតកចោទប្រកាន់ពីបទឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្ក្រាម ឧក្រិដ្ឋកម្មដែលមានចងនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងស៊ឺណែវ១៩៤៩ ការបំផ្លាញវប្បធម៌នៅក្នុងកំឡុងពេលមានជម្លោះប្រដាប់អាវុធ និង​ ឧក្រិដ្ឋកម្មប្រឆាំងនិងអ្នកដែលទទួលបានការការពារជាអន្តរជាតិ ដែលចែងនៅក្នុងអនុសញ្ញាក្រុងវីយ៉ែន ឆ្នាំ១៩៦១។ អ្នកទាំងនោះរួមមាន ឌុច ខៀវ សំផន (អតិតគណៈប្រធានរដ្ឋ) នួន ជា (អតិតប្រធានសភាតំណាងប្រជាជនកម្ពុជា) ចំណែក អៀង សារី (រដ្ឋមន្រីការបរទេស) បានស្លាប់ក្នុងអំឡុងពេលដំណើរការសាលាក្ដី រីឯ អៀង ធារិទ្ធ (រដ្ឋមន្រ្តីសង្គមកិច្ច) ត្រូវបានដាក់អោយនៅក្រៅឃុំ ដោយសារតែជំងឺវង្វេងវង្វាន់ស្មារតីដលចេះតែវិវត្តទៅមុខ។

ដកស្រងចេញពីប្រវត្តិវិទ្យា របស់ក្រសួងអប់រំយុជន និង កីឡា

អត្ថបទពេញនិយមបន្ទាប់ ៖ សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *