Sunday , December 22 2024

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ – ប្រាសាទខ្មែរ

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ – ប្រាសាទខ្មែរ ៖ មហានគរ​ដែល​ត្រូវ​ឆេះ​បាក់​បែក​ខូចខាត​អន្តរាយ​អស់​ជា​ច្រើន​ដោយ​សារ​ចាម​ក្នុង​ឆ្នាំ​១១៧៧ ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គ.ស (១១៨១‑១២០១) រៀបចំ​ចាត់​ចែង​ឲ្យ​កសាង​ឡើង​វិញ​សា​ជា​ថ្មី ។ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មហានគរ​ត្រូវ​សាងសង់ ។ នគរ​ធំ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្នាដៃ​ឯក​ប្លែក​ខុស​ពី​ធម្មតា​ដែល​មាន​នៅ​ក្នុង​សិល្បៈ​ខ្មែរ ។ គឺ​ខ្មែរ​ជំនាន់​នោះ​បាន​ប្រឌិត​បង្កើត​សិល្បៈ​ថ្មី​មួយ​ដែល​វិវត្ត​ទៅ​តាម​ចលនា​របស់​សង្គម​ជាតិ ។ នគរ​ធំ​ដែល​ស្ថិត​នៅ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ​ ជា​ស្នាដៃ​យ៉ាង​ធំ​ធេង​ចម្បង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។

នគរ​ធំ ឬ​មហានគរ​មាន​ជ្រុង​នីមួយៗ​ប្រវែង​៣​គីឡូម៉ែត្រ ហើយ​មាន​ទំហំ​ប្រហែល​ ៩ ​គីឡូម៉ែត្រ​ក្រឡា ។ នគរ​ធំ​មាន​កសិណ (គូ ឬ ប្រឡាយ​ទឹក) ដែល​មាន​ទទឹង​ប្រវែង​១០០​ម៉ែត្រ និង​ជម្រៅ​៥​ ឬ​៦​ម៉ែត្រ​ព័ទ្ធ​ជុំ​វិញ ។ ដើម្បី​ចូល​ទៅ​ក្នុង​មហានគរ​ គេ​ត្រូវ​ដើរ​ឆ្លង​កាត់​តាម​ស្ពាន​ថ្ម​អម​ទៅ​ដោយ​រូប​ចម្លាក់​ទេវតា និង​យក្ស​ ដែល​កំពុង​តែ​នាំ​គ្នា​ទាញ​នាគ ។ ទេវតា និង​យក្ស ម្ខាងៗ​មាន​គ្នា​៥៤​នាក់ ។ បន្ទាប់​មក យើង​ចូល​មក​ដល់​ក្លោង​ទ្វារ​មហានគរ​ដែល​នៅ​ខាង​លើ​មាន​រូប​ព្រះលោកេស្វរៈ ។

ជ្រុង​នគរ​ធំ​នីមួយៗ​មាន​ខ្លោង​ទ្វារ​មួយ​នៅ​ចំ​កណ្ដាល​បែរ​ទៅ​រក​ទិស​ទាំង​បួន ។ លើក​លែង​តែ​ជ្រុង​ខាង​កើត​ដែល​មាន​ទ្វារ​ពីរ​ គឺ​ «ទ្វារ​ខ្មោច» ​មួយ និង​ «ទ្វារ​ជ័យ» ​មួយ​ទៀត​ដែល​ចាក់​ចំ​ទៅ​រក​ប្រាសាទ​ភិមានអាកាស ។ ទ្វារ​ខាងត្បូង​ឈ្មោះ​ថា «ទ្វារ​ទន្លេអុំ» ទ្វារ​ខាងលិច​ឈ្មោះ «ទ្វារ​តាកាវ» និង​ទ្វារ​ខាងជើង​ឈ្មោះ «ទ្វារ​ដីឆ្នាំង» ។ តាម​ខ្លោង​ទ្វារ​ទាំង​បួន​ទិស​មាន​ផ្លូវ​បួន​ទៅ​ជួប​កាត់​គ្នា​ចំ​កណ្ដាល​ទីក្រុង​នគរ​ធំ​ដែល​នៅ​ទី​នោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧​បាន​សាង​ប្រាសាទ​មួយ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​អំពី​ប្រាសាទ​មុនៗ​គឺ ប្រាសាទ​បាយ័ន ។ តជាប់​នឹង​ខ្លោង​ទ្វារ​មាន​ជញ្ជាំង​ថ្ម​យ៉ាង​ខ្ពស់​សម្រាប់​ការពារ​ទីក្រុង​ដែល​គេ​អាច​ដើរ​យាម​កាម​ចុះ​ឡើង​បាន ។ នៅ​ជាប់​កំពែង​នោះ​មាន​ប្រឡាយ​ទឹក​តូច​មួយ​ទៀត​ព័ទ្ធ​ជុំវិញ​មហានគរ​ ហើយ​ហូរ​ភ្ជាប់​ចូល​ទៅ​ក្នុង​ស្រះ​ធំ​មួយ​ឈ្មោះ «បឹងធំ» ដែល​មាន​បណ្ដោយ​ប្រវែង​៤០០​ម៉ែត្រ និង​ទទឹង​២០០​ម៉ែត្រ ។

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ - ប្រាសាទខ្មែរ

ដោយ​សំអាង​ទៅ​តាម​ទំហំ​ដី​ស្រែ​ចម្ការ​នៅ​ជិត​ជុំ​វិញ​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​សិលាចារឹក​ ដោយ​យោល​ទៅ​តាម​នយោបាយ​ទឹក​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ចំនួន​បារាយណ៍ ស្រះ​ព្រែក និង​គូ​ជា​ច្រើន បូក​រួម​ទាំង​ប្រជាជន​ដែល​ប្រកប​មុខ​របរ​ផ្សេង​ទៀត​ផង នគរ​ធំ ឬ​មហានគរ​ត្រូវ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​មួយ​លាន​នាក់ ។ នេះ​ជា​ការ​គន់​គូរ​ប៉ាន​ស្មាន​របស់​អ្នក​ប្រវត្តិវិទូ និង​អ្នក​បុរាណវិទ្យា​ក្នុង​ពេល​ថ្មីៗ​នេះ ។

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ - ប្រាសាទខ្មែរ

តាម​អ្នក​ឯកទេស​ដែល​សិក្សា​អំពី​បូរាណវិទ្យា នគរ​ធំ​ត្រូវ​បាន​សង់​ទៅ​តាម​បែប​ផែន​ទ្រឹស្ដី​ព្រះពុទ្ធសាសនា ។ ទស្សនៈ​អ្នក​កាន់​ព្រះពុទ្ធសាសនា​យល់​ថា​ នៅ​ចំ​កណ្ដាល​ចក្រវាល​មាន​ភ្នំ​មួយ​យ៉ាង​ធំ​ដែល​គេ​ឲ្យ​ឈ្មោះ​ ភ្នំព្រះសុមេរុ ។ ភ្នំ​នេះ​មាន​កំពូល​ប្រាំ ហើយ​នៅ​លើ​កំពូល​ភ្នំ​មាន​ស្ថាន​សួគ៌​បី​ជាន់ ។ ឯការ​សាងសង់​នគរ​ធំ​ក៏​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ ។ គឺ​ជា​ទីក្រុង​មួយ​រាង​បួន​ជ្រុង​ដែល​នៅ​ចំ​កណ្ដាល​មាន​ប្រាសាទ​មួយ​ទៀត​ជា​តំណាង​ភ្នំ​ព្រះសុមេរុ ។ ប្រាសាទ​នេះ​គឺ​ប្រាសាទ​បាយ័ន ដែល​ខ្មែរ​ច្រើន​តែ​ហៅ​ «ព្រហ្មបាយ័ន» ។

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំ - ប្រាសាទខ្មែរ

នៅ​ក្នុង​បរិវេណ​អង្គរធំ​មាន​ប្រាសាទ និង​ទីតាំង​សំខាន់ៗ​យ៉ាង​ច្រើន​ដូចជា ៖ ប្រាសាទ​បាយ័ន ប្រាសាទ​បាភួន ប្រាសាទ​ភិមានអាកាស ព្រះបរម​រាជវាំង ប្រាសាទ​បាលីល័យ វត្ត​ទេពប្រណម្យ លាន​ស្ដេច​គំលង់ លាន​ជល់ដំរី ក្រុម​ប្រាសាទ​សួព្រ័ត្រ ប្រាសាទ​ឃ្លាំង​ខាងជើង ប្រាសាទ​ឃ្លាំង​ខាងត្បូង ក្រុម​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​តុប​ខាងកើត ប្រាសាទ​តុប​ខាងលិច វត្ត​ព្រះងោក វត្ត​តាំងតុ វិហារ​ប្រាំពីរ​ល្វែង ។ល។

អត្ថបទពេញនិយម ៖ ប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ ៖ អំពី​ប្រាសាទ​បុរាណ​នៅ​ស្រុក​ខ្មែរ លោក​ហ្សក​សឺដេស៍ ចាងហ្វាង​សាលា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស អធិប្បាយ​កាល​ពី​ថ្ងៃ​ចន្ទ ៦ មីនា ១៩៣៣ នៅ​សារមន្ទីរ​ល្វីហ្វីណូត៍ ក្រុង​ហាណូយ ក្រម្ការ ជុំ …

Leave a Reply

Your email address will not be published. Required fields are marked *