និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ ៖ ការប្រើឥទ្ធិពលកៀបសង្កត់ចិន ខ្មែរជាអ្នករងគ្រោះ ។
អត្ថាធិប្បាយ ច្របាច់កចិន លៀនអណ្តាតខ្មែរ
ចិននៅពេលនេះ លោកសំដៅយកវិនិយោគិន ឬពួកឈ្មួញធំៗ ។ កាលណារដ្ឋបន្តឹងសួយសារពន្ធអាករពីពួកឈ្មួញធំៗ ពួកឈ្មួញទាំងនោះ ក៏បន្តឹងថ្លៃទំនិញពីអ្នកប្រើប្រាស់ គឺអ្នកទិញ ។ តើអ្នកណាជាអ្នកប្រើប្រាស់ ? គឺប្រជារាស្ត្រខ្មែរ ។
ហេតុនេះហើយបានជាលោកពោលថា បើរដ្ឋកៀបចិនៗកៀបខ្មែរៗលៀនភ្នែកត្លែ ឬលៀនអណ្តាត ។ ឧទាហរណ៍ ៖
- រដ្ឋដំឡើងថ្លៃអង្ករ ឈ្មួញអង្ករដំឡើងថ្លៃពីខ្មែរអ្នកហូប
- រដ្ឋដំឡើងពន្ធឡានឈ្នួល ថៅកែឡានឈ្នួលដំឡើងថ្លៃពីខ្មែរអ្នកជិះ
- រដ្ឋដំឡើងពន្ធសាំង ថៅកែសាំងដំឡើងថ្លៃប្រេងពីខ្មែរប្រើប្រាស់សាំងគ្រប់គ្នា
- រដ្ឋដំឡើងពន្ធអាករបណ្ដាញខ្សែទូរសព្ទ ថៅកែបណ្ដាញដំឡើងថ្លៃសេវាពីអ្នកប្រើប្រាស់
- រដ្ឋដំឡើងពន្ធដារពីរោងចក្រនានា ថៅកែរោងចក្រដំឡើងម៉ោងការងារកម្មករ តែប្រាក់ឈ្នួលនៅដដែល ។
ករណីដូចខាងលើនេះ ផលប៉ះទង្គិចធ្លាក់មកលើអ្នកប្រើប្រាស់ ជាពិសេសធ្លាក់មកលើប្រជារាស្ត្រខ្មែរតែម្ដង ។ ឯថៅកែ ឬពាណិជករធំៗ គ្មានបញ្ហាអ្វីទាំងអស់ ព្រោះគេមានបច្ចេកទេសដំឡើងថ្លៃ ។ ឯខ្មែរអ្នកប្រើប្រាស់ គ្មានអ្វីដំឡើង ក៏ឡើងសរសៃកឲ្យលៀនអណ្ដាតតែម្ដងទៅ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចម្បាំងរាំងជល – សុភាសិតអធិប្បាយ