ម៉ែឃើញ … – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ម៉ែឃើញ… – កំណាព្យខ្មែរ | ||
| ១ | រាល់ថ្ងៃម៉ែព្រួយព្រោះកូនៗ | ដួងចិត្តស្រពោនរែងខ្វល់ខ្វាយ |
| រកប្រាក់យប់ថ្ងៃទោះនឿយណាយ | ទុកឲ្យកូនចាយសប្បាយអរ។ | |
| ២ | ម៉ែឃើញកូនខុសខឹងហើយបាត់ | ជេរស្តីម៉ាត់ៗចង់ឲ្យល្អ |
| ម៉ែឃើញកូនតាម ចិត្តត្រេកអរ | ឃើញកូនភូតភរម៉ែភាំងភ័យ។ | |
| ៣ | ម៉ែឃើញកូនស្អាតសង្វាតរៀន | ឃើញកូនបានពានរង្វាន់ជ័យ |
| ម៉ែមានអំនួតមុខមានន័យ | រៀនឲ្យវាល្បីអញ្ចឹងណា។ | |
| ៤ | ម៉ែឃើញក្មេងៗជំនាន់ក្រោយ | បណ្តែតបណ្តោយលង់អាត្មា |
| នឹកព្រួយកូនៗខ្វះវិចារណ៍ | ទើបខំស្តីថាពន្យល់ប្រាប់។ | |
| ៥ | ម៉ែឃើញពាក្យចាស់ច្រើនបានផល | ឲ្យកូនចេះវាស់ថ្លឹងថ្លែងស្តាប់ |
| ពាក្យពេចន៍ល្អៗកូនត្រូវក្តាប់ | ទុកជាក្បួនច្បាប់ល្អវិសិធ្ឋ។ | |
| ៦ | ម៉ែឃើញកូនល្អអស់បារម្ភ | ម៉ែឃើញកូនខំសប្បាយចិត្ត |
| ម៉ែឃើញសរសើរកូនចេះគិត | ម៉ែអរពេកពិតកូនរុងរឿង៕ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ប៉ះស្រីយួន – កំណាព្យខ្មែរ