Monday , December 30 2024

ភ្នំហាន់ជ័យ – ប្រសាទបុរាណ

ភ្នំហាន់ជ័យ – ប្រសាទបុរាណ ៖ រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ស្ថិត​នៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម មាន​ចម្ងាយ​២០​គីឡូ ម៉ែត្រ ពី​ក្រុង​កំពង់ចាម​។ នៅ​លើ​ភ្នំ​មាន​ប្រាសាទបុរាណ និង​សមិទ្ធផល​ជា​ច្រើន​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ទៅ​កម្សាន្ត ។

លោក​ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ឲ្យ​ដឹង​កាល​ពេល ថ្មី​ៗ​កន្លង​មក​ថា ភ្នំ​ហាន់ជ័យ​ស្ថិត​នៅ​ប្រប​តាម​បណ្តោយ​ទន្លេមេគង្គ មាន​កម្ពស់់​៦៣​ម៉ែត្រ ដោយ​តាម​ចង្កេះភ្នំ​មាន​ដើមឈើ​តូច​ធំ​បាន​ដុះ​ចោល​ម្លប់ ហើយ​ក៏​មាន​ប្រាសាទបុរាណ​ចំនួន​៣ ដែល​បាន​កសាង​ដោយ​បុព្វបុរស​ជំនាន់​ដើម​បន្សល់​ទុក​មក​ដល់​សព្វ​ថ្ងៃនេះ ក្នុង​នោះ​មាន​ខ្លះ​ចាស់​ទ្រុឌទ្រោម​ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​ជា​បន្ទាន់ ។

ភ្នំហាន់ជ័យ – ប្រសាទបុរាណ

យោង​តាម​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​ខេត្តកំពង់ចាម រៀបរាប់​ថា នៅ​លើ​ភ្នំ​ហាន់ជ័យ​មាន​ព្រះ​វិហារ និង​ប្រាសាទ​គុក​ខាងត្បូង ដែល​បាន​ស្ថាបនា​ឡើង​អំពី​ឥដ្ឋតាន់​បុរាណ ដែល​មាន​ទំហំ​៧​ម៉ែត្រ​បួន​ជ្រុង និង​កម្ពស់​១២​ម៉ែត្រ កសាង​ឡើង​ក្នុង​សតវត្ស​ទី​៧ រជ្ជកាល​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១ បច្ចុប្បន្ន​ប្រាសាទ​នេះ​មាន​លក្ខណៈ​ទ្រុឌទ្រោម​ទៅ​ហើយ ។ ក្នុង​ចំណោម​ប្រាសាទ​ឥដ្ឋ និង​ថ្ម​ជា​ច្រើន​ដែល​មិន​អាច​កំណត់​ចំនួន​ឲ្យ​បាន​ប្រាកដ​មាន​ប្រាសាទ​តែ​៣​ទេ ដែល​រក្សា​រូបរាង​ល្អ​ប្រសើរ​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ហាន់ជ័យ បច្ចុប្បន្ន ។

ក្រៅពី​នេះ​គេ​សង្កេត​ឃើញ​តែ​តួ​ប្រាសាទ និង​គ្រឹះ​ឥដ្ឋ​នៃ​សំណង់​ប្រាសាទបុរាណ​តែ​ប៉ុណ្ណោះ ។ ក្រុម​ប្រាសាទ​ទាំងនោះ​ត្រូវ​បាន​កសាង​ឡើង ក្នុង​អន្តរ​កាលសម័យ​នគរ​ភ្នំ​និង​ចេ​ន​ឡា ។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ជួសជុល​ប្រាសាទ​ហាន់ជ័យ​ខាងជើង​ហៅ​ប្រាសាទគុកព្រះធាតុ​នៅ​ឆ្នាំ​១៩៩៤ ។

១-​ប្រាសាទ​ហាន់ជ័យ​ខាងលើ​(​ប្រាង្គ​ទី​១)​ហៅ​ប្រាសាទគុកព្រះធាតុ​ប្រាសាទ​ហាន់ជ័យ​ហៅ​ថា​គុក​ខាងជើង ឬ​គុក​ព្រះ​ធាតុ​និង​អ្នកខ្លះ​ហៅ​ថា​ប្រាសាទនាងខ្មៅ​ត្រូវ​បាន​កសាង​ឡើង នៅ​ក្បែរ​ដង​ទន្លេមេគង្គ​នៅ​លើ​ចង្កេះ​ភ្នំ​ហាន់ជ័យ​។ ដោយសារ​បូជនីយដ្ឋាន​ដ៏​សំខាន់​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ប្រាសាទ​អាស្រម​មហា​ឥសី​នៅ​ស្រុក​អង្គរបុរី​ខេត្តតាកែវ​ក្នុង​សម័យកាល​នគរ​ភ្នំ ។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ជួសជុល​វិមាន​ប្រវត្តិ​សាស្ត្រ​នេះ​តាម​របៀប anaslylose ដោយ​ចុះ​លេខ​រៀង​ថ្ម នីមួយ​ៗ នៃ​ប្រាសាទ ហើយ​ផ្គុំ​រៀប​ឡើង​វិញ​ឲ្យ​ដូច​ដើម ។ ប្រាសាទ​ដ៏​ល្អ​វិចិត្រ​នេះ​បែរមុខ​ទៅ​ទិស​ខាងកើត ហើយ​មាន​ទ្រង់ទ្រាយ​ដូច​ប្រាសាទ​អាស្រម​មហា​ឥសី​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដា ក្នុង​ខេត្តតាកែវ សាងសង់​ឡើង​ក្នុង​សម័យ​អន្តរកាល​រវាង​នគរ​ភ្នំ និង​ចេ​ន​ឡា​សតវត្ស​ទី​៦​នៃ​គ្រឹ​ស្ត​សករាជ ។

ភ្នំហាន់ជ័យ – ប្រសាទបុរាណ

បើ​តាម​ការ​អះអាង​របស់​ចាស់ទុំ​ថា ផ្ទៃ​ខាងក្នុង​ប្រាសាទ​គ្មាន​ការ​តុបតែង​អ្វី​ឡើយ ក្រៅពី​រូបចម្លាក់​តំណាង​ព្រះ​នាង​ឧ​ម៉ា​ឬ​នាង​ខ្មៅ និង​សោម​សូត្រ​សម្រាប់​បង្ហូរ​ទឹកមន្ត ។ ទ្រង់ទ្រាយ​ដំបូល​រាង​កោង ជា​ថ្នាក់​ៗ តួ​ប្រាសាទ​ត្រូវ​បាន​សាង់សង់​លើ​ខឿន​មួយ​ដ៏​រឹង​មាំ​ដែល​មាន​៣​ថ្នាក់​ដោយ​ថ្នាក់ នីមួយ​ៗ មាន​រចនា​ជា​ក្បាច់​អង្កែ​ព័ន្ធ​ជុំវិញ​ទម្រង់​មុខ​មនុស្ស​មាន​ពាក់​ក្រវិល ធំ​ៗ​ដូច​នៅ​ប្រាសាទ​អាស្រម​មហាឥសី​នៅ​សម្បូរ​ព្រៃ​គុក​លេខ​N17 ខេត្តកំពង់ធំ ។ ផ្តែរ​របស់​ប្រាសាទ​នេះ​មាន​រំលេច​ដោយ​ក្បាច់​រំយោល​កម្រងផ្កា​និង​ចំ​កណ្តាល​មាន​ឆ្លាក់​ជា​មេដាយ ដែល​មាន​រូប​ជា​ផ្កា ។ រីឯ​នៅ​ខាង​ផ្លែ​វិញ​លំអ​ដោយ​សត្វ​ម្ករ បែរមុខ​ចូល​ទៅ​ក្នុង ។

២-​ប្រាសាទ​ហាន់ជ័យ (​ខាងជើង​) ប្រាង្គ​ទី​២ការ​សិក្សា​ប្រៀបធៀប​ខាង​ស្ថាបត្យកម្ម​ធ្វើ​ឲ្យ​យើង​ដឹង​ថា ប្រាសាទ​ហាន់ជ័យ​ខាងជើង​នេះ​តម្រូវ​បាន​សាងសង់​ឡើង​ក្នុង​សម័យកាល​ជាមួយ​គ្នា នឹង​អាស្រម​មហាឥសី​នៅ​សម្បូរ​ព្រៃ​គុក ។ ស្ថិត​នៅ​ខាងជើង​នៃ​ព្រះ​វិហារ​កូន​ប្រាសាទ​នេះ​មាន​រាង​បន្ទប់​តូច​មួយ​ធ្វើ​អំពី​ថ្មភក់ សម្រាប់​តាបស​ឥសី​សមាធិ ។ ដូច​ប្រាសាទ​ហាន់ជ័យ​ហៅ​គុក​ព្រះ​ធាតុ​ខាងជើង​ទី​១​ដែរ ប្រាសាទ​ហាន់ជ័យ​ទី​២ បែរមុខ​ទៅ​ទិស​ខាងកើត ពោល​គឺ​បែរមុខ​ទៅ​រក​ទន្លេមេគង្គ ។ ថ្វី​ដ្បិតតែ​ប្រាសាទ​នេះ​មាន​ទំហំ​ប្រមាណ​២,១០​ម៉ែត្រ​បួន​ជ្រុង​ស្មើ ក៏​ប៉ុន្តែ​មាន​រាង​សមសួន​សង្ហា​អស្ចារ្យ ហើយ​គយគន់​មិន​ឆ្អែត​ភ្នែក​ឡើយ ។ខ្លោង​ទ្វារ​​ខាង​កើតជា​គឺជា​ខ្លោងទ្វារ​តែ​មួយ​គត់​ចូល​ទៅ​ក្នុង​ប្រាសាទ​ដ៏​តូច​នេះ ដែល​មាន​លម្អ​ដោយ​សសរ​ពេជ្រ​មួយ​តួ​រាង​មូល​អម​ទាំង​សងខាង​នៃ​មាត់ទ្វារ​ដែល​ទ្រ​ក្បាច់​ផ្ទៃ​មួយ​ស្ថិត​នៅ​ពីលើ​ធ្នឹម ។ ផ្តែរ​នេះ​តំណាង​នូវ​ការ​បង្កើត​លោក​ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា ។ នៅ​ទី​នេះ​ក្បាច់​ផ្តែរ​តុបតែង​ដោយ​ចម្លាក់​ព្រះ​វិស្ណុ​មួយ​អង្គ ផ្តុំ​លើ​នាគ​នៅ​ចំ​កណ្តាល​អម​ដោយ​មេដាយ​ក្បាច់​ផ្កាឈូក​ទាំង​សងខាង ។ ក្នុង​ប្រព័ន្ធ​សាសនា​បុរាណ​នាគរាជ​ក្បាល​៥​តំណាង​ឲ្យ​ទឹក​នៃ​មហាសាគរ អ្វី​ដែល​មាន​ពិពណ៌នា​ក្នុង​ព្រះ​គម្ពីរ​បុរាណ​ឥណ្ឌា ។

ភ្នំហាន់ជ័យ – ប្រសាទបុរាណ

៣-​ប្រាសាទ​ហាន់ជ័យ ឬ​ហៅ​ប្រាសាទ​គុក​ខាងត្បូង​បែរមុខ​ទៅ​ទិស​ខាងកើត ។ ប្រាសាទ​គុក​ខាងត្បូង​ធ្វើ​អំពី​ឥដ្ឋ ហើយ​មាន​កម្ពស់​ប្រមាណ​១៥​ម៉ែត្រ ។ ប្រាសាទ​បុ​រេ​អង្គរ​នេះ​មាន​ប្លង់​រាង​កា​រ៉េ​ដោយ​ជ្រុង នីមួយ​ៗ​មាន​ប្រវែង​៦,៤​ម៉ែត្រ ។ ដូច​ប្រាសាទ​ក្នុង​កាលសម័យ​នោះ​ដែរ ប្រាសាទ​របស់​យើង​មាន​ទ្វារ​៤ តែ​មាន​ទ្វារ​ខាងកើត​ទេ ដែល​ជា​ទ្វារ​ពិត ឯ​ទ្វារ​បី​ទៀត គឺជា​ទ្វារបញ្ឆោត ។ ខ្លោងទ្វារ​នេះ​នៅ​សល់​តែ​ទ្វារ​ទេ រីឯ​ផ្តែរ​សសរ​ពេជ្រ​ត្រូវ​បាន​ជន​ទុច្ចរិត​លួច​បាត់​ទៅ​ហើយ ។ស៊ុមទ្វារ​ទាំង​ពីរ​នៅ​ប្រាសាទ​ហាន់ជ័យ​ហៅ​ប្រាសាទ​សិលា​ខាងត្បូង មាន​ចារិក​ជា​ភាសា​សំ​ស្ត្រឹ​ត ។ នៅ​ស៊ុមទ្វារ​ទាំង​សងខាង​ជើង​ដែល​មាន​កម្ពស់​ស់​១,១៩​ម៉ែត្រ មាន​តួអក្សរ​សំ​ស្ត្រឹ​ត​៣៥​បន្ទាត់ និង​ខាងត្បូង​កម្ពស់់​០,៥០​ម៉ែត្រ មាន​តែ​១២​បន្ទាត់​ទេ ។ ខ្លឹមសារ​នៃ​សិលា​ចារិក​នៅ​ប្រាសាទ​ហាន់ជ័យ​នេះ ត្រូវ​បាន​កប​ប្រែ​កាលពីដើម​សតវត្ស​ទី​២០ ដែល​រៀបរាប់​ពី​ព្រឹត្តិការណ៍​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ភ​វរ្ម័ន​ទី​១ ពោល​គឺ​ស្ថិត​ក្នុង​អំឡុង​សតវត្ស​ទី​៦ និង​ទី​៧ នៃ​គ្រឹ​ស្ត​សករាជ ។

ភ្នំហាន់ជ័យ – ប្រសាទបុរាណ

៤-​ប្រាសាទ​ឥដ្ឋ​នៅ​ខាងត្បូង​ព្រះ​វិហារនៅ​ខាង​មុខ​ព្រះ​វិហារ​យើង​បានឃើញ​គំនរ​ឥដ្ឋ​មួយ ដែល​បង្ហាញ​បញ្ជាក់​នូវ​ទីតាំង​នៃ​ប្រាសាទ​ឥដ្ឋ​ចាស់​មួយ​ដែល​រលំ​បាត់​ទៅ​ហើយ ក៏​ប៉ុន្តែ​បាន​បន្សល់​សសរ​ពេជ្រ​មួយ​នា​សម័យ​បុ​រេ​អង្គរ​ដ៏​ល្អ​ស្អាត ។ វត្តមាន​និង​លក្ខណៈ​នៃ​រចនាបថ​របស់​សសរ​ពេជ្រ​នេះ​ធ្វើ​ឲ្យ​យើង​អាច​កំណត់​អាយុ​នៃ​បូជនីយដ្ឋាន​បាក់បែក​នេះ​ដែល​ស្ថិត​នៅ​ក្នុង​រចនា​សម្បូរ​ព្រៃ​គុក​យ៉ាង​ពិតប្រាកដ​។

៥-​ប្រាសាទអណ្តូង​ព្រេងនៅ​ជ្រុង​ខាងកើត​ឆៀង​ខាងជើង​ព្រះ​វិហារ គេ​ឃើញ​មាន​ប្រាសាទ​ឥដ្ឋ​មួយទៀត ដែល​បាន​បាក់បែក​ខ្ទេចខ្ទាំ​នៅ​សល់​តែ​គ្រឹះ​ប្រាសាទ និង​ចំ​កណ្តាល​អណ្តូង​មួយ​ដែល​អ្នក​ជឿ​ថា​អណ្តូង​ព្រេង​បុរាណ ។ចាស់​ៗ​រស់នៅ​ក្បែរ​ភ្នំ​ហាន់ជ័យ​ជឿ​ថា​នា​សម័យ​បុរាណ​គេ​ទម្លាក់​ដូងទុំ​ក្នុង​អណ្តូង​នេះ ដូង​អណ្តែត​ចេញ​ទៅ​ក្នុង​ទន្លេមេគង្គ ។ តាម​ពិត​ទឹក​ដែល​ចេញពី​អណ្តូង​នេះ​មាន​ប្រភព​ចេញពី​ដី​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​កម្ម​សាសនាព្រាហ្មណ៍​។ វត្តមាន​របស់​អណ្តូង​ចំ​កណ្តាល​ប្រាសាទ ជា​សញ្ញា​បង្ហាញ​នូវ​លក្ខណៈ​ដ៏​ពិសិដ្ឋ​របស់​ទេវស្ថាន​នេះ​ដែ ។ តាម​ជំនឿ​អរូបី​គេ​ជឿ​ថា​ភ្នំ​ហាន់ជ័យ នេះ​ជា​កន្លែង​សក្តិ​សិទ្ធិ​ណាស់ ព្រោះ​ជា​លំនៅ​ស្ថាន​របស់​ព្រលឹង​ដូនតា​ដែល​ថែរក្សា​ប្រាសាទ​បាក់បែក​ទាំងនោះ ។

ភ្នំហាន់ជ័យ – ប្រសាទបុរាណ

លោក​ជួន សុ​ផាត ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ថ្លែង​ថា ដោយ​មានការ​យកចិត្តទុកដាក់​របស់​ក្រសួង​វប្បធម៌​នោះ​បាន​បញ្ជូន​ក្រុម​អ្នកបច្ចេកទេស​ទៅ​ជួសជុល​ប្រាសាទបុរាណ​នៅ​លើ​ភ្នំ​ហាន់ជ័យ ដោយ​បាន​សង្គ្រោះ​ប្រាសាទ​ដែល​ចាស់​ទ្រុឌទ្រោម​រកកល់នឹង​រលំ ក្នុង​នោះ​បើ​មាន​កន្លែង​ណា​ដែល​ជ្រាប​ទឹក​គឺ​ត្រូវ​បិទ​កាវ​មិន​ឲ្យ​ជ្រាប​ទឹក ។ នៅ​ពេល​ដែល​ប្រាសាទ​បាន​ជួសជុល​រួច​ហើយ​នោះ អ្នក​រស់នៅ​ក្នុង​តំបន់ និង​អ្នក​ចម្ងាយ​ដែល​ទៅ​លេង​នៅ​រមណីយ​ដ្ឋា​ភ្នំ​ហានជ័យ​ត្រូវ​តែ​នាំ​គ្នា​ថែរក្សា ធ្វើ​យ៉ាងណា​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​តទៅ​ថ្ងៃ​ខាង​មុខ​ទៀត » ៕

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *